អានតួអត្ថបទ
អ៊ីរ៉ង់-អារ៉ាប៊ីសាអូឌីត

អ៊ីរ៉ង់-អារ៉ាប៊ីសាអូឌីត៖ខ្លា​ពីរ​ដែល​កំពុង​ប្រជែង​គ្នា​សោយរាជ្យ​លើ​ភ្នំ​មួយ​នៅ​ដើមបូព៌ា

ស្ថានការណ៍​បាន​និង​កំពុង​បន្ត​ពុះកញ្ជ្រោល​កាន់​តែ​ខ្លាំង​រវាង​ប្រទេស​អារ៉ាប៊ីសាអូឌីត និង​ប្រទេស​អ៊ីរ៉ង់។ នៅ​ថ្ងៃ​អាទិត្យ ទី៣ មករា ទីក្រុង​រីយ៉ាដ​បាន​ប្រកាស​ផ្តាច់​ទំនាក់ទំនង​ការទូត​ជាមួយ​ទីក្រុង​តេហេរ៉ង់ បន្ទាប់​ពី​មាន​អំពើ​ហិង្សា​ប្រឆាំង​នឹង​ស្ថានទូត និង​ស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត​នៅ​អ៊ីរ៉ង់។ ទន្ទឹម​គ្នា​នេះ ទីក្រុង​រីយ៉ាដ​ក៏​បាន​ស្នើ​ឲ្យ​មន្រ្តី​ការ​ទូត​អ៊ីរ៉ង់​ទាំង​អស់​ចាក​ចេញ​ពី​ទឹកដី​អារ៉ាប៊ីសាអូឌីត​ក្នុង​រយៈពេល ៤៨ម៉ោង។ អ្វី​ដែល​គ្រប់​គ្នា​កំពុង​បារម្ភ​ពេល​នេះ គឺ​ការ​ផ្ទុះ​សង្រ្គាម​រវាង​អារ៉ាប៊ីសាអូឌីត​ដែល​ជា​មហាអំណាច​ស៊ុយនីត និង​អ៊ីរ៉ង់​ដែល​ជា​មហាអំណាច​ស្ហ៊ីអ៊ីត​នៅ​ក្នុង​តំបន់។

លោកប្រធានាធិបតីអ៊ីរ៉ង់ហាសាន រ៉ូហានី និង​ស្តេច​អារ៉ាប៊ីសាអូឌីត សាលម៉ាន
លោកប្រធានាធិបតីអ៊ីរ៉ង់ហាសាន រ៉ូហានី និង​ស្តេច​អារ៉ាប៊ីសាអូឌីត សាលម៉ាន
ផ្សាយពាណិជ្ជកម្ម

ការ​ដែល​អារ៉ាប៊ីសាអូឌីត​បាន​ប្រកាស​ផ្តាច់​ទំនាក់ទំនង​ការ​ទូត​ជាមួយ​អ៊ីរ៉ង់ ព្រម​ទាំង​បណ្តេញ​មន្រ្តី​ទូត​អ៊ីរ៉ង់​ចេញ​ពី​អារ៉ាប៊ីសាអូឌីត​ពេល​នេះ ជា​រឿង​ដែល​គេ​បាន​ទន្ទឹង​រង់ចាំ។ គួរ​រម្លឹក​ជូន​ឡើង​វិញ​ថា អ្វីៗ​បាន​កើត​មាន​ឡើង ក្រោយ​ពី​រដ្ឋអំណាច​អារ៉ាប៊ីសាអូឌីត​បាន​ប្រហារ​ជីវិត​មនុស្ស ៤៧នាក់​កាល​ពី​ថ្ងៃ​សៅរ៍ ទី២ មករា​កន្លង​ទៅ។ ជន​ប្រហារ​ជីវិត​ទំាង ៤៧នាក់​នោះ​បាន​ជាប់​ចោទ​ពី​បទ​បាន​បង្ក​អំពើ​ភេរវកម្ម​បង្ហូរ​ឈាម​ក្នុង​ទឹកដី​អារ៉ាប៊ីសាអូឌីត​កាល​ពី ១០ឆ្នាំ​មុន ហើយ​ក្នុង​ចំណោម​អ្នក​ប្រហារ​ជីវិត​ទាំង ៤៧នាក់​ក៏​មាន​មន្រ្តី​ជាន់ខ្ពស់​និកាយ​ឈីអ៊ីត​ម្នាក់​ឈ្មោះ នីមៀរ អាល់ នីមៀរ។

គឺ​ការ​ប្រហារ​ជីវិត​រូប​នីមៀរ អាល់ នីមៀរ​ដែល​បាន​ជម្រុញ​ឲ្យ​អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់​ញេញធ្មេញ​ដាក់​គ្នា​ពេល​នេះ ព្រម​ទាំង​បំផុស​ឲ្យ​មាន​បាតុកម្ម​ប្រឆាំង​យ៉ាង​ខ្លាំងក្លា​ពី​ក្រុម​និកាយ​ឈីអ៊ីត​នៅ​ក្នុង​ប្រទេស​ផ្សេង​ក្រៅ​ពី​អ៊ីរ៉ង់ ដូច​យ៉ាង​នៅ​អ៊ីរ៉ាក់ យេម៉ែន លីបង់ បារ៉ែន ប៉ាគីស្ថាន តំបន់ Cachemire ឥណ្ឌា និង​សហគមន៍​និកាយ​ឈីអ៊ីត​នៅ​អារ៉ាប៊ីសាអូឌីត។ តាម​ពិត​ទៅ ទំនាក់ទំនង​រវាង​អារ៉ាប៊ីសាអូឌីត​ដែល​ជា​មហាអំណាច​ស៊ុយនីត និង​អ៊ីរ៉ង់​ដែល​ជា​មហាអំណាច​ស្ហ៊ីអ៊ីត​នៅ​ក្នុង​តំបន់ គឺ​ជា​ទំនាក់ទំនង​ឡើង ចុះ​តាំង​តាំង​ពី​បដិវត្តន៍​អ៊ីស្លាម​នៅ​អ៊ីរ៉ង់​ក្នុង​ឆ្នាំ ១៩៧៩។

មហាអំណាច​ទាំង​ពីរ​ក្នុង​តំបន់​ធ្លាប់​បាន​កាត់​ផ្តាច់​ទំនាក់ទំនង​ការទូត​រវាង​គ្នា​ពី​ឆ្នាំ ១៩៨៧ ដល់​ឆ្នាំ ១៩៩១ ក្រោយ​ពី​មាន​ព្រឹត្តិការណ៍​ប្រទូស្រ្តាយ​ដាក់​គ្នា​យ៉ាង​បង្ហូរ​ឈាម​រវាង​ក្រុម​អ្នកស្វែង​បុណ្យ​ជនជាតិ​អ៊ីរ៉ង់ និង​កម្លាំង​ប៉ូលិស​អារ៉ាប៊ីសាអូឌីត​នា​ឱកាស​ដំណើរ​ស្វែង​បុណ្យ​នៅ​ទីក្រុង La Mecque ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត​កាល​ពី​ឆ្នាំ ១៩៨៧។ តែ​អ្វី​ដែល​ថ្មី និង​លើក​ទី១ ពេល​នេះ គឺ​ការ​ដែល​ទីក្រុង​រីយ៉ាដ​បាន​ប្រើ​វិធានការ​ក្តៅ​ដោយ​បណ្តេញ​មន្រ្តី​ការទូត​អ៊ីរ៉ង់​ចេញ​ពី​ទឹកដី​ខ្លួន។

ប្រតិកម្ម​តប​វិញ​ថ្ងៃ​នេះ អ៊ីរ៉ង់​បាន​ចោទ​អារ៉ាប៊ីសាអូឌីត​ពី​បទ​មាន​ចេតនា​បញ្ឆេះ​ភ្លើង​សង្រ្គាម​នៅ​ក្នុង​តំបន់ និង​ថា ការ​សម្រេច​ផ្តាច់​ទំនាក់ទំនង​ផ្លូវទូត​នឹង​មិន​អាច​បិទបាំង​កំហុស​យុទ្ធសាស្រ្ត​របស់​អារ៉ាប៊ីសាអូឌីត​ដែល​បាន​ប្រហារ​ជីវិត​ប្រមុខ​ស្ហ៊ីអ៊ីត​នីមៀរ អាល់ នីមៀរ​បាន​ឡើយ។

អារ៉ាប៊ីសាអីឌីត និង​អ៊ីរ៉ង់​ជា​តួអង្គ​មាន​ទម្ងន់ធ្ងន់​នៅ​ក្នុង​តំបន់

រ៉ាប៊ីសាអូឌីត​ជា​ប្រទេស​អ៊ីស្លាម​ដែល​សម្បូរ​ដោយ​អ្នកកាន់​សាសនា​អ៊ីស្លាម​និកាយ​ស៊ុយនីត​រស់នៅ ចំណែក​អ៊ីរ៉ង់​ក៏​ជា​ប្រទេស​អ៊ីស្លាម​ដែរ តែ​សម្បូរ​ដោយ​អ្នកកាន់​សាសនា​អ៊ីស្លាម​និកាយ​ឈីអ៊ីត​រស់នៅ។ ប្រទេស​អ៊ីស្លាម​ទាំង​ពីរ​ដែល​មាន​និកាយ​ខុស​គ្នា គឺ​ជា​តួអង្គ​ដែល​មាន​ទម្ងន់​ធ្ងន់​ជាង​គេ​នៅ​ក្នុង​តំបន់។ នៅ​ពេល​ដែល​មាន​ជម្លោះ​អ្វី​មួយ​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា គេ​តែង​តែ​ឃើញ​វត្តមាន​អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់​ចេញ​មុខ​ជួយ​ឈឺ​ឆ្អាល​ជានិច្ច ពិសេស​នៅ​ក្នុង​ជម្លោះ​ណា​ដែល​មាន​លក្ខណៈ​សាសនា ពោល​រវាង​សហគមន៍​សាសនា​អ៊ីស្លាម​និកាយ​ស៊ុយនីត និង​សហគមន៍​សាសនា​អ៊ីស្លាម​និកាយ​ស្ហ៊ីអ៊ីត។

ជាក់ស្តែង​ជម្លោះ​ផ្ទៃក្នុង​នៅ​ក្នុង​ប្រទេស​យេម៉ែន អារ៉ាប៊ីសាអូឌីត​បាន​ដឹកនាំ​អន្តរាគមន៍​វាយប្រហារ​ផ្លូវអាកាស​លើ​ពួក​ឧទ្ទាម​ហ៊ូទី្ស​និកាយ​ស្ហ៊ីអ៊ីត។ អ៊ីរ៉ង់​បាន​ចោទ​អារ៉ាប៊ីសាអូឌីត​ថា កំពុង​ប្រពឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍។ នៅ​ស៊ីរី អារ៉ាប៊ីសាអូឌីត​បាន​ចេញ​មុខ​គំាទ្រ​ក្រុមប្រឆំាង​នឹង​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ។ រីឯ​អ៊ីរ៉ង់ និង​ចលនា​ហេស្បូឡាលីបង់​បាន​ចេញ​មុខ​គំាទ្រ​លោក​អាសាដ​ដែល​បាន​ចោទ​ក្រុមប្រឆំាង​ថា ជា​ពួកភេរវជន​និកាយ​ស៊ុយនីត។ ជម្លោះ​ក្នុង​ប្រទេស​បារ៉ែន ក្រុមគ្រួសារ​រាជានិយម​និកាយស៊ុយនីត​ទទួល​បាន​ការ​គំាទ្រ និង​ជួយ​ឧបត្ថម្ភ​ពី​អារ៉ាប៊ីសាអូឌីត និង​បាន​ចោទ​អ៊ីរ៉ង់​ពី​បទ​បាន​បញ្ឆេះ​ពួក​ឈីអ៊ីត​ឲ្យ​ក្រោក​ឈរ​បង្ក​ចលាចល​ក្នុង​សង្គម​បារ៉ែន។

សាសនា​គ្រាន់​ជា​លេស​ដើម្បី​បិទបាំង​មហិច្ឆតា

ជម្លោះ​ដើម្បី​ការពារ​និកាយ​សាសនា​រៀងៗ​ខ្លួន​រវាង​អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់​មិន​មែន​ទើប​តែ​កើត​មាន​ពេល​នេះ​ទេ តែ​ជា​ជម្លោះ​ដ៏​យូរលង់​មួយ​តំាង​ពី ១ ៤០០ឆ្នំា​មក​ហើយ។ ដូច្នេះ​ការ​ដែល​ទីក្រុង​រីយ៉ាដ និង​ទីក្រុង​តេហេរ៉ង់​លើក​យក​បុព្វហេតុ​សាសនា​មក​និយាយ​គ្រាន់​តែ​ជា​លេស​មួយ​ដើម្បី​បិទបំាង​មហិច្ឆតា​ពិត​ប៉ុណ្ណោះ។ មហិច្ឆតា​ពិត គឺ​ការ​ប្រជែង​កម្លំាង​គ្នា​ដើម្បី​ធ្វើ​ជា​មេក្លោង​នៅ​ក្នុង​តំបន់។ ចូរ​កុំ​ភ្លេច​ថា ក្នុង​នាម​ជា​ប្រទេស​ជង្រុកប្រេងកាត​​សំខាន់​ពីរ​នៅ​ក្នុង​តំបន់ ខ្លា​អារ៉ាប៊ីសាអូឌីត និង​ខ្លា​អ៊ីរ៉ង់​បាន​ប្រជែង​កម្លំាង​គ្នា​ដើម្បី​សោយរាជ្យ​នៅ​ភ្នំ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​អស់​ជា​ច្រើន​ទសវត្ស​កន្លង​មក។

 
ធ្លាប់​មាន​ការ​លើក​ឡើង​ថា ការ​ដែល​សហគមន៍​សាសនា​អ៊ីស្លាម​និកាយ​ស្ហ៊ុយនីត និង​ឈីអ៊ីត​បាន​ប្រឈម​មុខ​ដាក់​គ្នា មក​ពី​ពួក​គេ​មិន​ចុះ​សម្រុង​គ្នា​ក្នុង​ការ​ឲ្យ​និយមន័យ​ពិត​លើ​ពាក្យ​អ៊ីស្លាម។ តែ​តាម​ប្រវត្តិសាស្រ្ត និង​ការ​យល់​ឃើញ​របស់​ប្រទេស​កាន់​សាសនា​អ៊ីស្លាម​មួយ​ចំនួន​ឲ្យ​ដឹង​ថា ការ​ពិត​មិន​មែន​ដូច្នោះ​ទេ តែ​គឺ​ការ​ដណ្តើម​ប្រយោជន៍​គ្នា​ទៅ​វិញ​ទេ ព្រោះ​ថា ប្រទេស​ពីរ​ដែល​កាន់​សាសនា​តែ​មួយ​ដូច​គ្នា​មិន​ប្រាកដ​ថា​គេ​យល់ព្រម​ចែក​ប្រយោជន៍​ឲ្យ​គ្នា​ទៅ​វិញ ទៅ​មក​ទេ។

ក៏​ប៉ុន្តែ គេ​ក៏​ត្រូវ​ហ៊ាន​ទទួល​ស្គាល់​ថា ជម្លោះ​រវាង​សហគមន៍​និកាយ​ស្ហ៊ីយនីត និង​ឈីអ៊ីត​នៅ​ក្នុង​តំបន់​ពិត​ជា​កំពុង​កើត​មាន​ប្រាកដ​មែន ហើយ​ជម្លោះ​នេះ​នឹង​កាន់​តែ​ធ្ងន់ធ្ងរ​ដុនដាប​មិន​អាច​គ្រប់គ្រង​បាន នៅ​ពេល​ដែល​ភាគី​នីមួយៗ​ក្នុង​តំបន់​បាន​ឆ្លៀត​យក​រឿង​សាសនា​មក​ធ្វើ​ជា​ល្បែង​ដើម្បី​ប្រយោជន៍​នយោបាយ​ផ្ទាល់​ខ្លួន ដូច​ដែល​អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់​កំពុង​លេង​ពេល​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ