អានតួអត្ថបទ
អេហ្ស៊ីប

អេហ្ស៊ីបរៀបចំការបោះឆ្នោត ដោយគ្មានគណបក្សប្រឆាំង

ចាប់តាំង​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ទី ១៨​តុលា ប្រជាជន​អេហ្ស៊ីប​បាន​ទៅ​បោះឆ្នោត​ដើម្បី ជ្រើសរើស​អ្នកតំណាងរាស្រ្ត​នៅ​សភា​ជាតិ អេហ្ស៊ីប។ ជា​ការបោះឆ្នោត​សភា លើក​ទី ១ ចាប់តាំង​ពី​លោក​ម៉រស៊ី ប្រធានាធិបតី​ចេញមក​ពី​ការបោះឆ្នោត​ប្រជាធិបតេយ្យ ត្រូវ​បាន​ពួកយោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ពីអំណាច នៅ​ខែ​កក្កដា ឆ្នាំ ២០១៣។ នៅក្នុង​ការបោះឆ្នោត​លើកនេះ ដែល​គ្មាន​​ក្រុម​ប្រឆាំង គេ​រំពឹង​ថា អំណាច​របស់​អាប់ដែល ហ្វាតា អាល់ ស៊ីស៊ី បុរស​ខ្លាំង​របស់​អេហ្ស៊ីប នឹង​ត្រូវ​ពង្រឹង​ខ្លាំង​ជាងមុន។

ទាហាន​អេហ្ស៊ីប​ឈរ យាម​ការិយាល័យ​បោះឆ្នោត​មួយ នៅ​ទីក្រុង​គែរ ថ្ងៃទី ១៨​តុលា ២០១៥
ទាហាន​អេហ្ស៊ីប​ឈរ យាម​ការិយាល័យ​បោះឆ្នោត​មួយ នៅ​ទីក្រុង​គែរ ថ្ងៃទី ១៨​តុលា ២០១៥ © REUTERS/Asmaa Waguih

ផ្សាយពាណិជ្ជកម្ម

គណបក្ស​ដើម្បី​ការស្រឡាញ់​អេហ្ស៊ីប ដែល​គាំទ្រ​ចេញមុខ លោក​ប្រធានាធិបតី​អេហ្ស៊ីប ស៊ីស៊ី ត្រូវ​គេ​វាយតម្លៃ​ហើយ​ថា នឹង​ឈ្នះឆ្នោត ដោយ​គ្មាន​លំបាក។ ប៉ុន្តែ អ្វី​ដែល​គេ​ផ្តោត​អារម្មណ៍​ចង់ដឹង​ជាងគេ គឺ​ចំនួន​ចូលរួម​របស់​ប្រជាជន​តែប៉ុណ្ណោះ។ នៅក្នុង​ការបោះឆ្នោត រយៈពេល ១ខែ​កន្លះ ដែល​ត្រូវ​បិទបញ្ចប់ នៅថ្ងៃ​ទី ២​ធ្នូ​ខាងមុខ ​ប្រជាជន​អេហ្ស៊ីប​ប្រមាណ ៥៥​លាន​នាក់​ត្រូវ​ទៅបោះឆ្នោត ដើម្បី​ជ្រើសរើស​សមាជិក​សភា ចំនួន ៥៦៨​នាក់ ក្នុងចំណោម​ចំនួន​សរុប ៥៩៦​នាក់។ (២៨នាក់​ផ្សេងទៀត នឹង​ត្រូវ​ជ្រើសរើស​ដោយ​ប្រធានាធិបតី)។

 
ការបោះឆ្នោត នៅ​អេហ្ស៊ីប​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​ក្រុមប្រឆាំង។ នៅ​អេហ្ស៊ីប ចាប់តាំងពី បាន​បណ្តេញ និង​ចាប់ដាក់ ពន្ធនាគារ លោក​ម៉រស៊ី ប្រធានាធិបតី​ស្របច្បាប់ អេហ្ស៊ីប របបយោធា​បានសម្លាប់​បាតុករ​អ៊ីស្លាម ដែល​គាំទ្រ​លោក​ម៉រស៊ី ជាង ១ពាន់ ៤រយនាក់ និង​ហាមឃាត់ បង្រ្កាប​រាល់​បាតុកម្ម​តវ៉ា មិនថា ពីសំណាក់ ក្រុមអ៊ីស្លាម ឬ​ក្រុមប្រឆាំង​រដ្ឋាភិបាល។ រដ្ឋាភិបាល របស់​លោក​ប្រធានាធិបតី​ស៊ីស៊ី នៅ​បាន​ បង្រ្កាប និង​ចាប់ដាក់​ពន្ធនាគារ​ក្រុមសកម្មជន​ ដែល​ធ្លាប់​ចូលរួម​ក្នុង​បដិវត្តន៍ ទម្លាក់​មេដឹកនាំ​ផ្តាច់ការ ម៉ូបារ៉ាក់ ចេញ ពី​អំណាច នៅ​ឆ្នាំ ២០១១។

តាម​អ្នកវិភាគ ការបោះឆ្នោត​សភា​លើកនេះ គឺ​គ្រាន់ធ្វើ​ឡើង ជានិមិត្តរូប។ អំណាច​របស់​លោក​ប្រធានាធិបតី​ស៊ីស៊ី នឹង​មិន​រង្គោះរង្គើ គឺ​មាន​តែ​ពង្រឹង​បន្ថែម ព្រោះថា គ្មាន​ក្រុមប្រឆាំង ហើយ​គ្រប់​បេក្ខជន​តំណាងរាស្រ្ត​សុទ្ធ​តែ​ជា​អ្នកគាំទ្រ​អំណាច​របស់​លោក​ប្រធានាធិបតី​ស៊ីស៊ី។

បដិវត្តន៍​អេហ្ស៊ីប​ឆ្នាំ ២០១១ ដែល នៅក្នុង​នោះ មនុស្ស​រាប់ពាន់​នាក់​បាន​ពលី​ជីវិត ដើម្បី ទាមទារ​ឲ្យមេដឹកនាំ​ផ្តាច់ការ ចុះចេញ​ពីតំណែង នឹង​ត្រូវ​រលាយ​ដូចផ្សែង។ មនុស្ស​ដែល​ស្និទ្ធ​នឹង​អតីត​មេដឹកនាំ​ផ្តាច់ការ​ម៉ូបារ៉ាក់ បាន​ត្រលប់​មក​ឈរ​ឈ្មោះ ជា​បេក្ខជន​តំណាងរាស្ត្រ របស់​គណបក្ស​ដែល​គាំទ្រ​លោក​ប្រធានាធិបតី​ស៊ីស៊ី។

លោក​ស៊ីស៊ី ដែល​បាន​លះបង់​តំណែង​មេទ័ព ដើម្បី​តំណែង​ប្រធានាធិបតី នៅ​ឆ្នាំ ២០១៣ នឹងបន្ត​ដឹកនាំ​អេហ្ស៊ីប ​យូរអង្វែង​តទៅ​ទៀត ដោយសារ​តែ​លោក​បាន​ទទួល​ការគាំទ្រ ទាំងក្នុង និង​ក្រៅស្រុក។ ប្រជាជន​អេហ្ស៊ីប​ដែល​រងគ្រោះ​ដោយ​បញ្ហា​អសន្តិសុខ និង​អស្ថិរភាព​នយោបាយ ចង់​បាន​បុរសខ្លាំង កាន់អំណាច។ ចំណែក​ប្រទេស​លោកខាងលិច បើទោះ ជា​ធ្លាប់​ថ្កោលទោស រដ្ឋប្រហារ​យោធា ធ្វើ​ឡើង​ដោយ​លោក​ស៊ីស៊ី ក៏​ទើប​បាន​សម្រេច​លក់ និង​ផ្តល់​អាវុធ ដល់​របប​យោធា​របស់​លោក​ស៊ីស៊ី ដែល​បាន​ប្រកាស​ចាត់ទុក​ខ្លួន​ឯង​ជា​ជញ្ជាំង ដ៏​សំខាន់ ដើម្បី ទប់ស្កាត់​ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម នៅ​តំបន់​ដើមបូព៌ា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ