អានតួអត្ថបទ
អេហ្ស៊ីប-បារាំង

រដ្ឋមន្រ្តី​ការពារ​ជាតិ​បារាំង​ធ្វើ​ទស្សនកិច្ច​នៅ អេហ្ស៊ីប​​ដែល​ទើប​បាន​ទទួល​​យន្តហោះ​Rafaleបារាំង​​បីគ្រឿង

នៅក្នុង​​ទស្សនកិច្ច​មួយ​ជុំ​នៅ អាហ្វ្រិក ប្រមុខការពារ​ជាតិ​បារាំង លោក​Jean Yves Le Drian នៅ​ថ្ងៃ​សៅរ៍ ទី ២៥ កក្កដា បាន​ផ្តើម​ធ្វើ​ទស្សនកិច្ច​រយៈពេល ២​ថ្ងៃ​នៅ​ប្រទេស​អេហ្ស៊ីប។ រដ្ឋមន្រ្តីការពារ​ជាតិ​បារាំង ត្រូវ​ជួប​ពិភាក្សា ជាមួយ សមភាគី អេហ្ស៊ីប និង​លោកប្រធានាធិបតី ​ស៊ីស៊ី នៅបន្ទាប់​ពី បារាំង​បាន​ប្រគល់​យន្តហោះ​ចម្បាំង Rafale ​៣គ្រឿង ទៅ​ឲ្យ​អេហ្ស៊ីប កាលពីថ្ងៃ អង្គារ​កន្លងទៅ។  

រដ្ឋមន្រ្តី​ការពារ​ជាតិ​បារាំង​លោក​Jean-Yves Le Drian និង​ប្រធានាធិបតី​អេហ្ស៊ីប Abdel Fattah al-Sissiនៅ​ថ្ងៃ​ចុះ​ហត្ថលេខា​លក់​យន្តហោះ​ចម្បាំង Rafale​២៤​គ្រឿង​ទៅ​ឲ្យ​អេហ្ស៊ីប
រដ្ឋមន្រ្តី​ការពារ​ជាតិ​បារាំង​លោក​Jean-Yves Le Drian និង​ប្រធានាធិបតី​អេហ្ស៊ីប Abdel Fattah al-Sissiនៅ​ថ្ងៃ​ចុះ​ហត្ថលេខា​លក់​យន្តហោះ​ចម្បាំង Rafale​២៤​គ្រឿង​ទៅ​ឲ្យ​អេហ្ស៊ីប
ផ្សាយពាណិជ្ជកម្ម

លោក​រដ្ឋមន្រ្តីការបរទេស​បារាំង Jean Yves Le Drian ធ្វើដំណើរ​ទៅ​ប្រទេស​អេហ្ស៊ីប នៅ​៣​ថ្ងៃ​ក្រោយ ដែល​ក្រុមហ៊ុន​បារាំង​បាន​ប្រគល់ នាវាចម្បាំង និង​យន្តហោះ​ចម្បាំង ដ៏ទំនើប Rafale ទៅ​ឲ្យ​កងទ័ព​អេហ្ស៊ីប។

 
នៅ​ដើម​ឆ្នាំនេះ អេហ្ស៊ីប​បាន​បញ្ជារ​ទិញ យន្តហោះ​ចម្បាំង Rafale​របស់​បារាំង ចំនួន ២៤​គ្រឿង និង​នាវា​ចម្បាំង​មួយ​គ្រឿង រួម​ទាំង​មីស៊ីល ក្នុង​តម្លៃ​ទឹកប្រាក់​សរុប ៥ពាន់​លាន​អឺរ៉ូ។ កាលពី​ថ្ងៃ​អង្គារ យន្តហោះ​ចម្បាំង Rafaleបីគ្រឿង និង​នាវាចម្បាំង ពហុ​ជំនាញ មួយគ្រឿង​ត្រូវ​បាន​បារាំង ប្រគល់​ជូន​ដល់​ដៃ​កងទ័ព​អេហ្ស៊ីប។ តាម​មន្រ្តី​ការពារ​ជាតិ​បារាំង នៅ​អេហ្ស៊ីប ប្រមុខការពារ​ជាតិ​បារាំង​ត្រូវ​ជួបសមភាគី​អេហ្ស៊ីបដើម្បី​និយាយ​ពី​ការប្រគល់ យន្តហោះ​ចម្បាំង Rafale ២១​គ្រឿង​ដែល​នៅសល់។

អេហ្ស៊ីប​ដែល​ជាប់ដៃ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត នៅ​តំបន់​ស៊ីណៃ​ប៉ែក​ខាង​កើត​ប្រទេស បាន ទាមទារ​ឲ្យ​បារាំង​ប្រគល់​យន្តហោះ​ចម្បាំង កាន់តែ​ឆាប់ កាន់​តែ​ល្អ។ ថ្មីៗនេះ ក្រុមជីហាត​នៅ​តំបន់​ស៊ីណៃ ដែល​ទើប​បាន​ភ្ជាប់ខ្លួន​ទៅ​នឹង​ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម​នៅ​ស៊ីរី និង​អ៊ីរ៉ាក់​បាន​បង្កើន ការវាយប្រហារ​ទៅលើ​ឆ្មាំព្រំដែន និង​ប៉ូលិស​អេហ្ស៊ីប ដើម្បី​សងសឹក​នឹង​យោធា​អេហ្ស៊ីប ដែល​បាន​បង្រ្កាប​យ៉ាង​ហិង្សា ទៅលើ​ក្រុម​បងប្អូន​អ៊ីស្លាម les Frères musulmans បក្សពួក​របស់​ប្រធានាធិបតី ម៉រស៊ី ដែល​ប្រមុខ​យោធា អេហ្ស៊ីប លោក​ស៊ីស៊ី ធ្វើ​រដ្ឋប្រហារ ទម្លាក់​ចេញពី​តំណែង កាលពី​ឆ្នាំ ២០១៣។

នៅ​អេហ្ស៊ីប លោក​រដ្ឋមន្រ្តី​ការពារ​ជាតិ​បារាំង​នឹង​លើក​និយាយ​ផងដែរ ពី​អសន្តិសុខ​នៅ​ក្នុង​ប្រទេស​លីប៊ី ដែល​ជាប់​ព្រំដែន​ជាមួយអេហ្ស៊ីប។ នៅភាគខាងលិច​ប្រទេស នៅព្រំដែន​ជាប់ជាមួយ​លីប៊ី រដ្ឋាភិបាល​អេហ្ស៊ីប​បច្ចុប្បន្ន កំពុង​បារម្ភ​ខ្លាច​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម ដែល​កំពុង​បង្កើន​កម្លាំង តាំងទី​នៅ​លីប៊ី បើក​សមរភូមិ​ប្រយុទ្ធ​មួយទៀត វាយសង្រ្គប់​លើ​អេហ្ស៊ីប។ កាល​ពី​ខែ​កុម្ភៈ កន្លង​ទៅ ទីក្រុង​គែរ បាន​បញ្ជូន​យន្តហោះ ទៅ​ទម្លាក់​គ្រាប់បែក​លើ​ទីតាំង​របស់​ក្រុមជីហាត នៅ​លីប៊ី បន្ទាប់ពី​ក្រុមជីហាត បាន​ប្រហារ​ជីវិត ប្រជាជន​អេហ្ស៊ីប ជាង ២០នាក់។ ប្រធានាធិបតី​អេហ្ស៊ីប​ផ្ទាល់​ធ្លាប់​បាន​អំពាវនាវ​ឲ្យ​បង្កើត​កងទ័ព​អារ៉ាប់ រួម ដើម្បី ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាតនៅ​ស៊ីរី អ៊ីរ៉ាក់ និង​លីប៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ