អានតួអត្ថបទ
អាមេរិក

ចំណាប់ខ្មាំង​ត្រូវ​ភេរវជន​អាល់កៃដា​សម្លាប់​ក្នុងពេល​កុម្ម៉ង់ដូ​អាមេរិក​ព្យាយាម​ចូល​រំដោះ

ចំណាប់​ខ្មាំង​អាមេរិកម្នាក់ និង​​អាហ្វ្រិក​ខាង​ត្បូងម្នាក់ ត្រូវ​​បាន​សាខា​ក្រុម​អាល់កៃដា​ប្រចាំ​ប្រទេស​យេម៉ែន​​សម្លាប់ កាល​ពីថ្ងៃ​សៅរ៍ នៅ​ក្នុង​ពេល​ដែល​កងកុម្ម៉ង់ដូ​អាមេរិក​មួយក្រុម​ព្យាយាម​ចូល​ទៅ​រំដោះ ប៉ុន្តែ មិន​បាន​ជោគជ័យ។ ក្រោយ​ពី​ការ​ស្លាប់​ចំណាប់​ខ្មាំង​នេះ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីងតោន​បាន​ព្យាយាម​ពន្យល់​ថា អាមេរិក​បាន​សម្រេច​បើក​ប្រតិបត្តិការ​សង្រ្គោះ​ចំណាប់​ខ្មាំង ដោយសារ​តែ​មើល​ឃើញ​ថា “អាយុជីវិត​របស់​ចំណាប់​ខ្មាំង​កំពុង​ប្រឈមនឹង​គ្រោះថ្នាក់”។

Luke Somers ចំណាប់​ខ្មាំង​ដែល​ត្រូវ​ក្រុម​អាល់កៃដា​សម្លាប់ នៅ​យេម៉ែន
Luke Somers ចំណាប់​ខ្មាំង​ដែល​ត្រូវ​ក្រុម​អាល់កៃដា​សម្លាប់ នៅ​យេម៉ែន REUTERS/ via Reuters TV
ផ្សាយពាណិជ្ជកម្ម

ប្រតិបត្តិការ​សង្រ្គោះ​ចំណាប់​ខ្មាំង​ត្រូវ​បាន​ធ្វើឡើង នៅ​ព្រឹកព្រលឹម​ថ្ងៃ​សៅរ៍ ដោយ​​កុម្ម៉ង់ដូ​អាមេរិកមួយក្រុម មានគ្នា​ប្រមាណ ៤០នាក់ មក​ពី​ក្រុម SEAL Team Six ដែល​ធ្លាប់​មាន​ឈ្មោះ​ល្បី នៅ​ក្នុង​ប្រតិបត្តិការ​​សង្រ្គោះ​ចំណាប់​ខ្មាំង​កាល​ពី​ពេល​កន្លងទៅ និង​ជា​ពិសេស ល្បីឈ្មោះ ក្នុង​ប្រតិបត្តិការ​សម្លាប់​បិនឡាដិន នៅ​ប៉ាគីស្ថាន កាល​ពីឆ្នាំ​២០១១។

យោងតាម​មន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក កងកុម្ម៉ង់ដូ​ទាំង ៤០នាក់​នេះ ត្រូវ​បាន​គេ​ដឹក​តាម​ឧទ្ធម្ភាគចក្រ​ពិសេស ទៅ​ទម្លាក់​នៅ​ចម្ងាយ​ប្រមាណ ១០គីឡូម៉ែត្រ​ពី​ទីតាំង​របស់​ភេរវជន រួចហើយ​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង។ ក៏ប៉ុន្តែ ការ​លបវាយឆ្មក់​នេះ​ត្រូវ​បរាជ័យ​ ដោយសារ​តែ​ក្រុម​ភេរវជន​បាន​ដឹងខ្លួន​ជាមុន ហើយ​បាន​​បាញ់​តដៃ​នឹង​ក្រុម​កុម្ម៉ង់ដូ ព្រមទាំង​ឆ្លៀត​បាញ់​សម្លាប់​ចំណាប់​ខ្មាំង​ទាំងពីររូប។

លោក​អូបាម៉ា ក្រៅពីបាន​ថ្កោលទោស​ការ​សម្លាប់​ចំណាប់ខ្មាំង​ដោយ​ក្រុម​ភេរវជន ក៏​បាន​ពន្យល់​ផងដែរ​ថា រូបលោក​ផ្ទាល់ ដែល​ជា​អ្នក​បញ្ជា​ឲ្យ​បើក​ប្រតិបត្តិការ​សង្រ្គោះ​ចំណាប់​ខ្មាំង​នេះ ក្រោយ​ពី​ទទួល​ដំណឹង​​ថា ក្រុមភេរវជន​មាន​គម្រោង​សម្លាប់​ចំណាប់​ខ្មាំង នៅ​ក្នុង​រយៈពេល ៧២ម៉ោងខាងមុខ។

គួរបញ្ជាក់ថា នៅ​ក្នុង​ចំណោម​ចំណាប់​ខ្មាំង​ទាំងពីរ​នាក់ មាន​ម្នាក់​ជា​ពលរដ្ឋ​អាមេរិក គឺ​ជា​អ្នក​ថតរូប​ឲ្យ​ទូរទស្សន៍ BBC និង​ម្នាក់​ទៀត​ជា​​គ្រូបង្រៀន​មក​ពី​អាហ្វ្រិក​ខាង​ត្បូង ហើយ​បម្រើការ​ឲ្យ​អង្គការមនុស្សធម៌​ក្រៅរដ្ឋាភិបាល។ អង្គការ​មនុស្ស​ធម៌​នេះ​បាន​អះអាង​ថា នៅ​មុនពេល​មាន​ប្រតិបត្តិការ​សង្រ្គោះ​ចំណាប់​ខ្មាំង​ដោយ​កងកុម្ម៉ង់ដូ​អាមេរិក គេ​បាន​ចរចា​ត្រូវរ៉ូវ​គ្នា​រួចទៅហើយ​ជាមួយ​នឹង​ក្រុម​ភេរវជន​ថា ​ចំណាប់​ខ្មាំង​អាហ្វ្រិក​ខាង​ត្បូង​រូបនេះ​នឹង​ត្រូវ​ដោះលែង នៅ​ថ្ងៃ​អាទិត្យ។

គេ​មិន​អាច​ដឹង​ឲ្យ​ប្រាកដ​ទេ​ថា តើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីង​តោន​បាន​ដឹង​ជាមុន​​អំពី​ការ​ចរចា​ដោះលែង​ចំណាប់​ខ្មាំង​អាហ្វ្រិក​ខាង​ត្បូង​នេះ​ដែរ​ឬ​ក៏អត់ ឬ​ក៏​អាច​ដឹង​​ជាមុន​ថា ចំណាប់​ខ្មាំង​អាហ្វ្រិក​ខាង​ត្បូង​រូបនេះ​ត្រូវ​គេ​ឃុំខ្លួន​ជាមួយ​នឹង​ចំណាប់​ខ្មាំង​អាមេរិក ដែល​គេ​ចង់​រំដោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ