អានតួអត្ថបទ
ស៊ីរី

ស៊ីរី៖​លោក​អាសាដ​ចង់​បន្ត​សង្គ្រាម​​ទល់​​ពួកប្រឆាំង​នៅ​ទូទាំង​ប្រទេស តែ​ក៏​ចង់​ចរចា

នៅ​ក្នុង​ប្រទេស​ស៊ីរី លោក​ប្រធានាធិបតី​អាសាដ​បាន​បញ្ជាក់​ពី​បំណង​ចង់​បន្ត​សង្រ្គាម​បង្ក្រាប​ពួក​ប្រឆាំង​នៅ​ទូទាំង​ប្រទេស ទោះ​បី​ជា​ត្រូវ​ប្រើ​ពេល​យូរ​ក៏​ដោយ។ តែ​លោក​ក៏​មិន​បាន​ទាត់​ចោល​ពី​បំណង​ចង់​ចរចា​ជាមួយ​ក្រុមប្រឆាំង​ដែរ។ ការ​បញ្ជាក់​របស់​ប្រមុខ​រដ្ឋ​ស៊ីរី​យ៉ាង​ដូច​នេះ​បាន​ធ្វើ​ឡើង​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP នៅ​ប៉ុន្មាន​ម៉ោង​មុន​អាមេរិក និង​រុស្ស៊ី​បាន​ព្រមព្រៀង​គ្នា​ឲ្យ​មាន​បទឈប់បាញ់​នៅ​ស៊ីរី​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។

O presidente sírio Bashar al-Assad durante uma entrevista em Damasco. 11 de fevereiro de 2016.
O presidente sírio Bashar al-Assad durante uma entrevista em Damasco. 11 de fevereiro de 2016. JOSEPH EID / AFP
ផ្សាយពាណិជ្ជកម្ម

បទសម្ភាសន៍​ដែល​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ​បាន​​ផ្តល់​ឲ្យ​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP ត្រូវ​បាន​ថត​ទុក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១១ កុម្ភៈ ពោល​ប៉ុន្មាន​ម៉ោង​មុន​ការ​ប្រកាស​ចេញ​នូវ​កិច្ចព្រមព្រៀង​មួយ​សំដៅ​បញ្ឈប់ការ​ឈប់​បាញ់​នៅ​ក្នុង​ប្រទេស​ស៊ីរី។ គឺ​ជា​កិច្ចព្រមព្រៀង​ដែល​អាមេរិក និង​រុស្ស៊ី​បាន​រក​ឃើញ​នៅ​ក្នុង​ទីក្រុង​មុយនិច ប្រទេស​អាល្លឺម៉ង់​នា​ជំនួប​រវាង​លោក​ប្រមុខ​ការទូត​រុស្ស៊ី និង​សមភាគី​អាមេរិក។

អ្វី​ដែល​លោក​អាសាដ​បាន​និយាយ​ប្រាប់ AFP ជា​ដំបូង​នោះ គឺ​យុទ្ធនាការ​របស់​ទ័ពរដ្ឋាភិបាល​វាយប្រហារ​លើ​ទីក្រុង​អាឡិប​ដែល​បាន​ចាប់​ផ្តើម​នៅ​ដើម​ខែ​កុម្ភៈ​ជាមួយ​នឹង​ជំនួយ​ទម្លាក់​គ្រាប់បែក​ពី​ទ័ពអាកាស​រុស្ស៊ី។ លោក​ប្រមុខ​រដ្ឋ​ស៊ីរី​ដែល​ហាក់​ដូច​ជា​មាន​ការ​ទុកចិត្ត​លើ​ខ្លួន​ឯង​ខ្លាំង និង​មាន​សុទិដ្ឋិនិយម​បាន​ប្តេជ្ញា​ថា នឹង​មិន​រា​ថយ​ក្នុង​ការ​បន្ត​ធ្វើ​សង្រ្គាម​ដើម្បី​ដណ្តើម​ការ​គ្រប់គ្រង​នៅ​ទូទាំង​ប្រទេស។ ទន្ទឹម​នឹង​ការ​បន្ត​សង្រ្គាម លោក​អាសាដ​ក៏​មិន​បដិសេធ​រឿង​ចរចា​ដែរ។

តែ​សម្រាប់​លោក​អាសាដ រឿង​ចរចា​មិន​មែន​មាន​ន័យ​ស្មើ​នឹង​ការ​បញ្ឈប់​សង្រ្គាម​នោះ​ទេ ព្រោះ​ជា​ផ្លូវ​ពីរ​ដែល​ជ្រើស​យក​ដោយ​មិន​អាច​ចៀសរួច​នៅ​ក្នុង​កាលៈទេសៈ​សព្វថ្ងៃ។ ដោយឡែក លោក​អាសាដ​ក៏​បាន​លើក​ឡើង​ពី​ហានិភ័យ​នៃ​ប្រតិបត្តិការ​យោធា​នៅ​លើ​សមរភូមិ​ដឹកនាំ​ដោយ​ប្រទេស​តួកគី និង​ប្រទេស​អារ៉ាប៊ីសាអូឌីត។ លោក​អាសាដ​បាន​បញ្ជាក់​ច្បាស់ៗ​ថា ទ័ព​របស់​លោក​មាន​សមត្ថភាព និង​លទ្ធភាព​គ្រប់គ្រាន់​ដើម្បី​ប្រឈម​ទប់។ ទាក់ទង​នឹង​ជនភៀសខ្លួន​ស៊ីរី​នៅ​បរទេស លោក​អាសាដ​មិន​ញញើត​នឹង​ទម្លាក់​កំហុស​ដាក់​សហភាព​អឺរ៉ុប​ថា​ជា​អ្នក​ទទួល​ខុសត្រូវ​នៃ​ការ​រត់ភៀសខ្លួន​របស់​ប្រជាជន​ស៊ីរី។

និយាយ​ពី​បទឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​នៅ​ស៊ីរី​ដែល​អង្គការ​សហប្រជាជាតិ​បាន​ចោទ​របប​ស៊ីរី​សព្វថ្ងៃ​ត្រូវ​បាន​លោក​អាសាដ​ច្រាន​ចោល ព្រម​ទាំង​បញ្ជាក់​ថា លោក​មិន​បារម្ភ​ពី​ការ​ព្រមាន​របស់​អន្តរជាតិ​ទេ ព្រោះ​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​នា​ពេល​កន្លង​មក​មាន​លក្ខណៈ​នយោបាយ និង​បាន​ធ្វើ​ឡើង​ដោយ​គ្មាន​ភស្តុតាង​ជាក់ស្តែង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ