អានតួអត្ថបទ

អ៊ីរ៉ង់​ទាមទារ​ឲ្យ​អ៊ីស្រាអែល​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ

សន្និសីទនៃ​សន្ធិសញ្ញា​មិនរីកសាយភាយ​អាវុធ​នុយក្លេអ៊ែរ​បាន​ចាប់បើក​ធ្វើ នៅ​ទីក្រុង​ញូវយ៉ក​សហរដ្ឋ​អាមេរិក កាលពីថ្ងៃ​ចន្ទ​ម្សិលមិញ ហើយ​នឹង​ត្រូវ​បន្ត​ធ្វើ​រហូតដល់​ថ្ងៃ​ទី២២​ឧសភា​ខាងមុខ។ ​នៅ​ក្នុង​ឱកាសបើក​សន្និសីទ​នេះ អ៊ីរ៉ង់​បាន​ទាមទារ​​ដោយ​ទទូច​ឲ្យ​អ៊ីស្រាអែល​បោះបង់​ចោល​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ហើយឈាន​ទៅបង្កើត​តំបន់​គ្មាន​អាវុធ​នុយក្លេអ៊ែរ​​នៅ​មជ្ឈិមបូព៌ា។

សន្និសីទ​នៃ​សន្ធិសញ្ញា​មិនរីកសាយភាយ​អាវុធ​នុយក្លេអ៊ែរ បើក​ធ្វើ​នៅ​ទីស្នាក់ការ​អ.ស.ប​ នៅ​ញូវយ៉ក ចាប់ពីថ្ងៃ​ទី​២៧​មេសា ដល់ ២២ឧសភា ២០១៥
សន្និសីទ​នៃ​សន្ធិសញ្ញា​មិនរីកសាយភាយ​អាវុធ​នុយក្លេអ៊ែរ បើក​ធ្វើ​នៅ​ទីស្នាក់ការ​អ.ស.ប​ នៅ​ញូវយ៉ក ចាប់ពីថ្ងៃ​ទី​២៧​មេសា ដល់ ២២ឧសភា ២០១៥ Andrew Burton/Getty Images/AFP
ផ្សាយពាណិជ្ជកម្ម

លោក Javad Zarif រដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់​ បានធ្វើការ​កត់សម្គាល់​ថា អ៊ីស្រាអែល​គឺ​ជា​ប្រទេស​តែមួយគត់ នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ដែល​មិន​មែន​ជា​សមាជិក​សន្ធិសញ្ញា​មិនរីកសាយភាយ​អាវុធ​នុយក្លេអ៊ែរ ហើយ​ក៏​មិនដែល​បង្ហាញ​ពី​ជំហរ​ចង់​ចូល​ក្នុង​សន្ធិសញ្ញានេះ។ លោក​រដ្ឋមន្រ្តីការបរទេស​អ៊ីរ៉ង់ ដែល​បាន​ថ្លែង​ក្នុងនាម​ប្រទេស​​ចំនួន ១២០ ក្នុង​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ បាន​ទាមទារ​ថា ​អ៊ីស្រាអែល​ត្រូវតែ​​បោះបង់​ចោល​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ហើយ​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​មិនរីកសាយភាយ​អាវុធ​នុយក្លេអ៊ែរ។ លោក​ក៏​បាន​លើកឡើង​ផងដែរ​ថា ប្រទេស​ក្នុង​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ​ទាមទារ​ដោយ​ទទូច​ឲ្យ​បង្កើត​តំបន់​គ្មាន​អាវុធ​នុយក្លេអ៊ែរ​នៅ​មជ្ឈិមបូព៌ា។

ការទាមទារ​របស់​អ៊ីរ៉ង់​នៅពេលនេះ គឺ​ដូចគ្នា​ទាំងស្រុង​ទៅនឹង​សេចក្តីសម្រេច​របស់​ប្រទេស​ជា​សមាជិក​សន្ធិសញ្ញា​មិនរីកសាយភាយ​អាវុធ​នុយក្លេអ៊ែរ នៅ​ក្នុង​អំឡុង​សន្និសីទ​កាល​ពី​ឆ្នាំ​២០១០​កន្លងទៅ។ នៅ​ពេលនោះ ប្រទេស​ ចំនួន​១៨៩ ដែល​ជា​សមាជិក​សន្ធិសញ្ញា​មិនរីកសាយភាយ​អាវុធ​នុយក្លេអ៊ែរ (លើកលែង​តែ​សហរដ្ឋ​អាមេរិក​​មួយ​ចេញ) បាន​ទាមទារ​ឲ្យ​បើក​ធ្វើ​សន្និសីទ​មួយ នៅ​ឆ្នាំ​២០១២ ដើម្បី​បង្កើត​តំបន់​គ្មាន​អាវុធ​នុយក្លេអ៊ែរ​នៅ​មជ្ឈិមបូព៌ា ក៏ប៉ុន្តែ រហូតមកទល់​នឹង​ពេល​បច្ចុប្បន្ន​ សន្និសីទ​នេះ​នៅតែ​មិន​អាច​បើក​ធ្វើ​ទៅបាន ដោយសារ​តែ​អ៊ីស្រាអែល​មិន​ព្រមចូលរួម។

គួររំឭកឡើងវិញ​ថា សន្ធិសញ្ញា​មិនរីកសាយភាយ​អាវុធ​នុយក្លេអ៊ែរ ដែល​ត្រូ​វបាន​បង្កើតឡើង កាលពី​ជាង ៤០ឆ្នាំមុន មាន​គោលដៅ​ទប់ស្កាត់​កុំ​ឲ្យ​ប្រទេស​ថ្មីៗ​ផ្សេងទៀត​ផលិត​អាវុធ​នុយក្លេអ៊ែរ ក្រៅពី​ប្រទេស​ទាំង ៥ ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​រួចទៅហើយ គឺ​សហរដ្ឋ​អាមេរិក រុស្ស៊ី អង់គ្លេស បារាំង និង​ចិន។ ក៏ប៉ុន្តែ ប្រទេស​ចំនួន ៣ គឺ ប៉ាគីស្ថាន ឥណ្ឌា និង​អ៊ីស្រាអែល បាន​បដិសេធ​មិន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​នេះ ហើយ​បាន​នាំគ្នា​ផលិត​អាវុធ​នុយក្លេអ៊ែរ​រៀងៗ​ខ្លួន។ កូរ៉េ​ខាងជើង​វិញ​បាន​ចូល​ជា​សមាជិក​សន្ធិសញ្ញា​នេះ​រួចហើយ ក៏ប៉ុន្តែ បាន​ដកខ្លួន​ចេញ​ទៅវិញ ដើម្បី​​ទៅ​បង្កើត​កម្មវិធី​នុយក្លេអ៊ែរ​យោធា។

គិត​រហូតមកទល់​នឹង​ពេលនេះ អ៊ីស្រាអែល​មិនដែល​ទទួល​ស្គាល់​ជាផ្លូវការ​ថា​ខ្លួន​មាន​អាវុធ​នុយក្លេអ៊ែរ​នោះទេ ក៏ប៉ុន្តែ គ្រប់ប្រទេស​ផ្សេងៗ​ទៀត​សុទ្ធតែ​ចាត់ទុក​អ៊ីស្រាអែល​ថា​ជា​មហាអំណាច​នុយក្លេអ៊ែរ ហើយ​អ្នក​ជំនាញ​បាន​ធ្វើការ​ប៉ាន់ស្មាន​ថា នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ អ៊ីស្រាអែល​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ប្រមាណ​ជា ២០០គ្រាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ