អានតួអត្ថបទ
អ៊ីរ៉ង់

អ៊ីរ៉ង់​ត្រៀម​បើក​ទីផ្សារ​អ៊ីនធឺនែត​ទទួល​ក្រុមហ៊ុន​អាមេរិកំាង Google និង​ក្រុមហ៊ុន​បរទេស​ផ្សេង​ទៀត

នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ លោក​អនុរដ្ឋមន្រ្តី​ក្រសួង​គមនាគមន៍​ណាស្រូឡា យ៉ាហានហ្គាដ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ ទី១ មីនា​ថា រដ្ឋាភិបាល​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​បើក​ទីផ្សារអ៊ីនធឺនែត​ឲ្យ​ក្រុមហ៊ុន​បម្រើ​សវាអ៊ីនធឺណែត​បរទេស​អាច​ចូល​ទៅ​បោះទុន​រក​ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​បាន ដូច​យ៉ាង​ក្រុមហ៊ុន​អាមេរិកំាង Google ឬ​មួយ​ក៏​ក្រុមហ៊ុន​បរទេស​បម្រើ​សេវាអ៊ីនធឺនែត​ដទៃ​ទៀត។ តែ​លោក​ណាស្រូឡា យ៉ាហានហ្គាដ​បាន​បញ្ជាក់​ជា​មុន​ថា ក្រុមហ៊ុន​បម្រើ​សេវាអ៊ីនអឺនែត​បរទេស​ដែល​ចង់​ទៅ​រកស៊ី​នៅ​អ៊ីរ៉ង់​ត្រូវ​តែ​គោរព​វប្បធម៌​របស់​អ៊ីរ៉ង់​ដោយ​ខាន​មិន​បាន។

អ៊ីរ៉ង់​ត្រៀម​បើក​ទីផ្សារ​អ៊ីនធឺនែត​ទទួល​ក្រុមហ៊ុន​អាមេរិកំាង Google
អ៊ីរ៉ង់​ត្រៀម​បើក​ទីផ្សារ​អ៊ីនធឺនែត​ទទួល​ក្រុមហ៊ុន​អាមេរិកំាង Google REUTERS/Mike Blake/Files
ផ្សាយពាណិជ្ជកម្ម

ការ​ថ្លែង​របស់​លោក​អនុរដ្ឋមន្រ្តី​ក្រសួង​គមនាគមន៍​អ៊ីរ៉ង់​ណាស្រូឡា យ៉ាហានហ្គាដ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចសន្ទនា​មួយ​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន​ក្នុង​ស្រុក​ឈ្មោះ Fars។ នៅ​ក្នុង​កិច្ច​សន្ទនា​នោះ លោក​ណាស្រូឡា​បាន​អះអាង​ច្បាស់ៗ​ថា រដ្ឋាភិបាល​ទីក្រុង​តេហេរ៉ង់​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ចរចា​ជាមួយ​ក្រុមហ៊ុន​អ៊ីនធឺនែត​បរទេស​ល្បីៗ​ដើម្បី​ឲ្យ​គេ​ផ្តល់​សេវា​អ៊ីនធឺនែត​នៅ​ក្នុង​ទឹកដី​អ៊ីរ៉ង់ ដោយ​មាន​ការ​គោរព​លក្ខខណ្ឌ​វប្បធម៌​របស់​ប្រទេស​អ៊ីរ៉ង់។ តែ​លោក​ណាស្រូឡា​មិន​បាន​បញ្ជាក់​ថា តើ​លក្ខខណ្ឌ​វប្បធម៌​អ៊ីរ៉ង់​ដែល​ក្រុមហ៊ុន​បរទេស​ត្រូវ​គោរព​នោះ​មាន​អ្វី​ខ្លះ​ទេ។ បើ​យោង​តាម​លោក​ណាស្រូឡា ក្រុមហ៊ុន​បរទេស​បម្រើ​សេវាអ៊ីនធឺនែត​ទំាង​អស់​អាច​ចូល​ទៅ​បោះទុន​រកស៊ី​ក្នុង​ប្រទេស​អ៊ីរ៉ង់​បាន រាប់​ទំាង​ក្រុមហ៊ុន Google របស់​អាមេរិកំាង​ផង។

សព្វថ្ងៃ​នេះ អ៊ីរ៉ង់​មាន​អ្នក​ប្រើ​អ៊ីនធឺនែត​ប្រមាណ​ជា ៤០លាននាក់​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​អ៊ីរ៉ង់​សរុប​ជិត ៧៨លាននាក់។ ជា​ទូទៅ រដ្ឋអំណាច​បាន​បិទខ្ទប់​គេហទំព័រ​ណា​ដែល​មាន​លក្ខណៈ​នយោបាយ ឬ​បង្កប់​ដោយ​រូបភាព​អាសអាភាស ពិសេស​បណ្តាញ​សង្គម ដូច​យ៉ាង Twitter និង Facebook។ គឺ​បណ្តាញ​សង្គម​ទំាង​នេះ​ហើយ​ដែល​ក្រុមប្រឆំាង​បាន​ប្រើ​ដើម្បី​អំពាវនាវ​ឲ្យ​មនុស្ស​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ប្រឆំាង​នឹង​ការ​ជាប់ឆ្នោត​ប្រធានាធិបតី​ជា​ថ្មី​របស់​លោក Mahmoud Ahmadinejad កាល​ពី​ខែ​មិថុនា ឆ្នំា ២០០៩។ អ្វី​ជា​ការ​កត់សម្គាល់ ការ​ដែល​អ៊ីរ៉ង់​បាន​បើក​ទីផ្សារ​សេវា​អ៊ីធឺនែត​ឲ្យ​ក្រុមហ៊ុន​បរទេស​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​អ៊ីរ៉ង់​កំពុង​ជាប់​ទ័ណ្ឌកម្ម​បរទេស​ដោយសារ​តែ​សំណុំរឿង​នុយក្លេអ៊ែរ។

ចំណុច​នេះ​ត្រូវ​បាន​លោក​អនុរដ្ឋមន្រ្តី​ក្រសួង​គមនាគមន៍​អ៊ីរ៉ង់​ណាស្រូឡា​បញ្ជាក់​ថា អាច​ជា​ឧបសគ្គ​ចំពោះ​ក្រុមហ៊ុនអាមេរិកំាង Google។ តែ​សម្រាប់​ក្រុមហ៊ុន​បរទេស​ផ្សេង​ទៀត​ត្រូវ​បាន​លោក​ណាស្រូឡា​អះអាង​ថា រដ្ឋាភិបាល​បាន​ផ្តើម​កិច្ចចរចា​ហើយ ដោយ​លោក​មិន​បាន​លំអិត​អ្វី​បន្ថែម​ទេ។ គួរ​ជម្រាប​ជូន​ថា ជិត ២ឆ្នំា​កន្លង​ទៅ​នេះ រដ្ឋាភិបាល​ទីក្រុង​តេហេរ៉ង់​បាន​បន្តឹង​ការ​ឃ្លំាមើល​លើ​បណ្តាញ​សង្គម ព្រម​ទំាង​បាន​បង្កើត​ឲ្យ​មាន​ប៉ូលិស​អ៊ីនធឺនែត​ដើម្បី​ត្រួតពិនិត្យ​រាល់ខ្លឹមសារ​នៅ​លើ​គេហទំព័រ ប្លុក​នានា ដោយ​បាន​ឃាត់​ខ្លួន​អ្នក​រិះគន់​រដ្ឋាភិបាល​ដោយ​ចំហ​ជា​ច្រើន​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ