អានតួអត្ថបទ
អ៊ីរ៉ង់-នុយក្លេអ៊ែរ

​កិច្ចព្រមព្រៀង​ប្រវត្តិសាស្រ្ត​ស្តី​ពី​កម្ម​វិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់

នៅ​ទីបំផុត​ទៅ ប្រទេស​មហាអំណាច ទាំង ៦ និង​អ៊ីរ៉ង់ បាន​ចរចា យល់ស្របគ្នា រកឃើញ កិច្ចព្រមព្រៀង​ជាផ្លូវការ ស្តី​ពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ នៅព្រឹក​ព្រលឹម ថ្ងៃ​អង្គារ​ទី ១៤ កក្កដា។ ប្រធានាធិបតី​អ៊ីរ៉ង់​បាន​សរសេរ​សារ អបអរ​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្រ្ត ក្នុង​ពេល​ដែល​លោក​ប្រធានាធិបតី​អាមេរិក​បាន​ព្រមាន​ត្រលប់​មក​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ ក្នុង​ករណី អ៊ីរ៉ង់ មិន​គោរព​តាម​កិច្ច​ព្រមព្រៀង។

ប្រមុខ​ការបរទេស​ប្រទេស​មហាអំណាច និង​អ៊ីរ៉ង់ នៅក្នុង​ការចរចា​ចុងក្រោយ​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ នៅទីក្រុង​វីយ៉ែន ប្រទេស​អូទ្រីស ថ្ងៃ​អង្គារ​ទី ១៤​កក្កដា
ប្រមុខ​ការបរទេស​ប្រទេស​មហាអំណាច និង​អ៊ីរ៉ង់ នៅក្នុង​ការចរចា​ចុងក្រោយ​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ នៅទីក្រុង​វីយ៉ែន ប្រទេស​អូទ្រីស ថ្ងៃ​អង្គារ​ទី ១៤​កក្កដា © REUTERS/Leonhard Foeger
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្រ្តីការបរទេស​របស់​ភាគី​ចរចា​ទាំងពីរ គឺ​អ៊ីរ៉ង់ និង​ប្រទេស​មហាអំណាច​ទាំង​៦ បាន​ចរចា​យ៉ាង​ស្វិតស្វាញ នៅក្នុង​រយៈពេល ១៧​ថ្ងៃ​ចុងក្រោយនេះ នៅ​ទីក្រុវ​វីយ៉ែន ប្រទេស​អូទ្រីស ដើម្បី​ឈាន​ទៅ​សម្រេច​បាន​កិច្ចព្រមព្រៀង​ចុងក្រោយ​មួយ ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ ទិសដៅ​ចំបងនៃ​កិច្ច​ព្រមព្រៀងនេះ នេះ គឺ​អ៊ីរ៉ង់​ត្រូវ​បញ្ឈប់​មហិច្ឆតា​នុយក្លេអ៊ែរ ជាថ្នូរ​នឹង​ការដកទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​អង្គការ​សហប្រជាជាតិ អាមេរិក និង​សហភាព​អឺរ៉ុប។

 
ការចរចា​នៅ​ទីក្រុង​វីយ៉ែន ផ្តោតសំខាន់​ទៅ​លើចំណុច​លម្អិត បញ្ហា​បច្ចេកទេស និង​ផ្លូវច្បាប់​ដើម្បី​អនុវត្ត​​​កិច្ចព្រមព្រៀងចុងក្រោយ បន្ទាប់​ពី​ភាគី​ទាំង​ពីរ​បាន​យល់​ស្របគ្នា​លើ​កិច្ចព្រមព្រៀង​​គោល កាលពី​ខែ​មេសា​កន្លងទៅ។ ចំណុច​គោល​ សំខាន់ បី ដែល​គ្រប់ភាគី​នៅ​តុ​ចរចា​លើក​មក​និយាយ នោះ​គឺ៖

ទី១ សុពលភាព នៃការអនុវត្ត​កិច្ចព្រមព្រៀង។ ប្រទេស​មហាអំណាច ជាពិសេស អាមេរិក​ធ្លាប់​ទាមទារ​ចង់​ត្រួតពិនិត្យ តាមដាន​កម្មវិធី​នុយក្លេអ៊ែរ ក្នុងរយៈពេល ១៥ ឆ្នាំ ដើម្បី​ឲ្យ​ប្រាកដ​ថា អ៊ីរ៉ង់​នឹង​មិន​ឆ្លៀត បន្លំ​ប្រើ​កម្មវិធី​នុយក្លេអ៊ែរ​ក្នុង​បំណង​យោធា ដើម្បី​ផលិត​គ្រាប់បែក​បរិមាណូ។ ប៉ុន្តែ នៅក្នុង​កិច្ចព្រមព្រៀង​ចុងក្រោយ បាន​បញ្ជាក់ថា កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ នឹង​ត្រួតពិនិត្យ ក្នុង​រយៈពេល យ៉ាង​តិច ១០ឆ្នាំ។ ១០ឆ្នាំ ដែល​មាន​ចែង​នៅក្នុង​កិច្ចព្រមព្រៀង​ផ្លូវការ គឺ​ជា​រយៈពេល ដែល​អ៊ីរ៉ង់​ទាមទារ​ចង់បាន។

ចំណុច​សំខាន់ទី ២ គឺ​ការដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​សហគមន៍​អន្តរជាតិ​ដាក់​ទៅលើ​អ៊ីរ៉ង់​តាំង ពី​ឆ្នាំ ២០០៦​មក។ អ៊ីរ៉ង់​បាន​ទាមទារ​ឲ្យ​គេ​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ភ្លាមៗ នៅ​ក្រោយ​ការចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង។ ប៉ុន្តែ តាម​កិច្ចព្រមព្រៀង​ចុងក្រោយ​ថ្ងៃនេះ ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​អ៊ីរ៉ង់ នឹង​ត្រូវ​ដក​ចេញ ជា​បណ្តើរៗ គឺ​អាស្រ័យ​ទៅលើ​សកម្មភាព របស់​អ៊ីរ៉ង់។ បើសិន​អ៊ីរ៉ង់​គោរព​តាម​កិច្ច​ព្រមព្រៀង ទាំងអស់ នោះ គេ​រំពឹងថា ទណ្ឌកម្ម​សេដ្ឋកិច្ច​ដំបូង នឹង​ត្រូវ​ដកចេញ​ពី​អ៊ីរ៉ង់ នៅ​ចុងឆ្នាំ​នេះ។ ប៉ុន្តែ បើសិន​អ៊ីរ៉ង់ រំលោភ​កិច្ចព្រមព្រៀង នោះ សហគមន៍​អន្តរជាតិ​នឹង​អាច​ដាក់​ត្រលប់​មក​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ តែ​ក្នុង​រយៈពេល ៦៥​ថ្ងៃ។

ចំណុច​សំខាន់​ទី ៣ គឺ​និយាយ​ពីការពង្រឹង​ការត្រួតពិនិត្យ​តាមដាន​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់។ តាម​កិច្ចព្រមព្រៀង គឺ​ទីភ្នាក់ងារ​ថាមពល​បរិមាណូ​អន្តរជាតិAIEA ដែល​ជា​ស្ថាប័ន​របស់​អង្គការ​សហប្រជាជាតិ​ដែល​ជាអ្នកដើរតួនាទី ត្រួតពិនិត្យ កម្មវិធីនុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់។

នៅ​ក្នុង​កិច្ចព្រមព្រៀង​ថ្ងៃនេះ អ៊ីរ៉ង់​បាន​សន្យា​កាត់បន្ថយ​ម៉ាស៊ីន​ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម​ឲ្យ​បាន ២ភាគ៣ គឺ ពី​ចំនួន ១៩ ០០០ គ្រឿង​មក​នៅ​ត្រឹម ជាង​៥ពាន់​គ្រឿង។ លើស​ពី​នោះ អ៊ីរ៉ង់​បាន​យល់ព្រម​ថា នឹង​បើក​ឲ្យ​អ្នកជំនាញ​ចូល​ទៅ​ត្រួតពិនិត្យ ទីតាំង​នុយក្លេអ៊ែរ​របស់​យោធា​អ៊ីរ៉ង់។ អ៊ីរ៉ង់​កំណត់ ព្រំដែន នៃ​ការចូល​ត្រួតពិនិត្យ ក្នុង​ទីតាំង យោធា​ដែល​ខ្លួន​ធ្លាប់​តែ​បិទ កន្លងមក។ ប៉ុន្តែ ការដែល​អ៊ីរ៉ង់​យល់ព្រម​ឲ្យ​គេ​ចូល​ពិនិត្យ​មើល​ទីតាំង​យោធា​របស់ខ្លួន​គឺ បញ្ជាក់ថា អ៊ីរ៉ង់ បាន​ព្យាយាម​សហការ បន្ទន់ជំហរ ជាមួយ​ភាគី​ប្រទេស​មហាអំណាច ជាថ្នូរ​នឹង​ការដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​អ៊ីរ៉ង់។

រឿង​បម្រាម​នាំ​អាវុធ ចូល​អ៊ីរ៉ង់ ដែល​ជា​ចំណុច​ខ្វែងគំនិត​គ្នា និង​ធ្វើ​ឲ្យ​ការចរចា​ជាប់គាំង នៅចុង​សប្តាហ៍នេះ ក៏​ត្រូវ​បាន​សរសេរ​លម្អិត នៅក្នុង​កិច្ចព្រមព្រៀង​លើកនេះដែរ។ អ៊ីរ៉ង់ ដែល​មានការគំាទ្រ​ពី​រុស្ស៊ី​បាន​ទាមទារ​ឲ្យ​គេ​ដក​បម្រាម​លក់​នាំចូល​អាវុធ​ទៅ​អ៊ីរ៉ង់។ ប៉ុន្តែ ក្នុង​បរិបទ​បច្ចុប្បន្ន នៅ​តំបន់​ដើមបូព៌ា ជាពិសេស ការលូកដៃ​របស់​កងទ័ព​អ៊ីរ៉ង់ នៅ​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់ បាន​ធ្វើ​ឲ្យ​អាមេរិក​ប្រឆាំង មិន​ឲ្យ​គេ​ដក​បម្រាម​លក់​អាវុធ​ទៅ​ឲ្យ​អ៊ីរ៉ង់។ តាម​មន្រ្តីទូត​លោកខាងលិច នៅក្នុង​កិច្ចព្រមព្រៀង​មាន​សរសេរ​ថា អង្គការ​សហប្រជាជាតិ​នៅ​តែ​រក្សា​បម្រាម កុំ​ឲ្យ​មាន​លក់​នាំចូល​អាវុធ ទៅ​អ៊ីរ៉ង់ ក្នុង​រយៈពេល ៥ឆ្នាំទៅមុខ។ ចំណែក​បម្រាម​មិន​ឲ្យ​នាំចូល​បច្ចេកវិទ្យា​យោធា ទៅ​អ៊ីរ៉ង់​នឹង​អនុវត្ត​សម្រាប់​រយៈពេល ៨​ឆ្នាំ​ដែរ។

ប្រធានាធិបតី​អ៊ីរ៉ង់៖ កិច្ចព្រមព្រៀង​នឹង​បើក​មុខ បើក​មាត់​អ៊ីរ៉ង់ នៅឆាក​អន្តរជាតិ
អ្នកដែល​ត្រេកអរ និង​ទទួល​បាន​ប្រយោជន៍​ច្រើនជាងគេ ពី​កិច្ចព្រមព្រៀង នៅទីក្រុង​វីយ៉ែន គឺ​រដ្ឋាភិបាល និង​ប្រជាជន​អ៊ីរ៉ង់។ លោក​ប្រធានាធិបតី​អ៊ីរ៉ង់ ​ហាសាន់ រ៉ូហានី បាន​សរសេរ​សារ​អបអរ​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្រ្ត ដែល​ភាគី អ៊ីរ៉ង់ និង​ប្រទេស​មហាអំណាច​បានបើក​ចរចា អស់ ២១​មកហើយ។

ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​ក្រុមប្រឹក្សា​សន្តិសុខ អង្គការ​សហប្រជាជាតិ អាមេរិក និង​សហភាព​អឺរ៉ុប​នៅ​ឆ្នាំ ២០០៦ បាន​ផ្ទប់ផ្លូវ​ដង្ហើម​សេដ្ឋកិច្ច​អ៊ីរ៉ង់ តួយ៉ាង ការហាម​មិនឲ្យ​ទិញប្រេង​ពី​អ៊ីរ៉ង់​ជាដើម។ បើសិន​ទណ្ឌកម្មសេដ្ឋកិច្ច​ត្រូវដកចេញ​ពីអ៊ីរ៉ង់ ផលប្រយោជន៍​ដំបូង​ដែល​អ៊ីរ៉ង់​ត្រូវ​ទទួល​បាន គឺ​ទ្រព្យសម្បត្តិ ប្រាក់ចំណូល ជាង ១៥០ពាន់​លាន​ដុល្លារ ដែល​អ៊ីរ៉ង់ បាន​មក​ពី​ការលក់ប្រេង និង​ដាក់​នៅ​ធនាគារ​បរទេស ប៉ុន្តែ ត្រូវ​អាមេរិក និង​សហភាព​អឺរ៉ុប ផ្អឹបកក មិនឲ្យ​អ៊ីរ៉ង់​បើកបាន ដោយសារ​តែ​ទណ្ឌកម្ម​សេដ្ឋកិច្ច។

អ៊ីរ៉ង់​បាន​ទទួល​ផល​ប្រយោជន៍​សេដ្ឋកិច្ច ពី​កិច្ចព្រមព្រៀង​ដែល​អ៊ីរ៉ង់​ទើបរកឃើញ​ជាមួយ ប្រទេស​មហាអំណាច។ ជាមួយ​គ្នានេះ កិច្ចព្រមព្រៀង​លើកនេះ នឹង​បើកផ្លូវ អ៊ីរ៉ង់​ឲ្យ​ត្រលប់​ទៅ​មាន​ទំនាក់​ទំនង​ល្អ​ឡើងវិញ ជាមួយ​សហគមន៍​អន្តរជាតិ ជាពិសេស វា​នឹង​បើកផ្លូវ​ឲ្យ​អ៊ីរ៉ង់ ត្រលប់​មក​មាន​ទំនាក់ទំនង​ធម្មតា ជាមួយ អាមេរិក។

កិច្ចព្រមព្រៀង​លើកនេះ បញ្ជាក់​ផងដែរ ពី​ជោគជ័យ ផ្នែក​ការទូត មួយទៀត របស់​លោក​ប្រធានាធិបតី​អូបាម៉ា បន្ទាប់ពី​សំណុំរឿង​គុយបា។ លោកអូបាម៉ា​បាន​ចំណេញ​មុខមាត់​ខ្លាំង​ណាស់ ពី​កិច្ចព្រមព្រៀង​លើកនេះ ព្រោះថា វិបត្តិ​នុយក្លេអ៊ែរ​របស់អ៊ីរ៉ង់ ជាជម្ងឺរ៉ាំរ៉ៃ ជាង ១០​ឆ្នាំ​មកហើយ ដែល​គ្មាន​មេដឹកនាំ ប្រទេស​ណាមួយ អាចដោះស្រាយ​ចេញរួច។ នៅចំពោះមុខ​ក្រុម​ប្រឆាំង លោក​អូបាម៉ា​បាន​ថ្លែងការពារ​នយោបាយ​របស់លោក​ថា ទណ្ឌកម្ម​សេដ្ឋកិច្ច​មិនបាន​រារាំង អ៊ីរ៉ង់ ឲ្យ​ឈប់​កម្មវិធី​នុយក្លេអ៊ែរ​យោធា​នោះទេ។ មាន​តែ​កិច្ចព្រមព្រៀង​តាមរយៈ​ការចរចា​ការទូត ដែល​នឹង​បើក​ផ្លូវ​ឲ្យ​គេ​ចូលទៅ​តាមដាន​ជិតបំផុត​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដែល​នឹង​អាច​ជួយ​ធានា​ថា អ៊ីរ៉ង់ នឹង​មិន​លួចលាក់​ផលិត​អាវុធ​បរិមាណូ។

ក្រៅតែ​ពីលោក​អូបាម៉ា ប្រធានាធិបតី​រុស្ស៊ី នាយករដ្ឋមន្រ្តី​អង់គ្លេស បាន​សំដែង​ការអបអរ​កិច្ចព្រមព្រៀង ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ ចំណែក អ៊ីស្រាអែល​ដែល​ជា​សត្រូវ​របស់​អ៊ីរ៉ង់ បាន​ចាត់ទុក​ដូចជា​ពេលមុនថា កិច្ចព្រមព្រៀង ជាមួយ អ៊ីរ៉ង់ គឺ​ជា​កំហុស​ប្រវត្តិសាស្រ្ត។ នៅ​ក្រោយ​ដំណឹង​ថា មាន​កិច្ចព្រមព្រៀង​ជាមួយ អ៊ីរ៉ង់ លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល បាន​ព្រមាន​ថា អ៊ីស្រាអែល​នឹង​ប្រើ​គ្រប់​មធ្យោបាយ ដើម្បី រារាំង​កុំ​ឲ្យ​កិច្ចព្រមព្រៀង ជាមួយ​អ៊ីរ៉ង់​ត្រូវ​បោះឆ្នោត អនុម័ត នៅ​សភា អាមេរិកាំង។ លោក​ប្រធានាធិបតី អាមេរិក វិញ​ដែល​នឹង​ប្រឈម​នឹង​ការបោះឆ្នោត​ប្រឆាំង​របស់​គណបក្ស​សាធារណរដ្ឋ​នៅ​សភា បាន​ព្យាយាម​និយាយ​បញ្ចុះបញ្ចូល​ប្រជាជន​អាមេរិកាំង និង​សម្ព័ន្ធមិត្ត អ៊ីស្រាអែល ឬ​អារ៉ាប៊ី សាអូឌីត ដែល​នៅអរិភាព មិនទុកចិត្ត​អ៊ីរ៉ង់។ លោកអូបាម៉ា​ បាន​ថ្លែង នៅថ្ងៃ​នេះ ទណ្ឌកម្ម​សេដ្ឋកិច្ច​នឹង​ត្រលប់​ទៅ​ច្របាច់ក​អ៊ីរ៉ង់​វិញ បើសិន​អ៊ីរ៉ង់​មិន​គោរព​តាម​កិច្ចព្រមព្រៀង។

កាលបរិច្ឆេទ​ធំៗ នៃ​វិបត្តិ​នុយក្លេអ៊ែរ​អ៊ីរ៉ង់។
-វិបត្តិ​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដែល​បាន​បំពុល​ទំនាក់ទំនង​អ៊ីរ៉ង់ និង​សហគមន៍​អន្តរជាតិ​ជាង​១០​ឆ្នាំមកហើយ បានផ្ទុះ​ឡើង ដំបូង នៅ​ឆ្នាំ ២០០៣ នៅពេល​ដែល​ទីភ្នាក់ងារ​ ថាមពល​បរិមាណូ​អន្តរជាតិ AIEA បាន​រកឃើញ ដាន​ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម នៅ​រោងចក្រ​នុយក្លេអ៊ែរ ពីរ នៅ​ភាគកណ្តាល​ប្រទេស​អ៊ីរ៉ង់។
-អ៊ីរ៉ង់ នៅឆ្នាំ ២០០៥ នៅក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី​អភិរក្ស​និយម បានបែរខ្នង មិនចរចា ជាមួយ​សហគមន៍​អន្តរជាតិ និង​ផ្ទុយទៅវិញ ផ្គើន​ផលិត​បន្ថែម​ម៉ាស៊ីន​សម្រាប់​ចម្រើនធាតុ​អ៊ុយរ៉ានីញ៉ូម រហូត​ធ្វើ​ឲ្យ​អ៊ីរ៉ង់​មាន​ម៉ាស៊ីន​ចម្រើន​ធាតុអ៊ុយរ៉ានីញ៉ូម ដល់ ១៩ ០០០​គ្រឿង នៅ​ឆ្នាំ ២០១៤។
-ឆ្នាំ ២០០៦ ក្រុមប្រឹក្សា​សន្តិសុខ ដែល​មាន​ប្រទេស​សមាជិក​អចិន្ត្រៃយ៍ អាមេរិក បារាំង អង់គ្លេស ចិន និង​រុស្ស៊ី បាន​ប្រកាស​ដាក់​ទណ្ឌកម្ម សេដ្ឋកិច្ច​ទៅលើ​អ៊ីរ៉ង់។
-នៅ​ឆ្នាំ ២០១២ បន្ទាប់​ពី​AIEAចេញ​របាយការណ៍​មកថា អ៊ីរ៉ង់​លួចលាក់​ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម នៅ​ទីតាំង​សម្ងាត់ សម្រាប់​ប្រើ​ក្នុង​កម្មវិធី​នុយក្លេអ៊ែរ​យោធា ឬ​និយាយ​ឲ្យ​ស្រួលស្តាប់ សម្រាប់​ផលិត​គ្រាប់បែក​បរិមាណូ សហភាព​អឺរ៉ុប បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​អ៊ីរ៉ង់ បាន​ផ្អឹប​រាល់​ទ្រព្យសម្បត្តិ​របស់​អ៊ីរ៉ង់ នៅ បរទេស និង​ដាក់​បម្រាម​មិនឲ្យ​គេ​ទិញ ប្រេង​ពី​អ៊ីរ៉ង់។

-នៅ​ឆ្នាំ ២០១៣ ការចរចា​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ជាមួយ​ប្រទេស​មហាអំណាច​បាន​ចាប់ផ្តើម និង​ម៉ត់ចត់ ជាងពេលណាៗ ទាំងអស់។ លោក​ហាសាន រ៉ូហានី ដែល​បាន​ឈ្នះឆ្នោត​ក្លាយ​ជា​ប្រធានាធិបតី អ៊ីរ៉ង់ នៅ​ឆ្នាំ ២០១៣ បាន​សន្យា​ទាមទារ​ឲ្យ​គេ​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី អ៊ីរ៉ង់។ ប្រធានាធិបតី​អ៊ីរ៉ង់ មាន​ជំហរ​ដើរស្រប​គ្នា​នឹង​ប្រធានាធិបតី​អាមេរិក លោក​បារ៉ាក់ អូបាម៉ា ដែល​បានប្រកាស តាំងពី​លោក​ក្លាយ​ជា​ប្រធានាធិបតី អាមេរិក នៅ​ឆ្នាំ ២០០៩​ថា លោក​ចង់​បិទបញ្ចប់​វិបត្តិនុយក្លេអ៊ែរ​នៅក្នុង​អាណត្តិ​របស់លោក៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ