អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

នាយករដ្ឋមន្រ្តី​អ៊ីស្រាអែលបេ្តជ្ញា ​ប្រយុទ្ធ​ដល់​ថ្ងៃ​ស្លាប់ ប្រឆាំង​នឹង​ភេរវជន​ប៉ាឡេស្ទីន

ភាពតានតឹង នៅ​តែ​មិន​ថមថយ នៅ​តំបន់​ស៊ីហ្សកដានី ដែល​ជាទឹកដី​របស់​ប៉ាឡេស្ទីន ប៉ុន្តែ កាន់កាប់​ដោយ​អ៊ីស្រាអែល។ បន្ទាប់ពី ជនជាតិ​អ៊ីស្រាអែល​៤​នាក់ ត្រូវ​គេ​បាញ់ និង​ចាក់សម្លាប់ តាំងពី​ថ្ងៃ​ព្រហស្បតិ៍ នាយករដ្ឋមន្រ្តី អ៊ីស្រាអែល​បាន​សន្យា ប្រើ​គ្រប់​មធ្យោបាយ ដើម្បី ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវជន​ប៉ាឡេស្ទីន។ នៅក្នុង​កិច្ចប្រជុំ​បន្ទាន់ គណៈ​រដ្ឋមន្រ្តី កាលពី​ថ្ងៃ​អាទិត្យ លោក​បិនចាមីន នេតានីញ៉ាហ៊ូ នៅ​បាន​ព្រមាន បើក​ការបង្រ្កាប ចាស់ដៃ ដើម្បី ទប់ស្កាត់​មិន​ឲ្យ​មាន​ការងើបបះបោរ​របស់​ប្រជាជន​ប៉ាឡេស្ទីន នៅ​តំបន់​ស៊ីហ្សកដានី។ 

ចាប់តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី ១​តុលា ការប៉ះទង្គិច​មាន​សឹង​រាល់ថ្ងៃ​រវាង​ទាហាន​អ៊ីស្រាអែល​និង​យុវជន​ប៉ាឡេស្ទីននៅ​ស៊ីហ្សកដានី
ចាប់តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី ១​តុលា ការប៉ះទង្គិច​មាន​សឹង​រាល់ថ្ងៃ​រវាង​ទាហាន​អ៊ីស្រាអែល​និង​យុវជន​ប៉ាឡេស្ទីននៅ​ស៊ីហ្សកដានី REUTERS/Mohamad Torokman
ផ្សាយពាណិជ្ជកម្ម

តាំង​តែ​ពី​ថ្ងៃ​សៅរ៍ តំបន់​ស៊ីហ្សកដានី ដែល​មាន​រួម​បញ្ចូល​ផងដែរ ជេរូសាឡឹម​ខាងកើត បាន​ក្លាយ​ជា​កន្លែង​ប្រយុទ្ធ​តបត​គ្នា រវាង​ទាហាន​អ៊ីស្រាអែល និង​យុវជន​ប៉ាឡេស្ទីន។ យុវជន​ប៉ាឡេស្ទីន​នៅតែ​ប្រើ​វិធីសាស្រ្ត​ចាស់ គឺ​គប់​ដុំថ្ម និង​ដបសាំង​បំផ្ទុះ​ទៅ​លើ​ប៉ូលិស​អ៊ីស្រាអែល ដែល​បាន​បាញ់​តបវិញ គ្រាប់កាំភ្លើង​ពិតៗ ដែល​អនុញ្ញាតិ​ដោយ​ច្បាប់​ថ្មី របស់​រដ្ឋាភិបាល។

 
នៅក្នុង​ខណៈ​ដែល​ប៉ូលិស​អ៊ីស្រាអែល រាប់រយ​នាក់​ត្រូវ​បាន​ពង្រាយ ដើម្បី​ស្វែងរក​ចាប់​ឃាតករ សម្លាប់​ប្តីប្រពន្ធ អ៊ីស្រាអែល នៅ​តំបន់​ស៊ីហ្សកដានី នាយករដ្ឋមន្រ្តី អ៊ីស្រាអែល​ដែល​កោះប្រជុំ​គណៈរដ្ឋមន្រ្តី​តាំងពី​លើ​យន្តហោះ មក​ពី​ទីក្រុង​ញូវយ៉ក បាន​ប្រកាស​បញ្ជា ឲ្យ​អាជ្ញាធរ​បង្កើន​ការបង្រ្កាប បំផ្លាញ​ផ្ទះសម្បែង របស់​ភេរវជន ដើម្បី បញ្ចប់ ភេរវកម្ម និង​សំពង​បំបាក់​ស្មារតី​របស់​ក្រុមជន​ដៃដល់។

នៅ​ថ្ងៃ​អាទិត្យ យុវជន​ប៉ាឡេស្ទីន នៅ​តំបន់​ស៊ីហ្សកដានី បាន​នាំ​គ្នា​ដុតកង់ឡាន នៅ​លើ​ផ្លូវ ដើម្បី​រារាំង ប៉ូលិស​អ៊ីស្រាអែល​មិន​ឲ្យ​ចូល​ទៅ​ដល់​ផ្ទះ​របស់​យុវជន ប៉ាឡេស្ទីន ម៉ូហាណាដ ហាឡាប៊ី ដែល​បាន​ចាក់សម្លាប់​បុរស​អ៊ីស្រាអែល ២នាក់ កាលពី​ថ្ងៃ​សៅរ៍ នៅ​ទីក្រុង​បុរាណ របស់​ជេរូសាឡឹម។ នៅថ្ងៃ​សៅរ៍​ដដែល បន្ទាប់ពី​បាញ់សម្លាប់​យុវជន​ប៉ាឡេស្ទីន ម៉ូហាណាដ ប៉ូលិស​អ៊ីស្រាអែល​នៅ​បាន​បាញ់​សម្លាប់​យុវជន​ប៉ាឡេស្ទីន​មួយ​ទៀត ដែល​អ៊ីស្រាអែល​ចោទថា បាន​ប្រើ​កាំបិត ដើរចាក់​សម្លាប់​គេឯង។ នៅ​យប់​ថ្ងៃ​អាទិត្យ អ៊ីស្រាអែល​បាន​បើក​ប្រតិបត្តិការ វាយប្រហារ​ជើងអាកាស​ទៅលើ​តំបន់​ហ្កាហ្សា បន្ទាប់ពី​មាន​គ្រាប់រ៉ុកកែត​បាញ់​ចេញ​ពី​តំបន់​នោះ។

នៅ​ថ្ងៃ​អាទិត្យ​ដដែល យុវជន​ប៉ាឡេស្ទីន អាយុ ១៨​ឆ្នាំម្នាក់ បាន​ស្លាប់ នៅក្នុង​ការប៉ះទង្គិច​គ្នា​ខ្លាំង​រវាង​ប៉ូលិស អ៊ីស្រាអែល និង​យុវជន​ប៉ាឡេស្ទីន នៅ​តំបន់​ស៊ីហ្សកដានី។ មរណភាព​របស់​យុវជន​ប៉ាឡេស្ទីន ធ្វើ​ឲ្យ​គេ​បារម្ភថា នឹង​អាច​បណ្តាល​ឲ្យ​អំពើហិង្សា កើតឡើង​កាន់តែខ្លាំង ក្នុង​ខណៈពេល​ដែល​ទាំង​អាជ្ញាធរ​ប៉ាឡេស្ទីន និង​គណបក្ស​ប្រឆាំង​អ៊ីស្រាអែល បាន​ពន្លយ​ឲ្យ​ដឹងពី ​គ្រោះថ្នាក់​ផ្ទុះឡើង សង្រ្គាម​គប់ដុំថ្ម ឬហៅថា Intifada ជា​លើក​ទី៣ នោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ