ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/08 12h00 GMT
មជ្ឈិមបូព៌ា

របាយការណ៍​អសប៖ អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​បាន​ប្រព្រឹត្តអំពើ​មួយ​ដែលអាច​ជា​​ឧក្រិដ្ឋកម្ម​សង្រ្គាម

media  
សំណង់​បាក់បែក​នៅ​តែមាន នៅក្រោយ​ការវាយប្រហារ​របស់​អ៊ីស្រាអែល នៅ​ខែ​កក្កដា ឆ្នាំ​២០១៥ ©REUTERS/Suhaib Salem

រវាង​អ៊ីស្រាអែល និង​អង្គការ​សហប្រជាជាតិ គឺ​មានតែ​ភាពតានតឹង។ នៅថ្ងៃ​ចន្ទ ទី ២២ មិថុនា អ៊ីស្រាអែល​បាន​ស្រែក​ខ្លាំងៗ បរិហារ​របាយការណ៍​របស់​គណៈកម្មការ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ដែល​បាន​រក​ឃើញ​ថា អ៊ីស្រាអែល និង​ក្រុមប្រដាប់ ប៉ាឡេស្ទីន ទំនង​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋកម្ម​សង្រ្គាម នៅ​តំបន់​ហា្កហ្សា។

 

ដោយ​យោង​ទៅលើ​ភស្តុតាង និង​ចម្លើយ​របស់​សាក្សី គណៈកម្មការ​ស៊ើបអង្កេត​របស់​អង្គការ​សហប្រជាជាតិ រកឃើញ​ថា អាច​មាន​ឧក្រិដ្ឋកម្ម​សង្រ្គាម នៅ​តំបន់​ហ្កាហ្សា ដែល​អ្នកប្រព្រឹត្ត​គឺ អ៊ីស្រាអែល និង​ក្រុមប្រដាប់​អាវុធ ប៉ាឡេស្ទីន។ នៅ​ខែ​កក្កដា និង​សីហា ឆ្នាំ ២០១៤ អ៊ីស្រាអែល​បាន​បើក​ប្រតិបត្តិការ​យោធា​ទ្រង់ទ្រាយ​ធំ មួយ ចូល​កម្ទេច​រូងក្រោមដី​របស់​ក្រុម​ហាម៉ាស​ក្នុង​តំបន់​ហ្កាហ្សា ដែល​អ៊ីស្រាអែល​ចោទ​ថា ជាអ្នកបាញ់​គ្រាប់រ៉ុកកែត ចូល​ក្នុងទឹកដី​អ៊ីស្រាអែល។

 
តាមរបាយការណ៍ របស់​អង្គការ​សហប្រជាជាតិ សង្រ្គាម​ប្រយុទ្ធគ្នា រយៈពេល ៥១​ថ្ងៃ នៅ​ហ្កាហ្សា បាន​សម្លាប់​ជនជាតិ​ប៉ាឡេស្ទីន ២១៤០​នាក់ ដែល​១៤៦២​នាក់​ជា​ប្រជាជន​ស៊ីវិល។ ចំណែក អ៊ីស្រាអែល បាន​បាត់បង់​ជីវិត​មនុស្ស​៧៣​នាក់ ដែល​ភាគច្រើន ជាទាហាន។ លោកស្រី Mary McGowan ប្រធាន​គណៈកម្មការ​ស៊ើបអង្កេត របស់​អង្គការ​សហប្រជាជាតិ​វាយតម្លៃ​ថា ការបាញ់​បំផ្លាញ​យ៉ាងធ្ងន់ធ្ងរ ទៅលើ​រចនាសម្ព័ន្ធ ក្នុង​តំបន់​ហ្កាហ្សា ហើយ​និង​​ការឈឺចាប់​គ្មានអ្វី​ប្រៀប​របស់​ប្រជាជន ប៉ាឡេស្ទីន ជា​រឿង ដែល​មិនធ្លាប់​មាន​ពីមុន​មក ហើយ​និង​ដែល​អាច​ប៉ះពាល់​ដល់​មនុស្ស​ច្រើន​ជំនាន់​ទៀត។ ក្រៅតែ​ពី​ការបាត់បង់​ជីវិត​មនុស្ស របាយការណ៍​បាន​លើកឡើង​ផងដែរ​ពីកម្លាំង​យោធា របស់​ភាគី​ជម្លោះ នោះ គឺ អ៊ីស្រាអែល​បាន​វាយប្រហារ​តាម​ផ្លូវ​អាកាស ប្រមាណ ៦ពាន់​ដង និង​បាញ់​គ្រាប់​ផ្លោង ជាង ៥ម៉ឺន​គ្រាប់ ក្នុងពេល​ដែល​ក្រុមហាម៉ាស​បាញ់​គ្រាប់រ៉ុកកែត និង​គ្រាប់​ផ្លោង​ចូល​ដី​អ៊ីស្រាអែល​តែ ជាង ៥ពាន់ គ្រាប់​ប៉ុណ្ណោះ។
 
របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​បរិហារ​ផងដែរ និទណ្ឌភាព នៅ​អ៊ីស្រាអែល និង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ប្រទេសនេះ​ដាក់ទោស អ្នកទទួល​ខុសត្រូវ​យោធា​ដែល​បាន​ដឹកនាំ​ការវាយប្រហារ​យោធា​នៅ​តំបន់​ហ្កាហ្សា។ អ្នកសរសេរ​របាយការណ៍ សោកស្តាយ ផងដែរ ពី​បរាជ័យ​របស់​អាជ្ញាធរ​ប៉ាឡេស្ទីន ដែល​មិន​អាច​កាត់ទោស ក្រុម​ប្រដាប់​អាវុធ ហាម៉ាស ដែល​រំលោភ​ច្បាប់​អន្តរជាតិ។
 
នៅថ្ងៃ​ចន្ទ របាយការណ៍​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​លេចមុខ​មិនបាន​ប៉ុន្មាន​ម៉ោងផង អ៊ីស្រាអែល​បាន​ប្រតិកម្ម​រិះគន់ និង​ចោទ​ថា មាន​លក្ខណៈ​លម្អៀង។ កាលពី​សប្តាហ៍មុន រដ្ឋាភិបាល​អ៊ីស្រាអែល​ទើប​បាន​ចេញ​របាយការណ៍ ផ្ទាល់​ខ្លួន​មួយដែរ ដែល​នៅក្នុង​នោះ អ៊ីស្រាអែល​បាន​និយាយ​ការពារ​ប្រតិបត្តិការ​យោធា​របស់ខ្លួន នៅ​តំបន់​ហ្កាហ្សា ថា ធ្វើឡើង ដោយ​ត្រឹមត្រូវ ស្រប​តាម​ច្បាប់៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ