អានតួអត្ថបទ
ស៊ីរី

ក្រុមជីហាត​វាយដណ្តើម​កាន់កាប់​ទីក្រុង​បុរាណ​ស៊ីរី ដែល​ជា​សម្បតិ្ត​បេតិកភណ្ឌ​ពិភពលោក

ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម នៅថ្ងៃ​ព្រហស្បតិ៍​បាន​ជោគជ័យ វាយ​ចូល​កាន់កាប់​បាន​ទាំងស្រុង ទីក្រុង​បុរាណ ប៉ាល់មៀរ របស់​ប្រទេស​ស៊ីរី។ ប៉ាលមៀរ រដ្ឋធានី​បុរាណ អាយុ​ជាង ២ពាន់​ឆ្នាំ​នៅ​ប្រទេស​ស៊ីរី ​ត្រូវ​បាន​អង្គការ​យូណេស្កូ​ចាត់ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ខាងមនុស្សជាតិ។ 

អង្គការ​យូណេស្កូ​អំពាវនាវ​ឲ្យ​ភាគី​ជម្លោះ​ឈប់​ប្រយុទ្ធគ្នា ដើម្បី​សុវត្ថិភាព​របស់​ទីក្រុង​​បុរាណ​ប៉ាល់មៀរ
អង្គការ​យូណេស្កូ​អំពាវនាវ​ឲ្យ​ភាគី​ជម្លោះ​ឈប់​ប្រយុទ្ធគ្នា ដើម្បី​សុវត្ថិភាព​របស់​ទីក្រុង​​បុរាណ​ប៉ាល់មៀរ AFP PHOTO / JOSEPH EID
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​វាយបណ្តេញ​បាន​សម្រេច​ទ័ព​រដ្ឋាភិបាល​ស៊ីរី និង​ចូល​គ្រប់គ្រង​បន្ទាយទាហាន រួម​ទាំង​អគារ​ស៊ើបការណ៍​សម្ងាត់​របស់​រដ្ឋាភិបាល នៅ​យប់​ថ្ងៃ​ពុធ ក្រុមជីហាត​នៃ​អង្គការ​រដ្ឋអ៊ីស្លាម នៅថ្ងៃ​ព្រហស្បតិ៍ បាន​ចូល​កាន់កាប់ បាន​ទាំងស្រុង ប៉ាល់មៀរ រដ្ឋធានី​បុរាណ​របស់​ស៊ីរី។ នេះ​បើតាម​ប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ីរី ដែល​បាន​បន្ថែមថា ការប្រយុទ្ធគ្នា ដ៏​បង្ហូរឈាម បាន​សម្លាប់​ទ័ព​រដ្ឋាភិបាល​ស៊ីរី​ជាង​១០០​នាក់ កាល​ពី​ថ្ងៃ​ពុធ។

 
ទីក្រុង​បុរាណ ប៉ាល់មៀរ ស្ថិតនៅ​ប្រមាណ តែ​២០០​គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​រដ្ឋធានី​ដាម៉ាស ដែល​មាន​តាំងទី​ស្ថាប័ន​រដ្ឋាភិបាល​របស់លោក​បាស្ហា អាល់ អាសាដ។ កាលពី​ថ្ងៃ​ពុធ ប្រធាន​អង្គការ​យូណេស្កូ លោកស្រី​នាយិការ អ៊ីរីណា បូកូវ៉ា​បាន​សំដែង​ក្តីបារម្ភ​ពី​ជោគវាសនា​របស់​ប៉ាល់មៀរ និង​អំពាវនាវ​ឲ្យ​ភាគី​ជម្លោះ​ឈប់​ប្រយុទ្ធ​គ្នា​ជាបន្ទាន់។ នៅថ្ងៃ​ព្រហស្បតិ៍ ប្រធានអង្គការ​​យូណេស្កូ បាន​លើកឡើង​នៅក្នុង​ខ្សែវិដេអូ ដែល​ការបំផ្លិច​បំផ្លាញ​ទីក្រុង​បុរាណ​ប៉ាល់មៀរ​គឺ​ជា​ការបាត់បង់​ដ៏ធំធេង​សម្រាប់​ប្រវត្តិ​មនុស្ស​ជាតិ។

ប៉ាល់មៀរ​ មានអាយុ ជាង ២ពាន់​ឆ្នាំ។ ប៉ាល់មៀរ ឬ​គ្រាប់គុជ​នៅ​វាលខ្សាច់ ដែល​ល្បី​ខាង​មាន​ផ្នូរ​បុរាណ ដែល​បញ្ជាក់​ពី​សម័យ​រុងរឿង ក្នុង​អតីតកាល ត្រូវ​បាន​អង្គការ​យូណេស្កូ​ចាត់ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៨០។ ប៉ាល់មៀរ ស្ថិតនៅ​កណ្តាល​វាលខ្សាច់ ប៉ុន្តែ ជា​កន្លែង​សំចត​ដ៏​ប្រណិត របស់​ក្រុម​ជំនួញ​ទឹកអប់ ភ្លុក ឬ​សូត្រ ដែល​ឆ្លងកាត់​វាល់ខ្សាច់។

ប៉ាល់មៀរ ​ធ្លាក់​ទៅក្នុង​កណ្តាប់​ដៃ​គ្រប់គ្រង​របស់​ក្រុមជីហាត ធ្វើ​ឲ្យ​គេ​បារម្ភ​ថា ​ទីតាំង​ប្រវត្តិសាស្រ្ត ដ៏​ល្បី​ឈ្មោះ នៅ​ដើមបូព៌ា​នឹង​ត្រូវ​រង​ការបំផ្លិចបំផ្លាញ​ព្រោះថា ក្រុមជីហាត នៃ​អង្គការ​រដ្ឋអ៊ីស្លាម ធ្លាប់​បាន​បង្ហាញ​រួចហើយ រូបភាព​វីដេអូ​បំផ្លាញ​រូបចម្លាក់​បុរាណ បន្ទាប់ពី​ពួកគេ​វាយ​ចូល​កាន់កាន់​សារមន្ទីរ​ក្នុង​ក្រុង​ម៉ូស៊ូល របស់​ប្រទេស​អ៊ីរ៉ាក់។ តាម​អ្នកជំនាញ ក្រៅតែ​ពី​បំផ្លាញ​វត្ថុបុរាណ​ដើម្បី​បង្ហាញ​ភាព​ឃោឃៅ​របស់ខ្លួន ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម​ក៏​តែងតែ​លួច​គាស់​យក​វត្ថុបុរាណ​ទាំងនោះ​ទៅលក់​នៅ​ផ្សារ​ងងឹត ដើម្បី​បាន​លុយ​ទិញអាវុធ មក​ធ្វើ​សង្រ្គាម៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ