អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អង្គការសហប្រជាជាតិ​ទាញ​សញ្ញាអាសន្ន​ពី​កំណើន​ចំនួន​ជីហាតបរទេស​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់

ចុះផ្សាយ​នៅ​ថ្ងៃ៖

អង្គការសហប្រជាជាតិ​ទើប​បាន​ផ្សព្វផ្សាយ​របាយការណ៍​ស្តីពី​កំណើន​ចំនួន​ជីហាត​បរទេស​ដែល​កំពុង​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​ប្រទេស​អ៊ីរ៉ាក់។ របាយការណ៍​បាន​ឲ្យ​ដឹង​ថា មាន ១០០ប្រទេស​ក្នុង​ចំណោម ១៩៣ប្រទេស​ជា​សមាជិក​ដែល​មាន​ជនជាតិ​របស់​ខ្លួន​បាន​ទៅ​ចូលរួម​ជាមួយ​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ស៊ីរី និង​អ៊ីរ៉ាក់។ កាល​ពី​ថ្ងៃទី២៤ ខែ​កញ្ញា ឆ្នំា ២០១៤ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​អនុម័ត​នូវ​សេចក្តីសម្រេចចិត្ត​មួយ​ក្នុង​ការ​បិទខ្ទប់​ហិរញ្ញប្បទាន ការ​ជ្រើសរើស និង​ការ​បន្លាស់ទី​របស់​ពួក​ជីហាត។ តែ ៨ខែ​ក្រោយ​ការ​អនុម័ត​សេចក្តីសម្រេចចិត្ត​នោះ​មក ចំនួន​ជីហាតបរទេស​មាន​កាន់​តែ​ច្រើន និង​ដែល​កំពុង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​របស់​ប្រទេសពាក់ព័ន្ធ​ឈឺក្បាល​យ៉ាង​ខ្លំាង។

លោកបាន គីមូន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ
លោកបាន គីមូន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ Foto: Eskinder Debebe/ UN/ Fotos Publicas
ផ្សាយពាណិជ្ជកម្ម

១០០ប្រទេស នេះ​ជា​តួលេខ​និមិត្តរូប​មួយ​ដែល​អង្គការសហប្រជាជាតិ​ចង់​ទាញ​សញ្ញា​អាសន្ន​ថា សុទ្ធសឹង​ជា​ប្រទេស​ដែល​មាន​ពលរដ្ឋ​ខ្លួន​តិច ឬ​ច្រើន​បាន​ទៅ​ចូលរួម​ជាមួយ​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។ កាល​ពី​ខែ​កញ្ញា ឆ្នំា ២០១៤ អង្គការសហប្រជាជាតិ​បាន​ប៉ាន់​ប្រមាណ​ថា មាន​យុទ្ធជនបរទេស​ចំនួន ១៥ ០០០នាក់​ដែល​កំពុង​មាន​វត្តមាន​នៅ​ក្នុង​ទឹកដី​អ៊ីស្លាម​ស៊ីរី និង​អ៊ីរ៉ាក់​ដើម្បី​បំពេញចំណង់​របស់​ខ្លួន​ឲ្យ​ក្លាយ​ជា​ជីហាត​ជាមួយ​អង្គការរដ្ឋអ៊ីស្លាម។ តែ​សព្វថ្ងៃ ចំនួន​នេះ​បាន​កើន​ជាង ២៥ ០០០នាក់ ពោល​បាន​កើន​រហូត​ដល់​ទៅ ៧១% បើ​គិត​តំាង​ពី​ខែ​មីនា ឆ្នំា ២០១៤។ គឺ​វត្តមាន​ពួកជីហាតបរទេស​ដ៏​ច្រើន​សម្បើម​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​អង្គការរដ្ឋអ៊ីស្លាម​អាច​ក្តោបក្តាប់​ទឹកដី​ស៊ីរី​បាន​ជាង​ពាក់កណ្តាល។

ក៏​ប៉ុន្តែ ការ​គំរាមកំហែង​របស់​ក្រុម​យុទ្ធជនបរទេស​មិនមែន​ជា​រឿង​ថ្មីថ្មោង​ទេ នេះ​បើ​យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​នៃ​ទ័ណ្ឌកម្ម​ប្រឆំាង​អាល់កៃដា​ដែល​បាន​ធ្វើ​ការ​សិក្សា​ដោយ​ផ្អែក​លើ​ទិន្នន័យ​ផ្តល់​ដោយ​ក្រសួង​ស៊ើបការណ៍សម្ងាត់​ចំនួន ២៧ក្រសួង។ ផ្អែក​តាម​របាយការណ៍​របស់​អង្គការសហប្រជាជាតិ មាន ៦ប្រទេស​ដែល​ប្រទេស​មួយៗ​មាន​​ពលរដ្ឋ​របស់​ខ្លួន​ជាង ១ ០០០នាក់​បាន​ទៅ​ចូល​រួម​ជាមួយ​អង្គការរដ្ឋអ៊ីស្លាម ពិសេស​គឺ​បារំាង សហព័ន្ធរុស្ស៊ី ម៉ារ៉ុក និង​ប្រទេស​ទុយនីស៊ី។ ចំណែក ៤២ប្រទេស គឺ​មាន​ជាង ១០០នាក់​សម្រាប់​ប្រទេស​នីមួយៗ ក្នុង​នោះ​មាន​ទំាង​ប្រទេស​ដែល​មិន​ធា្លប់​ទំាង​មាន​ចំណង​ទាក់ទង​ជាមួយ​ភេរវនិយម​ទៀត​ផង ដូច​ករណី​ប្រទេស​ម៉ាល់ឌីវ ឬ​ទ្រីនីដាដ និង​តូបាហ្គោ។

ទោះ​បី​ជា​គេ​ពិបាក​សន្មត់ និង​កំណត់​ឲ្យ​បាន​ច្បាស់​ពី​ចរិត អកប្បកិរិយា ឬ​មួយ​ក៏​ធម្មជាតិពិត​របស់​យុទ្ធជនភេរវជនបរទេស​ក៏​ដោយ ក៏​គេ​បាន​កត់សម្គាល់​ឃើញ​ជា​ទូទៅ​ថា អ្នក​ដែល​បាន​សម្រេចចិត្ត​បរិច្ចាគ​រាងកាយ​រត់​ទៅ​សេពគប់​ជាមួយ​អង្គការរដ្ឋអ៊ីស្លាម​មាន​វ័យ​កាន់​តែ​ក្មេង​ទៅៗ ពោល​មាន​អាយុ​ចន្លោះ​ពី ១៥ ទៅ ៣៥ឆ្នំា និង​ដែល​ចំនួន​ស្រ្តី​ក៏​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់​ដែរ។ លោក​អាឡិចសង់ អ៊ីវ៉ាន អ្នកសម្របសម្រួល​របស់​គណៈកម្មាធិការ​នៃ​ទ័ណ្ឌកម្ម​ប្រឆំាង​អាល់កៃដា​បាន​គូសបញ្ជាក់​ថា បញ្ហា​យុទ្ធជនភេរវជនបរទេស​បាន​ក្លាយ​ជា​បញ្ហា​បន្ទាន់​មួយ​សម្រាប់​សន្តិសុខ​ពិភពលោក។ ក្រុមជីហាត​បរទេស​មិន​ត្រឹមតែ​បាន​គំរាមកំហែង​លើ​ជនស៊ីវិល​នៅ​អ៊ីរ៉ាក់ ស៊ីរី ឬ​មួយ​ក៏​នៅ​លីប៊ី​ប៉ុណ្ណោះ​ទេ តែ​ពួក​នេះ​ក៏​កំពុង​ក្លាយ​ជា​អ្នក​គំរាមកំហែង​លើ​ប្រទេសកំណើត​របស់​ខ្លួន ឬមួយ​ក៏​ប្រទេស​ដែល​ពួក​គេ​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់ ដូច​ករណី​ប្រទេស​តួកគី ហ្សកដានី ឬមួយ​ក៏​ប្រទេស​លីបង់។

ដូច្នេះ​វា​ជា​រឿង​បន្ទាន់​មួយ​ដែល​សហគមន៍អន្តរជាតិ​ត្រូវ​តែ​ពួតដៃ​គ្នា​ដើម្បី​ទប់ស្កាត់។ នៅ​ត្រង់​ចំណុច​នេះ អង្គការសហប្រជាជាតិ​មិន​ញញើត​នឹង​ចោទ​រដ្ឋសមាជិក​ពី​ភាព​យឺតយ៉ាវ​ក្នុង​ការ​ចាត់វិធានការ​ជា​លក្ខណៈ​ឧបតោភាគី ក៏​ដូច​ជា​ការ​រួមសហការណ៍​ជា​លក្ខណៈ​អន្តរជាតិ។ អ្នក​ដែល​ទទួល​រង​ការ​រិះគន់​ខ្លំាង​ជាង​គេ គឺ​ប្រទេស​អឺរ៉ុប​ដែល​ខ្វះ​ការ​ដោះដូរ​ព័ត៌មាន​រវាង​គ្នា​ឲ្យ​បាន​ស៊ីជ្រៅ​ស្តីពី​អត្តសញ្ញាណ និង​ការ​ធ្វើដំណើរ​ទៅ​មក​របស់​ពលរដ្ឋខ្លួន​ទៅ​កាន់​ប្រទេស​ស៊ីរី ឬ​អ៊ីរ៉ាក់។ ឯកអគ្គរដ្ឋទូត​អាមេរិកំាង​ប្រចំា​នៅ​អង្គការ​សហប្រជាជាតិ លោកស្រី Samantha Power បាន​សម្តែង​ការ​សោកស្តាយ​ដែល​ពិភពលោក​នៅ​មិន​ទាន់​សហការណ៍​គ្នា​ឲ្យ​បាន​ពេញ​ទំហឹង​ក្នុង​ការ​ទប់ស្កាត់​ពួកយុទ្ធជនបរទេស​កុំ​ឲ្យ​ធ្វើ​ដំណើរ​ចេញ ចូល​នៅ​ក្នុង​តំបន់​ជម្លោះ។

រហូត​មក​ដល់​ពេល​នេះ ប្រទេស​នីមួយៗ​បាន​ចាត់​វិធានការ​ដាច់​ដោយ​ឡែក​របស់​ខ្លួន​ដើម្បី​ព្យាយាម​រារំាង​ពលរដ្ឋ​ខ្លួន​កុំ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ជាមួយ​អង្គការ​រដ្ឋអ៊ីស្លាម។ តែ​ទន្ទឹម​គ្នា​នេះ ក្រុម ឬ​អង្គការ​ដែល​ជា​អ្នក​រៀបចំ​ជ្រើសរើស​យុទ្ធជន​ជីហាត​ក៏​បាន​ព្យាយាម​ប្រើ​យុទ្ធសាស្រ្ត​បង្វែង​ដាន​ដើម្បី​គេច​ផុត​ពី​សំណាញ់​ស៊ើបអង្កេត​របស់​ក្រសួងស៊ើបការណ៍​សម្ងាត់។ ប្រទេស​តួកគី គឺ​ជា​ទីកន្លែង​ឆ្លង​កាត់​របស់​ពួក​ជីហាតបរទេស​ទៅ​កាន់​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់។ រដ្ឋាភិបាល​ទីក្រុង​អង់ការ៉ា​បាន​ពង្រឹង​សន្តិសុខ​ផ្ទៃក្នុង និង​បាន​អនុម័ត​នូវ​វិធានការជាតិ​​មួយ​ចំនួន​នៅ​តាម​ច្រកព្រំដែន​ដើម្បី​ស្ទាក់​ចាប់​យុទ្ធជនបរទេស​ដែល​ប្រើ​ទឹកដី​ខ្លួន​ដើម្បី​បន្ត​ឆ្លង​ចូល​ក្នុង​ទឹកដី​នៃ​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់។ សព្វថ្ងៃ​នេះ មាន​បញ្ជី​មនុស្ស​ចំនួន ១២ ៥០០នាក់​កំពុង​ស្ថិត​ក្រោម​ការ​ឃ្លំាមើល​របស់​រដ្ឋអំណាច​តួកគី។

គួរ​ជម្រាប​ជូន​ថា តួកគី​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​ស៊ីរី​ប្រវែង​ជាង ៩០០គីឡូម៉ែត្រ និង​ជាប់​ប្រទេស​អ៊ីរ៉ាក់​ប្រវែង ៣០០គីឡូម៉ែត្រ។ ក៏​ប៉ុន្តែ យុទ្ធនាការ​ប្រយុទ្ធប្រឆំាង​ឲ្យ​មាន​ប្រសិទ្ធិភាព​តែ​ម្នាក់​ឯង​របស់​តួកគី​ទល់​នឹង​ពួក​ជីហាតបរទេស​នឹង​មិន​អាច​ធ្វើ​បាន​ឡើយ ប្រសិន​បើ​គ្មាន​ការ​រួមសហការណ៍​ពី​ក្រុមប្រទេស​ដើម​របស់​ពួកជីហាត​ទេ​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ