អានតួអត្ថបទ
អារ៉ាប៊ី សាអូឌីត

រដ្ឋមន្រ្តី​អារ៉ាប៊ី សាអូឌីត៖ តម្លៃ​ប្រេងឆៅ​នឹង​ឡើង​ខ្ពស់​ឡើងវិញ

នៅក្នុង​វេទិកា​ស្តីពី​ថាមពល ដែល​រៀបចំ​ធ្វើ នៅទីក្រុង​អាប៊ូ ដាប៊ី កាលពី​ថ្ងៃ​អាទិត្យ​ទី ២១ ធ្នូ រដ្ឋមន្រ្តី​ប្រេង​របស់​អារ៉ាប៊ី សាអូឌីតAli al-Naimi ​បាន​ប្រកាស​​ជំនឿ​ជឿជាក់របស់ខ្លួន​​ថា តម្លៃ​ប្រេងឆៅ ដែល​រហូត​មក​ដល់​បច្ចុប្បន្ន​នេះបាន​ធ្លាក់​ចុះ​យ៉ាង​គំហុកនោះ នឹង​កើនឡើង​វិញ។ សម្រាប់​អារ៉ាប៊ី សាអូឌីត ដែល​ដើរ​តួ​ជា​ប្រធាន​អង្គការ OPEP ​នៃ​ប្រទេស​នាំចេញ​ប្រេង ​និង​សមាជិក​ដទៃទៀត​ គឺ​ការផលិត​ច្រើន​លើស​កំណត់​របស់​ប្រទេស​ដែលមិនមែន​ជា​សមាជិក​របស់​​​ OPEP​ដែលជា​​​មូលហេតុចំបង​ ​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​បែបនេះ។  

រដ្ឋមន្រ្តី​ប្រេង​របស់​ប្រទេសអារ៉ាប៊ី សាអូឌីត​លោក​Ali al-Naimi នៅក្នុង​សន្និសីទ​កាសែត​ស្តីពីតម្លៃ​ប្រេងធ្លាក់ចុះ ក្នុងទីក្រុង​វីយ៉ែន
រដ្ឋមន្រ្តី​ប្រេង​របស់​ប្រទេសអារ៉ាប៊ី សាអូឌីត​លោក​Ali al-Naimi នៅក្នុង​សន្និសីទ​កាសែត​ស្តីពីតម្លៃ​ប្រេងធ្លាក់ចុះ ក្នុងទីក្រុង​វីយ៉ែន ©REUTERS/Heinz-Peter Bader
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​វេទិកា​ស្តីពី​ថាមពល ក្រុមប្រទេស​សមាជិក​របស់​ OPEP មិន​បាន​បញ្ជាក់ចំៗ​ទេ ថា ប្រទេស​ដែល​មិន​មែន​ជាសមាជិក​របស់​ OPEP ដែល​ផលិត​ប្រេងឆៅ​​ច្រើនហួសហេតុ​នោះ​ជាប្រទេស​ណាទេ។ ប៉ុន្តែ តាមអ្នកជំនាញ គេ​អាច​ដឹង​ខ្លះហើយថា ប្រទេស​ដែល​សមាជិក​របស់​ OPEP​ចង្អុល​ចោទ​នោះ គឺអាមេរិក ដែល​បច្ចុប្បន្ន​នេះ​កំពុង​បង្កើន​ការផលិត​ប្រេងឆៅ​​ប្រភេទ​ថ្មី ក្នុង​កម្រិត​ខ្ពស់ រហូត​ដល់​៨​លាន ៧​សែន​ធុង​ក្នុង​មួយថ្ងៃ។

 
កាលពី​ចុង​ខែ​វិច្ឆិកា​កន្លងទៅ នៅក្នុង​កិច្ចប្រជុំ​ក្នុង​ទីក្រុង​វីយ៉ែន ក្រុមប្រទេស​នាំចេញ​ប្រេង របស់​អង្គការ​ OPEP បាន​ប្រកាស​រក្សា​ចំនួន​ផលិត​ប្រេង​ឆៅ​ដដែល គឺ​ប្រមាណ ៣០​លាន​បារីល ក្នុង​មួយថ្ងៃៗ។ កន្លងមក នៅពេល​ដែល តម្លៃ​ប្រេងឆៅ​​ធ្លាក់ចុះ អង្គការ​ OPEP ​តែងតែ​បន្ថយ​ការផលិតបូមប្រេង។ ប៉ុន្តែ គេមើលឃើញថា អង្គការ​ OPEP មិនព្រម​បន្ថយ​ចំនួន​ផលិត​លើកនេះ ក៏​ដើម្បី​ទប់ទល់ ប្រកួតប្រជែងនឹង​ប្រេងឆៅ​របស់​អាមេរិកនៅលើ​ទីផ្សារ។ អ្នកជំនាញ​ខ្លះទៀត យល់ថា ការដែល​អារ៉ាប៊ី សាអូឌីត​ចេញមុខ​ការពារ​នយោបាយ​ រក្សា​ការផលិត ប្រេង​ឲ្យ​នៅ​ដដែល និង​បណ្តោយ​ឲ្យ​តម្លៃ​ប្រេងឆៅ​ធ្លាក់​ចុះ​ទាប​មួយ​រយៈ​ គឺ​​ជា​យុទ្ធសាស្រ្ត​ ដើម្បីបំបាក់​ដៃ​គូប្រកួតប្រជែង​នៅក្នុង​ទីផ្សារ ព្រោះ​ថា ការបូមប្រេង​ក្នុង​មួយ​បារីល នៅ​អារ៉ាប៊ី សាអូឌីត​មាន​តម្លៃ​តែ ៣០​ដុល្លារ ចំណែក​អាមេរិក​វិញ ត្រូវ​ចំណាយ​ពី​៤០ ទៅ ១០០​ដុល្លារ ដើម្បី​បូមប្រេងឆៅ​ប្រភេទថ្មី​របស់ខ្លួន។​​

កាលពីថ្ងៃ​អាទិត្យ រដ្ឋមន្រ្តី​ប្រេង​របស់​អារ៉ាប៊ី សាអូឌីត​ លោក​អាលី អាល់ ណាអ៊ីមី បាន​ផ្តល់​ការសង្ឃឹម​ដែល​ថា តម្រូវការ​ប្រេង​នឹង​កើនឡើង ក្នុង​ពេល​ឆាប់ៗ​ខាងមុខ។ សម្រាប់​មន្រ្តី​អារ៉ាប៊ី សាអូឌីត តម្លៃ​ប្រេង​ធ្លាក់ចុះ​នឹង​ជួយ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ដែរ។ នៅពេល​ដែល​សេដ្ឋកិច្ច​ពិភពលោក​បាន​ល្អប្រសើរ នោះតម្រូវកា​រ​នឹង​កើនឡើង ហើយ​ជា​លទ្ធផល​តម្លៃ​ប្រេង​ឆៅ​នឹង​កើនឡើង​។ 

ជាមួយ​គ្នានេះដែរ អារ៉ាប៊ី សាអូឌីត​បាន​ទាត់​ចោល​ផងដែរ ការចោទ​ប្រកាន់​របស់​អ៊ីរ៉ង់ ​ដែល​ថា អារ៉ាប៊ី សាអូឌីត​ជាអ្នករៀបចំ​ផែនការ​ទម្លាក់​តម្លៃ​ប្រេង​ដើម្បី​ហេតុផល​ប្រយោជន៍​ភូមិសាស្រ្ត​នយោបាយ​របស់ខ្លួន។ តាម​អ៊ីរ៉ង់ អារ៉ាប៊ី សាអូឌីត​អាច​រៀបចំ​ផែនការ​ធ្វើឲ្យ​ប្រេង​ធ្លាក់ថ្លៃ ដើម្បី​វាយប្រហារ​អ៊ីរ៉ង់ និង​រុស្ស៊ី ដែល​គាំទ្រ​របប​ស៊ីរី របស់​លោក​បាស្ហា អាល់ អាសាដ។ សូមបញ្ជាក់ថា សេដ្ឋកិច្ច​របស់​រុស្ស៊ី និង​អ៊ីរ៉ង់ ពឹង​ផ្អែកទៅលើ​ការនាំចេញ​ប្រេង។ អ៊ីរ៉ង់​សមាជិក​របស់​អង្គការ​ OPEP ដែល​​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ដោយសារ​ទណ្ឌកម្ម​របស់​ប្រទេស​លោកខាងលិច ជាពិសេស អាមេរិក រួច​ទៅហើយ​នោះ ត្រូវ​រងគ្រោះ​មួយ​ជាន់ទៀត ដោយសារ​តែតម្លៃ​ប្រេងធ្លាក់​ចុះយ៉ាង​គំហុក តាំងពី​ខែ​មិថុនា។

តម្លៃប្រេងឆៅ​បាន​ធ្លាក់​ចុះ​៥០​ភាគរយ ចាប់តាំង​ពី​ខែ​មិថុនា។ ការរក្សា​ចំនួន​ផលិត​ប្រេង​របស់​អង្គការ​ OPEP​ឲ្យ​នៅ​ថេរ ៣លាន បារីល​ក្នុង​មួយថ្ងៃ​នឹង​រឹត​តែ​ ធ្វើ​ឲ្យ​តម្លៃ​ប្រេង​ធ្លាក់ចុះ​ព្រោះថា ​ចំនួន​ប្រេង​ត្រូវ​ផ្គង់ផ្គង់​ ​ នឹង​នៅ​តែ​មាន​ច្រើន បើ​ប្រៀបធៀប​នឹង​ តម្រូវការ​ក្នុង​ទីផ្សារ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ