អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ក្រោយ​ការ​សម្លាប់​អាប៊ូ សាយ៉ាសនៅ​ស៊ីរី អាមេរិក​កំពុង​មាន​កំណប់មាស​ក្នុង​ដៃ​ស្តីពី​អង្គការ​រដ្ឋអ៊ីស្លាម!

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​សៅរ៍ ទី១៦ ឧសភា​ចុង​សប្តាហ៍​កន្លង​ទៅ សេតវិមាន​បាន​ប្រកាស​ឲ្យ​ដឹង​ជា​សាធារណៈ​ពី​ប្រតិបត្តិការ​របស់​កងកម្មង់ដូ​អាមេរិក​ប្រកប​ដោយ​ជោគជ័យ​នៅ​ក្នុង​ប្រទេស​ស៊ីរី។ នៅ​ក្នុង​ប្រតិបត្តិការ​រយៈពេល​ខ្លី​នោះ កងកម្មង់ដូ​អាមេរិក​សម្លាប់​បាន​ជន​អាប៊ូ សាយ៉ាស និង​ចាប់​ខ្លួន​ភរិយា ព្រម​ទំាង​រឹបអូស​បាន​សម្ភារៈ​ជា​ច្រើន ពិសេស​ម៉ាស៊ីន​កុំព្យូទ័​ដែល​មាន​ស្តុក​ដោយ​ព័ត៌មាន​សំខាន់ៗ​ជា​ច្រើន​ទាក់ទង​នឹង​រចនាសម្ព័ន្ធ​របស់​អង្គការ​រដ្ឋអ៊ីស្លាម។ តើ​ជន​អាប៊ូ សាយ៉ាស ជា​នរណា និង​ថា តើ​មរណៈភាព​របស់​អាប៊ូ សាយ៉ាស​អាច​នឹង​ធ្វើ​ឲ្យ​កម្លំាង​របស់​អង្គការ​រដ្ឋអ៊ីស្លាម​ចុះ​ខ្សោយ ឬ​ទេ?

សមាជិក​ម្នាក់​របស់​អង្គការ​រដ្ឋអ៊ីស្លាម​កំពុង​ដោត​ទង់ជាតិ​របស់​ខ្លួន
សមាជិក​ម្នាក់​របស់​អង្គការ​រដ្ឋអ៊ីស្លាម​កំពុង​ដោត​ទង់ជាតិ​របស់​ខ្លួន AFP PHOTO / HO / AAMAQ NEWS AGENCY
ផ្សាយពាណិជ្ជកម្ម

រហូត​មក​ពេល​នេះ និង​តំាង​ពី​មាន​ការ​គំរាមកំហែង​របស់​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ីរី​មក សហរដ្ឋអាមេរិក រួម​ជាមួយ​នឹង​កម្លំាង​សម្ព័ន្ធមិត្ត​បាន​ព្យាយាម​វាយកម្ទេច​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​តែ​តាម​ផ្លូវអាកាស​ប៉ុណ្ណោះ ពោល​មិន​បាន​ប្រើ​កម្លំាង​ទ័ព​ថ្មើរ​ជើង​ទេ។ អាមេរិក​មាន​វត្តមាន​ទ័ព​របស់​ខ្លួន​នៅ​អ៊ីរ៉ាក់ តែ​មិនមែន​ជា​ទ័ព​ចុះ​ប្រយុទ្ធផ្ទាល់​ទេ ហើយ​នៅ​ស៊ីរី គឺ​គ្មាន​ម្នាក់​សោះ នេះ​ក៏​ដោយសារ​តែ​បស្ចិមលោក​កំពុង​ពួកដៃ​គ្នា​ដាក់​គំនាប​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ។

តែ​អ្វី​ដែល​ហាក់​ដូច​ជា​ថ្មី​ស្រឡាង​មិន​ធ្លាប់​មាន​ពេល​នេះ គឺ​ការ​ដែល​កងកម្មង់ដូ​ពិសេស​អាមេរិក​បាន​ចូល​វាយបំបែក​សំបុក​របស់​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ក្នុង​ទឹកដី​ស៊ីរី​ដោយ​ផ្ទាល់​តែ​ម្តង។ គឺ​ជា​ប្រតិបត្តិការ​សឹក​មួយ​យ៉ាង​សម្ងាត់​ដែល​អាមេរិក​មិន​បាន​ជូន​ព័ត៌មាន​ដល់​រដ្ឋអំណាច​ស៊ីរី និង​ដែល​សូម្បី​តែ​រដ្ឋអំណាច​ស៊ីរី​ខ្លួន​ឯង​ក៏​មិន​បាន​ដឹង​អ្វី​ទំាង​អស់​ដែរ។ នៅ​ក្នុង​ប្រតិបត្តិសឹក​រយៈពេល​ខ្លី​នា​ថ្ងៃ​សៅរ៍ ទី១៦ ឧសភា​កន្លង​ទៅ កងកម្មង់ដូ​អាមេរិក​សម្លាប់​បាន​ថ្នាក់ដឹកនំា​ជាន់​ខ្ពស់​អង្គការ​រដ្ឋអ៊ីស្លាម​ម្នាក់​ឈ្មោះ​អាប៊ូ សាយ៉ាស និង​ចាប់​ខ្លួន​ប្រពន្ធ​គេ ព្រម​ទំាង​រឹបអូស​បាន​សម្ភារៈ​ជា​ច្រើន​ផ្សេង​ទៀត ពិសេស​ម៉ាស៊ីន​កុំព្យូទ័រ​ដែល​មាន​ស្តុក​ទៅ​ដោយ​ព័ត៌មាន​សំខាន់ៗ​ជា​ច្រើន​ទាក់ទង​នឹង​រចនាសម្ព័ន្ធ និង​លុយកាក់​របស់​អង្គការ​រដ្ឋអ៊ីស្លាម។

តាម​ពិត​ទៅ និង​កុំ​តែ​ទូរទស្សន៍​អាមេរិកំាង​បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​នូវ​ព័ត៌មាន​នេះ​ទេ ម្ល៉េះ​ប្រតិបត្តិការ​យ៉ាង​សម្ងាត់​របស់​កងកម្មង់ដូ​អាមេរិក​ស្ងាត់ៗ​នៅ​ក្នុង​ទឹកដី​ស៊ីរី​នេះ​នឹង​បន្ត​ស្ងាត់​ជា​បន្ត​ទៀត​បាត់​ទៅ​ហើយ។ គួរ​ជម្រាប​ជូន​ថា មែនទែន​ទៅ នេះ​ជា​លើក​ទី២ ហើយ​ដែល​កងកម្មង់ដូ​អាមេរិក​បាន​ចូល​ធ្វើ​អន្តរាគមន៍​នៅ​ក្នុង​ទឹកដី​ស៊ីរី។ លើកទី១ គឺ​អន្តរាគមន៍​ដើម្បី​ជួយ​រំដោះ​ចំណាប់​ខ្មំាង​អាមេរិកំាង​ម្នាក់​ឈ្មោះ James Foley ពី​កណ្តាប់ដៃ​អង្គការ​រដ្ឋអ៊ីស្លាម តែ​គួរ​ឲ្យ​ស្តាយ អន្តរាគមន៍​កាល​ណោះ​បាន​ទទួល​បរាជ័យ ហើយ​ចំណាប់ខ្មំាង James Foley ក៏​ត្រូវ​បាន​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​កាត់​ក្បាល​ចោល​បាត់​ដែរ។ កំណត់​សម្គាល់​មួយ​ទៀត អន្តរាគមន៍​លើក​ទី២ របស់​កងកម្មង់ដូ​អាមេរិក​នៅ​ស៊ីរី​ដែល​ឈាន​ដល់​ការ​សម្លាប់​បាន​អាប៊ូ សាយ៉ាស គឺ​ជា​ផែនការ​ដែល​បាន​រៀបចំ​ទុក​ជា​មុន និង​មាន​ការ​ចេញ​បញ្ជា​ផ្ទាល់​ពី​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា។

ដូច្នេះ​វា​ជា​រឿង​មួយ​ធម្មតា​ទេ​ដែល​ទីក្រុង​វ៉ាស៊ីនតោន​បាន​ប្រកាស​សារភាព និង​បង្ហាញ​ពី​មោទនភាព​របស់​ខ្លួន។ តែ​សំណួរ​ដែល​គ្រប់​គ្នា​កំពុង​ចោទ​ពេល​នេះ​គឺ​ថា អាប៊ូ សាយ៉ាស​មិនមែន​ជា​មេកើយកំពូល​របស់​អង្គការ​រដ្ឋអ៊ីស្លាម​ទេ ចុះ​ហេតុអ្វី​បាន​ជា​អាមេរិក​ត្រេកត្រអាល​ខ្លំាង​ម្ល៉េះ និង​ថែម​ទំាង​បាន​អះអាង​ថា មរណៈភាព​អាប៊ូ សាយ៉ាស​នឹង​ពិត​ជា​ធ្វើ​ឲ្យ​អង្គការ​រដ្ឋអ៊ីស្លាម​ចុះ​ខ្សោយ​ខ្លំាង។

ជា​ការ​ពិត អាប៊ូ សាយ៉ាស​មិនមែន​ជា​មេកើយ​កំពូល​របស់​អង្គការ​រដ្ឋអ៊ីស្លាម​ទេ តែ​ជា​ឃ្លំាងលុយ ឬ​អាច​និយាយ​ដោយ​សាមញ្ញ​ថា ជា​អ្នក​រក​លុយ និង​គ្រប់គ្រង​លុយកាក់​សម្រាប់​ចិញ្ចឹម​ក្រពះ​របស់​អង្គការ​រដ្ឋអ៊ីស្លាម។ មាន​ដើមកំណើត​ជា​ជនជាតិ​ទុយនីស៊ី អាប៊ូ សាយ៉ាស ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​លក់ប្រេង និង​ឧស្ម័ន​ដែល​បូម​ចេញ​ពី​តំបន់​គ្រប់គ្រង​ដោយ​អង្គការ​រដ្ឋអ៊ីស្លាម ព្រម​ទំាង​ជា​អ្នក​ចាត់ចែង​ចំណូល ចំណាយ​របស់​អង្គការ​រដ្ឋអ៊ីស្លាម​ទំាង​មូល។ ក្រៅ​ពី​នោះ អាប៊ូ សាយ៉ាស​ក៏​បាន​ចូលរួម​បញ្ជា​ផ្ទាល់​នៅ​ក្នុង​ប្រតិបត្តិការ​ផ្សេងៗ។ តាម​ពិត​ទៅ គោលដៅ​របស់​អាមេរិក គឺ​ចាប់​អាប៊ូ សាយ៉ាស​ទំាង​រស់ តែ​ដោយ​ប្រឈម​មុខ​នឹង​ការ​តតំាង​ខ្លំាង​ពី​ពួក​ជីហាត​ផ្សេង​ទៀត កងកម្មង់ដូ​គ្មាន​ជម្រើស​អ្វី​នឹង​បាញ់​សម្លាប់​ទំាង​អស់ ដោយ​មាន​វត្តមាន​អាប៊ូ សាយ៉ាស​នៅ​ក្នុង​ហ្នឹង​ដែរ។

អាមេរិក​មាន​ការ​សោកស្តាយ និង​ខកចិត្ត​យ៉ាង​ខ្លំាង​ដែល​មិន​បាន​ចាប់​ខ្លួន​អាប៊ូ សាយ៉ាស​ទំាង​រស់។ តែ​ទន្ទឹម​គ្នា រដ្ឋបាល​អាមេរិកំាង​ក៏​មិន​បាន​ខាត​បង់​ទំាង​ស្រុង​ដែរ ព្រោះ​កងកម្មង់ដូ​បាន​ចាប់​ខ្លួន​ប្រពន្ធ​អាប៊ូ សាយ៉ាស និង​រឹបអូស​បាន​សម្ភារៈ​ជា​ច្រើន​ទៀត ពិសេស​ម៉ាស៊ីន​កុំព្យូទ័រ​ដែល​មាន​ស្តុក​ទៅ​ដោយ​ព័ត៌មាន​សំខាន់ៗ​ជា​ច្រើន។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​មាន​ព័ត៌មាន​អ្វី​ខ្លះ​ទេ​នៅ​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ​នោះ តែ​មន្រ្តី​អាមេរិក​ជា​ច្រើន​រូប​បាន​អះអាង​រួច​ជា​ស្រេច​ថា ការ​ស្លាប់​របស់​អាប៊ូ សាយ៉ាស​មិន​ជា​សំខាន់​ទេ អ្វី​ដែល​សំខាន់ និង​ដែល​អាមេរិក​យក​មក​ធ្វើ​ជា​មូលដ្ឋាន​បាន គឺ​ទិន្នន័យ​ដែល​មាន​ស្តុក​នៅ​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ​ទៅ​វិញ​ទេ។ បន្ទាប់​មក គឺ​ការ​សួរ​ចម្លើយ​លើ​ប្រពន្ធ​របស់​អាប៊ូ សាយ៉ាស។

ជា​មួយ​នឹង​ទិន្នន័យ​នៅ​ក្នុង​កុំព្យូទ័រ រដ្ឋបាល​អាមេរិកំាង​នឹង​អាច​ដឹង​ច្បាស់​ពី​ចំណូល ចំណាយ ពិសេស​ពី​ប្រភព​ចំណូល​ដែល​អង្គការ​រដ្ឋអ៊ីស្លាម​ទទួល​បាន។ សម្រាប់​ទីក្រុង​វ៉ាស៊ីនតោន មាន​តែ​ទិន្នន័យ​នៅ​ក្នុង​កុំព្យូទ័រ​នោះ​ទេ​ដែល​នឹង​អាច​លាត​ត្រដាង​ការ​ពិត និង​ដែល​គេ​អាច​ប្រើ​ជា​ផ្ទំាងស៊ីប​ដើម្បី​ចាត់​វិធានការ​បំផ្លាញ​អង្គការ​ភេរវនិយម​មួយ​នេះ​ឲ្យ​ដល់​ឫសគល់ ឬ​ក៏​យ៉ាង​ហោចណាស់ ក៏​ធ្វើ​ឲ្យ​កម្លំាង​របស់​គេ​ចុះ​ខ្សោយ​ដែរ។ ដូច្នេះ​សួរ​ថា បើ​ប្រតិបត្តិការ​នៅ​សមរភូមិ​ទទួល​បាន​ជោគជ័យ​បែប​នេះ តើ​អាមេរិក​គួរ​យក​ធ្វើ​ជា​គំរូ​ដើម្បី​ផ្លាស់ប្តូរ​យុទ្ធសាស្រ្ត​ដោយ​បញ្ជូន​ទ័ព​ទៅ​វាយប្រហារ​ទល់​នឹង​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​សមរភូមិ​ផ្ទាល់ ឬ​យ៉ាង​ណា?។ ចម្លើយ​ភ្លាមៗ​គឺ​គ្មាន​ទេ ព្រោះ​អាមេរិក​មិន​ចង់​ផុង​ខ្លួន​សា​ជា​ថ្មី​ដូច​សម័យ​សង្រ្គាម​នៅ​អ៊ីរ៉ាក់​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ