អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អារ៉ាប៊ីសាអូឌីត៖មូលហេតុ​នៃ​ការរុះរើ​សមាសភាព​ថ្នាក់ដឹកនំា​ក្នុង​រដ្ឋាភិបាល និង​អ្នកស្នងរាជ្យ

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​ថ្ងៃទី២៩ មេសា​កន្លង​ទៅ ព្រះមហាក្សត្រ​នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ព្រះចៅ​សាលម៉ាន​បាន​ធ្វើ​ការ​រុះរើ​ដោះដូរ​សមាសភាព​ថ្នាក់ដឹកនំា​ក្នុង​រដ្ឋាភិបាល និង​អ្នកស្នងរាជ្យ។ មាន​ក្រសួង​ជា​ច្រើន​ដែល​ព្រះចៅ​សាលម៉ាន​បាន​ប្តូរ​រដ្ឋមន្រ្តី តែ​អ្វី​ដែល​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល​ខ្លំាង​ជាង​គេ​នោះ គឺ​ការ​ប្តូរ​អ្នកស្នងរាជ។ ព្រះចៅ​សាលម៉ាន​បាន​ជ្រើសរើស​លោក​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ម៉ូហាម៉េត បិនណាយ្វេ (Mohamed Ben Nayef) ឲ្យ​ធ្វើ​ជា​ស្តេចស្នងរាជ្យ​ជំនួស​កន្លែង​លោក​ម៉ូរីន (Muqrin) និង​លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ម៉ូហាម៉េត បិនសាលម៉ាន (Mohamed Ben Salman) ឲ្យ​ធ្វើ​ជា​ស្តេចស្នងរាជ្យបន្ទាប់។ ហេតុអ្វី​បាន​ជា​ព្រះចៅ​សាលម៉ាន​បាន​សម្រេចចិត្ត​រុះរើ​​ថ្នាក់ដឹកនំា​ក្នុង​រដ្ឋាភិបាល និង​អ្នកស្នងរាជ្យ​ពេល​នេះ?

មហាក្សត្រ​អារ៉ាប៊ីសាអូឌីត​សាលម៉ាន
មហាក្សត្រ​អារ៉ាប៊ីសាអូឌីត​សាលម៉ាន AFP PHOTO/HO/SPA
ផ្សាយពាណិជ្ជកម្ម

ការ​រុះរើ​ដោះដូរ​សមាសភាព​ដឹកនំា​នៅ​ក្នុង​រដ្ឋាភិបាល​របស់​ប្រទេស​មួយ​មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល ហើយ​ក៏​វា​មិនមែន​ជា​រឿងចម្លែក​អ្វី​ដែរ។ តែ​អ្វី​ដែល​គ្រប់​គ្នា​បាន និង​កំពុង​ចោទ​សួរ​ចំពោះ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ពេល​នេះ​គឺ​ថា ហេតុអ្វី​បាន​ព្រះមហាក្សត្រ​សាលម៉ាន​ដែល​បាន​ឡើង​សោយរាជ្យ​តំាង​ពី​ថ្ងៃទី២៣ មករា​កន្លង​មក បែរ​ជា​ទើប​បាន​សម្រេច​ធ្វើ​ការ​ដោះដូរ​សមាសភាព​ថ្នាក់ដឹកនំា​រដ្ឋាភិបាល និង​ប្តូរ​ស្តេចស្នងរាជ្យ​នៅ​ពេល​នេះ​ទៅ​វិញ និង​ថា តើ​ការ​រុះរើ​ដោះដូរ​ពេល​នេះ អាច​ជា​តម្រុយ​នៃ​ការ​ប្រេះឆា ឬ​មួយ​ក៏​ការ​ប្រជែង​កម្លំាង​គ្នា​នៅ​ក្នុង​រង្វង់​គ្រួសារ​រាជ្យវង្ស​គ្នា​ឯង​ដែរ ឬ​យ៉ាង​ណា?

មុន​នឹង​ឆ្លើយ​សំណួរ​ខាង​លើ គេ​គួរ​តែ​ពិនិត្យមើល​លើ​ឥស្សរជននយោបាយ​​ដែល​បាន​ដក​ចេញ និង​ឥស្សរជននយោបាយ​ដែល​ទើប​តែងតំាង​ថ្មី ឬ​មួយ​បាន​បន្ថែម​តំណែង​ជា​មុន​សិន។ អ្វី​ដែល​គ្រប់​គ្នា​បាន​ចាប់​អារម្មណ៍​ខ្លំាង​ជាង​គេ​នោះ គឺ​ទាក់ទង​នឹង​ក្រសួង​ចំនួន ៣ ដែល​ជា​គ្រឹះអំណាច​របស់​ព្រះចៅ​សាលម៉ាន គឺ​ក្រសួង​មហាផ្ទៃ ក្រសួង​ការពារជាតិ និង​ក្រសួង​ការបរទេស។ ចាប់​ពី​ពេល​នេះ​ទៅ លោក​ម៉ូហាម៉េត បិនណាយ្វេ​ដែល​បច្ចុប្បន្ន​មាន​តួនាទី​ជា​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​បាន​ទទួល​តំណែង​បន្ថែម​ជា​ឧបនាយករដ្ឋមន្រ្តី និង​ជា​ស្តេចស្នងរាជ្យ។ ចំណែក​លោក​ម៉ូហាម៉េត បិនសាលម៉ាន​ដែល​សព្វថ្ងៃ​កំពុង​កាន់​តំណែង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​បាន​ទទួល​តំណែង​បន្ថែម​ជា​ស្តេចស្នងរាជ្យបន្ទាប់។ រីឯ​តំណែង​រដ្ឋមន្រ្តី​ការបរទេស​ដែល​កាន់កាប់​ដោយ​លោក​សាអ៊ូដ អាល់ហ្វាយសាល​តំាង​ពី ៤០ឆ្នំា​កន្លង​មក​ហើយ​នោះ ត្រូវ​បាន​ដាក់​ជំនួស​ដោយ​លោក​អាដែល អាល់យូប៊ែរ ឯកអគ្គរាជ្យទូត​អារ៉ាប៊ីសាអូឌីត​ប្រចំា​នៅ​សហរដ្ឋអាមេរិក។

ឥស្សរជន​ដែល​គ្រប់​គ្នា​កំពុង​ចាប់​អារម្មណ៍ និង​និយាយ​ច្រើន​ជាង​គេ គឺ​រូប​លោក​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ម៉ូហាម៉េត បិនណាយ្វេ និង​លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ម៉ូហាម៉េត បិនសាលម៉ាន។ មាន​អាយុ ៥៥ឆ្នំា លោក​បិនណាយ្វេ​មាន​ឈ្មោះ​ល្បី​ខាង​កំចាត់​បណ្តាញ​អាល់កៃដា​ក្នុង​ស្រុក។ ក្នុង​នាម​ជា​រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ លោក​បិនណាយ្វេ​មិន​ញញើត​នឹង​ប្រើ​ធម៌ក្តៅ​ក្នុង​ការ​បោសសំអាត​ពួក​ជីហាត​របស់​អាល់កៃ​នៅ​ទូទំាង​ប្រទេស។ ក្នុង​ចន្លោះ​ឆ្នំា ២០០៣ និង ២០០៦ ពោល​ចំ​ពេល​ដែល​បណ្តាញ​អាល់កៃដា​ប្រកាស​បើក​យុទ្ធនាការ​ធ្វើ​ភេរវកម្ម​បង្ហូរ​ឈាម​ប្រឆំាង​នឹង​រដ្ឋអំណាច មូលដ្ឋាន​ទ័ព និង​ទីតំាង​របស់​លោកខាងលិច​នៅ​អារ៉ាប៊ីសាអូឌីត លោក​បិនណាយ្វេ​ក៏​បាន​ចាត់​វិធានការ​វាយបង្រ្កាប​មុន​យ៉ាង​ចាស់ដៃ ដោយ​បាន​ធ្វើ​អ្នក​រួច​ខ្លួន​នំា​គ្នា​រត់​ផាសក្រញាំ​ចេញ​ពី​អារ៉ាប៊ីសាអូឌីត​ទៅ​ជ្រកកោណ​ក្នុង​ប្រទេស​ជិត​ខាង ពិសេស​គឺ​យេម៉ែន។

ក្រៅ​ពី​​ចំណាត់ការ​វាយបំបែកសំបុក​​ពួក​អាល់កៃដា​ក្នុង​ស្រុក លោក​បិនណាយ្វេ​ក៏​បាន​ចេញ​មុខ​កំចាត់​បណ្តាញ​អាល់កៃដា​នៅ​ក្នុង​តំបន់​ដែរ ដោយ​បាន​រួម​សហការណ៍​ជាមួយ​ស្ថានទូត​អារ៉ាប៊ីសាអូឌីត​ប្រចំា​ប្រទេស​ក្នុង​តំបន់។ ស្នាដៃ​របស់​លោក​បិនណាយ្វេ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​បស្ចិមលោក និង​ដែល​រូប​លោក​បាន​ក្លាយ​ជា​ផ្ទំាងស៊ីប​នៃ​ការ​វាយប្រហារ​ពី​ចលនា Aqpa ដែល​ជា​សាខា​អាល់កៃដា​ក្នុង​តំបន់​កាល​ពី​ឆ្នំា ២០០៩។ លោក​បិនណាយ្វេ គឺ​ជា​សមាជិក​រាជវង្ស​អារ៉ាប៊ីសាអូឌីត​តែ​ម្នាក់​គត់​ដែល​បាន​ទទួល​ការ​គំរាមកំហែង​ដោយ​ផ្ទាល់​ពី​អង្គការ​អាល់កៃដា។ ក្រៅ​ពី​ប្រើ​ធម៌ក្តៅ លោក​បិនណាយ្វេ​ក៏​បាន​ប្រើ​ធម៌ត្រជាក់ ដោយ​យល់​ព្រម​ទទួល​យុទ្ធជន​អាល់កៃដា​ណា​ដែល​សុខចិត្ត​បោះបង់​ចោល​គំនិតជ្រុលនិយម និង​យល់ព្រម​វិលត្រឡប់​រួមរស់​ក្នុង​សង្គម​ជា​ថ្មី។

និយាយ​ពី​រូប​លោក​រដ្ឋមន្រ្តី​ការពារជាតិ​ម៉ូហាម៉េត បិនសាលម៉ាន​ដែល​មាន​អាយុ​ប្រមាណ ៣០ឆ្នំា និង​ដែល​ទើប​ត្រូវ​បាន​ព្រះចៅ​សាលម៉ាន​តែងតំាង​ជា​ស្តេចស្នងរាជ្យបន្ទាប់ គឺ​ជា​​មនុស្សខ្លំាង​លំដាប់ទី២ របស់​រដ្ឋអំណាច បន្ទាប់​ពី​លោក​បិនណាយ្វេ ពិសេស​នៅ​ក្នុង​កាលៈទេសៈ​ដែល​អារ៉ាប៊ីសាអូឌីត​កំពុង​ដឹកនំា​កម្លំាងសម្ព័ន្ធមិត្ត​វាយប្រហារ​ពួក​ឧទ្ទាម​ហ៊ូទី្ស​ក្នុង​ប្រទេស​យេម៉ែន និង​ចំ​ពេល​ដែល​អារ៉ាប៊ីសាអូឌីត​កំពុង​ទទួល​ការ​គំរាមកំហែង​ពី​អង្គការ​រដ្ឋអ៊ីស្លាម។ មក​ដល់​ត្រង់​ចំណុច​នេះ អ្វីៗ​ហាក់​ដូច​ជា​ធម្មតា​ដែល​ព្រះចៅ​សាលម៉ាន​បាន​យក​ចិត្ត​ទុកដាក់​ខ្លំាង​ចំពោះ​រូបលោក​បិនណាយ្វេ ក៏​ដូច​ជា​លោក​បិនសាលម៉ាន។ តែ​បើ​ពិនិត្យ​ឲ្យ​បាន​ស៊ីជម្រៅ​បន្តិច​ទៅ​ឃើញ​ថា ទង្វើ​របស់​ព្រះចៅ​សាលម៉ាន គឺ​សំដៅ​ពង្រឹង​រាជបល្ល័ង្ក ពិសេស​ប្រមូល​ផ្តុំ​កម្លំាង​របស់​ក្រុមគ្រួសារ​បក្សពួក​ស៊ូដាយរី (Soudayri) របស់​ព្រះអង្គ​តែ​ម្តង។

ជាក់ស្តែង ការ​ដក​លោក​ម៉ូរីន (Muqrin) ចេញ​ពី​តំណែង​ឧបនាយករដ្ឋមន្រ្តី និង​ទម្លាក់​ពី​ស្តេចស្នងរាជ្យ​ដោយ​ដាក់​លោក​បិនណាយ្វេ​ជំនួស​វិញ​ពេល​នេះ គឺ​ជា​ការ​វាយ​មួយ​ពំនូង​យ៉ាង​ចាស់​ដៃ​លើ​មហាក្សត្រ​អាប់ដាឡា​ដែល​ទើប​ចូល​ទិវង្គត​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ។ ចូរ​កុំ​ភ្លេច​ថា ការ​ដែល​មហាក្សត្រ​អាប់ដាឡា​បាន​តែងតំាង​លោក​ម៉ូរីន​ជា​ស្តេចស្នងរាជ្យ​ក្នុង​ឆ្នំា ២០១៣ គឺ​ក្នុង​គោលបំណង​រារំាង​ឥទ្ធិពល​របស់​ក្រុមបក្សពួក​គ្រួសាររាជវង្ស​ស៊ូដាយរី​នោះ​ឯង។ តែ​នៅ​ពេល​នេះ ជា​ឱកាស​ដែល​មហាក្សត្រ​សាលម៉ាន​ចេញ​មុខ​សងសឹក​វិញ​ម្តង។ កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ ព្រះចៅ​សាលម៉ាន​ក៏​បាន​កំចាត់​កូនប្រុស​ពីរ​នាក់​របស់​សព​អាប់ដាឡា​ចេញ​ពី​អំណាច​ដែរ។

ដូច្នេះ​ចាប់​ពី​ពេល​នេះ​ត​ទៅ ព្រះចៅ​សាលម៉ាន​ប្រមូល​បាន​បក្សពួក​ស៊ូដាយរី​ពេញ​ដៃ ពេញ​ជើង​ហើយ ព្រោះ​បើ​គិត​តាម​លេខរៀង​នៃ​ឥស្សរជននយោបាយ ក៏​ដូច​ជា​អ្នកឡើង​ស្នងរាជ្យ លោក​ម៉ូហាម៉េត បិនណាយ្វេ​ដែល​មាន​អាយុ ៥៥ឆ្នំា​បាន​ស្ថិត​លំដាប់ទី២ បន្ទាប់​ពី​មហាក្សត្រ​សាលម៉ាន​សព្វថ្ងៃ​ដែល​មាន​អាយុ ៧៩ឆ្នំា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ