ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/07 12h00 GMT
មជ្ឈិមបូព៌ា

សម្ព័ន្ធអារ៉ាប់​កោះប្រជុំ​បន្ទាន់​ដើម្បី​និយាយ​ពី​ក្រុម​បង្ក​ភេរវកម្ម​​នៅ លីប៊ី

media  
កន្លែង​ស្តុក​ប្រេង​ដ៏​សំខាន់​មួយ​របស់​លីប៊ី​ត្រូវ​ឆេះ​បំផ្លាញ​ក្រោយ​ពី​ត្រុវ​គ្រាប់​ផ្លោង​របស់​ក្រុមប្រដាប់អាវុធ​ជ្រុលនិយម ©REUTERS/Stringer

សម្ព័ន្ធ​អារ៉ាប់​ត្រូវ​បើក​កិច្ចប្រជុំ​បន្ទាន់​នៅថ្ងៃ​ចន្ទ ទី ៥​មករា នៅ​ទីក្រុង​គែរ​ប្រទេស​អេហ្ស៊ីប ដើម្បី​និយាយ​ពី​ក្រុមភេរវនិយម នៅ​ប្រទេស​លីប៊ី។ កិច្ចប្រជុំ​លក្ខណៈ​បន្ទាន់ ទាមទារ​ដោយ​អ្នកតំណាង​អចិន្ត្រៃយ៍​របស់​លីប៊ី នៅ​សម្ព័ន្ធអារ៉ាប់ និង​ដោយ​​ការ​លើកទឹកចិត្ត​គាំទ្រ​ពី​ប្រទេស​អេហ្ស៊ីប និង​អារ៉ាប៊ី សាអូឌីត។ កិច្ចប្រជុំ​នេះ​ធ្វើឡើងនៅ មួយថ្ងៃ​ ក្រោយ​​ជនជាតិ​អេហ្ស៊ីប​ចំនួន​២០​នាក់​ត្រូវក្រុមប្រដាប់​អាវុធ​ចាប់​ជំរិត កាលពីថ្ងៃ​អាទិត្យ នៅ​កណ្តាល​ប្រទេស​លីប៊ី។

 

តាម​អគ្គលេខាធិការ​រង​របស់​សម្ព័ន្ធ​អារ៉ាប់ អ្នកតំណាង​ប្រទេស​សមាជិក​សម្ព័ន្ធ​អារ៉ាប់ ត្រូវ​កោះប្រជុំ​ជាបន្ទាន់ ដើម្បី​សិក្សា​ទៅលើ​ស្ថានភាព​ដ៏​គ្រោះថ្នាក់ ដែល​លីប៊ី​កំពុង​ជួប​ប្រទះ​នៅ​ពេល​បច្ចុប្បន្ន ដូចជា ការកើនឡើង​នៃ​អំពើ​ហិង្សា និង​ភេរវកម្ម​បង្ក​ឡើង​ដោយ​ក្រុមអ៊ីស្លាម​ជ្រុលនិយម​ជាដើម។

 
យោងតាម​លោក​Ahmed Ben Helli អគ្គលេខាធិការ​រង​របស់​សម្ព័ន្ធ​អារ៉ាប់ អំពើ​ភេរវកម្ម​របស់​ក្រុម​ជ្រុលនិយម មិនត្រឹម​សំដៅ​ទៅលើ​បុគ្គល ប៉ុន្តែ វា​កំពុង​គំរាមកំហែង​ហេដ្ឋា​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច ជាពិសេស កន្លែង​ស្តុកប្រេង​របស់​ប្រទេស​លីប៊ី។ កាលពីថ្ងៃ​ទី ២៥​ធ្នូ​កន្លងទៅ គ្រាប់ផ្លោង​របស់​ក្រុមប្រដាប់​អាវុធ ដែល​ចងសម្ព័ន្ធ​ជាមួយ​ក្រុម​Fajr លីប៊ី បាន​ធ្លាក់​ទៅលើ​កន្លែង​ស្តុកប្រេង និង​បាន​បណ្តាល​​ឲ្យ​មាន​ភ្លើងឆេះ ដ៏​សន្ធោសន្ធៅ នៅ​កន្លែង​ស្តុកប្រេង មួយ ក្នុង​ចំណោម​កន្លែង​ស្តុកបី​ធំៗ​របស់​លីប៊ី។

បីឆ្នាំ ក្រោយ​របប​ផ្តាច់ការ​កាដាហ្វី​ដួលរលំ លីប៊ី​នៅ​តែ ជួប​ភាពវឹកវរ អសន្តិសុខ​គ្រប់កន្លែង។ លីប៊ី​ត្រូវ​ពុះចែក និង​គ្រប់គ្រង​យ៉ាង​អនាធិបតេយ្យ ដោយ​ក្រុម​ប្រដាប់​អាវុធ​ជ្រុលនិយម​ជាច្រើន​ក្រុម។ គ្មាន​កងទ័ព​ជាតិ ដែល​ទទួល​បាន​ការហ្វឹកហ្វឺន​ច្បាស់លាស់ និង​គ្មាន​ឯកភាព​គ្នា​ជាធ្លុង​មួយ ក្រុមប្រដាប់​អាវុធ ដែល​មួយចំនួន​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​ចាត់ទុក​ជា​ក្រុម​ភេរវនិយម បាន​ អនុវត្តច្បាប់​ព្រៃ និង​បង្ក​អំពើ​ហិង្សា សម្លាប់​មនុស្ស គ្មាន​ញញើតដៃ។ កាលពីថ្ងៃ​អាទិត្យ ទី ៤ មករា គ្រឹស្ត​សាសនិក​អេហ្ស៊ីប​១៧​នាក់ ដែល​បម្រើការ​នៅ​ទីក្រុង​Syrte ត្រូវ​បាន​ក្រុមប្រដាប់​អាវុធ​បិទ​មុខ​ចាប់ជំរិត។ ទីក្រុង​ Syrte​ត្រូវ​គេ​ចាត់ទុក​ជាឋានសួគ៍​ សម្បុក​របស់​ក្រុមប្រដាប់អាវុធ​អ៊ីស្លាម​ជ្រុលនិយម។

ក្រុមជ្រុល​និយម Fajr ដែល​វាយដណ្តើម​កាន់កាប់​រដ្ឋធានី ទ្រីប៉ូលី កាលពី​ខែ​សីហា​ឆ្នាំ មុន កំពុង​វាយប្រយុទ្ធ ចង់​ដណ្តើម​យក​ទីតាំង​ប្រេង ដែល​កាន់កាប់​ដោយ​ទ័ព​រដ្ឋាភិបាល គាំទ្រ​ដោយ​សហគមន៍​អន្តរជាតិ និង​សម្ព័ន្ធ​អារ៉ាប់៕
 

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ