អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ការ​បោះឆ្នោត​ប្រធានាធិបតី​ទុយនីស៊ី បេក្ខជន​ឈរ​ឈ្មោះ​ប្រកាស​ជ័យ​ជំនះ​រៀងៗខ្លួន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទុយនីស៊ី​បាន​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ជុំ​ទីពីរ​​ នៅ​ថ្ងៃ​អាទិត្យ​ទី ២១​ ធ្នូ​ម្សិលមិញ។ រវាង​លោក ម៉ុងសេហ្វ ម៉ារហ្ស៊ូគី Moncef Marzouki ប្រមុខ​រដ្ឋ​​ផុត​អាណត្តិ និង​លោក បេជី កាអ៊ីត អេសេបស៊ី Beji Caid Essebsi នៃ​គណបក្ស​នីដា ទួណែស តើ​នរណា​នឹង​ក្លាយ​ជា​ប្រធានាធិបតី​ទុយនីស៊ីទីមួយ​ដែល​​ប្រសូត​ចេញ​ពី​ការ​បោះឆ្នោត ? បើ​តាម​ការ​ប៉ាន់ស្មាន​ក្រោយ​ពេល​បិទ​ហិប​ឆ្នោត​ភ្លាម ជោគជ័យ​នឹង​ធ្លាក់​ទៅ​លើ​កណ្តាប់​ដៃ​របស់​លោក អេសេបស៊ី ប៉ុន្តែ​ក្រុម​​លោក Marzouki ​ មិន​ទទួល​ស្គាល់ជោគជ័យ​នោះទេ​ ដោយ​សំអាង​ថា​ត្រូវ​រង់ចាំ​ស្តាប់​លទ្ធផល​ផ្លូវការ​។

លោក Moncef Marzouki (ឆ្វេង) និង​លោក Béji Caïd Essebsi (ស្តាំ)បេក្ខជន​ប្រធានាធិបតី​ទុយនីស៊ី ថ្ងៃទី ២១ ធ្នូ ២០១៤
លោក Moncef Marzouki (ឆ្វេង) និង​លោក Béji Caïd Essebsi (ស្តាំ)បេក្ខជន​ប្រធានាធិបតី​ទុយនីស៊ី ថ្ងៃទី ២១ ធ្នូ ២០១៤ REUTERS/Montage RFI
ផ្សាយពាណិជ្ជកម្ម

គ្រាន់​តែ​ការិយាល័យ​បោះឆ្នោត​បិទ​ទ្វារ​មិន​ទាន់​ទាំង​ស្រួលបួល​ផង អ្នក​ទទួល​ខុសត្រូវ​ម្នាក់​របស់​បក្ស​នីដាទួណែស​ Nidaa Tounes បាន​ផ្តល់​សន្និសីទ​កាសែត​មួយ​ ប្រកាស​អំពី​ជ័យជំនះ​របស់​បេក្ខជន​ អេសេបស៊ី ដោយ​សំអាង​លើ​ការ​ស្ទង់​មតិផ្ទាល់​របស់​បក្ស ប៉ុន្តែ​​មិន​បាន​លម្អិត​អំពី​ភាគ​រយ ឬចំនួន​សំឡេង​ដែល​លោក​អេសេបស៊ី​ទទួល​បាន​នោះ​ទេ។

 

ជាមួយ​នឹង​ការ​ប្រកាស​ជ័យជំនះ​ ប្រធាន​ការិយាល័យ​ឃោសនា​របស់​លោក អេសេបស៊ី បាន​ប្រកាស​ចាប់​ផ្តើម​ការងារ​ ​ ជាមួយ​អាទិភាព​លើក​កម្ពស់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម ព្រមទាំង​ បាន​អំពាវនាវ​​ឱ្យ​មាន​ការ​រួប​រួម​ជាតិ បោះដៃ​ទៅ​រក​គ្រប់​ភាគី​ និង​និន្នាការ​នយោបាយ​ក្នុង​ប្រទេស។ ពីទីស្នាក់ការ​បក្ស​ បេក្ខជន​អេសេបស៊ី​ ផ្ទាល់​ក៏​បាន​ថ្លែងអំណរ​គុណ​ដល់​ម្ចាស់​ឆ្នោត និង​សម្តែង​គារវកិច្ច​ចំពោះ​គូ​ប្រជែង តាំង​ខ្លួន​ជា​អ្នក​បង្រួប​បង្រួម​ពិតៗ។

ប៉ុន្តែ​ សម្រាប់​ខាង​លោក​ ម៉ុងសេហ្វ ម៉ារហ្ស៊ូគី វិញ ដរាប​ណា​លទ្ធផល​ផ្លូវការ​​មិន​ទាន់​ត្រូវ​បាន​ប្រកាស គ្មាន​ហេតុ​ផល​អ្វី​ដែល​​ត្រូវ​​ទទួល​ស្គាល់ជ័យជំនះ​របស់​គូ​ប្រជែងឡើយ។ ម្យ៉ាង​ទៀត បើ​តាម​អ្នក​នាំ​ពាក្យ​បេក្ខជន​ ម៉ុងសេហ្វ ម៉ារហ្ស៊ូគី គេ​មិន​អាច​ទុក​ចិត្ត​លើ​ការ​ស្ទង់​មតិ​របស់​បក្ស​នីដាទួណែស​បាន​ទេ ព្រោះ​មិន​មែន​ជា​អ្នក​ឯកទេស​ខាង​ស្ទង់​មតិ​។ ​បេក្ខជន​ទាំង​ពីរ​បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ប្រកៀក​ប្រកិត​បំផុត ដូច្នេះ​បើ​រាប់​សន្លឹក​ឆ្នោត​មិន​ទាន់​អស់ គ្មាន​លទ្ធផល​ផ្លូវការ​ គឺ​មិន​អាច​និយាយ​អំពី​ជោគជ័យ​បានឡើយ។

លោក អេសេបស៊ី និង​ម៉ារហ្ស៊ូគី ជា​នរណា ?

បេក្ខជន​ទាំង​ពីរ មាន​ប្រវត្តិ​ និង​ជីវិត​នយោបាយ សឹង​ថា​ ផ្ទុយ​គ្នាទាំង​ស្រុង​តែ​ម្តង ! កាលពី​ទុយនីស៊ី​ស្ថិត​ក្រោម​របប​ផ្តាច់​ការ​​ប៊ិនអាលី  លោក Moncef Marzouki ជា​បក្ស​ប្រឆាំង​ឆ្វេង​និយម និង​ជា​អ្នកការពារ​សិទ្ធិមនុស្ស ​មាន​មុខរបរ​ជា​វេជ្ជបណ្ឌិត និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង។ ក្រោយ​រដ្ឋប្រហារ​ឆ្នាំ​១៩៨៧ លោក Beji Caïd Essebsi ដែល​ ​មាន​តួនាទី​ជា​ ​រដ្ឋមន្ត្រី​​ក្រសួង​មហាផ្ទៃ​ស្រេច​ទៅ​ហើយ​នោះ បាន​ក្លាយ​ទៅ​ជា​​ប្រធាន​សភា​ទុយនីស៊ី មុន​នឹង​ងាក​ខ្លួនទៅ​​ផ្នែក​ការទូត​។

ក្រោយ​បដិវត្តផ្កាម្លិះ បុរស​ទាំង​ពីរ​ បាន​វិល​មក​ប្រលូក​លើ​ឆាក​​នយោបាយ​។ លោក អេសេបស៊ី បាន​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​អន្តរកាល ដឹកនាំ​ប្រទេស​ឱ្យ​មានការ​បោះឆ្នោត​ដោយ​សេរី។ លោក ម៉ារហ្ស៊ូគី ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​ ដោយ​សារ​មានសម្ព័ន្ធ​ភាព​ជាមួយ​បក្ស​អ៊ីស្លាម​និយម Ennahda។ គឺ​នៅ​ពេល​នោះ​ហើយ​ដែល​លោក អេសេបស៊ី បាន​បង្កើត​បក្ស​​នយោបាយ​ នីដាទួណែស​ឡើង និង​ក្លាយ​ជាបក្ស​ប្រឆាំង ជា​បក្ស​មូលធន​និយម ប្រឆាំង​នឹង​អ៊ីស្លាម។
ហេតុដូច្នេះ​ហើយ​បាន​ជា​បេក្ខជន​ទាំង​ពីរ តំណាង​ឱ្យ​គន្លង​នយោបាយ​ពីរ​ដាច់​គ្នា​ស្រឡះ ៖ ខាង​លោក Beji Caid Essebsi ជា​រនាំ​ង​ប្រឆាំង​នឹង​ពួក​អ៊ីស្លាម​ជ្រុល​និយម ឯ​លោក Moncef Marzouki ជា​អ្នក​ធានា​ប្រឆាំង​នឹង​ការ​វិល​ត្រលប់​នៃ​របប​ចាស់​ ផ្តាច់ការ។

ទុយនីស៊ី លើ​គន្លង​ប្រជាធិបតេយ្យ

ក្រោយ​បដិវត្ត​ទម្លាក់​របប​ផ្តាច់ការ​ ​ប៊ិនអាលី ទុយនីស៊ី បាន​រៀប​ចំ​បោះឆ្នោត​សភា បន្ទាប់​មក​បោះឆ្នោត​​ប្រធានាធិបតី​ដោយ​សេរី​ និង​ដោយ​ផ្ទាល់​ទៀត។
ពលរដ្ឋ​ទុយនីស៊ី ប្រមាណ​៥​លាន​៣​សែន​នាក់​ជា​លើក​ទី​មួយ ត្រូវ​ជ្រើសរើសប្រមុខ​ដឹកនាំ​របស់​តាម​រយៈ​សន្លឹកឆ្នោត​ ដោយ​សេរី​ និង​ជា​សកល។ ថ្វី​បើ​នៅ ក្នុង​ការ​បោះឆ្នោត​ជុំ​ទីពីរ​នេះ ចំនួន​អ្នក​ចូល​រួម មាន​ប្រមាណ​ត្រឹម ៥៦% ពោល​គឺ​ធ្លាក់​ចុះ​បន្តិច​បើ​ប្រៀប​ទៅ​នៅ​ការ​បោះឆ្នោត​ជុំ​ទី​មួយ​មែន តែ​បើ​តាម​អ្នក​សង្កេតការណ៍ឯករាជ្យ​ ការ​បោះឆ្នោត​បាន​ប្រព្រឹត្ត​ទៅ​រលូន។

កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ ក្រុមប្រដាប់​អាវុធ​មួយ​ក្រុម ដែល​ជា​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម​​​បាន​សាក​ល្បង​វាយប្រហារ​សាលា​រៀន​មួយ​​នៅ​ភាគ​ខាង​ត្បូង​រដ្ឋធានី​ទុយនីស ដើម្បី​បំផ្លាញ​​សម្ភារៈ​បោះឆ្នោត។​ តែ​ជា​ទូទៅ ការ​បោះឆ្នោត​ជុំ​ទីពីរ​នេះ​ប្រព្រឹត្ត​ទៅ​ក្នុង​ស្ថានភាព​ស្ងប់​ស្ងាត់​ល្អ !
ចរន្ត​ យន្តការ​បោះឆ្នោត ដែល​នឹង​ត្រូវ​បិទ​បញ្ចប់​​នយោបាយ​អន្តរកាល​​នៅ ទុយនីស៊ី ដែល​ក្នុង​អំឡុង​ពេល​នេះ ប្រទេស​ត្រូវ​រង​ការ​វាយប្រហារ​ពី​សំណាក់​ចលនា​ជីហាត​ វិបត្តិ​នយោបាយ​ផ្ទៃក្នុង​ផ្ទួនៗ​គ្នា តែ​ទុយនីស៊ី អាច​បញ្ជៀស​បាន​នូវ​ភាព​វឹកវរ ការ​បង្ក្រាប អំពើហិង្សា ​មិន​ដូច​ជា​បណ្តា​ប្រទេស​អារ៉ាប​ផ្សេង​ទៀត។

ដំណើរ​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​បាន​ល្អ រឹត​តែ​អាច​ជួយ​ពង្រឹង​ទុយនីស៊ី​ឱ្យ​កាន់​តែ​ជឿ​ជាក់។ ហើយក្រោយ​ពេល​ប្រកាស​លទ្ធផល​ជា​ផ្លូវការ (យ៉ាង​ឆាប់​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​នេះ និង​យ៉ាង​យូរ​នៅ​ថ្ងៃពុធ​ទី ២៤​ធ្នូ) បើ​បេក្ខជន​ជា​គូ​ប្រជែង​ទទួល​យក​ដោយ​ស្មោះស្ម័គ្រ​ទាំង​អស់​គ្នា​ នោះ​ស្ថិរភាព​នយោបាយ​នឹង​អាច​កើត​មាន​បាន​ជា​ប្រាកដ​នៅ​ទុយនីស៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ