អានតួអត្ថបទ
តួកគី-អ៊ីរ៉ាក់

តួកគី​បាន​បញ្ជូន​ជំនួយជា​សម្ភារៈ​យោធា​ទៅ​ឲ្យ​ទ័ពអ៊ីរ៉ាក់

តំាង​ពី ២ថ្ងៃ​មក​ហើយ​ដែល​ទាហាន​អ៊ីរ៉ាក់​ប្រមាណ​ជា ៣ម៉ឺន​នាក់​កំពុង​វាយប្រហារ​លើ​ពួក​ជីហាត​នៃ​អង្គការ​រដ្ឋអ៊ីស្លាម​ដើម្បី​ដណ្តើម​យក​ទីក្រុង​ទីគ្រីត (Tikrit) មក​វិញ។ ទីក្រុង​ទីគ្រីត​ដែល​មាន​ចម្ងាយ​ប្រមាណ​ជា ១៦០គីឡូម៉ែត្រ​ស្ថិត​ប៉ែកខាង​ជើង​ទីក្រុង​បាកដាដ។ នៅ​ក្នុង​ប្រតិបត្តិការ​សឹក​នោះ ទ័ពអ៊ីរ៉ាក់​អាច​ពឹងពាក់​លើ​ជំនួយ​របស់​ប្រទេស​អ៊ីរ៉ង់ និង​ប្រទេស​តួកគី។ តួកគី​ដែល​ទើប​បាន​បញ្ជូន​សម្ភារៈ​យោធា​ចំនួន ២យន្តហោះ​ទៅ​កាន់​ប្រទេស​អ៊ីរ៉ាក់។ នេះ​ជា​ភស្តុតាង​ដែល​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​ចូលរួម​ដោយ​ផ្ទាល់​របស់​ទីក្រុង​អង់ការ៉ា​ក្នុង​ការ​ប្រយុទ្ធប្រឆំាង​នឹង​អង្គការ​រដ្ឋអ៊ីស្លាម។

រថក្រោះរបស់​ទាហាន​អ៊ីរ៉ាក់
រថក្រោះរបស់​ទាហាន​អ៊ីរ៉ាក់ REUTERS/Thaier Al-Sudani
ផ្សាយពាណិជ្ជកម្ម

រហូត​មក​ដល់​ពេល​នេះ តួកគី​តែងតែ​បាន​អាល់អែក រារែក​មិន​ចង់​ចូលប្រឡូក​ជាមួយ​កម្លំាងសម្ព័ន្ធមិត្ត​ក្នុង​ការ​ប្រយុទ្ធប្រឆំាង​នឹង​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ទេ។ តែ​ជាមួយ​នឹង​ការ​បញ្ជូន​សម្ភារៈយោធា​ចំនួន ២យន្តហោះ​ទៅ​ឲ្យ​ទាហាន​អ៊ីរ៉ាក់​ដែល​កំពុង​ប្រយុទ្ធ​ដណ្តើម​យក​ទីក្រុង​ទីគ្រីត​ត្រឡប់​វិញ​ពេល​នេះ ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​យ៉ាង​ពី​ការ​ចូលរួម​ជា​ចំហ និង​ផ្លូវការ​ពី​រដ្ឋាភិបាល​ទីក្រុង​អង់ការ៉ា។ ទន្ទឹម​នឹង​ការ​ជួយ​ទាហាន​អ៊ីរ៉ាក់​ក្នុង​ការ​ដណ្តើម​យក​ទីក្រុង​ទីគ្រីត តួកគី​ក៏​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ត្រៀមខ្លួន​ជួយ​ទាហាន​អ៊ីរ៉ាក់​ដើម្បី​វាយ​ដណ្តើម​យក​ទីក្រុង​ម៉ូស៊ូល​ពី​ពួក​ជីហាត​ដែរ។ ប្រតិបត្តិការ​វាយ​យក​ទីក្រុង​ម៉ូស៊ូល​ដែល​គ្រោង​នឹង​ចាប់​ផ្តើម​នៅ ១ខែ ឬ ២ខែ​ខាង​មុខ។

ជំនួយ​នៅ​ក្នុង​ជំហាន​ដំបូង​របស់​តួកគី​សម្រាប់​បំពាក់​ឲ្យ​ទាហាន​អ៊ីរ៉ាក់​ប្រមាណ​ជា ៥០០នាក់​ពេល​នេះ មាន​ដូច​ជា​ខោអាវ មួក ភួយ ឬ​មួយ​ក៏​ជំរំសំពត់​សម្រាប់​រដូវ​រងា។ គួរ​ជម្រាប​ជូន​ថា សេចក្តីសម្រេច​របស់​តួកគី​ក្នុង​ការ​ផ្តល់​ជំនួយ​យោធា​ឲ្យ​អ៊ីរ៉ាក់​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​រដ្ឋមន្រ្តី​ការពារជាតិ​តួកគី​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ចំនួន ២ថ្ងៃ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ក្រោយ​ពី​សមភាគី​អ៊ីរ៉ាក់​បាន​ទៅ​ទស្សនកិច្ច​នៅ​តួកគី​កាល​ពី​មួយ​សប្តាហ៍​កន្លង​ទៅ។ លោក​រដ្ឋមន្រ្តី​ការពារជាតិ​តួកគី​បាន​ធ្វើ​អត្ថាធិប្បាយ​ថា តួកគី​ក៏​ជា​ប្រទេស​នៅ​ក្នុង​កម្លំាង​សម្ព័ន្ធមិត្ត​ដែរ និង​ថា ជំនួយ​របស់​តួកគី​សម្រាប់​ទាហាន​អ៊ីរ៉ាក់​ពេល​នេះ គឺ​ជា​ការ​ចូលរួម​ដោយ​ផ្ទាល់។ កន្លង​មក រដ្ឋអំណាច​តួកគី​ក៏​បាន​បើក​មូលដ្ឋាន​ផ្លូវអាកាស​ឲ្យ​កម្លំាង​សម្ព័ន្ធមិត្ត​ប្រើប្រាស់​ដែរ។

ដោយឡែក លោក​ប្រមុខ​រដ្ឋាភិបាល​តួកគី​បាន​គូសបញ្ជាក់​ថា បេសកកម្ម​ដើម្បី​ដណ្តើម​យក​វិញ និង​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​នៅ​ទីក្រុង​ម៉ូស៊ូល​ក្នុង​ប្រទេស​អ៊ីរ៉ាក់ គឺ​ជា​កាតព្វកិច្ច​មិន​អាច​ខ្វះ​បាន​របស់​តួកគី ព្រោះ​ក្រុមជីហាត​រដ្ឋអ៊ីស្លាម​ក៏​បាន​គំរាមកំហែង​សន្តិសុខ​របស់​តួកគី​ដែរ។ ដោយ​និយាយ​មិន​លាក់លៀម នាយករដ្ឋមន្រ្តី​តួកគី​បាន​ទម្លាយ​ឲ្យ​ដឹង​ថា តួកគី​ត្រៀមខ្លួន​ជួយ​អ៊ីរ៉ាក់​តាម​គ្រប់​មធ្យោបាយ​ទំាង​អស់។ បើ​យោង​តាម​សម្តី​របស់​ឧបនាយករដ្ឋមន្រ្តី​តួកគី​ដែល​បាន​ជួប​សន្ទនា​ជាមួយ​អតីត​ចៅហ្វាយ​ក្រុង​ម៉ូស៊ូល​ឲ្យ​ដឹង​ថា មាន​កិច្ចព្រមព្រៀង​បាន​ចុះ​ហត្ថលេខា​ដោយ​តួកគី​បាន​យល់ព្រម​ផ្តល់​អាវុធ និង​ជួយ​ហ្វឹតហ្វឺន​កម្លំាង​ស្វាយត្រាន​អ៊ីរ៉ាក់​ចំនួន ៣ ០០០នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ