អានតួអត្ថបទ
ស៊ីរី

អន្តរការី​របស់​អ.ស.ប.​ទៅ​ដល់​ស៊ីរី​ដើម្បី​ចរចា​ឲ្យ​ដាក់​អាវុធ​បណ្តោះ​អាសន្ន​នៅ​តំបន់ ​អាឡេប

លោក​មីស្ទូរ៉ា អន្តរការី​តំណាង​ឲ្យ​អង្គការ​សហប្រជាជាតិ ​បាន​ធ្វើ​ដំណើរ​ដល់​ក្រុង​ដាម៉ាស​ហើយ ​នៅ​ថ្ងៃ អាទិត្យ​នេះ ​ដើម្បី​ចរចា​ជាមួយ​ភាគី ស៊ីរី ទាក់ទិន​ទៅនឹង​ការ​បង្អង់​ ឈប់​បាញ់​បណ្តោះ​អាសន្ន​ នៅ​តំបន់​ក្បែរ​ក្រុង​អាឡេប ​ដើម្បី​អនុញ្ញាត​ឲ្យ ​ក្រុម​ស្ម័គ្រចិត្ត​របស់​អង្គការ​មនុស្សធម៌​ យក​ជំនួយ​ទៅ​ជួយ​ ប្រជាជន នៅ​តំបន់​នោះ។ គំនិត​នេះ ​ត្រូវ​បាន​រដ្ឋាភិបាល​ក្រុង​ដាម៉ាស​របស់ ​លោក​បាឆា អាល់អាសាដ​គាំទ្រ ​ហើយ​បាន​ឲ្យ​ភ្លើង​ខៀវ។

វិហារ​អ៊ីស្លាម ដ៏ធំជាងគេ នៅក្រុង អាឡេប ខ្ទេចខ្ទី ជាដំណំ ដោយសារ​គ្រាប់បែក
វិហារ​អ៊ីស្លាម ដ៏ធំជាងគេ នៅក្រុង អាឡេប ខ្ទេចខ្ទី ជាដំណំ ដោយសារ​គ្រាប់បែក AFP PHOTO/Tauseef MUSTAFA
ផ្សាយពាណិជ្ជកម្ម

លោក​ Staffan de Mistura​អន្តរការី​ពិសេស​ ទទួល​បន្ទុក​កិច្ចការ​ស៊ីរី ​ដែល​អង្គការ​សហ​ប្រជាជាតិ បាន​តែតាំង​កាល​ពី​ខែ​កក្កដា​ឆ្នាំ​ទៅ ​បាន​ធ្វើការ​ស្នើ​សុំ​ទៅ ​រដ្ឋាភិបាល​ស៊ីរី ​ដែល​ដឹកនាំ​ដោយ​លោក បាឆា អាល់អាសាដ​ ឲ្យ​ធ្វើ​ការ​ដាក់​អាវុធ​ឈប់​បាញ់​បណ្តោះ​អាសន្ន ​នៅ​តាម​តំបន់​មួយ​ចំនួន។ ការ​ផ្អាក​ឈប់បាញ់​បណ្តោះ​អាសន្ន​នេះ​ ​នឹង​អនុញ្ញាត​ឲ្យ​ក្រុម​ការងារ​មនុស្សធម៌ ​ដូច​ជា​អង្គការ​ស្បៀង​អាហារ​ពិភពលោក ​យក​ជំនួយ​បន្ទាន់​ ទៅជួយ​ប្រជាជន​ស៊ីរី ដែល​កំពុង​តែ​រងទុក្ខ ​ហើយ​ត្រូវ​សង្គ្រាម​ហ៊ុំព័ទ្ធ​ ទៅណា​មិន​រួច។

 
លោក មីស្ទូរ៉ា ​បាន​ជួប​ជាមួយ​លោក​ វ៉ាលីដ មូអាលេម ​រដ្ឋមន្រ្តី​ការបរទេស ស៊ីរី ​ដែល​បាន​ផ្តល់​ការ​យល់​ព្រម​ថា ​ទាហាន​រដ្ឋាភិបាល​ស៊ីរី ​នឹង​ធ្វើ​ការ​ឈប់បាញ់​បណ្តោះ​អាសន្ន ​នៅ​តំបន់​ក្បែរ​ក្រុង អាឡេប ​ហើយ​នឹង អនុញ្ញាត ​ឲ្យ​គណប្រតិភូរ​របស់​អង្គការ​សហ​ប្រជាជាតិ ចាប់ផ្តើម​ការងារ​របស់​ខ្លួន​បាន។ កាល​ពី​ការ​ចរចា​ នៅ​ដើម​ខែ កុម្ភៈ ​បាឆា អាល់អាសាដ ​ថា​សុខចិត្ត​ព្រម​ផ្អាក​ការ​បាញ់​ប្រហារ​ រយៈ​ពេល ​៦​សប្តាហ៍ ដើម្បី​ឲ្យ​ក្រុម​ការងារ ​របស់​អង្គការ​សហ​ប្រជាជាតិ​ ចុះ​ទៅ​ធ្វើ​ការ​ពិនិត្យ​ស្ថានការ​ អំពី​ការ​ខូចខាត ​​និង​យក​ជំនួយ​ទៅជួយ​ប្រជាពលរដ្ឋ។

លោក មីស្ទូរ៉ា ​បាន​បញ្ចាក់​ថា ​ ក្រុម​ការងារ​លោក ​ចង់ចុះ​ទៅ​ក្រុង​អាឡេប ឲ្យ​បាន​កាន់តែ​ឆាប់​កាន់​តែល្អ។ លោក​បន្ថែម​ថា ​លោក​មាន​ចេតនា​យក​ក្រុង​អាឡេប​ជា​គំរូ ​ក្នុង​ការ​ផ្អាក​ការ​ប្រយុទ្ធ​គ្នា ​ដើម្បី​ឲ្យ​ភាគី​ទាំង​អស់ ​យក​ពេល​វេលា​ទៅ​គិត និង​ចរចា​គ្នា​ស្វែងរក​ដំណោះស្រាយ​តាម​ផ្លូវ​នយោបាយ ​ជាជាង​ការ​បាញ់​សម្លាប់​គ្នា។ លោក​សង្ឃឹម​ថា ​គម្រោង​ការ​នេះ ​នឹង​ត្រូវ​ដាក់​អនុវត្ត​នៅ​តាម​តំបន់​ផ្សេងៗ​ទៀត​ ជា​បន្ត​បន្ទាប់។

សូម​រំលឹក​ថា បើ​រាប់​ដល់​ថ្ងៃ​ទី ១៥ ខែ​មិនា​នេះ សង្គ្រាម​ស៊ីវីល​នៅ​ស៊ីរី ​ បាន​អូស​បន្លាយ​ពេល​អស់ ​៥ឆ្នាំ​ហើយ។ សង្រ្គាម​ដែល​ដើមឡើយ​កើត​ចេញ​ពី​ការ​តវ៉ា ​របស់​ប្រជាជន​និង​ក្រុម​ប្រឆាំង ​ដែល​ទ្រាំ​លែង​បាន នឹង​របប​ផ្តាច់ការ ​ពុក​រលួយ​របស់​លោក​បាឆា អាល់អាសាដ។ កង​កម្លាំង​រដ្ឋាភិបាល​របស់​បាឆា អាល់អាសាដ ​រវល់​តែ​ជាប់​ដៃ​ប្រឈមមុខ​ដាក់​គ្នា ជាមួយ​នឹង ​ក្រុម​ឧទ្ទាម​ប្រឆាំង ​បាន​ធ្វើឲ្យ​ ក្រុម​ជីហាត​អ៊ីស្លាម​ជ្រុល​និយម​ ដែល​មានដើម​កំណើត​នៅ​អ៊ីរ៉ាក់ ​មាន​ឱកាស ពង្រីក​ឥទ្ធិពល ​និង​បាន​គ្រប់គ្រង​ដែនដី​មួយ​ភាគធំ​ នៅ​ភាគ​ខាងជើង។ ពួក​ជីហាត​អ៊ីស្លាម ​ធ្វើ​ការ​វាយ​ប្រហារ​ ទាំង​ទៅលើ​ក្រុម​ឧទ្ទាម​ប្រឆាំង​របប​បាឆា​អាល់អាសដ ​ទាំង​ទៅលើ​ទាហាន​រដ្ឋាភិបាល​របស់​បាឆា​អាល់អាសាដ​ផ្ទាល់។ ភាគី​ទាំង​បី ធ្វើ​ការ​វាយបក​គ្នា​ ទៅវិញ​ទៅមក ​ដោយ​ពុំមាន​នរណា​ម្នាក់ ​មាន​ចេតនា​ស្វែង​រក ​ដំណោះ​ស្រាយ​នយោបាយ​ឡើយ។

អស់​រយៈ​ពេល​៥ឆ្នាំ​មក​នេះ ​សង្គ្រាម​នៅ​ស៊ីរី បាន​សំលាប់​ជីវិត​ជន​ស្លូតត្រង់ ​ប្រមាណ​ជា ២២​ម៉ឺន​នាក់ ព្រម​ទាំង​ជាច្រើន​លាន​នាក់ទៀត ​ត្រូវ​បង្ខំ​ចិត្ត​រត់​ភៀស​ខ្លួន ​នៅ​តាម​ប្រទេស​ជិត​ខាង។ ដរាប​ណា​គ្មាន​ដំណោះ​ស្រាយ​នយោបាយ ​សង្គ្រាម​គ្មាន​ថ្ងៃ​នឹង​បញ្ចប់​នោះទេ។ អ្នក​តំណាង​របស់​ក្រុម​ប្រឆាំង​នឹង​របប​បាឆា អាល់​អាសាដ ​ដែល​បាន​ផ្តុំ​បក្ស​ពួក​ខ្លួន​នៅ​ក្រៅ​ប្រទេស ​បាន​បញ្ជាក់​ថា ​ការ​ប្រជុំ​នៅ​ក្រុង​គែរ ​នៅ​ថ្ងៃ​ទី​ ១៧ ​មេសា ​ខាង​មុខ​នេះ ​មាន​សារៈសំខាន់​ខ្លាំង​ណាស់។ ប៉ុន្តែ​អ្វី​ដែល​ចោទ​ជា​បញ្ហា ​គឺ​ភាគី​ទាំងអស់ នៅ​មិនទាន់​ចុះ​សម្រុង​គ្នា ​ទាក់ទិន​នឹង​តួនាទី​របស់​ក្រុម ​ភាតរៈ​អ៊ីស្លាម ​ដែល​ជា​ផ្នែក​មួយ​ នៃ​ក្រុម​ប្រឆាំង​នឹង របប​បាឆាអាល់អាសាដ។ អេហ្ស៊ីប និង​ក្រុម​ប្រឆាំង​ក្នុង​ស៊ីរី ​ចាត់​ទុក​ក្រុម​នេះ ​ជាក្រុម​ឧទ្ទាម​ ដែល​មិន​គួរ​រាប់រក​ទេ ប៉ុន្តែ ​តួគី ​ព្រម​ទាំង​ក្រុម​ចំរុះ​ ដែល​និរទេស​ខ្លួន​នៅ​ក្រៅ​ស្រុក​វិញ មាន​ចេតនា​គាំទ្រ​ក្រុម​ភាតរៈ​អ៊ីស្លាម​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ