អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

មួយ​ទសវត្សរ៍ ដើម្បី​រក​បាន​កិច្ច​ព្រមព្រៀង​គោល ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេស​មហាអំណាច ទាំង ៥ភាគី បូក ១ បាន​ចរចា​បាន​សម្រេច ជាមួយ​អ៊ីរ៉ង់ ដោយ​បាន​ចុះ​ហត្ថលេខា​រួមគ្នា លើ​កិច្ច​ព្រមព្រៀង​គោល មួយ​ស្តីពី សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី ២​មេសា នៅទីក្រុង​ឡូសាន ប្រទេស​ស្វ៊ីស។ គ្រប់ភាគី​នៃ​តុ​ចរចា​បាន​ស្វាគម និង​ចាត់ទុក កិច្ចព្រមព្រៀង​គោល ថា​ជា​ដំណាក់កាល​ដំបូង ដើម្បី ឈាន​ទៅរក​កិច្ចព្រមព្រៀង ផ្តាច់ព្រ័ត្រ​មួយ នៅ​ថ្ងៃ​ទី ៣០​មិថុនា​ខាងមុខ។ ក្នុង​ពេល​រង់ចាំ អាមេរិក និង​អ៊ីរ៉ង់​ដែល​ជា​តួអង្គ​សំខាន់ បង្កើត​ឲ្យ​មាន​កិច្ចព្រមព្រៀង គោល មានភារកិច្ច បញ្ចុះបញ្ចូល​និង​ទាក់ទាញ​គាំទ្រ ពី​អ្នកនយោបាយ​ក្នុង​ស្រុក ដើម្បី អាច​ឈាន​ទៅដល់​បិទបញ្ចប់​ភាពតានតឹង​ទាំងស្រុង រវាង​ភាគី​ទាំងពីរ។ 

រដ្ឋមន្រ្តីការបរទេស​អាមេរិក និង​អ៊ីរ៉ង់ នៅក្នុង​សន្និសីទ​កាសែត ក្រោយ​ចុះ​កិច្ចព្រមព្រៀង គោល​ស្តីពី​នុយក្លេអ៊ែរអ៊ីរ៉ង់ នៅ​ថ្ងៃ​ទី ២​មេសា​ក្នុង​ក្រុង​ឡូសាន ប្រទេស​ស្វ៊ីស
រដ្ឋមន្រ្តីការបរទេស​អាមេរិក និង​អ៊ីរ៉ង់ នៅក្នុង​សន្និសីទ​កាសែត ក្រោយ​ចុះ​កិច្ចព្រមព្រៀង គោល​ស្តីពី​នុយក្លេអ៊ែរអ៊ីរ៉ង់ នៅ​ថ្ងៃ​ទី ២​មេសា​ក្នុង​ក្រុង​ឡូសាន ប្រទេស​ស្វ៊ីស Reuters
ផ្សាយពាណិជ្ជកម្ម

តើ​អ្នកណា​មួយ​ដែល​បាន​នឹក​ស្រមៃ​ថា ប្រទេស​អំណាច និង​អ៊ីរ៉ង់ អាច​ចុះ​កិច្ច​ព្រមព្រៀង ស្តី​ពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែរ​ឬទេ? ១២​ឆ្នាំ​មកហើយ ដែល​ប្រទេស​លោកខាងលិច ដឹកនាំ​ដោយ​អាមេរិក ចូល​តុចរចា​ជាមួយ អ៊ីរ៉ង់។ ប៉ុន្តែ មួយលើក ជាពីរលើក ការចរចា បាន​ជួប​បរាជ័យ ដោយសារ​ជំហរ​តឹងរ៉ឹង របស់​ភាគី ម្ខាងៗ។

 
ត្រលប់​ទៅមើល​ដើមហេតុ​ដំបូង ដែល​ធ្វើ​ឲ្យ​អ៊ីរ៉ង់​ត្រូវ​ជាប់សំណាញ់ ទណ្ឌកម្ម​របស់​សហគមន៍​អន្តរជាតិ។ គួររំលឹក​ថា នៅ​ឆ្នាំ ២០០២ គឺ​កាលពី​១៣​ឆ្នាំមុន អាមេរិក​ក្រោម​ការដឹកនាំ​របស់​រដ្ឋបាល​លោក​ប៊ូស​ចង់​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ ថ្កោលទោស បន្ទាប់​ពី​គេ​រកឃើញ​ថា អ៊ីរ៉ង់ បាន​លួច​សាងសង់ មជ្ឈមណ្ឌល​នុយក្លេអ៊ែរ ដើម្បី ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម និង​លាក់​មិន​ឲ្យ​គេដឹង។

គឺ នៅ​មួយឆ្នាំក្រោយ ឆ្នាំ ២០០៣ ដែល ការចរចា​ស្តីពី​នុយក្លេអ៊ែរ អ៊ីរ៉ង់ បាន​ចាប់ផ្តើម​ចេញ​ជា​រូបរាង​ឡើង។ កាលណោះ គឺ​ប្រធានាធិបតី​កំណែទម្រង់​របស់​អ៊ីរ៉ង់ លោក​មូហាម៉េដ ខាតាមី ដែល​ជា​អ្នកបោះដៃ ចង់​បង្កើត​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ប្រទេស​លោក​ខាង​លិច។ លោក​ប្រធានាធិបតី​អ៊ីរ៉ង់ បាន​ចាត់ចែង​ឲ្យ​ រដ្ឋមន្រ្តី​ការបរទេស គឺ​លោក​ហាសាន់ រ៉ូហានី​ឲ្យ​ចូលដឹកនាំ​ការចរចា​ជាមួយ​អាមេរិក។ អាច​និយាយ​បាន​ថា ប្រធានាធិបតី​អ៊ីរ៉ង់ បច្ចុប្បន្ន លោក​ហាសាន់ រ៉ូហានី​ធ្លាប់​ជា​រដ្ឋមន្រ្តី​ការបរទេស ដែល​ដឹកនាំ​ការចរចា នៅ​ឆ្នាំ ២០០៣។ នៅ​ឆ្នាំ នោះ អ៊ីរ៉ង់​មាន​ទឹកចិត្ត​មែនទែន ដើម្បី​ចរចា​បិទ​បញ្ចប់​ភាពតានតឹង​ជាមួយ​ប្រទេស​លោកខាងលិច ជាពិសេស អាមេរិក។ លោក​ប្រធានាធិបតី​អ៊ីរ៉ង់ ជំនាន់​នោះ បាន​ធ្វើ​ទាំង​សម្បទាន ដោយ​សុខចិត្ត​ផ្អាក​កម្មវិធី​នុយក្លេអ៊ែរ និង​យល់ព្រម​ឲ្យ​មានការត្រួតពិនិត្យ​ពី ទីភ្នាក់ងារ​អន្តរជាតិ ស្តីពី​ថាមពល​នុយក្លេអ៊ែរ AIEA។ ប៉ុន្តែ ដំណើរការ​ចរចា មាន​អាយុ​តឹ្រម ២​ឆ្នាំ ដោយសារ​តែ​អ៊ីរ៉ង់ អស់​ភាពអត់ធ្មត់​នឹង​ភាគី​អាមេរិក ដែល​ពេលនោះ រកលេស មិនឈប់ឈរ ដើម្បី​ពន្យារពេល​ចរចា។​​

នៅ​ឆ្នាំ ២០០៥ ដំណើរការ​ចរចា​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ បាន​ជាប់គាំង​ទាំងស្រុង បន្ទាប់​ពី​អ៊ីរ៉ង់ មានលោក ម៉ាមូដ អាម៉ាឌីនេស្ហាត។ ផ្ទុយពី​ប្រធានាធិបតី​មុន​ដែល​ចង់​ធ្វើ​កំណែទម្រង់ លោក​Ahmadinejad មក ពី​ក្រុម​អភិរក្សជ្រុល​និយម នៃ​សាធារណរដ្ឋ​អ៊ីស្លាម​បាន​ប្រកាស​ធ្វើ​សង្រ្គាម​ជាមួយ​ប្រទេស​លោកខាងលិច ដោយ​ប្រកាស​រក្សា​សិទ្ធិ​អ៊ីរ៉ង់ ក្នុង​ការមាន​កម្មវិធី​នុយក្លេអ៊ែរ។ គឺ​លោក​​Ahmadinejad ដែល​បាន​ប្រកាស​ចង់​រំលាយ​អ៊ីស្រាអែល​ពី​ផែនទី​ពិភពលោក។

នៅពេល​ដែល​អ៊ីរ៉ង់ បែរខ្នង មិន​ចង់​ចរចា គឺ​ដល់​វេន អាមេរិក​នៅឆ្នាំ ២០០៩ ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​ដែល​បាន​បោះដៃ ទៅ​រក​អ៊ីរ៉ង់។ ប៉ុន្តែ លោក​អូបាម៉ា ត្រូវ​រង់ចាំ​ឲ្យ​ប្រធានាធិបតី​ឆ្មើងឆ្មៃ​របស់​អ៊ីរ៉ង់ ចាញ់ឆ្នោត ទៅ​ឲ្យ​លោក​ហាសាន់ រ៉ូហានី នៅ​ឆ្នាំ ២០១៣ សិន ទើប ការចរចា ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ចាប់ចេញ​រូបរាង​ជាថ្មី។

កតា្ត សេដ្ឋកិច្ច ភាពឯកោរ​ដោយសារ​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ និង​អស្ថិរភាព នៅក្នុង​តំបន់ បាន​ជំរុញ ឲ្យ​អ៊ីរ៉ង់​ដឹកនាំ​ដោយ​ប្រធានាធិបតី​មិន​អភិរក្ស​និយម ឲ្យ​ត្រលប់​ចូល​តុចរចា។ រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​ធ្វើ​សម្បទាន​ជា​ច្រើន ដើម្បី អាច​ទទួល​បាន​ការដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សហគមន៍​អន្តរជាតិ (អាមេរិក អង្គការ​សហប្រជាជាតិ និង​សហភាព​អឺរ៉ុប)។

អ៊ីរ៉ង់ ដែល​រស់ពឹង​អាស្រ័យ​នឹង​ការលក់​ប្រេង បាន​ទទួល​រងផលប៉ះពាល់​ខ្លាំង នៅពេល​អតិថិជន​ទិញ​ប្រេង បាន​បែរខ្នង ដាក់​ខ្លួន ទៅតាម​ការដាក់សំពាធ​ពី​អង្គការ​សហប្រជាជាតិ និង​អាមេរិក។ បើសិន​ជា​អ៊ីរ៉ង់ បាន​ទទួល​ការដក​ទណ្ឌកម្ម​សេដ្ឋកិច្ច មែន នោះ​អ៊ីរ៉ង់ ដែល​ជា​មហាសេដ្ឋី​ប្រេង​លេខទី ៤ ក្នុង​ពិភពលោក សង្ឃឹម​នឹង​រកបង្កើន​ប្រាក់ចំណូល តាមរយៈ ការបង្កើន ការផលិត និង​លក់ប្រេង។ ដោយ​នឹង​ផលិត​ប្រេង ចំនួន ១​លាន​ធុង ក្នុង​មួយថ្ងៃ អ៊ីរ៉ង់ នឹង​អាច​ប្រជែង​យក​ចំណាត់ថ្នាក់ លេខ​ពីរ បន្ទាប់​ពី​អារ៉ាប៊ី សាអូឌីត នៅក្នុង​អង្គការ​ប្រទេស​នាំចេញ​ប្រេង OPEC។

លោក​ប្រធានាធិបតី ហាសាន់ រ៉ូហានី ធ្លាប់​បាន​សន្យា​រក​ខ្យល់ដក​ដង្ហើម ឲ្យ​សេដ្ឋកិច្ច អ៊ីរ៉ង់ ដែល​បាន​ចុះខ្សោយ ដោយសារ​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ។ អ៊ីរ៉ង់​នឹង​រៀបចំ ការបោះឆ្នោត​ប្រធានាធិបតី នៅក្នុងរយៈ​ពេល ២​ឆ្នាំទៀត។ ដូច្នេះ កិច្ចព្រមព្រៀង ជាមួយ​ប្រទេស​លោកខាងលិច ដើម្បី បន្ធូរដង្ហើម​សេដ្ឋកិច្ច ផ្តល់​ការងារ​ធ្វើ ដល់​យុវជន​អ៊ីរ៉ង់ ក៏​អាច​ជា​យុទ្ធសាស្រ្ត របស់​លោក​ប្រធានាធិបតី​ដើម្បី​អូសទាញ ម្ចាស់ឆ្នោត។

កិច្ច​ព្រមព្រៀង​គោល ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ នឹង​មិនអាច​ចេញ​ជារូបរាង បានទេ បើសិន គ្មាន​ការឈ្មុសឈ្មុល​របស់​រដ្ឋបាល​លោកអូបាម៉ា ដែល​ចង់​បញ្ចប់​របស់លោក ជាមួយ​នឹង​ការបិទបញ្ចប់​សំណុំរឿង​​នុយក្លេអ៊ែរ​​អ៊ីរ៉ង់។

សម្រាប់​លោក​អូបាម៉ា​ ការដាក់ទណ្ឌកម្ម​មិន​បាន​រារាំង បញ្ឈប់​មហិច្ឆតា របស់​អ៊ីរ៉ង់ ក្នុង​ការផលិត​អាវុធ​នុយក្លេអ៊ែរ ផ្ទុយទៅវិញ  វា​រឹតតែ​បិទផ្លូវ រហូត​ធ្វើ​ឲ្យ​អ៊ីរ៉ង់ អាច​ក្រពុលមុខ ទៅ​បង្ក​អស្ថិរភាព​នៅ​តំបន់​ដើមបូព៌ា ដែល​កំពុង​ច្របូកច្របល់​រួចស្រាប់​ទៅហើយនោះ។ ក្នុង​រយៈពេល ១០​ឆ្នាំ ដែល​ការចរចា​ត្រូវ​ជាប់គាំង អ៊ីរ៉ង់​នៅ​តែ​​លួច​បង្កើន​​ម៉ាស៊ីន ចម្រើន​ធាតុអ៊ុយរ៉ានីញ៉ូម ពី ១៦០​មក​ពី​២​ម៉ឺនគ្រឿង។ រោងចក្រ​នុយក្លេអ៊ែរ របស់​អ៊ីរ៉ង់ មាន​នៅ​គ្រប់​កន្លែង។ ដោយ​ជ្រើសរើស​ការចរចា​ការទូត ដើម្បី​បិទបញ្ចប់​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ លោក​អូបាម៉ា​ចង់​ឆ្លៀត​អូសទាញ​អ៊ីរ៉ង់​ឲ្យ​ចូលរួម​ផងដែរ ជាភាគី​មួយ ដោះស្រាយ​វិបត្តិ​ជម្លោះ នៅ ដើមបូព៌ា​ដែរ ព្រោះ ចង់ ឬ​មិន​ចង់ អ៊ីរ៉ង់​បច្ចុប្បន្ន កំពុង​លូកដៃ ក្នុង​វិបត្តិ​នៅ​ស៊ីរី យេម៉េន លីបង់ ឬ​អ៊ីរ៉ាក់​ជាដើម។​ នេះ​គេ​នៅ​មិនទាន់​និយាយ​ពីលទ្ធភាព​រួមដៃគ្នា​រវាង​អាមេរិក និង​អ៊ីរ៉ង់ ដើម្បី​ប្រយុទ្ធ​នឹង​សត្រូវរួម គឺក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ