ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/10 12h00 GMT
មជ្ឈិមបូព៌ា

អាមេរិក​នឹង​ពិចារណា​ក្នុង​ពេល​ឆាប់ៗ ពី​រឿង​ផ្តល់​ជំនួយឡើងវិញ​ដល់​​យោធា​អេហ្ស៊ីប ​

media  
លោក​ប្រមុខ​ការបរទេស​អាមេរិក ជួប​ជាមួយ​លោក​ប្រធានាធិបតី​ ស៊ីស៊ី នៅ​ក្រៅ​កិច្ចប្រជុំ​អន្តរជាតិ​សម្រាប់​អនាគត​អេហ្ស៊ីប ដែល​ធ្វើឡើង​នៅ Charm el-cheikh ថ្ងៃទី ១៣​មីនា ២០១៥ REUTERS/Brian Snyder

ប្រមុខការបរទេស​អាមេរិក លោក​ចន ឃេរី បាន​ប្រកាស​កាលពីថ្ងៃ​សៅរ៍​ម្សិលមិញ​ថា ទីក្រុង​វ៉ាស៊ីនតោន​​នឹង​សម្រេច នៅក្នុង​ពេល​ឆាប់ៗ ខាងមុខ ក្នុង​រឿង​ផ្តល់​ជំនួយឡើង​វិញ​ដល់​ប្រទេស​អេហ្ស៊ីប។ រដ្ឋបាល​លោក​អូបាម៉ា​បាន​ថ្កោលទោស ការចូលកាន់​អំណាច​របស់​ប្រធានាធិបតី​អេហ្ស៊ីប តាមរយៈ ការធ្វើ​រដ្ឋប្រហារ បាន​ផ្អាក​ជំនួយ​ដល់​រដ្ឋាភិបាល​អេហ្ស៊ីប។ ប៉ុន្តែ សហរដ្ឋអាមេរិក​ទំនង​ដូរ​ជំហរ​របស់ខ្លួន បន្ទាប់ពី​អារ៉ាប៊ី សាអូឌីត អេមីរ៉ា​អារ៉ាប់​រួម និង​កូវែត​បាន​សន្យា​ផ្តល់​ជំនួយ វិនិយោគ​ក្នុង​ទឹកប្រាក់ ១២​ពាន់​លាន​ដុល្លារ ដល់រដ្ឋាភិបាល​ទីក្រុង​គែរ។

 

នៅ​ថ្ងៃ​សុក្រ ថ្ងៃ​បើក​សន្និសីទ អន្តរជាតិ ដើម្បី អនាគត​អេហ្ស៊ីប ប្រទេស​សេដ្ឋីប្រេង អារ៉ាប៊ី សាអូឌីត អេមីរ៉ា អារ៉ាប់​រួម និង​កូវែត បាន​បង្កើត​ភាពភ្ញាក់ផ្អើល ដោយ​បាន​ប្រកាស​ផ្តល់​ជំនួយ​​វិនិយោគ ១២​ពាន់​លាន​ដុល្លារ ដែល​នៅក្នុង​នោះ ៣​ពាន់​លាន​ដុល្លារ​នឹង​ត្រូវ​បញ្ជូន​ទៅ​ស្តុក​ទុក​ក្នុង​ធនាគារ​កណ្តាល​អេហ្ស៊ីប។ ចំណែក​ប្រទេស​អូម៉ង់​វិញ ក៏​បាន​សន្យា​បន្ថែម ៥០០​លាន​ដុល្លារ​ទៀត។

 
ប្រទេស​សេដ្ឋីប្រេង​នៅ​សមុទ្រ​ពែរ្ស៍​ផ្តល់​លុយ​ទំនុកបម្រុង​ដល់​រដ្ឋាភិបាល​អេហ្ស៊ីប​សម្រាប់​ការប្តេជ្ញា​ចិត្ត​របស់​ប្រទេស​នេះ ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម។ លោកប្រធានាធិបតី​អេហ្ស៊ីប​​អាប់ឌែល ហ្វាតា អាល់ ស៊ីស៊ី ជាមេដឹក​អារ៉ាប់​ម្នាក់ ដែល​ធ្លាប់​​ប្រកាស​ទាមទារ​ឲ្យ​មាន​ការបង្កើត​កម្លាំង​យោធា​អារ៉ាប់​រួម ដើម្បី​ប្រឆាំង​ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម។ សំណើនេះ​នឹង​ត្រូវ​លើក​យក​ទៅ​ពិចារណា នៅក្នុង​កិច្ចប្រជុំ​កំពូល​នៃ​សម្ព័ន្ធ​អារ៉ាប់ ដែល​ត្រូវ​រៀបចំ​ធ្វើ​នៅ​ចុងខែ​មីនានេះ។

ជំនួយ​វិនិយោគ​១២ពាន់ ​លាន​ដុល្លារ នឹង​បន្ថែម​ពី​លើ​ប្រាក់​ជំនួយ​កន្លង​មក ដែល​ប្រទេស​សេដ្ឋី​ប្រេង នៅ​សមុទ្រ​ពែរ្ស៍ ធ្លាប់​បាន​ផ្តល់​ទៅ​ឲ្យ​រដ្ឋាភិបាល​ថ្មី របស់​អេហ្ស៊ីប ដឹកនាំ​ដោយ​លោក​ អាប់ឌែល ហ្វាតា អាល់ ស៊ីស៊ី។ លោក​ស៊ីស៊ី បាន​ទទួល​ការគាំទ្រ​ពី​ប្រទេស​អារ៉ាប់ សម្រាប់​វិធានការ​វាយ​កម្ចាត់​ក្រុមអ៊ីស្លាម ភាតរអ៊ីស្លាម របស់​​អតីត​ប្រធានាធិបតី​ម៉រស៊ី ដែល​គេ​ចោទ​ថា ជា​ក្រុមភេរវនិយម។

ផ្ទុយទៅវិញ លោក​ប្រធានាធិបតី​អេហ្ស៊ីប ស៊ីស៊ី ត្រូវ​បាន​ប្រទេស​លោកខាងលិច ដែល​នៅ​ក្នុង​នោះ​មាន អាមេរិក​ផងដែរ រិះគន់​យ៉ាងខ្លាំង ថា បាន​ធ្វើ​រដ្ឋប្រហារ ដណ្តើម​អំណាច​ពី​ ប្រធានាធិបតី​ ស្របច្បាប់ កាលពី​ឆ្នាំ ២០១៣។ ភ្លាមៗ អាមេរិក​បាន​សម្រេច​ផ្អាក លែង​ផ្តល់​ជំនួយ​យោធា ដល់​អេហ្ស៊ីប និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​គោរព​លទ្ធិប្រជាធិបតេយ្យ។ សូមបញ្ជាក់ថា សហរដ្ឋ​អាមេរិក បាន​ផ្តល់​ជំនួយ​ប្រមាណ ១ពាន់ ៥​រយ​លាន​ដុល្លារ ដែល​នៅក្នុង​នោះ ១ ៣០០​​លាន​ដុល្លារ ទៅហើយ សម្រាប់​កងទ័ព​អេហ្ស៊ីប។

អេហ្ស៊ីប ជា​ប្រទេស​ដែល​មាន​កងទ័ព​ច្រើន​ជាងគេ​នៅក្នុង​ចំណោម​បណ្តា​ប្រទេស​អារ៉ាប់ នៅ​តំបន់​ដើមបូព៌ា។ អេហ្ស៊ីប​ទើប​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ទៅវាយប្រហារ​លើ​ទីតាំង​ក្រុមជីហាត​ក្នុង​ប្រទេស​លីប៊ី បន្ទាប់ពីក្រុមនេះ​បាន​សម្លាប់​អ្នកកាន់​សាសនា​គ្រឹស្ត​ជាតិ អេហ្ស៊ីប។ ដោយ​មើល​ទៅលើ​បរិបទ​ដែល​ថា អេហ្ស៊ីប​អាច​ដើរតួ​សំខាន់​ នៅក្នុង​ការវាយ​ប្រយុទ្ធ ប្រឆាំង​នឹង​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម អាមេរិក​ដែល​ដឹកនាំ​ក្រុមសម្ព័ន្ធ​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត តាម​ផ្លូវអាកាស នៅ ស៊ីរី និង​អ៊ីរ៉ាក់ ចង់ ឬ​មិន​ចង់​ត្រូវ​តែ​បន្ទន់​ជំហរ មកត្រូវរ៉ូវ ដើម្បី​ទទួល​បាន​កម្លាំង​ទ័ព អេហ្ស៊ីប ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត នៃ​អង្គការ​រដ្ឋអ៊ីស្លាម៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ