អានតួអត្ថបទ
អ៊ីរ៉ង់-ចិន

ចិន​មិនចង់​ឲ្យមាន​ការ​ពន្យារពេល​ចរចា​រឿង​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់

លោក​ប្រមុខការទូត​ចិន​វ៉ាង យី​បាន​ផ្តើម​បំពេញ​ទស្សនកិច្ច​រយៈពេល ២ថ្ងៃ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ដោយ​ចាប់​ផ្តើម​នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី១៥ កុម្ភៈ។ វត្តមាន​របស់​រដ្ឋមន្រ្តី​ការបរទេស​ចិន​ក្នុង​ប្រទេស​អ៊ីរ៉ង់​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ក្រុម​ចរចា ៥ភាគី បូក១ ស្តីពី​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​កំពុង​ព្យាយាម​ស្វែង​រក​កិច្ចព្រមព្រៀង​មួយ​ឲ្យ​បាន​មុន​ថ្ងៃទី៣១ មីនា​ខាង​មុខ។ តែ​លោក​វ៉ាង យី​បាន​ព្រមាន​ទុក​ជា​មុន​ថា ចិន​ក្នុង​នាម​ជា​ភាគី​ចរចា​ម្នាក់​មិន​ចង់​ឲ្យ​មាន​ការ​ពន្យារ​ពេល​កិច្ចចរចា​ទៅ​មុខ​ទៀត​ទេ ប្រសិន​បើ​គេ​នៅ​តែ​មិន​អាច​រក​ឃើញ​កិច្ចព្រមព្រៀង​មួយ​ដូច​កាល​កំណត់​នោះ។

លោក​វ៉ាង យី ប្រមុខ​ការទូត​ចិន
លោក​វ៉ាង យី ប្រមុខ​ការទូត​ចិន Reuters
ផ្សាយពាណិជ្ជកម្ម

គឺ​ជា​នៅ​សន្និសីទកាសែត​រួម​គ្នា​ក្នុង​ទីក្រុង​តេហេរ៉ង់​ជាមួយ​សមភាគី​អ៊ីរ៉ង់​លោក​ម៉ូហាម៉ាត យ៉ាវ៉ា ហ្សារីហ្វ​ដែល​លោក​ប្រមុខ​ការទូត​ចិន​វ៉ា យី​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា កិច្ចចរចា​ស្វែង​រក​កិច្ចព្រមព្រៀង​ស្តីពី​សំណុំរឿង​អ៊ីរ៉ង់​ត្រូវ​បាន​ពន្យារ​ពេល​ចំនួន ២ដង​រួច​មក​ហើយ និង​ថា ចិន​មិន​ចង់​ឲ្យ​មាន​ការ​ពន្យារ​ពេល​ជា​លើកទី៣ ទេ។ ការ​ថ្លែង​របស់​លោក​វ៉ាង យី​ពេល​នេះ​បាន​កើត​មាន​ឡើង មួយ​សប្តាហ៍​បន្ទាប់​ពី​សហរដ្ឋអាមេរិក​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ទីក្រុង​វ៉ាស៊ីនតោន​មិន​បាន​មើល​ឃើញ​ពី​អត្ថប្រយោជន៍​ដែល​គេ​ត្រូវ​ពន្យារ​ពេល​កិច្ចចរចា​បន្ថែម​ទៀត​ទេ ប្រសិន​ណា​បើ​គ្មាន​រូបមន្ត​ជា​មូលដ្ឋាន​ណា​មួយ​ត្រូវ​បាន​រក​ឃើញ​ពី​ពេល​នេះ​ទៅ​ដល់​ថ្ងៃទី៣១ មីនា​នោះ​ទេ។ គួរ​ជម្រាប​ជូន​ថា ចិន​ក៏​ជា​ភាគី​ចរចា​ម្នាក់​ក្នុង​ចំណោម ៥ភាគី បូក១ ជាមួយ​អាមេរិក បារំាង អង់គ្លេស រុស្ស៊ី និង​ប្រទេស​អាល្លឺម៉ង់។

 
តំាង​ពី​ខែ​វិច្ឆិកា ឆ្នំា ២០១៣ មក​ម្ល៉េះ​ដែល​ក្រុម​ចរចា ៥ភាគី បូក១ បាន​ព្យាយាម​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​ចុងក្រោយ​មួយ​ដោយ​អនុញ្ញាត​ឲ្យ​អ៊ីរ៉ង់​អាច​បន្ត​សកម្មភាព​នុយក្លេអ៊ែរ​ស៊ីវិល​ជា​ថ្នូរ​នឹង​ការ​លើក​ទ័ណ្ឌកម្ម​អន្តរជាតិ​ចេញ​ពី​អ៊ីរ៉ង់។ អ្វី​ដែល​បស្ចិមលោក​កំពុង​បន្ត​ទាមទារ​នោះ គឺ​សុំ​ឲ្យ​អ៊ីរ៉ង់​កាត់​បន្ថយ​សមត្ថភាព​នុយក្លែអ៊ែរ​របស់​ខ្លួន​ដើម្បី​ចៀសវាង​កុំ​ឲ្យ​របប​សាធារណរដ្ឋ​អ៊ីស្លាម​មួយ​នេះ​អាច​ផលិត​គ្រាប់បែក​បរិមាណូ​នៅ​ថ្ងៃ​ណា​មួយ ព្រម​ទំាង​ចង់​បាន​ការ​ធានា​ពី​ទីក្រុង​តេហេរ៉ង់​ថា កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​នឹង​បន្ត​ស្ថិត​ជា​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល​ជា​រៀង​រហូត។ កន្លង​មក អ៊ីរ៉ង់​ធ្លាប់​បាន​បញ្ជាក់​ថា កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​មិន​មាន​លក្ខណៈ​យោធា​ទេ តែ​សហគមន៍​អន្តរជាតិ​នៅ​បន្ត​មិន​ទុក​ចិត្ត។

តាម​គម្រោង កិច្ចចរចា​នឹង​ត្រូវ​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​នយោបាយ​មួយ​នៅ​មុន​ដំណាច់​ខែ​មីនា និង​កិច្ចព្រមព្រៀង​ជា​ស្ថាពរ​នៅ​មុន​ដំណាច់​ខែ​កក្កដា។ តែ​លោក​ប្រមុខ​ការទូត​ចិន​វ៉ាង យី​បាន​មើល​ឃើញ​ថា ថ្ងៃ​ខែ​កំណត់​កាន់​តែ​ខិត​ជិត​មក​ដល់ កិច្ចចរចា​កាន់​តែ​លំបាក​ស្មុគស្មាញ រីឯ​ឧបសគ្គ​ក៏​មាន​កាន់​តែ​ច្រើន​ឡើង។ តែ​លោក​វ៉ាង យី​បាន​អំពាវនាវ​ឲ្យ​គ្រប់​ភាគី​គិត​ប្រយោជន៍​រួម​ជា​ធំ និង​ថា វា​ជា​ឱកាស​មួយ​ដែល​គេ​ត្រូវ​បិទបញ្ចប់​វិបត្តិការទូត​ដែល​បាន​បំពុល​ដោយ​សំណុំរឿង​មួយ​នេះ​តំាង​ពី ១ទសវត្ស​មក​ហើយ។ ចំណែក​សមភាគី​អ៊ីរ៉ង់​បាន​រម្លឹក​ថា អ៊ីរ៉ង់​ត្រៀម​ខ្លួន​នឹង​បង្ហាញ​ពី​តម្លាភាព និង​ភាព​ស្មោះត្រង់​របស់​ខ្លួន​ចំពោះ​បស្ចិមលោក ព្រម​ទំាង​ចង់​ឃើញ​ការ​បិទបញ្ចប់​ទ័ណ្ឌកម្ម​ដែល​លោក​យល់​ថា នឹង​គ្មាន​ធ្វើ​ឲ្យ​ភាគី​ណា​មួយ​ចំណេញ​ទេ​ទៅ​ថ្ងៃ​អនាគត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ