អានតួអត្ថបទ

សំណុំរឿងខាស្ហូហ្ស៊ី៖ ព្រះរាជអាជ្ញាអារ៉ាប៊ីសាអូឌីត អះអាង​ថា​ព្រះអង្គម្ចាស់​MBS មិន​ពាក់ព័ន្ធ

ទីបំផុតទៅ​ ព្រះរាជអាជ្ញាអារ៉ាប៊ីសាអូឌីត បានប្រកាសទទួលស្គាល់ អំពីអំពើឃាតកម្មលើរូបលោក ហ្សាម៉ាល់ ខាស្ហូហ្ស៊ី ដែលកើតឡើងនៅថ្ងៃទី២ តុលា នៅក្នុងស្ថានកុងស៊ុលរបស់អារ៉ាប៊ីសាអូឌីត ប្រចាំក្រុងអ៊ីស្តង់ប៊ូល។ ព្រះរាជអាជ្ញាអារ៉ាប៊ីសាអូឌីត បានចោទប្រកាន់មនុស្ស១១នាក់ ហើយក្នុង​ចំណោមនោះ មាន៥នាក់ អាចជាប់ទោសប្រហារជីវិត។ ក៏ប៉ុន្តែព្រះរាជអាជ្ញានេះ បានអះអាងថា ព្រះអង្គម្ចាស់រាជទាយាទ ម៉ូហាម៉េដ បេនសាល់ម៉ាន់ មិនមានអ្វីពាក់ព័ន្ធ និងអំពើឃាតកម្មនេះទេ។ ដោយឡែកតួកគី បានចាត់ទុកថាការសន្និដ្ឋាននេះ មិនគ្រប់គ្រាន់ទេ ហើយបានទាមទារ ឲ្យបើកការស៊ើបអង្កេតអន្តរជាតិ​ ដោយ​​ឯករាជ្យ។ តែសំណើរនេះ ក៏ត្រូវបានអារ៉ាប៊ីសាអូឌីត បដិសេធចោល។

ព្រះរាជអាជ្ញាអារ៉ាប៊ីសាអូឌីតលោក Al Mojeb ចាកចេញ​​ពី​ស្ថាន​កុងស៊ុល​នៅ​ក្រុង​អ៊ិស្តង់ប៊ូល។ ថ្ងៃទី​៣០ តុលា ២០១៨
ព្រះរាជអាជ្ញាអារ៉ាប៊ីសាអូឌីតលោក Al Mojeb ចាកចេញ​​ពី​ស្ថាន​កុងស៊ុល​នៅ​ក្រុង​អ៊ិស្តង់ប៊ូល។ ថ្ងៃទី​៣០ តុលា ២០១៨ REUTERS/Kemal Aslan
ផ្សាយពាណិជ្ជកម្ម

ថ្ងៃព្រហស្បតិ៍ទី១៤ វិច្ឆិកា លោក Shaalan al Shaalan អ្នកនាំពាក្យនៃព្រះរាជអាជ្ញាអារ៉ាប៊ីសាអូឌីត បានប្រកាសថា លោក ហ្សាម៉ាល់ ខាស្ហូហ្ស៊ី ពិតជាត្រូវគេសម្លាប់នៅក្នុងស្ថានកុងស៊ុយពិតមែន។ ក៏ប៉ុន្តែអំពើឃាតកម្មនេះ គឺពុំមានអ្វីពាក់ព័ន្ធនឹង​ព្រះអង្គម្ចាស់​ម៉ូហាម៉េមេដ បេនសាល់ម៉ាន់ (MBS) ទេ។

អ្នកនាំពាក្យព្រះរាជអាជ្ញារូបនេះ បានពន្យល់ថា គឺភ្នាក់ងារចារកិច្ចសម្ងាត់អារ៉ាប៊ីសាអូឌីតម្នាក់ ឈ្មោះមេបញ្ជាការ Ahmed al-Assiri ដែលជាអ្នកបញ្ជូនមនុស្សមួយក្រុម ឲ្យទៅក្រុងអ៊ីស្តង់ប៊ូល ដើម្បីចាប់ខ្លួនលោក ហ្សាម៉ាល់ ខាស្ហូហ្ស៊ី យកមកអារ៉ាប៊ីសាអូឌីត។ ក៏ប៉ុន្តែគឺប្រធានក្រុមបេសកកម្មនេះទេ ដែលបានសម្រេច សម្លាប់លោកខាស្ហូហ្ស៊ី នៅទីនោះតែម្តង។ ព្រះរាជអាជ្ញាអារ៉ាប៊ីសាអូឌីត បានទទួលស្គាល់ថា លោកហ្សាម៉ាល់ ខាស្ហូហ្ស៊ី ត្រូវបានគេសម្លាប់ដោយប្រើថ្នាំបំពុល រួចហើយត្រូវបានគេកាត់ពុះជាដុំតូចៗ ដើម្បីយកចេញទៅចោល នៅខាងក្រៅស្ថានកុងស៊ុល។

សូមបញ្ជាក់ផងដែរថា អាជ្ញាធរអារ៉ាប៊ីសាអូឌីត បានចាប់ឃាត់ខ្លួនមនុស្ស២១នាក់ ដែលពាក់ព័ន្ធក្នុងករណីនេះ ប៉ុន្តែព្រះអាជ្ញាអារ៉ាប៊ីសាអូឌីត បានធ្វើការចោទប្រកាន់ជាផ្លូវការ លើមនុស្ស១១នាក់​។ ក្នុងចំណោមនោះ មាន៥នាក់ ដែលព្រះរាជអាជ្ញាអារ៉ាប៊ីសាអូឌីត ទាមទារឲ្យជាប់ទោសប្រហារជីវិត។

ដោយឡែក លោករដ្ឋមន្ត្រីការបរទេសតួកគី បាននិយាយថា អារ៉ាប៊ីសាអូឌីត ចង់ឲ្យគេជឿថា អំពើឃាតកម្ម​នេះ ជាអំពើមិនបានគ្រោងទុកមុន តែធាតុពិត បើពិនិត្យធាតុផ្សំ និងភស្តុតាងដែលតួកគីមាន​ គឺច្បាស់ណាស់ ដែលអំពើនេះ ​ជាការរៀបគំរោងទុកជាមុនយ៉ាងល្អិតល្អន់។ ការកាត់សាកសព ជាបំណែកតូច​ៗ មិនមែនជារឿង ចេះតែនឹកឃើញធ្វើភ្លាមៗនោះទេ។

ដូចគ្នាដែរ លោកប្រធានាធិបតីតួកគី បានលើកឡើងជាច្រើនលើកច្រើនសារ ថាអំពើឃាតកម្មនេះ គឺប្រាកដ ជាបានទទួលការបញ្ជាពីថ្នាក់កំពូល របស់អារ៉ាប៊ីសាអូឌីត។ មនុស្សដែលត្រូវគេចាប់ខ្លួន មាន២នាក់ ដែលគឺជាមនុស្សស្និទបំផុត និងព្រះអង្គម្ចាស់ មហាម៉េដ បេនសាល់ម៉ាន់។ តួកគី បានទាមទារ ឲ្យ​បើក​ការស៊ើបអង្កេតជាលក្ខណៈអន្តរជាតិ និងឯករាជ្យ ដើម្បីស្វែងរកការពិត។ ក៏ប៉ុន្តែសំណើរនេះ ត្រូវបានអារ៉ាប៊ីសាអូឌីត បដិសេធ។

លោក Ha Hellyer អ្នកវិភាគនៅ Atlantic Council ប្រចាំក្រុងវ៉ាស៊ីនតោន បានលើកឡើងថា តាមរយៈការប្រកាសរបស់ព្រះរាជអាជ្ញាអារ៉ាប៊ីសាអូឌីតនាពេល​នេះ គឺអារ៉ាប៊ីសាអូឌីត ចង់ឲ្យពិភពលោក ជឿថាខ្លួនកំពុងព្យាយាមរកយុត្តិធម៌ហើយ តែធាតុពិត វាគឺជាយុត្តិធម៌បំភ័ន្តភ្នែក ព្រោះថា សំណួរនៅតែចោទសួរដដែល ថា អ្នកណា ជាអ្នកបញ្ជារឲ្យធ្វើអំពើដ៏ព្រៃផ្សៃនេះ?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ