អានតួអត្ថបទ

ដើមបូព៌ា៖ អង់គ្លេសបញ្ជូននាវាចម្បាំងទី២ ទៅការពារចរាចរណ៍នៅឈូងសមុទ្រពែក្ស

រដ្ឋាភិបាលអង់គ្លេស បានបញ្ជាក់ឲ្យដឹងនៅថ្ងៃសៅរ៍ ទី១៣កក្កដា នេះថាខ្លួន​បានបញ្ជូន​នាវាចម្បាំងទី២ មួយគ្រឿងទៀត ទៅកាន់ច្រកសមុទ្រអកម៉ូស ដែលជាច្រកចូលទៅកាន់ ឈូងសមុទ្រពែក្ស។ ការបញ្ជូនបន្ថែមនាវាចម្បាំងរបស់អង់គ្លេសនេះ គឺត្រូវបានរដ្ឋាភិបាល​អង់គ្លេសអះអាងថា ដើម្បីការពារសិទ្ធិសេរីភាព​ធ្វើចរាចរណ៍ នៅក្នុងតំបន់នេះ បន្ទាប់​ពី​​កងទ័ពអ៊ីរ៉ង់ បានប៉ុនប៉ង រារាំងការធ្វើដំណើរ របស់ចរាចរណ៍ ដឹកប្រេងអង់គ្លេស។

នាវាចម្បាំង​អង់គ្លេស HMS Duncan (D37) ឆ្លងកាត់​សមុទ្របូសហ្វ័រក្បែរក្រុងអ៊ីស្តង់ប៊ូល ឆ្ពោះទៅកាន់ តំបន់ឈូងសមុទ្រ​ពែក្ស។ ថ្ងៃទី​១២​ កក្កដា​ ២០១៩
នាវាចម្បាំង​អង់គ្លេស HMS Duncan (D37) ឆ្លងកាត់​សមុទ្របូសហ្វ័រក្បែរក្រុងអ៊ីស្តង់ប៊ូល ឆ្ពោះទៅកាន់ តំបន់ឈូងសមុទ្រ​ពែក្ស។ ថ្ងៃទី​១២​ កក្កដា​ ២០១៩ REUTERS/Murad Sezer
ផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យរដ្ឋភិបាលអង់គ្លេស បាន​ឲ្យដឹងថា នាវាចម្បាំងឈ្មោះ HMS Duncan កំពុងតែធ្វើដំណើរឆ្ពោះទៅកាន់​​ច្រកសមុទ្រអ៊កម៉ូស មាត់ច្រកចូលនៃឈូងសមុទ្រពែក្ស ដើម្បី​ជួយ​ការងាររបស់នាវាចម្បាំង ឈ្មោះ HMS Montrose ដែលកំពុងនៅទីនោះស្រាប់។ អ្នកនាំពាក្យដដែល បន្ថែមថា នាវាចម្បាំងទាំង២គ្រឿង មានបេសកកម្ម​ការពារសេរីភាពធ្វើចរាចរណ៍ របស់នាវាទាំងអស់នៅក្នុងឈូងសមុទ្រពែក្ស។

រដ្ឋាភិបាលអង់គ្លេស មិនបានបញ្ជាក់ទេ ថានាវាចម្បាំងទាំង២ នឹងស្ថិតនៅទីនោះ រយៈពេលប៉ុន្មាន​។ ដោយផ្អែកតាមប្រភព​ពីមន្ត្រីរដ្ឋាភិបាលអង់គ្លេសខ្លះ បាន​ឲ្យដឹងថាអង់គ្លេស​បានដំឡើងកំរិតអាសន្ន ​ដល់ចំណុចអតិបរមា ទាក់ទិននឹងចរាចរណ៍នាវា នៅក្នុងដែន​ទឹក​​របស់អ៊ីរ៉ង់ ក្នុងច្រកសមុទ្រអកម៉ូស ហើយបាន​ក្រើនរំលឹកនាវាទាំងអស់ ឲ្យមានការប្រុងប្រយ័ត្ន។

គួររំលឹកថា ច្រកសមុទ្រអកម៉ូស ជាច្រកចេញចូល​​ទៅកាន់​​ឈូងសមុទ្រពែក្ស ហើយដែលជាផ្លូវដឹកជញ្ជូនប្រេងឆៅ ​ដល់ទៅ​១ភាគ​៣ នៃតម្រូវការសកលលោកទាំងមូល។ ភាពតានតឹងរវាងសហរដ្ឋអាមេរិក​ និងអ៊ីរ៉ង់ បានធ្វើឲ្យច្រកសមុទ្រនេះ ស្ថិតក្នុងការឃ្លាំមើលយ៉ាងប្រយ័ត្ន។ បើផ្អែកតាមការចោទប្រកាន់របស់អាមេរិក និងអង់គ្លេស គឺកងទ័ពអ៊ីរ៉ង់ បាន​ព្យាយាមរារាំងនាវាដឹកប្រេងមួយគ្រឿងរបស់អង់គ្លេស នៅច្រកអកម៉ូស កាលពីថ្ងៃពុធទី​១០កក្កដា។

លោកដូណាល់ ត្រាំ ដែលធ្លាប់បាន​គំរាម​ ថាអាមេរិក​អាចកម្ទេចអ៊ីរ៉ង់ក្នុងពេល​យ៉ាងខ្លីនោះ បានលើកឡើងនៅចំពោះមុខអ្នកកាសែតថា អ៊ីរ៉ង់ ត្រូវតែប្រុងប្រយត្ន័ ព្រោះអ៊ីរ៉ង់កំពុងតែដើរចូល​តំបន់គ្រោះថ្នាក់។ ការចោទប្រកាន់របស់អាមេរិកនេះ ត្រូវបាន​រដ្ឋាភិបាលអ៊ីរ៉ង់បដិសេធចោល ហើយបានលើកឡើងថា អាមេរិកមានចេតនាញុះញង់ បង្កបញ្ហា នឹងអាលមានលេស ធ្វើបាប ឬដាក់ទណ្ឌកម្ម​លើអ៊ីរ៉ង់។

ដោយឡែក សភា​តំណាងអាមេរិក ដែលគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យ បានដាក់ស្នើកម្រោងច្បាប់ថ្មីមួយ ដែលមានខ្លឹមសារបិទផ្លូវ ​កុំឲ្យ​លោកដូណាល់ ត្រាំ សម្រេច​ប្រើកម្លាំងវាយអ៊ីរ៉ង់។ គម្រោងច្បាប់នោះ បានកំណត់ថា រដ្ឋាភិបាល​មិនអាចទទួល​បានកញ្ចប់ថវិកាចំណាយ ​លើប្រតិបត្តិការវាយ​ប្រហារអ៊ីរ៉ង់ទេ បើសិន​ជាប្រតិបត្តិការនោះ មិនមែនជាការការពារ​ខ្លួន ឬក៏វាមិនត្រូវបាន​អនុញ្ញាតយល់ព្រម ពីសមាជិក​​សភា។ តែយ៉ាងណាគម្រោងច្បាប់នេះ អាចនឹងត្រូវជាប់គាំងនៅព្រឹទ្ធសភា ដោយសារនៅទីនោះ សមាជិក​ភា​គច្រើន គឺជាមនុស្ស​បក្ស​សាធារណៈរដ្ឋ របស់លោកដូណាល់ ត្រាំ។

ទាក់ទិននឹងសេរីភាព ការពារ​ចរាចរណ៍ក្នុងសមុទ្រ នៅតំបន់ឈូងសមុទ្រពែក្សេនេះ រដ្ឋាភិបាលអាមេរិក មានគំរោងបង្កើត ក្រុមសម្ព័ន្ធមិត្តអន្តរជាតិមួយ  ដើម្បីការពារចរាចរណ៍នាវាដឹកទំនិញ។ តែយ៉ាងណាប្រទេសអឺរ៉ុបខ្លះ មានបារាំងជាដើម គឺពុំមានបំណងទៅចូលរួម​បញ្ជូនទ័ព ទៅកាន់តំបន់នេះ ទៅតាមការប្រកូកប្រកាសរបស់​អាមេរិកនោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ