អានតួអត្ថបទ
ស៊ីរី

តួកគី​ត្រៀមបើក​ព្រំដែន​ទទួល​ជនភៀស​ខ្លួន​ស៊ីរី

ស្ថានភាព​អាសន្ន​កំពុងតែ​បន្ត​មាន​កាន់តែ​ខ្លាំង ​នៅ​ភាគ​ខាង​ជើង​ស៊ីរី ​ បន្ទាប់​ពី​កងទ័ព​រដ្ឋាភិបាល​ស៊ីរី​ ព្រមទាំង​យន្តហោះ​ទំលាក់​គ្រាប់បែក​របស់​រុស្ស៊ី ​បាន​សម្រុក​វាយ​ដណ្តើម​យក​តំបន់​អាឡិប។​ ប្រជាជាន​ជាង៣ម៉ឺន​នាក់ ​បាន​នាំគ្នា​រត់​ចលាចល​ ទៅកាន់​ព្រំដែន​តួកគី ​ដើម្បី​រក​កន្លែង​ជ្រក។ ប្រធានាធិបតី​តួកគី ​ បាន​ថ្លែង​នៅ​ថ្ងៃ​អាទិត្យ ​ទី៧​កុម្ភៈ​ថា ​តួកគី​ កំពុង​ត្រៀមខ្លួន​បើក​ព្រំដែន ​ ព្រោះគេ​មិន​អាច​ឱបដៃ​ឈរមើល​ប្រជាជន​ស៊ីរី​រាប់​ម៉ឺន​នាក់ ​ដេក​រកេតរកូល​ហាលវាល​ ក្នុង​អាកាសធាតុ​ដ៏​ត្រជាក់​បែប​នេះ​ បាន​ទេ។

ប្រជាជន​ស៊ីរី ឈរពពាក់ពពូន នៅក្បែរ​ព្រំដែនតួកគី​ ក្បែរ​ក្រុង​Azas
ប្រជាជន​ស៊ីរី ឈរពពាក់ពពូន នៅក្បែរ​ព្រំដែនតួកគី​ ក្បែរ​ក្រុង​Azas REUTERS/Osman Orsal
ផ្សាយពាណិជ្ជកម្ម

ជិត​៤ម៉ឺននាក់ នៅ​ដេក​ចាំ​ក្បែ​ច្រក​ព្រំដែន​តួកគី

ប្រជាជន​ស៊ីរី​ មាន​ចាស់​មាន​ក្មេង ​ វិច​បង្វិច​រត់​ពពាក់​ពពូន​ ដើម្បី​គេច​ចេញ​ពី​ការ​ទំលាក់​គ្រាប់​បែក​របស់​រុស្ស៊ី ​នៅ​តំបន់​ក្រុង​អាឡិប។ ក្នុង​រយៈពេល​មួយ​សប្តាហ៍​ចុងក្រោយ​នេះ ​រុស្ស៊ី​បាន​ទំលាក់​គ្រាប់បែក​ប្រហែល​ជា​១០០​គ្រាប់​ នៅ​ទីនោះ​ ដើម្បី​កម្ទេច​ក្រុម​ឧទ្ទាម​រំដោះ​ស៊ីរី។ ពីរ​ថ្ងៃ​ចុងក្រោយ​នេះ ​ ប្រជាជន​ប្រមាណ​ជា​ជាង​៣ម៉ឺន​នាក់ ​ បាន​នាំគ្នា​រត់​ភៀសខ្លួន​ ទៅ​ដល់​ក្រុង ​Azaz​ ចំងាយ​៥​គីឡូម៉ែត្រ ​ពី​ព្រំដែន​តួកគី។

យោង​តាម​ការ​រាយការណ៍ ​ ពី​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន ​ស្ថានភាព​នៅ​ទីនោះ​ គឺ​មាន​លក្ខណៈ​អនោចអធម្ម​ជា​ពន់ពេក​ណាស់ ​ដោយសារ​ប្រជាជន​គ្មាន​ស្បៀង ​គ្មាន​ថ្នាំ​សង្កូវ​ គ្មាន​ដំបូល​ជ្រក​ ​ជា​ពិសេស​ដោយសារ​ពេលនេះ​ជា​រដូវ​ត្រជាក់ ​ ដែល​សីតុណ្ហភាព ​អាច​ធ្លាក់​ចុះ​ក្បែរ​សូន្យ​អង្សារ​ក៏​មាន។ ចំនួន​មនុស្ស​កំពុងតែ​បន្ត​ដំណើរ​មក​ថែម​ទៀត ​ហើយ​បើ​តាម​ការ​ស្មាន ​អាច​កើន​ឡើង​រហូត​ដល់​៧ម៉ឺន​នាក់។

ច្រក​ព្រំដែន​សំខាន់ៗ​ របស់​តួកគី​នៅតែ​បិទ​នៅ​ឡើយ ​ ដែល​ធ្វើឲ្យ​ប្រជាជន​ស៊ីរី ​នៅ​ដេក​ចាំ​រកេតរកូត​ គួរឲ្យ​សង្វេក។ ថ្ងៃ​អាទិត្យ​ទី​៧ ​កុម្ភៈ ​លោក​អ៊ែកដូហ្កាន់ ​ប្រធានាធិបតី​តួកគី ​បាន​ថ្លែង​ថា ​គេ​មិន​អាច​បន្ត​ឈរឱប​ដៃ​មើល​ទៀត​ទេ។ តួកគី​នឹង​ត្រូវ​បង្ខំចិត្ត​បើក​ព្រំដែន​ ដើម្បី​សង្រ្គោះ​ជីវិត​ប្រជាជន​ស៊ីរី ​ដែលកំ​ពុង​តែ​ដងើ្ហយ​រក​ជំនួយ។ ទោះបីជា​យ៉ាងណា ​លោក​មិន​បាន​បញ្ជាក់​ថា ​ពេល​ណា​ព្រំដែន​នឹង​បើក​ទេ។

"រុស្ស៊ី ​មេឈ្លានពាន"

ដោយឡែក ប្រធានាធិបតីតួកគី​ បាន​ឆ្លៀត​បន្ថែម​ដោយ​ចំអក​ទៅ​ដក់​រុស្ស៊ី​ ​ដោយ​បាន​ចោទ​សួរ​ថា ​តើ​រុស្ស៊ី​កំពុង​តែ​ធ្វើអ្វី ​ឲ្យ​ពិត​ប្រាកដ​នៅ​ស៊ីរី? ​គឺ​រុស្ស៊ីទេ​ដែល​ជា​អ្នក​មក​ឈ្លានពាន​ស៊ីរី​ តាម​រយៈ​ការ​ទម្លាក់​គ្រាប់បែក​  ដើម្បី​ជួយ​ប្រធានាធិបតី​បាស្ហា ​ដែល​ជា​អ្នក​សម្លាប់​ប្រជាជន​ឯង​ រាប់​សែន​នាក់​មកហើយ។ ការ​ឆ្លើយ​បែប​នេះ ​ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​រុស្ស៊ី ​បាន​ធ្វើការ​ថ្កោលទោស​តួកគី​ ថា​ចង់​បញ្ជូន​កំលាំង​ចូល​ទៅ​វាយ​នៅ​ស៊ីរី ​ដើម្បី​ជួយ​ក្រុមឧទ្ទាម​ដែល​កំពុង​តែ​ធ្លាក់ដៃ។

អេមៀរ៉ាតអារ៉ាប់រួម​ ត្រៀម​បញ្ជូន​កម្លាំង​ទៅ​ស៊ីរី

យ៉ាងណាមិញ ​នៅថ្ងៃ​អាទិត្យ​ ទី​៧​កុម្ភៈ​ នេះ​ដែរ​ ប្រទេស​អាមៀរ៉ាត់​អារ៉ាប់រួម​ បាន​បញ្ជាក់​ថា​ខ្លួន​ត្រៀម​កម្លាំង​រួចរាល់​ហើយ ​ ដើម្បី​ទៅ​ចូលរួម​ជាមួយ​សម្ព័ន្ធមិត្ត​អន្តរជាតិ​ ដើម្បី​ធ្វើ​ការ​កម្ទេច​ក្រុម​ជីហាដ​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ីរី។ ក៏​ប៉ុន្តែ ​រដ្ឋមន្ត្រី​ការបរទេស​អាមៀរ៉ាត់អារ៉ាប់រួម ​បាន​បន្ថែម​ថា​ក្រុម​បេសកកម្ម​ថ្មើរជើង ​គឺ​ជា​រឿង​ដែល​មិន​អាច​ចៀស​បាន​ទេ ​ បើសិន​ជា​ចង់​យក​ឈ្នះ ​ហើយ​ខ្លួន​មាន​គម្រោង​បញ្ជូន​ទៅ​ជាច្រើន​ពាន់​នាក់។ ហើយ​មួយវិញ​ទៀត ​បេកកម្ម​ប្រភេទ​នេះ ​គឺត្រូវ​តែ​សហរដ្ឋអាមេរិក​ ជា​អ្នក​ដឹកនាំ។

ទាក់ទិន​ទៅ​នឹង​ការ​បញ្ជូន​កម្លាំង​ទៅ​វាយ​នៅ​ស៊ីរី ​ លោក​រដ្ឋមន្ត្រី​ការបរទេស​របស់​រដ្ឋាភិបាល​បាស្ហា ​អាល់អាសាដ ​បាន​ថ្លែង​ព្រមាន​ថា ​រាល់​អន្តរាគមន៍​យោធា​នៅ​ស៊ីរី​ ត្រូវតែ​ទទួល​បាន​ភ្លើងខៀវ​ ពី​រដ្ឋាភិបាល​ស៊ីរី​ជា​មុន​សិន។ ពុំនោះ​ទេ ​ទាហាន​បរទេស​ទាំងអស់​នឹង​ត្រឡប់​ទៅ​ស្រុក​វិញ ​ ក្នុង​ក្តាម្ឈូស​ជាក់​ជា​ពំខាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ