យេម៉ែនឆ្លងកាត់សោកនាដកម្មសង្រ្គាមពីរឆ្នាំ ដោយគ្មានសង្ឃឹមថាមានច្រកចេញ
ជាងពីរឆ្នាំមកហើយ ដែលសង្រ្គាមនៅយេម៉ែន បានផ្ទុះឡើង រវាងក្រុមឧទ្ទាមហ៊ូទី និងកងទ័ពរដ្ឋាភិបាលយេម៉ែន។ សង្រ្គាម ដែលមានលក្ខណៈសាសនានេះ ត្រូវបានគេជឿថា មានអ៊ីរ៉ង់ ជាអ្នកលូកដៃជួយក្រុមហ៊ូទី ដែលកាន់សាសនាអ៊ីស្លាម និកាយឈីអ៊ីត ដូចគ្នា។ អារ៉ាប៊ីសាអូឌីត និងសម្ព័ន្ធមិត្តអារ៉ាប់អ៊ីស្លាមស៊ុនីត ជាច្រើនទៀត បានសម្រេចចិត្តចូលរួមធ្វើសង្រ្គាម នៅយេម៉ែន ដើម្បីជួយកងទ័ពរដ្ឋាភិបាលយេម៉ែន។ ២ឆ្នាំនៃសង្រ្គាម គ្មានច្រកចេញ បានបណ្តាលឲ្យស្លាប់ប្រជាជនស្លូតត្រង់រាប់ពាន់នាក់ ហើយប្រទេសយេម៉ែនទាំងមូល ត្រូវបែកខ្ទិចជាចំរៀក។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៣០
ថ្ងៃទី២៦មីនា ឆ្នាំ២០១៥ ជាថ្ងៃដែលសម្ព័ន្ធមិត្តអារ៉ាប់ស៊ុនីត ដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានសម្រេចចិត្ត ចាប់ផ្តើមទំលាក់គ្រាប់បែក លើក្រុមឧទ្ទាមហ៊ូទី នៅយេមែន។ ២ឆ្នាំមកហើយ ដែលសង្រ្គាមនេះ បានអូសបន្លាយ ក្លាយជាជំងឺមហារីក ស៊ីរូងប្រទេសដ៏ក្របំផុត នៃតំបន់ឧបទ្វីបអារ៉ាប់មួយនេះ។ ការចូលរួម ទម្លាក់គ្រាប់បែកដោយកំរោល ដោយគ្មានយុទ្ធសាស្ត្រ និងផែនការច្បាស់លាស់ ពីសំណាក់អារ៉ាប៊ីសាអូឌីត មិនត្រឹមតែមិនបានជួយបញ្ចប់ការវាយប្រយុទ្ធគ្នាទេ តែថែមទាំងបានបង្កនូវសោកនាដកម្ម ឲ្យកាន់តែធ្ងន់ធ្ងរ ទៅលើប្រជាជនស្លូតត្រង់យេម៉ែន។
កងទ័ពសម្ព័ន្ធមិត្តអារ៉ាប់ស៊ុនីត ដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានទម្លាក់គ្រាប់បែកសឹងតែជាប្រចាំថ្ងៃ នៅយេម៉ែន។ ជានិច្ចជាកាល គ្រាប់បែកទាំងនោះ បានធ្លាក់ទៅលើផ្ទះប្រជាជន សាលារៀន មន្ទីរពេទ្យ និងវិហារម៉ូស្កេជាដើម។ ជាក់ស្តែង ថ្ងៃទី២៨ កញ្ញា ឆ្នាំ២០១៥ គ្រាប់បែករបស់សម្ព័ន្ធមិត្តអារ៉ាប់ បានធ្លាក់ទៅលើពិធីរៀបមង្គលការមួយកន្លែង នៅតំបន់Mokha ដែលបណ្តាលឲ្យស្លាប់មនុស្ស១៣១នាក់។ ថ្ងៃទី១៥សីហា ឆ្នាំ២០១៦ គ្រាប់បែករបស់អារ៉ាប៊ីសាអូឌីត បានធ្លាក់ទៅលើមន្ទីរពេទ្យនៅទីក្រុង Abs ដែលបណ្តាល ឲ្យស្លាប់មនុស្ស១៩នាក់ នឹងរបួសរាប់សិបនាក់។ ករណីឧទាហរណ៍ ដ៏សង្វេកមួយទៀត គឺនៅថ្ងៃទី ៨ តុលា ឆ្នាំ២០១៦ ដែលកងទ័ពអារ៉ាប៊ីសាអូឌីត បានទម្លាក់គ្រាប់បែក ទៅលើពិធីបុណ្យសពមួយ នៅក្រុងសាណា ដែលបានបណ្តាលឲ្យស្លាប់ មនុស្ស១៤០នាក់ នឹងរបួសជាង៥០០នាក់។
បើតាមតួលេខរបស់អង្គការសហប្រជាជាតិ ក្នុងរយៈពេល២ឆ្នាំមកនេះ មានមនុស្សស្លាប់ ៧៧០០នាក់ អ្នករបួសប្រមាណ៤២៥០០នាក់ ព្រមទាំងមនុស្ស៣លាននាក់ ដែលត្រូវបង្ខំចិត្តចាកចោលផ្ទះសម្បែង។ គម្រោងការចរចា និងទម្លាក់អាវុធ ដឹកនាំដោយអង្គការសហប្រជាជាតិ ត្រូវបានបរាជ័យ៧ដងមកហើយ ដោយសារតែគ្មានភាគីណាមួយគោរព។ អង្គការសហប្រជាជាតិ បានលើកឡើងថា ស្ថានភាពនៅយេម៉ែន គឺជាសោកនាដកម្មដ៏ធ្ងន់ធ្ងរបំផុតរបស់មនុស្សជាតិ ជាពិសេសគ្រោះទុរភិក្សកំពុងតែគំរាមកំហែង ប្រទេសដ៏ក្រីក្រមួយនេះ។
សង្រ្គាមនៅយេម៉ែន បានដើរដល់ដំណាក់កាលមួយ ដែលគ្មាននរណាស្តាប់អ្នកណា។ អ្នកចេះដឹងមានសមត្ថភាពរបស់យេម៉ែន មិនមាននរណាយកពេលមកគិតគូរ រកច្រកចេញទេ គឺបាននាំគ្នាយកតែប្រាសអាយុរៀងខ្លួន។ បន្ថែមពីនេះទៀត ក្រុមជីហាដអង្គការរដ្ឋអ៊ីស្លាម និងក្រុមអាល់កាយដា កំពុងតែពង្រីកដែនដីរបស់ខ្លួន ស្របពេលដែលយេម៉ែន ធ្លាក់ក្នុងកលយុគ គ្មានរដ្ឋាភិបាលគ្រប់គ្រង។ កងទ័ពអាមេរិក ក្រោយពេលដែលលោកដូណាល់ ត្រាំឡើងកាន់តំណែង បានបន្ថែមការទម្លាក់គ្រាប់បែកនៅយេម៉ែន សំដៅកម្ទេចក្រុមអាល់កាយដា ដែលការនេះហាក់បានជួយបន្ថែមចំនួនអ្នកស្លាប់ ព្រមទាំងរុញយេម៉ែន ឲ្យធ្លាក់កាន់ជ្រៅក្នុងជ្រោះមរណៈ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ