អានតួអត្ថបទ

អ៊ីរ៉ង់ថាបើគេខ្ទប់ប្រេងខ្លួនមិនឲ្យចេញ នោះ​សុវត្ថិភាព​នៅ​ឈូង​សមុទ្រ​ក៏មិន​អាច​ធានា​ដូច​មុន​បាន​ដែរ

អាយ៉ាតូឡា អាលីខាមឺណី ប្រមុខសាសនាកំពូលរបស់អ៊ីរ៉ង់ បាន​ថ្លែងកាលពីថ្ងៃពុធ ទី​២១សីហា ថា បើសិនជាការនាំប្រេងឆៅចេញរបស់អ៊ីរ៉ង់ ត្រូវគេបិទខ្ទប់ឲ្យដល់ចំណុចសូន្យនោះ នោះសុវត្ថិភាពចរាចរណ៍នាវា នៅក្នុងឈូងសមុទ្រពែក្ស ក៏នឹងមិនអាចត្រូវបានធានា ដូចមុនបានឡើយ។ សូមបញ្ជាក់ថា ការប្រកាសដូចនេះ របស់ប្រមុខដឹកនាំកំពូលអ៊ីរ៉ង់ គឺធ្វើឡើងបន្ទាប់ពី​រដ្ឋាភិបាលអាមេរិក បាន​អំពាវនាវឲ្យអង្គការសហប្រជាជាតិបន្តដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់។ ទន្ទឹមដែរការនាំប្រេងចេញរបស់អ៊ីរ៉ង់ បានធ្លាក់ចុះខ្លាំងដោយសារទណ្ឌកម្ម​អាមេរិក នៅតំបន់ឈូងសមុទ្រឯណោះ មានការព្រួយបារម្ភជាខ្លាំង ស្តីពីការផ្ទុះអាវុធ ដែលអាចរំខានដល់សុវត្ថិភាពនៃចរាចរណ៍នាវាដឹកប្រេង។

អាយ៉ាតូឡាអាលី ខាមឺណី  មគុទេសន៍កំពូល​របស់អ៊ីរ៉ង់
អាយ៉ាតូឡាអាលី ខាមឺណី មគុទេសន៍កំពូល​របស់អ៊ីរ៉ង់ Official Khamenei website/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

សន្តិសុខចរាចរណ៍នាវាក្នុងឈូងសមុទ្រពែក្ស​ ទល់នឹងការនាំប្រេងចេញ។ នៅលើគេហទំព័រផ្លូវការ របស់ប្រមុខមគុទេសន៍សាសនាអ៊ីរ៉ង់ លោកអាយ៉ាតូឡា អាលីខាមឺណី បានលើកឡើងថា​ ក្រុមប្រទេសមហាអំណាចដឹងច្បាស់ណាស់ ​ថាវិស័យនាំចេញ​ប្រេងឆៅរបស់អ៊ីរ៉ង់ ត្រូវគេបិទខ្ទប់ទាំងស្រុង។ បើសិនជាការនាំបេ្រងចេញរបស់អ៊ីរ៉ង់ ត្រូវធ្លាក់ដល់ចំណុចសូន្យ នោះចរាចរណ៍នាវាដឹកប្រេងទាំងអស់​ ដែលឆ្លងកាត់ឈូងសមុទ្រពែក្ស ក៏នឹងមិនអាចធានាសុវត្ថិភាព​បាន​ដូចមុនដែរ។ លោកអាលីខាមឺណី បន្ថែមថា ការដាក់សំពាធយ៉ាងធ្ងន់ធ្ងរមកលើអ៊ីរ៉ង់ នឹងគ្មានផលល្អសម្រាប់ពពួក​មនុស្សអស់នោះឡើយ ហើយវាក៏ជះ​ផលអវិជ្ជមាន ដល់សន្តិសុខតំបន់​ និងពិភពលោកដែរ។

គួរកត់សំគាល់ថា នេះជាលើកទីមួយហើយ ដែលប្រមុខដឹកនាំកំពូលរបស់អ៊ីរ៉ង់ បានចេញសារដែលមានលក្ខណៈគំរាមដោយត្រង់ៗ ទៅលើ​ចរាចរណ៍នាវាដឹកប្រេង ដែលឆ្លងកាត់ឈូងសមុទ្រពែក្ស។ ដោយឡែក រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់វិញ ធ្លាប់បាន​ប្រាប់ថា អ៊ីរ៉ង់​អាចចេញធ្វើសកម្មភាព​ ដោយមិនចាំបាច់ឲ្យ​ដំណឹងមុនទេ ប្រៀបបានទៅនឹងទង្វើ ដែលមិនអាចស្មានទុកមុន ​របស់​លោកដូណាល់ ត្រាំដូច្នោះ​ដែរ។

សូមរំលឹកថា ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ​២០១៨ ការនាំប្រេងចេញរបស់អ៊ីរ៉ង ​បានធ្លាក់ចុះយ៉ាងគំហុក បន្ទាប់ពីរដ្ឋាភិបាល​លោកដូណាល់ ត្រាំ បានសម្រេចដាក់ទណ្ឌកម្ម រារាំងមិន​ឲ្យគ្រប់ប្រទេសទាំងអស់ ទិញប្រេងពីអ៊ីរ៉ង់។ កាលពី​ខែកក្កដាកន្លងទៅនេះ ការផលិតប្រេងឆៅដើម្បីនាំចេញរបស់អ៊ីរ៉ង់ គឺមានតែ១សែនធុងបារីលក្នុងមួយថ្ងៃប៉ុណ្ណោះ ខណៈដែលកាលពី​មុន​ខែមេសាឆ្នាំ២០១៨ ពោលគឺមុនការដាក់ទណ្ឌកម្មរបស់អាមេរិក អ៊ីរ៉ង់ផលិតប្រេង ចំនួន​២លាន​៥សែនធុងបារីល ក្នុងមួយថ្ងៃដើម្បីនាំចេញ​។

វិស័យសេដ្ឋកិច្ចអ៊ីរ៉ង់ កំពុងស្ថិតក្នុងស្ថានភាព​មួយ គួរឲ្យព្រួយបារម្ភបំផុត ដោយសារតែគ្មានចំណូល​ពីប្រេងឆៅ។ ការគំរាមរបស់អ៊ីរ៉ង់ ទាក់ទិន​សន្តិសុខសុវត្ថិភាព​នៃចរាចរណ៍​ដឹកប្រេង​ ក្នុងឈូងសមុទ្រ នាពេលនេះ ប្រាកដជាធ្វើឲ្យប្រទេសនាំប្រេងចេញផ្សេងទៀត មានការព្រួយបារម្ភ។ វាក៏នឹងបន្ថែមកំដៅដល់ភាពតានតឹង ដែលអាចឈានទៅដល់ការផ្ទុះអាវុធនៅក្នុងតំបន់នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ