អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក​​សរសើរ​​អ៊ីស្លាម​​ដែល​​មិន​តឹងតែង​​​​នៅ​​ឥណ្ឌូណេស៊ី​​ តែ​​​ក្រុង​​ហ្សាការតា​​​រងឥទ្ធិពល​​​​​អ៊ីស្លាម​​ជ្រុលនិយម​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​ព្រហស្បតិ៍នេះ ​ក្នុង​ពេល​បំពេញទស្សនកិច្ច​នៅ​ឥណ្ឌូណេស៊ី ​អនុប្រធានាធិបតី​អាមេរិក  Mike Pence បាន​ថ្លែង​សរសើរ​ការ​ប្រារព្ធ​សាសនា​អ៊ីស្លាម​​ដែល​មាន​លក្ខណៈ​មិនជ្រុល​​និយម នៅ​ឥណ្ឌូណេស៊ី។ ម្សិលមិញ​នេះ លោក​អាហុក ​ជា​អភិបាល​ក្រុង​ហ្សាការតា​ដែល​ផុត​អាណត្តិ​​បា​នទទួល​បរាជ័យ​ក្នុង​ការ​​បោះឆ្នោត​​​ ហើយ​កំពុង​ប្រឈម​នឹង​ទោស​ជាប់ពន្ធនាគារ​ ពីបទ​ប្រមាថ​សាសនា​អ៊ីស្លាម។ រដ្ឋអាជ្ញា​ឥណ្ឌូណេស៊ី​ទាមទារ​​អោយ​លោក​អាហុក​ជាប់​ពន្ធនាគារ​​មួយឆ្នាំ។​ ក្នុង​ពេល​ច្រើន​​សប្តាហ៍ទៀត ទើប​តុលាការ​​ចេញ​សាលក្រម​សម្រេច។ 

អនុប្រធានាធិបតី​អាមេរិក លោក​Mike Pence និង​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក​Joko Widodo នៅ​ក្រុង​ហ្សាការតា ថ្ងៃ២០មេសា២០១៧
អនុប្រធានាធិបតី​អាមេរិក លោក​Mike Pence និង​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក​Joko Widodo នៅ​ក្រុង​ហ្សាការតា ថ្ងៃ២០មេសា២០១៧ Reuters
ផ្សាយពាណិជ្ជកម្ម

តាមរយៈ​​ក្តីក្តាំចោទ​លោក​អាហុក ថា​​​ប្រមាថ​សាសនា​អ៊ីស្លាម ឥណ្ឌូណេស៊ី​កំពុងរងឥទ្ធិពល​ពី​ក្រុម​​អ៊ីស្លាម​ជ្រុល​និយម​ដោយ​មិនដឹងខ្លួន ​​

ពេលនេះ​ លោក​យ៉ាហាយ៉ា ពូណាម៉ា ហៅ​អាហុក ជាអភិបាល​ក្រុង​ហ្សាការតា​ផុតអាណត្តិ កំពុង​ប្រឈម​ជាប់គុក​ ដោយសារ​រឿង​ប្រមាថ​សាសនា​អ៊ីស្លាម។ ហើយ​ប្រហែល​ដោយសារ​រឿង​នេះដែរ ទើប​ក្នុង​ការ​បោះឆ្នោត​រើស​អភិបាល​ក្រុង ​ជុំទី២ ម្សិលមិញ​ លោក​អាហុក​​បាន​ទទួល​បរាជ័យ។ ​រឿងរ៉ាវ​ក្តីក្តាំ​ប្រមាថ​សាសនា​អ៊ីស្លាម​របស់​លោក​អាហុក​នេះ បាន​ចាប់​​កើតឡើង​តាំង​ពី​ខែ​កញ្ញា​ឆ្នាំ​២០១៦។

ឆ្នាំមុននេះ ​​លោក​ពូណាម៉ា បាន​ប្រកាស​ក្នុង​ន័យ​បែបនេះ​ថា​ ​​អ្នកជំនាញ​សាសនា​​អ៊ីស្លាម​មួយចំនួន​ បាន​យល់ច្រឡំ ក្នុង​ការ​​​​​បកស្រាយ​ខ្លឹមសារ​​មួយ​ ក្នុង​គម្ពីរ​កូរ៉ង់ ដោយ​បកស្រាយ​ថា ​អ្នកកាន់​សាសនា​អ៊ីស្លាម​ត្រូវបោះឆ្នោត​គាំទ្រ​តែ​អ្នកដឹកនាំ​​​កាន់​សាសនា​អ៊ីស្លាមដូចគ្នា។ សូម​បញ្ជាក់ថា អភិបាល​ក្រុង​ហ្សាការតា​ផុត​អាណត្តិ ​ជា​កូនចៅ​ចិន និង​ជា​អ្នក​កាន់សាសនា​គ្រិស្ត។ ការ​ដែល​លោក​ប្រកាស​បែបនេះ ក៏ប្រហែល​​ដោយសារ​លោក​គិតថា​ ឥណ្ឌូណេស៊ី​មិនកាន់​សាសនា​អ៊ីស្លាម​​ជ្រុល​និយម ដូច​ប្រទេស​មួយចំនួន​នោះដែរ។ គ្រប់គ្នា​ក៏សុទ្ធ​តែ​ដឹងថា ឥណ្ឌូណេស៊ី​កាន់សាសនា​អ៊ីស្លាម​មិនតឹងតែង​។

ប៉ុន្តែ សម្រាប់​អ្នក​មានទំនោរអ៊ីស្លាម​​ជ្រុល​និយម​ ការ​ដែល​លោក​អាហុក​ហ៊ាន​លើកឡើង​ថា អ្នកជំនាញ​អ៊ីស្លាម​បកស្រាយ​ខ្លឹមសារ​ដោយ​យល់​ច្រឡំ​នោះ គឺ​ជា​ការ​មាក់ងាយ​ដល់​អ្នកជំនាញ​សាសនា ជា​ការ​មាក់ងាយ​សាសនាអ៊ីស្លាម​​តែម្តង។ ដោយសារ​ការ​ប្រកាស​របស់​អភិបាលក្រុង​ហ្សាការតា​បែបនេះ​ កាលពី​ឆ្នាំមុននេះ ​ក៏​មាន​ការផ្ទុះការ​តវ៉ា ប្តឺងផ្តល់​លោក​អភិបាល​អាហុកនេះឡើង។ សម្រាប់​ក្រុមជំនាញ​ ការ​តវ៉ា​ចោទ​លោក​អាហុក​បែបនេះ វា​ជា​រឿង​នយោបាយ​ទៅវិញទេ។ ថ្ងៃព្រហស្បតិ៍​នេះ រដ្ឋអាជ្ញា​បាន​ទាមទារ​អោយ​ដាក់ទោស​លោក​អាហុក​អោយ​ជាប់គុក​១ឆ្នាំ។ លោក​អាហុក​បដិសេធ​ថា លោក​មិនបាន​ប្រមាថ​សាសនា​អ៊ីស្លាម​​ទេ។ ​

កាលពី​ពេល​បោះឆ្នោត​ជុំទី១ លោកអាហុកបាន​ទទួលសម្លេង​នាំមុខ ៤៣ភាគរយ។ ឃើញថា ទោះ​មា​ន​រឿង​ក្តីក្តាំ​បែបនេះ​ទៅហើយ​ក្តី ក៏​ប្រជាជន​បាន​បោះឆ្នោត​គាំទ្រ​លោក​ដែរ នេះក៏ដោយសារ​តែ​លោក​អាហុក​មាន​​​​ស្នាដៃ​​កំចាត់​អំពើ​ពុករលួយ​ក្នុង​ស្ថាប័ន​រដ្ឋ គួរ​កត់សម្គាល់។ ប៉ុន្តែ ​លោក​បាស្វេដាន ដែល​ឈ្នះឆ្នោត​ជុំទី២ ផ្តាច់ព្រ័ត្រ​នេះ ក៏​មិនចាញ់លោក​អាហុក ​​ឆ្ងាយ​ពេកដែរ​ ព្រោះ ​កាលពី​ជុំទី១​​ គឺលោក​បាស្វេដាន​​បាន​ទទួល​សម្លេង​៤០ភាគរយ ហើយ​មាន​បេក្ខជន​មួយរូបទៀត បាន​ទទួលសម្លេង​​១៧ភាគរយដែរ។

ការ​ខិតទៅរក​ក្រុម​អ៊ីស្លាម​ជ្រុលនិយម ​​​អាច​ជា​គន្លឹះ​​អោយ​​លោក​អានី​ បាស្វេដា​ន បាន​​ជាប់ឆ្នោត​ជា​ចៅហ្វាយក្រុង​ហ្សាការតា​ថ្មី​
លោក​បាស្វេដាន ជា​អតីត​រដ្ឋមន្ត្រី​ក្រសួងអប់រំ និង​​​ជា​អ្នកកាន់​សាសនា​អ៊ីស្លាម។ ដោយសារ​លោក​អាហុក​​ជាប់​រឿងអាស្រូវប្រមាថ​សាសនា​អ៊ីស្លាម គេឃើញ​ថា ក្នុង​រវាង​ការឃោសនា​ឆ្នោត​ជុំទី១ និង​ជុំទី២ លោក​បាស្វេដាន​ហាក់​ខិតទៅរក​ក្រុម​រណសិរ្សការពារ​អ៊ីស្លាម ជា​ក្រុម​​​​មានឥទ្ធិពល​ក្នុងស្រុក។ ក្រុម​នេះ​បាន​ជួយឃោសនា​អោយ​លោក​បាស្វេដាន ដោយ​បាន​ប្រមូល​មនុស្ស​រាប់សែននាក់អោយ​តវ៉ា​ប្រឆាំង​នឹង​លោក​អាហុក​ ដែល​ជា​អ្នកកាន់​សាសនា​គ្រិស្ត។

គេបាន​​រិះគន់​លោក​បាស្វេដាន​យ៉ាងខ្លាំង ដោយសារ​លោក​បាស្វេដាន​ខិតទៅ​រក​ចលនា​មួយនេះ ប្រហែល​លោក​ចង់​ឆ្លៀត​រក​បាន​ការ​គាំទ្រ រកអ្នកជួយ​ឃោសនា​រក​សន្លឹកឆ្នោត​​​អោយ​លោក​។ ​គួរបញ្ជាក់​ដែរថា ការបោះឆ្នោត​រើស​អភិបាល​ក្រុង​ហ្សាការតា​នេះ ក៏ជា​វិញ្ញាសា​មួយ​មុន​ការបោះឆ្នោត​ប្រធានាធិបតី​​​ឆ្នាំ២០១៩​ដែរ។ ​គេ​មើលឃើញថា ​លោក​បាស្វេដាន​​កំពុង​សម្លឹង​តំណែង​ប្រធានាធិបតី​ឥណ្ឌូណេស៊ី។

ដោយឡែក តាំង​ពី​ចុងឆ្នាំ២០១៦​មក ​មាន​បាតុកម្ម​​តវ៉ា​ប្រឆាំង​លោក​អាហុក ជា​អភិបាល​ក្រុង​​ហ្សាការតា ផុតអាណត្តិ ​និង​​​ជាអ្នក​កាន់សាសនា​គ្រិស្ត- មាន​ការទាមទាររបស់​រដ្ឋអាជ្ញា អោយ​​ដាក់ទោស​លោក​អាហុករហូត​ជាប់គុក ដោយសារ​តែ​លោក​បាន​ប្រើត្រឹម​តែ​ពាក្យថា អ្នកជំនាញ​សាសនា​អ៊ីស្លាម ច្រឡំ​ខ្លឹមសារ​គម្ពីរ​កូរ៉ង់ -​ គេ​មើល​ឃើញថា​​ ឥណ្ឌូណេស៊ី​ដែលគ្រប់គ្នា​សុទ្ធតែ​ដឹងថា ជា​ប្រទេស​មិនតឹងតែង​ក្នុង​ការ​ប្រារព្ធ​សាសនា​អ៊ីស្លាម ឥឡូវនេះ ឥណ្ឌូណេស៊ីហាក់​លែង​ចេះ​អនុគ្រោះ​អ្នកកាន់​សាសនា​តូចតាច​ទៀតហើយ។

សូមបញ្ជាក់ថា ​ឥណ្ឌូណេស៊ី​មាន​ប្រជាជន​២៥៥លាននាក់ ៩០ភាគរយ​កាន់​សាសនា​អ៊ីស្លាម។ ​រដ្ឋឥណ្ឌូណេស៊ី​ផ្តោត​ទស្សនៈ​គ្រឹះ​ទៅលើ​គោលការណ៍​ចំនួន​៥ ហៅ​ថា Pancasila ជា​គោលការណ៍​ទទួលស្គាល់​ភាព​ស្មើគ្នា​រវាង​សាសនា​ចំនួន​៦។ នេះ​សបង្ហាញ​ពី​ការគោរព​ និង​អនុគ្រោះ​ដល់​សាសនា​ផ្សេងៗ ក្រៅ​ពី​សាសនា​អ៊ីស្លាម​។ ​​ប្រទេសផ្សេងៗ​​ដែល​កាន់​ច្បាប់​ស្ហារីយ៉ា​ ធ្វើ​មិនបានល្អ​​ដូច​ឥណ្ឌូណេស៊ី​ទេ។

ម្ល៉ោះហើយ​ទើប​បាន​ជា​ពេល​មាន​រឿងរ៉ាវតវ៉ា ​​ចោទលោក​អាហុក ជា​អភិបាល​ក្រុង​ហ្សាការតា​ដែល​ជា​អ្នកកាន់​សាសនា​គ្រិស្ត​​នេះឡើង ធ្វើអោយ​គេ​មើលឃើញថា ឥណ្ឌូណេស៊ី​​កំពុងរង​ឥទ្ធិពល​​ពី​ក្រុម​​​​អ៊ីស្លាម​​ជ្រុល​និយម ដោយ​មិនដឹងខ្លួន។ ​

អាមេរិក​សរសើរ​ឥណ្ឌូណេស៊ី ថា​មិនអនុវត្តជំនឿ​អ៊ីស្លាម​​ជ្រុល​និយម​ ដោយ​​មិនខ្វល់ខ្វាយ​​រឿង​លោក​អាហុក
អនុប្រធានាធិបតី​អាមេរិក​ លោក​Mike Pence ​បំពេញ​ទស្សនកិច្ច​នៅ​ឥណ្ឌូណេស៊ី ចំ​ព្រឹត្តការណ៍​​បោះឆ្នោត​ជ្រើសរើស​អភិបាល​ក្រុង​ហ្សាការតា​ថ្មី។ ចំពេល​លោក​អាហុក​ចាញ់​ឆ្នោត និង​មាន​រឿងរ៉ាវ​ក្តីក្តាំ អាមេរិក​មិនមែន​មិនដឹង​រឿង​ទំនោរជ្រុល​និយមរបស់​ឥណ្ឌូណេស៊ី​ទេ ប៉ុន្តែ​អនុប្រធានាធិបតី​​អាមេរិក​បែរ​ជា​​សរសើរ​ឥណ្ឌូណេស៊ី​ថា មិនជ្រុល​និយម​ ។ លោក ​Mike Pence ​សរសើរ​បញ្ជោរ​ថា នៅ​ឥណ្ឌូណេស៊ី​ គេ​មិនកាន់​សាសនា​អ៊ីស្លាម​ជ្រុលនិយម គឺ​ដូច​​​នៅ​អាមេរិក​ដែរ ​គឺ​ថា សម្រាប់​អាមេរិក​ សាសនា​មិន​បំបែក​បំបាក់​ទេ សាសនា​បង្រួប​បង្រួម​​​​មនុស្ស​គ្រប់គ្នា​ទៅវិញទេ។

អនុ​ប្រធានាធិបតី​​អាមេរិក  ​​សរសើរ​ឥណ្ឌូណេស៊ី​បែបនេះ ក៏​ព្រោះតែ​​លោក​ចង់កាត់​បន្ថយ​ភាព​តានតឹង​​រវាង​រដ្ឋបាល​លោក​ដូណាល់ ត្រាំ និង​អ្នកកាន់​សាសនា​អ៊ីស្លាម​​​​ នៅ​អាមេរិក​ឯណោះ ទៅវិញ​​ទេ។ ​ប៉ុន្មាន​ខែ​មកនេះ គេ​នាំគ្នា​រិះគន់​លោក​ត្រាំ​ ទាក់ទង​នឹង​ក្រឹត្យ​ហាមឃាត់​អ្នក​កាន់​សាសនា​អ៊ីស្លាម៦ប្រទេស​មិនអោយ​ចូលទឹកដី​សហរដ្ឋ​អាមេរិក ជា​បណ្តោះ​អាសន្ន។ ប៉ុន្តែ ក្រឹត្យ​នេះ​មិនបាន​ហាម​ពលរដ្ឋ​ឥណ្ឌូណេស៊ី​ទេ៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ