អាមេរិកសរសើរអ៊ីស្លាមដែលមិនតឹងតែងនៅឥណ្ឌូណេស៊ី តែក្រុងហ្សាការតារងឥទ្ធិពលអ៊ីស្លាមជ្រុលនិយម
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៣៤
ថ្ងៃព្រហស្បតិ៍នេះ ក្នុងពេលបំពេញទស្សនកិច្ចនៅឥណ្ឌូណេស៊ី អនុប្រធានាធិបតីអាមេរិក Mike Pence បានថ្លែងសរសើរការប្រារព្ធសាសនាអ៊ីស្លាមដែលមានលក្ខណៈមិនជ្រុលនិយម នៅឥណ្ឌូណេស៊ី។ ម្សិលមិញនេះ លោកអាហុក ជាអភិបាលក្រុងហ្សាការតាដែលផុតអាណត្តិបានទទួលបរាជ័យក្នុងការបោះឆ្នោត ហើយកំពុងប្រឈមនឹងទោសជាប់ពន្ធនាគារ ពីបទប្រមាថសាសនាអ៊ីស្លាម។ រដ្ឋអាជ្ញាឥណ្ឌូណេស៊ីទាមទារអោយលោកអាហុកជាប់ពន្ធនាគារមួយឆ្នាំ។ ក្នុងពេលច្រើនសប្តាហ៍ទៀត ទើបតុលាការចេញសាលក្រមសម្រេច។
តាមរយៈក្តីក្តាំចោទលោកអាហុក ថាប្រមាថសាសនាអ៊ីស្លាម ឥណ្ឌូណេស៊ីកំពុងរងឥទ្ធិពលពីក្រុមអ៊ីស្លាមជ្រុលនិយមដោយមិនដឹងខ្លួន
ពេលនេះ លោកយ៉ាហាយ៉ា ពូណាម៉ា ហៅអាហុក ជាអភិបាលក្រុងហ្សាការតាផុតអាណត្តិ កំពុងប្រឈមជាប់គុក ដោយសាររឿងប្រមាថសាសនាអ៊ីស្លាម។ ហើយប្រហែលដោយសាររឿងនេះដែរ ទើបក្នុងការបោះឆ្នោតរើសអភិបាលក្រុង ជុំទី២ ម្សិលមិញ លោកអាហុកបានទទួលបរាជ័យ។ រឿងរ៉ាវក្តីក្តាំប្រមាថសាសនាអ៊ីស្លាមរបស់លោកអាហុកនេះ បានចាប់កើតឡើងតាំងពីខែកញ្ញាឆ្នាំ២០១៦។
ឆ្នាំមុននេះ លោកពូណាម៉ា បានប្រកាសក្នុងន័យបែបនេះថា អ្នកជំនាញសាសនាអ៊ីស្លាមមួយចំនួន បានយល់ច្រឡំ ក្នុងការបកស្រាយខ្លឹមសារមួយ ក្នុងគម្ពីរកូរ៉ង់ ដោយបកស្រាយថា អ្នកកាន់សាសនាអ៊ីស្លាមត្រូវបោះឆ្នោតគាំទ្រតែអ្នកដឹកនាំកាន់សាសនាអ៊ីស្លាមដូចគ្នា។ សូមបញ្ជាក់ថា អភិបាលក្រុងហ្សាការតាផុតអាណត្តិ ជាកូនចៅចិន និងជាអ្នកកាន់សាសនាគ្រិស្ត។ ការដែលលោកប្រកាសបែបនេះ ក៏ប្រហែលដោយសារលោកគិតថា ឥណ្ឌូណេស៊ីមិនកាន់សាសនាអ៊ីស្លាមជ្រុលនិយម ដូចប្រទេសមួយចំនួននោះដែរ។ គ្រប់គ្នាក៏សុទ្ធតែដឹងថា ឥណ្ឌូណេស៊ីកាន់សាសនាអ៊ីស្លាមមិនតឹងតែង។
ប៉ុន្តែ សម្រាប់អ្នកមានទំនោរអ៊ីស្លាមជ្រុលនិយម ការដែលលោកអាហុកហ៊ានលើកឡើងថា អ្នកជំនាញអ៊ីស្លាមបកស្រាយខ្លឹមសារដោយយល់ច្រឡំនោះ គឺជាការមាក់ងាយដល់អ្នកជំនាញសាសនា ជាការមាក់ងាយសាសនាអ៊ីស្លាមតែម្តង។ ដោយសារការប្រកាសរបស់អភិបាលក្រុងហ្សាការតាបែបនេះ កាលពីឆ្នាំមុននេះ ក៏មានការផ្ទុះការតវ៉ា ប្តឺងផ្តល់លោកអភិបាលអាហុកនេះឡើង។ សម្រាប់ក្រុមជំនាញ ការតវ៉ាចោទលោកអាហុកបែបនេះ វាជារឿងនយោបាយទៅវិញទេ។ ថ្ងៃព្រហស្បតិ៍នេះ រដ្ឋអាជ្ញាបានទាមទារអោយដាក់ទោសលោកអាហុកអោយជាប់គុក១ឆ្នាំ។ លោកអាហុកបដិសេធថា លោកមិនបានប្រមាថសាសនាអ៊ីស្លាមទេ។
កាលពីពេលបោះឆ្នោតជុំទី១ លោកអាហុកបានទទួលសម្លេងនាំមុខ ៤៣ភាគរយ។ ឃើញថា ទោះមានរឿងក្តីក្តាំបែបនេះទៅហើយក្តី ក៏ប្រជាជនបានបោះឆ្នោតគាំទ្រលោកដែរ នេះក៏ដោយសារតែលោកអាហុកមានស្នាដៃកំចាត់អំពើពុករលួយក្នុងស្ថាប័នរដ្ឋ គួរកត់សម្គាល់។ ប៉ុន្តែ លោកបាស្វេដាន ដែលឈ្នះឆ្នោតជុំទី២ ផ្តាច់ព្រ័ត្រនេះ ក៏មិនចាញ់លោកអាហុក ឆ្ងាយពេកដែរ ព្រោះ កាលពីជុំទី១ គឺលោកបាស្វេដានបានទទួលសម្លេង៤០ភាគរយ ហើយមានបេក្ខជនមួយរូបទៀត បានទទួលសម្លេង១៧ភាគរយដែរ។
ការខិតទៅរកក្រុមអ៊ីស្លាមជ្រុលនិយម អាចជាគន្លឹះអោយលោកអានី បាស្វេដាន បានជាប់ឆ្នោតជាចៅហ្វាយក្រុងហ្សាការតាថ្មី
លោកបាស្វេដាន ជាអតីតរដ្ឋមន្ត្រីក្រសួងអប់រំ និងជាអ្នកកាន់សាសនាអ៊ីស្លាម។ ដោយសារលោកអាហុកជាប់រឿងអាស្រូវប្រមាថសាសនាអ៊ីស្លាម គេឃើញថា ក្នុងរវាងការឃោសនាឆ្នោតជុំទី១ និងជុំទី២ លោកបាស្វេដានហាក់ខិតទៅរកក្រុមរណសិរ្សការពារអ៊ីស្លាម ជាក្រុមមានឥទ្ធិពលក្នុងស្រុក។ ក្រុមនេះបានជួយឃោសនាអោយលោកបាស្វេដាន ដោយបានប្រមូលមនុស្សរាប់សែននាក់អោយតវ៉ាប្រឆាំងនឹងលោកអាហុក ដែលជាអ្នកកាន់សាសនាគ្រិស្ត។
គេបានរិះគន់លោកបាស្វេដានយ៉ាងខ្លាំង ដោយសារលោកបាស្វេដានខិតទៅរកចលនាមួយនេះ ប្រហែលលោកចង់ឆ្លៀតរកបានការគាំទ្រ រកអ្នកជួយឃោសនារកសន្លឹកឆ្នោតអោយលោក។ គួរបញ្ជាក់ដែរថា ការបោះឆ្នោតរើសអភិបាលក្រុងហ្សាការតានេះ ក៏ជាវិញ្ញាសាមួយមុនការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៩ដែរ។ គេមើលឃើញថា លោកបាស្វេដានកំពុងសម្លឹងតំណែងប្រធានាធិបតីឥណ្ឌូណេស៊ី។
ដោយឡែក តាំងពីចុងឆ្នាំ២០១៦មក មានបាតុកម្មតវ៉ាប្រឆាំងលោកអាហុក ជាអភិបាលក្រុងហ្សាការតា ផុតអាណត្តិ និងជាអ្នកកាន់សាសនាគ្រិស្ត- មានការទាមទាររបស់រដ្ឋអាជ្ញា អោយដាក់ទោសលោកអាហុករហូតជាប់គុក ដោយសារតែលោកបានប្រើត្រឹមតែពាក្យថា អ្នកជំនាញសាសនាអ៊ីស្លាម ច្រឡំខ្លឹមសារគម្ពីរកូរ៉ង់ - គេមើលឃើញថា ឥណ្ឌូណេស៊ីដែលគ្រប់គ្នាសុទ្ធតែដឹងថា ជាប្រទេសមិនតឹងតែងក្នុងការប្រារព្ធសាសនាអ៊ីស្លាម ឥឡូវនេះ ឥណ្ឌូណេស៊ីហាក់លែងចេះអនុគ្រោះអ្នកកាន់សាសនាតូចតាចទៀតហើយ។
សូមបញ្ជាក់ថា ឥណ្ឌូណេស៊ីមានប្រជាជន២៥៥លាននាក់ ៩០ភាគរយកាន់សាសនាអ៊ីស្លាម។ រដ្ឋឥណ្ឌូណេស៊ីផ្តោតទស្សនៈគ្រឹះទៅលើគោលការណ៍ចំនួន៥ ហៅថា Pancasila ជាគោលការណ៍ទទួលស្គាល់ភាពស្មើគ្នារវាងសាសនាចំនួន៦។ នេះសបង្ហាញពីការគោរព និងអនុគ្រោះដល់សាសនាផ្សេងៗ ក្រៅពីសាសនាអ៊ីស្លាម។ ប្រទេសផ្សេងៗដែលកាន់ច្បាប់ស្ហារីយ៉ា ធ្វើមិនបានល្អដូចឥណ្ឌូណេស៊ីទេ។
ម្ល៉ោះហើយទើបបានជាពេលមានរឿងរ៉ាវតវ៉ា ចោទលោកអាហុក ជាអភិបាលក្រុងហ្សាការតាដែលជាអ្នកកាន់សាសនាគ្រិស្តនេះឡើង ធ្វើអោយគេមើលឃើញថា ឥណ្ឌូណេស៊ីកំពុងរងឥទ្ធិពលពីក្រុមអ៊ីស្លាមជ្រុលនិយម ដោយមិនដឹងខ្លួន។
អាមេរិកសរសើរឥណ្ឌូណេស៊ី ថាមិនអនុវត្តជំនឿអ៊ីស្លាមជ្រុលនិយម ដោយមិនខ្វល់ខ្វាយរឿងលោកអាហុក
អនុប្រធានាធិបតីអាមេរិក លោកMike Pence បំពេញទស្សនកិច្ចនៅឥណ្ឌូណេស៊ី ចំព្រឹត្តការណ៍បោះឆ្នោតជ្រើសរើសអភិបាលក្រុងហ្សាការតាថ្មី។ ចំពេលលោកអាហុកចាញ់ឆ្នោត និងមានរឿងរ៉ាវក្តីក្តាំ អាមេរិកមិនមែនមិនដឹងរឿងទំនោរជ្រុលនិយមរបស់ឥណ្ឌូណេស៊ីទេ ប៉ុន្តែអនុប្រធានាធិបតីអាមេរិកបែរជាសរសើរឥណ្ឌូណេស៊ីថា មិនជ្រុលនិយម ។ លោក Mike Pence សរសើរបញ្ជោរថា នៅឥណ្ឌូណេស៊ី គេមិនកាន់សាសនាអ៊ីស្លាមជ្រុលនិយម គឺដូចនៅអាមេរិកដែរ គឺថា សម្រាប់អាមេរិក សាសនាមិនបំបែកបំបាក់ទេ សាសនាបង្រួបបង្រួមមនុស្សគ្រប់គ្នាទៅវិញទេ។
អនុប្រធានាធិបតីអាមេរិក សរសើរឥណ្ឌូណេស៊ីបែបនេះ ក៏ព្រោះតែលោកចង់កាត់បន្ថយភាពតានតឹងរវាងរដ្ឋបាលលោកដូណាល់ ត្រាំ និងអ្នកកាន់សាសនាអ៊ីស្លាម នៅអាមេរិកឯណោះ ទៅវិញទេ។ ប៉ុន្មានខែមកនេះ គេនាំគ្នារិះគន់លោកត្រាំ ទាក់ទងនឹងក្រឹត្យហាមឃាត់អ្នកកាន់សាសនាអ៊ីស្លាម៦ប្រទេសមិនអោយចូលទឹកដីសហរដ្ឋអាមេរិក ជាបណ្តោះអាសន្ន។ ប៉ុន្តែ ក្រឹត្យនេះមិនបានហាមពលរដ្ឋឥណ្ឌូណេស៊ីទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ