ក្រសួងវប្បធម៌ចុះកិច្ចព្រមព្រៀងជាមួយអង្គការ UNESCO ដើម្បីជួសជុលប្រាសាទបាយ័ន
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចុះកិច្ចព្រមព្រៀងជាមួយអង្គការ UNESCO ដើម្បីជួសជុលប្រាសាទបាយ័ន ក្នុងខេត្តសៀមរាប។ ជាកិច្ចព្រមព្រៀងតម្លៃមួយលានដុល្លារ ដែលថវិកានេះ ជាជំនួយពីសំណាក់រដ្ឋាភិបាលជប៉ុន ផ្ដល់ឲ្យតាមរយៈអង្គការ UNESCO។
ចុះផ្សាយនៅថ្ងៃ៖
លោកស្រី ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ ថ្លែងនៅក្នុងពិធីចុះកិច្ចព្រមព្រៀងនៅថ្ងៃទី២៥កញ្ញា ម្សិលមិញថា គម្រោងជួសជុលប្រាសាទបាយ័ន ដំណាក់កាលទី៥នេះ រួមចំណែកសំខាន់ណាស់នៅក្នុងកិច្ចខិតខំប្រឹងប្រែងជួសជុលប្រាសាទនៅកម្ពុជា ពិសេសប្រាសាទបាយ័នដែលជាទីទាក់ទាញភ្ញៀវទេសចរ។
បើតាមការឲ្យដឹងពីលោកស្រីរដ្ឋមន្ដ្រី ដំណើរការជួសជុលនៅក្នុងដំណាក់កាលនេះ ផ្ដោតសំខាន់លើ តួប៉មកណ្ដាលនៃប្រាសាទបាយ័ន និងតំបន់ជុំវិញនោះ ហើយវាត្រូវប្រើពេល៣ឆ្នាំក្នុងការជួសជុល។ សូមជម្រាបជូនថា ក្រៅពីជំនួយរបស់ជប៉ុនតាមរយៈអង្គការ UNESCO រដ្ឋាភិបាលកម្ពុជាបានដាក់ថវិកា៥០ម៉ឺនដុល្លារ ចូលទៅក្នុងកញ្ចប់ជួសជុលប្រាសាទបាយ័នដំណាក់កាលទី៥នេះដែរ។
ប្រាសាទបាយ័ន ស្ថិតនៅចំកណ្ដាលនៃក្រុងអង្គរធំ ត្រូវបានកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧ ចាប់ពីចុងសតវត្សរ៍ទី១២ រហូតដល់ដើមសតវត្សរ៍ទី១៣។ ប្រាសាទនេះ មានតួប៉មមុខបួនសរុបចំនួន៥៤ តំណាងឲ្យខេត្តក្រុងខ្មែរទាំង៥៤នាសម័យនោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ