ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/04 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/04 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/04 12h00 GMT
កម្ពុជា

ក្រសួង​រ៉ែ​និង​ថាម​ពល​នៅ​តែ​បន្ត​គម្រោង​ជាយ​អារ៉ែង​បើ​ទោះ​បី​មាន​ការ​តវ៉ា

media  
សន្និសីទ​កាសែត​ស្តី​ពី​គម្រោង​អភិវឌ្ឍន៍​វារីអគ្គីសនី​ស្ទឹង​ជាយ​អារ៉ែង​ ក្នុង​ខេត្ត​កោះកុង​។ RFI/ Siv Channa

ក្រសួង​រ៉ែ​និង​ថាមពល​នៅ​ថ្ងៃ​ទី​៣០​ កញ្ញា​នេះ ​បាន​ធ្វើ​សន្និសីទ​កាសែត​ព័ត៌មាន​មួយ​បំភ្លឺ​លើ​គម្រោង​វារី​អគ្គីសនី​ស្ទឹង​ជាយ​អារ៉ែង ​ក្នុង​ខេត្ត​កោះកុង​ដែល​ចម្រូង​ចម្រាស​រវាង​រដ្ឋា​ភិបាល​ សង្គម​ស៊ីវិល​ និង​ប្រជា​ពលរដ្ឋ។​

យ៉ាង​ណា​ក៏​ដោយ​រដ្ឋាភិបាល​ប្រកាស​ថា​នៅ​តែ​បន្ត​គម្រោង​នេះ​ដដែល​ ហើយ​គ្រោង​នេះ​នឹង​ដាក់​ឱ្យ​ដំណើការ​នៅ​ចុង​ឆ្នាំ​២០២០ ។

ក្រសួង​ឧស្សាហកម្ម​រ៉ែ​និង​ថាមពល​បានប្រកាសថា​ខ្លួន​នៅតែ​រក្សា​ជំហរ​បន្ត​គម្រោង​អភិវឌ្ឍន៍​ទំ​បន់​វា​រី​អគ្គីសនី​ស្ទឹង​ជាយ​អា​រ៉ែ​ង​ដដែល​បើទោះបី​ជាមាន​យុទ្ធនាការ​ប្រឆាំងនឹង​ការអភិវឌ្ឍ​នៅ​តំបន់​ធម្មជាតិ​នេះ​ក៏ដោយ។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក អ៊ិត​ប្រាំង​រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល​ក្នុង​សន្និសីទ​សារព័ត៌មាន។ ការអភិវឌ្ឍ​ទំនប់​វា​រី​អគ្គីសនី​នេះ​លោក​អ៊ិត​ប្រាំង​បាន​បញ្ជាក់ថា​ជា​ផ្នែក​មួយ​នៃ​ការគិតគូរ​ផ្នែក​សេដ្ឋកិច្ច​ដែល​កម្ពុជា​ត្រូវការ​អគ្គីសនី​ជា​ចាំបាច់។

លោក​បន្តថា គ្រោង​ដែលមាន​ទឹកប្រាក់​ប្រមាណ៤០០លាន​ដុល្លារ​អាមេរិក​នេះ នេះ នឹង​ផ្តល់​ផល​ជាច្រើន​ដូចជា​ថាមពលអគ្គីសនី​ប្រមាណ​ជិត៦០០លាន​គីឡូវ៉ាត់ម៉ោង​ជា​រៀងរាល់ឆ្នាំ ចំណូល​ពន្ធ ការបង្កើត​តំបន់​អេកូ​ទេសចរណ៍ និង​ការ​ចែកចាយ​អគ្គីសនី​ក្នុង​តំលៃថោក​ជា​ដើម​។ ប៉ុន្តែ​លោក​បាន​លើកឡើងថា គម្រោង​អភិវឌ្ឍន៍​ដែល​បាន​សិក្សា​តាំងពី​ឆ្នាំ​២០០៦​មក នៅ​មិនទាន់​បញ្ចប់​ការសិក្សា​លំអិត​នៃ​គម្រោង​ដែលជា​ជំ​ហ៊ាន​ទី២ក្នុងការ​ដោះស្រាយ​ផល​ប៉ះពាល់​ទាំងនោះ​នៅឡើយ​ទេ។
 
តំបន់​ជាយ​អា​រ៉ែ​ង​នេះ​មាន​សត្វ​បក្សី ថនិកសត្វ និង​ល្មូ​ន រួមទាំង​មច្ឆា​ជាតិ​ជាង២រយ​ប្រភេទ និង​ត្រូវ​ការជម្លៀស​ប្រជាពលរដ្ឋ​ចេញ​ប្រមាណ​ជាង១ពាន់៣រយ​នាក់ ក្នុង​បី​ឃុំ និង៧ភូមិ​ដែល​នឹង​ប៉ះពាល់​ដល់​វត្ត​អារាម​ចំនួន៣ សាលារៀន​ចំនួន៦កន្លែង និង​ទ្រព្យសម្បតិ្ត​របស់​ពលរ​ដ្ឋ​ជាច្រើន​ទៀត។ ហើយ​អ្នក​ទាំងនោះ ភាគច្រើន​ជា​ជនជាតិភាគតិច។ គម្រោង​អភិវឌ្ឍន៍​វា​រី​អគ្គីសនី​ជាយ​អា​រ៉ែ​ង​នេះ ត្រូវការ​ផ្ទៃដី​អាងទឹក​ប្រមាណ​ជាង ៩ពាន់ ៤រយ​ហិកតា ក្នុងនោះ​មាន​ព្រៃស្រោង៨៧៤ហិកតា និង​ព្រៃ​ពាក់កណ្តាល​ស្រោង៣ពាន់៧រយ៩០ ហិកតា​ជាដើម។
 
សូមបញ្ជាក់ថា​ការអភិវឌ្ឍ​នៅ​តំបន់​ស្ទឹង​ជាយ​អា​រ៉ែ​ង​នេះ សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​បរិស្ថាន និង​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ផ្ទាល់ រហូតដល់​សមាជិកសភា​គណបក្ស​សង្គ្រោះ​ជាតិ​ទៀត​ផង បាន​ប្រិ​តិក​ម្ម​ប្រឆាំងនឹង​ការអភិវឌ្ឍន៍​នេះ ដោយ​អះអាងថា​មាន​ផលប៉ះពាល់​ទៅលើ​តំបន់​​ធម្មជាតិ​ប៉ែក​ខាងលិច​ប្រទេស​នេះ​ជាខ្លាំង។ ជាពិសេស​សត្វព្រៃ ព្រៃ​ជំនឿ​នៃ​ជនជាតិ​ភាគតិច និង​ការព្រួយបារម្ភ​នឹង​អ​ពើ​ពុករលួយ​នៃ​ការកាប់​ព្រៃ​នៅ​តំបន់​ជាយ​អា​រ៉ែ​ង រួមទាំង​ការអភិវឌ្ឍ​ជា​ចិ​រ​ភាព​នៅ​តំបន់​ព្រៃ​ធម្មជាតិ​នោះ​ឬ​យ៉ាងណា។ ហើយ​ម្យ៉ា​វិញទៀត សង្គម​ស៊ីវិល​ក៏បាន​ព្រួយបារម្ភ​លើ​គម្រោង​រើ​លំនៅដ្ឋាន​ថ្មី ថា​តើ​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​នឹង​ទទួលបាន​ការអភិវឌ្ឍ​សមរម្យ​ពី​រដ្ឋាភិបាល​ដែរឬទេ។
 
បើទោះបីជា​រដ្ឋាភិបាល​ប្រកាន់​ជំហរ​បន្ត​គម្រោង​វា​រី​អគ្គីសនី​ជាយ​អា​រ៉ែ​ង​ក៏ដោយ ប៉ុន្តែ​លោក​អ៊ិត​ប្រាំង រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល ប្រកាសថា នឹង​ថ្លឹងថ្លែង​ពី​ផលប៉ះពាល់ និង​ផលចំណេញ មុននឹង​ការអនុវត្ត​គម្រោង៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ