អានតួអត្ថបទ
កម្ពុជា

ក្រសួង​ធនធាន​ទឹក​៖ ​ភ្លៀង​នឹង​បន្ត​ធ្លាក់​ចំនួន​៧​ថ្ងៃ​ជាប់​ៗ​គ្នា ​នៅ​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស

ភ្លៀង​មួយ​មេ​ធំ ​នៅ​រាជធានី​ភ្នំពេញ​ តាំង​ពី​ព្រឹក​ព្រលឹម​ស្រ៊ាង​ៗ​ ថ្ងៃ​អាទិត្យ​ទី​២៨​កញ្ញា​នេះ​ បាន​បណ្តាល​ឲ្យ​លិច​ផ្លូវ​នៅ​តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ។ ​ជាមួយ​នឹង​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​នេះ​ ក្រសួង​ធន​ធាន​ទឹក​និង​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រកាស​ថា​ ភ្លៀង​នឹង​បន្ត​ធ្លាក់​ពេញ​មួយ​សប្តាហ៍​នេះ​តែ​ម្តង​ ហើយ​វា​នឹង​ធ្វើ​អោយ​តំបន់​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​លិចលង់​ ប៉ុន្តែ​ថា​ អាជ្ញាធរ​ក៍​បាន​ត្រៀម​វិធាន​ការ​បង្ការ​ហើយ។​

ស្ថាន​ភាព​ទឹក​លិច​នៅ​ផ្សារ​កណ្តាល​ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ។​
ស្ថាន​ភាព​ទឹក​លិច​នៅ​ផ្សារ​កណ្តាល​ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ។​ @Lim Hok/Facebook
ផ្សាយពាណិជ្ជកម្ម

ដោយ​សារ​តែ​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប​ដែល​កំពុង​មាន​ឥទ្ធិពល​មក​ពី​ប្រទេស​ឡាវ​ បាន​ធ្វើ​អោយ​ប្រទេស​កម្ពុជា​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ធំ ​តាំង​ពី​ព្រឹក​ព្រលឹម​ស្រាង​ៗ​ ថ្ងៃ​អាទិត្យ​ទី​២៨​កញ្ញា​នេះ។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី ​លោក ​ចាន់​ យុត្ថា ​នាយក​ខុទ្ទកាល័យ​ក្រសួង​ធនធាន​ទឹក​ និង​ឧត្តុ​និយម។ ​លោក​បាន​អោយ​ដឹង​ថា ​កាល​ពី​ព្រឹក​ម៉ិញ ​ភ្លៀង​មិនមែន​ធ្លាក់​នៅ​តែ​ភ្នំពេញ​នោះ​ទេ ​តែ​វា​បាន​ធ្លាក់​នៅ​ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស​ពី​មធ្យម​ទៅ​ច្រើន។ ​តែ​ចំលែក​នៅ​ភ្នំពេញ ​ព្រឹក​មិញ​ភ្លៀង​បាន​ធ្លាក់​ខ្លាំង​ ក្នុង​កំរិត​៨០​ម៉ី​លី​ម៉ែត្រ ​ខណៈ​នៅ​តាម​បណ្តា​ខេត្ត​ត្រឹម​តែ​៤០​ទៅ​៥០​ម៉ី​លី​ម៉ែត្រ​ប៉ុណ្ណោះ។ ​ជាមួយ​គ្នា​នេះ​ លោក​ ចាន់​ យុត្ថា ​ក៍​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ផង​ដែរ​ ពី​ជំនន់​ទឹក​ភ្លៀង​ដែល​នឹង​អាច​កើត​ឡើង​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ ព្រោះ​ថា ​ស្ថាន​ភាព​នេះ ​វា​ប្រហាក់​ប្រហែល​នឹង​ស្ថានភាព ​កាល​ពី​ឆ្នាំ​២០១១​ដែរ​ ពិសេស​នៅ​តំបន់​ទំនៀប​កណ្តាល​ភាគ​ពាយ័ព្យ។

លោក ​ចាន់ យុត្ថា ​បាន​បន្ត​ថា​ ភ្លៀង​មួយ​មេ​ព្រឹក​ម៉ិញ​ គ្រាន់​តែ​ជា​ការ​ចាប់​ផ្តើម​ប៉ុណ្ណោះ ​ព្រោះ​ថា  ភ្លៀង​នឹង​បន្ត​ធ្លាក់​រហូត​ដល់​ចំនួន​៧​ថ្ងៃ​ជាប់​ៗ​គ្នា។

សូម​បញ្ជាក់​ថា ​ក្រោយ​ពេល​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ ​កាល​ពី​ព្រឹក​មិញ ​នៅ​លើ​ទំព័រ​ Facebook​ ផ្លូវ​ការ​របស់​សាលា​រាជធានី​ភ្នំពេញ ​ក៍​បាន​ប្រកាស​ជូន​ដំណឹង​ពី​ស្ថាន​ភាព​នៃ​ការ​ប្រែប្រួល​អាកាស​ធាតុ​ ក្នុង​រាជ​ធានី​ភ្នំពេញ​នា​សប្ដាហ៍​នេះ​ ដោយ​ដាក់​ចំណង​ជើង​ថា ​"១​សប្ដាហ៍​នៃ​ការ​ធ្លាក់​ភ្លៀង"​។ ​នៅ​ចំពោះ​មុខ​ស្ថាន​ភាព​អាកាស​ធាតុ​ធ្លាក់​ភ្លៀង​នៅ​ថ្ងៃ​នេះ​ ហើយ​នឹង​បន្ត​ធ្លាក់​រហូត​ដល់​ទៅ​៧​ថ្ងៃ​ជាប់​គ្នា​ដូច្នេះ ​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ ​បាន​ដាក់​ចេញ​នូវ​វិធាន​មួយ​ចំនួន​ ដើម្បី​បង្ការ​ការ​ជន់​លិច​រាជធានី​ភ្នំពេញ ​នោះ​គឺ គ្រប់​ស្ថានីយ៍​បូម​ទឹក​ទាំង​អស់ ​រួម​មាន​ស្ថានីយ៍​បូម​ទឹក​ ព្រះ​គន្លង់​១​ ព្រះ​គន្លង់​២​ ផ្សារ​ចាស់​ ចតុមុខ​ បឹង​ត្របែក ​បឹង​ទំពុន​ កប់​ស្រូវ​ បាន​ត្រៀម​ខ្លួន​បូម​ទឹក​ចេញ​ពី​ប្រឡាយ ​ឬ​អាង​ស្តុក​ ជា​ពិសេស​បាន​ត្រៀម​ម៉ូទ័រ​បំរុង​គ្រប់​ស្ថានីយ​បូម​ទឹក​ បង្ការ​ពេល​ទឹក​ជន់​លិច​ខ្លាំង។ ​អាជ្ញាធរ​រាជធានី​ ក៏​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​គ្រប់​ខណ្ឌ​បោស​សំអាត​ និង​បា​សំរាម​ ចេញ​ពី​មាត់​លូ ​ដើម្បី​ឲ្យ​ទឹក​ហូរ​ បាន​ងាយ​ស្រួល​ផង​ដែរ។​ អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​ ក៏​បាន​អំពាវ​នាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់ ​ដើម្បី​ត្រៀម​លក្ខណៈ​បង្ការ​នូវ​ការ​ប្រែប្រួល​អាកាស​ធាតុ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ