អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

មីស៊ីល​​ពិសេសបាញ់​​​​សាកដោយ​​​​​​​​​​​​​ក្រុងព្យុងយ៉ាង​ម្សិលមិញ​​​​​​​​​ ​អាច​​បាញ់​​ដល់​​​​​​​​​​​អាមេរិក​​​​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

យោងតាម​ក្រុម​ជំនាញ ​មីស៊ីល​ដែល​កូរ៉េខាងជើង​បាញ់សាក​ ​​ថ្ងៃអាទិត្យ​ម្សិលមិញ ​ជា​មីស៊ីល​​ប្រភេទ​ថ្មី ដែល​អាច​បាញ់​ដល់​មូលដ្ឋាន​យោធា​អាមេរិក នៅ​ប៉ាស៊ីហ្វិក។ ថ្ងៃចន្ទ​នេះ កូរ៉េខាង​ជើងអះអាង​ថា បាន​សាក​មីស៊ីល​ប្រភេទ​ថ្មី​មែន ហើយ​បាញ់​ដោយជោគជ័យ ក្រោម​​​ការ​ត្រួតពិនិត្យ​ផ្ទាល់​ពី​លោក​គឹម ជុងអ៊ុន​។ កូរ៉េខាងជើង​អះអាង​ទៀតថា​ ​មីស៊ីល​ម្សិលមិញ​នេះ អាច​ផ្ទុក​ក្បាលគ្រាប់​នុយក្លេអ៊ែរ​ទៀតផង។ ​អាមេរិក​និង​ជប៉ុន​បានទាមទារ​អោយ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ ប្រជាជាតិ​កោះប្រជុំ​បន្ទាន់។ ​កិច្ចប្រជុំ​នេះ អាច​ធ្វើ​នៅថ្ងៃអង្គារ​ស្អែក។

មីស៊ីល Hwasong-12 របស់​កូរ៉េខាងជើង
មីស៊ីល Hwasong-12 របស់​កូរ៉េខាងជើង Reuters
ផ្សាយពាណិជ្ជកម្ម

អ្នកជំនាញសុទ្ធតែ​យល់ស្របគ្នា​ថា មីស៊ីល​កូរ៉េខាងជើង​អាច​បាញ់​ដល់​មូលដ្ឆានយោធា​អាមេរិក នៅ​ប៉ាស៊ីហ្វិក

​មីស៊ីល​ដែល​កូរ៉េខាងជើង​បាញ់​សាកថ្ងៃអាទិត្យ​​ម្សិលមិញ ​​មុនទៅធ្លាក់​នៅសមុទ្រ​ជប៉ុន ​បាន​ហោះបាន​ចំងាយ​ដល់ជាង​៧០០គីឡូម៉ែត្រ ​​បើ​តាម​ក្រុងព្យុងយ៉ាង គឺ​ហោះ​បាន​ចំងាយ​​​​៧៨៧​គីឡូម៉ែត្រ គឺឆ្ងាយ​គួរសម។ មីស៊ីល​បាន​​​ធ្លាក់នៅ​សមុទ្រជប៉ុន​​ ហើយក៏​​​ធ្លាក់​មិនឆ្ងាយ​ពី​ទឹកដី​រុស្ស៊ីដែរទេ។ ក្រសួង​ការពារជាតិ​​​រុស្ស៊ី​ប្រាប់ថា មីស៊ីល​នេះ​​ធ្លាក់​នៅ​តែ​៥០០គីឡូម៉ែត្រ​ពី​រុស្ស៊ី​ប៉ុណ្ណោះ។

ថ្ងៃចន្ទ​នេះ កូរ៉េខាងជើង​​​អះអាង​​ថា មីស៊ីល​នេះ​អាច​ផ្ទុក​ក្បាលគ្រាប់​នុយក្លេអ៊ែរ​ទៀតផង ហើយ​ប្រាប់ទៀតថា​ ជា​ម៉ូដែលបាលិស្ទីក​យុទ្ធសាស្ត្រ​​ថ្មី​​ ​បាញ់​សម្រាប់​រយៈ​ចំងាយ​មធ្យម។ មីស៊ីល​នេះ​មានឈ្មោះថា Hwasong-12 អាច​​ជា​មីស៊ីល​ដែល​កូរ៉េខាងជើង​ដាក់​បង្ហាញ​កាលពីខែ​មេសា កន្លងទៅ។​ ​តាម​កូរ៉េខាងជើង​ មីស៊ីល​បាញ់​ម្សិលមិញ​នេះ គឺ​ហោះ​ដល់​កម្ពស់​ជាង​២០០០គីឡូម៉ែត្រ​ពី​ដី​ឯណោះ។ កងទ័ព​ជប៉ុន​ និង​កូរ៉េខាងត្បូង​ក៏​សង្កេត​ឃើញ​ថា មីស៊ីល​ម្សិលមិញ​នេះបាន​ហោះ​កម្ពស់​ខ្ពស់ដែរ។

អ្នក​ជំនាញ​ច្រើននាក់​​បង្ហាញ​ការ​​យល់ឃើញ​​ស្រប​គ្នា​ថា ​​មីស៊ីល​នេះ​ពិតជា​អាច​បាញ់រហូត​​ដល់​មូលដ្ឋាន​ទ័ព​អាមេរិក នៅ​ប៉ាស៊ីហ្វិក​។​ ថ្ងៃអាទិត្យ​ម្សិលមិញ ក្រុងព្យុងយ៉ាង​បាន​បាញ់​មីស៊ីល​ប្រភេទ​ថ្មី​នេះ ​​​តាម​ជ្រុងមុំខ្ពស់ ដើម្បី​កុំអោ​យប៉ះពាល់​សុវត្ថិភាព​សន្តិសុខ​ប្រទេស​ជិតខាង។ មីស៊ីល​​​បានហោះ​​ចំងាយជាង​៧០០គីឡូម៉ែត្រ មុនធ្លាក់ទៅ​សមុទ្រជប៉ុន តែ​ក្រុម​ជំនាញ​ថា ​បើ​កូរ៉េខាងជើង​បាញ់​ដោយ​ប្រើ​​ជ្រុង​មុំ​ធម្មតា មីស៊ីល​​នេះ អាច​ហោះ​​ឆ្ងាយ​​បាន​​៤០០០គីឡូម៉ែត្រជាងនេះ​ទៀត​ ​ហើយ​អាច​​ទៅដល់​​មូលដ្ឋានយោធា​Guam របស់​អាមេរិក​នៅ​ប៉ាស៊ីហ្វិក។ នេះ​សបង្ហាញ​ពី​ការរីកចម្រើន​របស់​កូរ៉េខាងជើង​ពិតប្រាកដ​ណាស់។ ​ហេតុនេះ​ហើយ​ទើប​​​អាមេរិក ជប៉ុន បារម្ភ​រហូត​ទាមទារ​អោយ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​កោះប្រជុំ​បន្ទាន់ ​ដើម្បី​ពង្រឹង​ទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាងជើង។ ទោះយ៉ាងនេះ​ក្តី អ្នកជំនាញ​មួយចំនួន​​​​គិតថា កូរ៉េខាងជើងនៅ​​មិនទាន់​អាច​បំពាក់​ក្បាលគ្រាប់នុយក្លេអ៊ែរ​លើ​មីស៊ីល​ទេ។

ការបាញ់​មីស៊ីល​របស់​ក្រុងព្យុងយ៉ាង​ម្សិលមិញ គឺ​ជា​ការ​បាញ់​សាក​លើកទី២​ គិតត្រឹមតែ​១៥ថ្ងៃ។ កូរ៉េខាងជើង​បាញ់​មីស៊ីល​នេះ ​គិតទៅ​​៤ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​លោក​មូន ចែអ៊ីន ឡើង​កាន់​តំណែង​ប្រធានាធិបតី​​​នៅ​កូរ៉េខាងត្បូង។ លោក​មូន បាន​បរិហារ​ថា ការបាញ់​មីស៊ីល​នេះ ជា​ការផ្គើន​មិនចេះ​ទទួលខុសត្រូវ។ ប្រធានាធិបតី​កូរ៉េខាងត្បូង​ថ្មី ​​ចង់​ចរចា​ជាមួយ​កូរ៉េខាងជើងមែន​ តែ​លោក​​ព្រមាន​ថា ការចរចា​អាច​ធ្វើបាន​ ​លុះត្រា​ក្រុងព្យុងយ៉ាង​ផ្លាស់ប្តូរ​ចរឹត។ ម្សិលមិញ ចិន​​​បាន​សុំអោយ​គ្រប់ភាគី​ចេះ​អត់ធ្មត់​ ទប់​កំហឹង​កុំអោយ​ស្ថានការ​កាន់តែ​តានតឹង​ជាងនេះ។ ​ ​​​ ​​

កូរ៉េខាងជើង​រងទណ្ឌកម្ម​អន្តរជាតិ​ច្រើន​ដង​ហើយ តែនៅតែ​បន្ត​បាញ់​សាក​មីស៊ីល​ឥតឈប់។ គិត​តាំង​ពី​ដើមឆ្នាំ​២០១៦មក ក្រុងព្យុងយ៉ាង​សាក​ល្បង​នុយក្លេអ៊ែរ​២ដងហើយ ហើយ​បើ​និយាយ​ពី​មីស៊ីល​គឺបាញ់​ជាង​១០ដើម​ដែរ។ តាមរយៈ​​​ការ​បាញ់​មីស៊ីល​ប្រភេទ​ថ្មី​ម្សិលមិញ កូរ៉េខាងជើង​មិនមែន​ទើបតែ​គំរាមអាមេរិក រឺជប៉ុន​​​ជា​លើកទីមួយ​ទេ។

ប៉ុន្តែ ​​អាមេរិក​ក៏​​មិនចង់​បណ្តោយ​​​ក្រុងព្យុងយ៉ាងអោយ​​បន្ត​គំរាម​ឥតឈប់ដូច្នេះដែរ។ ប្រធានាធិបតី​អាមេរិក​ថ្មី ​លោក​ដូណាល់ ត្រាំ មិនចេះ​អត់ធ្មត់​​​​ដូច​លោក​អូបាម៉ា ប្រធានាធិបតី​អាណត្តិមុន​​​ទេ។ លោក​​ត្រាំ បញ្ជូន​ប្រព័ន្ធ​​ខែល​មីស៊ីល​ការពារ​មីស៊ីល​ទៅដំឡើង​ដល់​កូរ៉េខាងត្បូង ​សបង្ហាញ​​ថា លោក​មិនខ្លាចនឹង​​​ប្រើធម៌​ក្តៅ​ជាមួយ​លោក​គឹមជុងអ៊ុន​ទេ អោយតែ​គឺម ជុងអ៊ុន​ហ៊ាន​លេងសើម​​ជាមួយលោកឥតឈប់។ ​​​ត្បិតថាថ្មីៗនេះ​ លោកត្រាំ និង​លោក​គឺម ជុងអ៊ុន បន្ទន់ជំហរ​ចង់​ចរចាគ្នាមែន តែ​សម្រាប់អាមេរិក​​ ការបាញ់​មីស៊ីល​ម្សិលមិញ គឺ​ជាការ​គំរាម​​​​ជាក់​ស្តែង​ណាស់។ តាមរយៈ​ការបាញ់​មីស៊ីល​ម្សិលមិញ ក្រុងព្យុងយ៉ាង​ប្រហែល​ចង់​​​បង្ហាញ​អានុភាព​អាវុធ​ប្រភេទ​ថ្មី​ ​​​ទៅដល់​​​អាមេរិក រឺ​កូរ៉េខាងត្បូង​​ ដែល​​ចង់​​បន្ទន់ជំហរ​ចង់​ចរចាជាមួយ​ខ្លួន។

​​តែ​មេដឺកនាំ​​​កូរ៉េខាងជើង​ គឹម ជុងអ៊ុន ​​​ក៏​នៅតែ​បន្ត​ផ្គើន​គំរាម​អាមេរិក​​​ ដោយចោទថា អាមេរិក​​​​ដើរ​បំភ័យ​បណ្តា​ប្រទេស​ដែល​គ្មាន​អាវុធ​នុយក្លេអ៊ែរ។ លោក​គឹម​ ជុងអ៊ុន ​គំរាម​ថា​​ បើ​​អាមេរិក​ហ៊ាន​ផ្គើន​កូរ៉េខាងជើង អាមេរិក​គេចមិនផុត​ពី​មហន្តរាយ​ប្រវត្តិសាស្ត្រ​ទេ។ ដោយឡែក​ ពេលនេះ​ ​អាមេរិក​​អាច​​​កំពុង​ឆ្លៀត​បញ្ចុះបញ្ចូល​​រុស្ស៊ី​អោយ​​ចូល​ក្នុងខ្សែប្រយុទ្ធ​ប្រឆាំង​នឹង​កូរ៉េខាងជើងជាមួយ​ខ្លួន​​ដែរ។ ​សេតវិមា​នប្រាប់​​ថា ការដែល​មីស៊ីល​ទៅធ្លាក់ក្បែរ​រុស្ស៊ី ធ្វើអោយ​​លោកដូណាល់ ត្រាំ​គិតថា រុស្ស៊ី​មិនអាច​សប្បាយចិត្ត​ទេ។ ប៉ុន្តែ រុស្ស៊ី​ប្រាប់ថា មីស៊ីល​​ដែល​កូរ៉េខាងជើង​បាញ់​ម្សិលមិញ​នេះ មិន​គ្រោះថ្នាក់​ដល់​ទឹកដី​រុស្ស៊ីទេ។

បើ​យើង​មើល​ពី​ភាគីជម្លោះ អាមេរិក​និង​កូរ៉េខាងជើង នៅ​តែ​បន្ត​​ប្រឈម​​គ្នា​ផ្ទាល់មុខ​​ជាងគេ។ ​កន្លងមក​ កូរ៉េខាងជើង​ធ្លាប់​ប្រាប់ថា ធ្វើការ​​អភិវឌ្ឈន៍​ផលិត​គ្រាប់មីស៊ីល​ ក៏​គឺ​ដើម្បី​ការរស់រាន​របស់​ខ្លួនដែរ ដើម្បី​ទប់ទល់​ការឈ្លានពាន​របស់​អាមេរិក។ ​កូរ៉េខាងជើង​បញ្ជាក់ថា នេះ​មកពី​អាមេរិក​បង្ខំ​ខ្លួន​ប៉ុណ្ណោះ។ អាមេរិ​កវិញ​ប្រាប់ថា ដំឡើង​ខែលមីស៊ីល គឺ​ដើម្បី​ប្រឈម​នឹង​​កូរ៉េខាងជើង។ ស្ថានការណ៍​តានតឹង​ឧបទ្វីប​កូរ៉េប្រហែលពិបាក​រក ដំណោះស្រាយ​​​ណាស់ បើ​គ្មានភាគី​ណា​ព្រម​ចុះចាញ់​គ្នា​​យ៉ាងនេះ៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ