ព្រះសង្ឃទាមទារដោះលែងមនុស្ស ខណៈមហាសន្និបាតស្នើឱ្យមានច្បាប់ដាក់សង្ឃនៅអព្យាក្រិត
ព្រះសង្ឃប្រមាណ៣០អង្គ និងប្រជាពលរដ្ឋដែលគ្រោះដោយសារដីធ្លីប្រមាណ២០០នាក់ បានប្រមូលផ្តុំគ្នាដង្ហែក្បួនដាក់ញត្តិទាមទារឱ្យដោះលែងអ្នកជាប់ពន្ធនាគារទាំង១៨នាក់ដែលកំពុងជាប់ពន្ធនាគារ។ ក្បួនដាក់ញត្តិនេះ គឺធ្វើឡើងទន្ទឹមនឹងគណៈសង្ឃទាំងពីរគណៈកំពុងរៀបចំមហាសន្និបាតលើកទី២។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១១
តាំងពីម៉ោងប្រមាណជាង៩ព្រឹកក្បួនដែលដឹកនាំដោយព្រះសង្ឃមានបាតព័ណ៌ខ្មៅជាប់និងព្រះកាយគ្រប់អង្គ បានដឹកនាំក្បួនដាក់ញត្តិទាមទាររកយុត្តិធម៌ឱ្យដោះលែងអ្នកជាប់ពន្ធនាគាទាំង១៨នាក់។ ព្រះសង្ឃដែលមានការគាំទ្រពីពលរដ្ឋដែលជាកូនរបស់អ្នកជាប់ឃុំទាំង១៨នាក់ បានដង្ហែចេញពីខាងមុខរដ្ឋសភាជាតិ ឆ្ពោះទៅកាន់ក្រសួងយុត្តិធម៌ និងព្រះបរមរាជវាំង។ ដោយឡែកគណៈសង្ឃទាំងពីរគណៈបានអំពាវនាវឱ្យបង្កើតច្បាប់ដាក់ព្រះសង្ឃនៅអព្យាក្រិត។
ក្បួនព្រះសង្ឃ បានស្រែកអំពាវនាវស្វែងរកយុត្តិធម៌ពីរដ្ឋាភិបាលត្បិតព្រះសង្ឃបានមានសង្ឃដីការថា ការកាត់ទោសអ្នកជាប់ពន្ធនាគារទាំង១៨នាក់ ជាប់ពន្ធនាគារ។ ក្បួនបានធ្វើពិធីសូត្រមន្តនៅរូបសំណាក់សម្តេចព្រះសង្ឃរាជជួនណាត និងបន្តរង់ចាំការចេញមកទទួលញត្តិនៅលើកំណាត់ផ្លូវមុខព្រះបរមរាជវាំង និងក្រសួងយុត្តិធម៌។ប៉ុន្តែព្រះសង្ឃមិនបានផ្តល់ញត្តិទាមទារដល់ក្រសួងយុត្តិធម៌នោះទេ ព្រោះតែព្រះសង្ឃចង់ឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អង្គវង្សវឌ្ឍនាចេញមកទទួលញត្តិដោយផ្ទាល់។ ដោយឡែកតំណាងក្រសួងព្រះបរមរាជវាំងបានចេញមកទទួលញត្តិពីព្រះសង្ឃ និងប្រជាពលរដ្ឋ។
គួរកត់សំគាល់ថា ខណៈដែលព្រះសង្ឃជាច្រើនអង្គបានចេញប្រឡូកចូលក្នុងការតវ៉ា និងសកម្មភាពទាមទារផ្សេងៗនោះ សម្តេចសង្ឃទាំងពីរគណៈក្នុងមហាសន្និបាតឆ្នាំនេះ បានស្នើឱ្យព្រឹទ្ធសភា រដ្ឋសភា និងរដ្ឋាភិបាល បង្កើតច្បាប់ដើម្បីដាក់ព្រះសង្ឃជាអ្នកអព្យាក្រិតដោយមិនអនុញ្ញាឱ្យសង្ឃ ចូលរួមប្រឡូកសកម្មភាពនយោបាយ គាំទ្រគណបក្សនយោបាយណាមួយ និងចូលរួមបោះឆ្នោតផងដែរ។ មានសង្ឃដិកាក្នុងមហាសន្និបាតសង្ឃលើកទី២៣នៅភ្នំពេញ សម្តេចសង្ឃបួរ គ្រី បានបញ្ជាក់ថា អាព្យាក្រិតភាពរបស់ព្រះសង្ឃនេះ អាចឱ្យព្រះសង្ឃខ្មែរគ្រប់អង្គបំពេញកាតព្វកិច្ចជាស្រែបុណ្យដ៏ប្រសើរ ដើម្បីញ៉ាំងសទ្ធាជ្រះថ្លានៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
យ៉ាងណាក៏ដោយ លោក អំ សំអាតមន្ត្រីជាន់ខ្ពស់របស់អង្គការលីកាដូ បានលើកឡើងថា មិនគួរមានការហាមឃាត់ព្រះសង្ឃមិនឱ្យចូលរួមសកម្មតវ៉ា អប់រំប្រជាជពលរដ្ឋ និងបោះឆ្នោតនោះទេ ព្រោះថា ព្រះសង្ឃក៏ជាពលរដ្ឋមួយរូបផងដែរ។ លោកបញ្ជាក់ថា សាសនាមួយរីកចម្រើនគឺមិនមែនស្ថិតនៅលើការហាមឃាត់ព្រះសង្ឃនោះទេ ប៉ុន្តែអាស្រ័យការមិនបែងចែកបក្សពួក និងការរៀបចំនៃការប្រតិបត្តិពុទ្ធសាសនាឱ្យល្អទៅវិញនោះទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ