អានតួអត្ថបទ
កម្ពុជា

ព្រះសង្ឃ​​​ទាមទារ​​ដោះ​លែង​​មនុស្ស ​ខណៈ​​មហា​សន្និបាត​​ស្នើ​​ឱ្យ​​មាន​​ច្បាប់​​ដាក់​​សង្ឃ​​នៅ​​អព្យា​​ក្រិត​

ព្រះ​សង្ឃ​ប្រមាណ​៣០​អង្គ និង​ប្រជា​ពលរដ្ឋ​ដែល​គ្រោះ​ដោយសារ​ដីធ្លី​ប្រមាណ​២០០​នាក់ បាន​ប្រមូលផ្តុំ​គ្នា​ដង្ហែ​ក្បួន​ដាក់​ញត្តិ​ទាមទារ​ឱ្យ​ដោះលែង​អ្នក​ជាប់​ពន្ធនាគារ​ទាំង​១៨​នាក់​ដែល​កំពុង​ជាប់​ពន្ធនាគារ។ ក្បួន​ដាក់​ញត្តិ​នេះ គឺ​ធ្វើ​ឡើង​ទន្ទឹម​នឹង​គណៈសង្ឃ​ទាំងពីរ​គណៈ​កំពុង​រៀបចំ​មហា​សន្និបាត​លើក​ទី​២​។

ព្រះសង្ឃ៣០​អង្គ​កំពុង​​​បិណ្ឌបាត្រ​នៅ​ខា​ង​មុខ​ព្រះ​បរម​រាជរាំង​ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែ​ង​អ្នក​ទោស​ចំនួន​ ១៨​នាក់ ​នៅ​ព្រឹក​ថ្ងៃ​ទី ​១៨ ​ធ្នូ​ ឆ្នាំ​ ២០១៤​
ព្រះសង្ឃ៣០​អង្គ​កំពុង​​​បិណ្ឌបាត្រ​នៅ​ខា​ង​មុខ​ព្រះ​បរម​រាជរាំង​ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែ​ង​អ្នក​ទោស​ចំនួន​ ១៨​នាក់ ​នៅ​ព្រឹក​ថ្ងៃ​ទី ​១៨ ​ធ្នូ​ ឆ្នាំ​ ២០១៤​ @RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ម៉ោង​ប្រមាណ​ជាង​៩​ព្រឹក​ក្បួន​ដែល​ដឹក​នាំ​ដោយ​ព្រះសង្ឃ​មាន​បាត​ព័ណ៌​ខ្មៅ​ជាប់​និង​ព្រះ​កាយ​គ្រប់​អង្គ បាន​ដឹក​នាំ​ក្បួន​ដាក់​ញត្តិ​ទាមទារ​រក​យុត្តិ​ធម៌​ឱ្យ​ដោះ​លែង​អ្នក​ជាប់​ពន្ធ​នាគា​ទាំង​១៨​នាក់។ ព្រះសង្ឃ​ដែល​មាន​ការ​គាំ​ទ្រ​ពី​ពលរដ្ឋ​ដែល​ជា​កូន​របស់​អ្នក​ជាប់​ឃុំ​ទាំង​១៨​នាក់ បាន​ដង្ហែ​ចេញ​ពី​ខាង​មុខ​រដ្ឋ​សភា​ជាតិ ឆ្ពោះ​ទៅ​កាន់​ក្រសួង​យុត្តិធម៌ និង​ព្រះ​បរម​រាជវាំង។ ដោយ​ឡែក​គណៈ​សង្ឃ​ទាំងពីរ​គណៈ​បាន​អំពាវនាវ​ឱ្យ​បង្កើត​ច្បាប់​ដាក់​ព្រះ​សង្ឃ​នៅ​អព្យាក្រិត​។

ក្បួន​ព្រះ​សង្ឃ បាន​ស្រែក​អំពាវនាវ​ស្វែង​រក​យុត្តិ​ធម៌​ពី​រដ្ឋាភិបាល​ត្បិត​ព្រះសង្ឃ​បាន​មាន​សង្ឃដីការ​ថា ការ​កាត់​ទោស​អ្នក​ជាប់ពន្ធនាគារ​ទាំង​១៨​នាក់ ជាប់​ពន្ធនាគារ​។ ក្បួន​បាន​ធ្វើ​ពិធី​សូត្រមន្ត​នៅ​រូបសំណាក់​សម្តេច​ព្រះ​សង្ឃ​រាជ​ជួន​ណាត និង​បន្ត​រង់ចាំ​ការ​ចេញ​មក​ទទួល​ញត្តិ​នៅ​លើ​កំណាត់​ផ្លូវ​មុខ​ព្រះ​បរម​រាជវាំង និង​ក្រសួង​យុត្តិធម៌។ប៉ុន្តែ​ព្រះសង្ឃ​មិន​បាន​ផ្តល់​ញត្តិ​ទាមទារ​ដល់​ក្រសួង​យុត្តិធម៌​នោះទេ ព្រោះ​តែ​ព្រះ​សង្ឃ​ចង់​ឱ្យ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ អង្គ​វង្ស​វឌ្ឍនា​ចេញ​មក​ទទួល​ញត្តិ​ដោយ​ផ្ទាល់​។ ដោយ​ឡែក​តំណាង​ក្រសួង​ព្រះ​បរម​រាជវាំង​បាន​ចេញ​មក​ទទួល​ញត្តិ​ពី​ព្រះ​សង្ឃ និង​ប្រជា​ពលរដ្ឋ​។

គួរ​កត់​សំគាល់​ថា ខណៈ​ដែល​ព្រះ​សង្ឃ​ជា​ច្រើន​អង្គ​បាន​ចេញ​ប្រឡូក​ចូលក្នុង​ការ​តវ៉ា និង​សកម្មភាព​ទាមទារ​ផ្សេង​ៗ​នោះ សម្តេច​សង្ឃ​ទាំងពីរ​គណៈ​ក្នុង​មហាសន្និបាត​ឆ្នាំ​នេះ បាន​ស្នើ​ឱ្យ​ព្រឹទ្ធ​សភា រដ្ឋសភា និង​រដ្ឋា​ភិបាល បង្កើត​ច្បាប់​ដើម្បី​ដាក់​ព្រះ​សង្ឃ​ជា​អ្នក​អព្យាក្រិត​ដោយ​មិន​អនុញ្ញា​ឱ្យ​សង្ឃ ចូលរួម​ប្រឡូក​សកម្មភាព​នយោបាយ គាំទ្រ​គណបក្ស​នយោបាយ​ណា​មួយ និង​ចូលរួម​បោះ​ឆ្នោត​ផងដែរ។ មាន​សង្ឃដិកា​ក្នុង​មហាសន្និបាត​សង្ឃ​លើក​ទី២៣នៅ​ភ្នំពេញ សម្តេច​សង្ឃ​បួរ គ្រី បាន​បញ្ជាក់​ថា អា​ព្យាក្រិត​ភាព​របស់​ព្រះ​សង្ឃ​នេះ អាច​ឱ្យ​ព្រះ​សង្ឃ​ខ្មែរ​គ្រប់​អង្គ​បំពេញ​កាតព្វកិច្ច​ជា​ស្រែ​បុណ្យ​ដ៏​ប្រសើរ ដើម្បី​ញ៉ាំង​សទ្ធា​ជ្រះថ្លា​នៃ​ព្រះ​ពុទ្ធ​សាសនា ដែល​ជា​សាសនា​របស់​រដ្ឋ​។

យ៉ាងណា​ក៏ដោយ លោក អំ សំអាត​មន្ត្រី​ជាន់​ខ្ពស់​របស់​អង្គការ​លីកាដូ បាន​លើក​ឡើង​ថា មិន​គួរ​មាន​ការ​ហាម​ឃាត់​ព្រះ​សង្ឃ​មិន​ឱ្យ​ចូលរួម​សកម្ម​តវ៉ា អប់រំ​ប្រជាជ​ពលរដ្ឋ និង​បោះឆ្នោត​នោះ​ទេ ព្រោះ​ថា ព្រះសង្ឃ​ក៏​ជា​ពលរដ្ឋ​មួយរូប​ផងដែរ។ លោក​បញ្ជាក់​ថា សាសនា​មួយ​រីក​ចម្រើន​គឺ​មិន​មែន​ស្ថិត​នៅ​លើ​ការ​ហាម​ឃាត់​ព្រះសង្ឃ​នោះទេ ប៉ុន្តែ​អាស្រ័យ​ការ​មិន​បែងចែក​បក្សពួក និង​ការ​រៀបចំ​នៃ​ការ​ប្រតិបត្តិ​ពុទ្ធសាសនា​ឱ្យ​ល្អ​ទៅវិញ​នោះ​ទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ