អានតួអត្ថបទ
អត្រា​​មរណភាព​​កុមារ​​

ប្រទេស​​ចំនួន​​១០ ​មាន​អត្រាមរណភាព​កុមារ​ខ្ពស់​ជាងគេ​

រៀងរាល់ឆ្នាំ មាន​ក្មេងៗ​​អាយុ​ក្រោម​៥ឆ្នាំជិត​៦លាននាក់ បានស្លាប់ ក្នុងនោះ​​​​ជាង​៦០ភាគរយ ជា​កុមារ​នៅតាម​ប្រទេស​អាហ្វ្រិក និង​អាស៊ី​ចំនួន​១០។ នេះ​បើយោងតាម​​ការសិក្សា​មួយ​ ​​ចុះផ្សាយ​ក្នុង​ទស្សនាវដ្តីវេជ្ជសាស្ត្រ​អង់គ្លេស ​The Lancet ថ្ងៃសុក្រ​នេះ។ ​ទោះ​​ជា​​ការ​ស្រាវជ្រាវ​​​រក​​មធ្យោបាយ​​កំចាត់​ជំងឺ​ឆ្លង​ផ្សេងៗ​​មានភាព​រីកចម្រើន តែ​ក៏​នៅ​​មិនអាច​កាត់​បន្ថយ​​​អត្រា​មរណភាព​កុមារ នៅ​តាម​ប្រទេស​មួយ​ចំនួន​ដែរ។ 

កុមារ​ម្នាក់​អើតក្បាលពី​ក្នុងមុង។ ប្រើមុង​ដើម្បី​ការពារ​ជំងឺ​គ្រុនចាញ់ និង​គ្រុនឈាម។
កុមារ​ម្នាក់​អើតក្បាលពី​ក្នុងមុង។ ប្រើមុង​ដើម្បី​ការពារ​ជំងឺ​គ្រុនចាញ់ និង​គ្រុនឈាម។ Sanjay Sojwal/World Vision
ផ្សាយពាណិជ្ជកម្ម

ការរីកចម្រើន​ផ្នែក​វេជ្ជសាស្ត្រ ក្នុង​ការ​​កំចាត់​ជំងឺ​ឆ្លង មិនដូចគ្នា ​មិន​​សមភាព​គ្នា​ទេ នៅតាម​បណ្តា​​ប្រទេស​ទូទាំង​ពិភពលោក។ ក្នុងចំណោម​ក្មេង​ជិត​៦លាននាក់ ​អាយុ​ក្រោម​៥ឆ្នាំ មានក្មេង​៣លាន៥សែននាក់ ត្រូវនឹង​៦០,៤ភាគរយ​ នៅតាម​​ប្រទេស​អាហ្វ្រិកនិងអាស៊ី​ចំនួន​១០ បានស្លាប់ ជារៀងរាល់ឆ្នាំ។ ​

សម្រាប់​ឆ្នាំ ​២០៣០ ​អង្គការ​សហប្រជាជាតិមានទិសដៅ អោយ​អត្រា​មរណភាព​​កុមារ​អាច​ធ្លាក់​មក​នៅ​ក្រោម​២៥នាក់ ក្នុងចំណោម​កុមារ​១០០០នាក់។ ឆ្នាំ២០១៥​ ប្រទេស​ចំនួន​១១៤​បាន​សម្រេច​ទិសដៅ​នេះ​រួច​ហើយ។ ប៉ុន្តែ ប្រទេស​អាហ្វ្រិក​ចំនួន​១០ នៅ​តែ​​​មាន​កុមារ​ស្លាប់​ ក្នុង​អត្រា​ខ្ពស់ គឺ​​៩០នាក់ ក្នុង​ចំណោម​​​១០០០នាក់។

ប្រទេសទាំងនោះ​​​ មាន​ដូចជា​​អង់ហ្កូឡា ​ឆាដ រឺ​ក៏​សូម៉ាលី។ ​ទាក់ទង​​អត្រា​​ក្មេង​​​​ស្លាប់​ក្រោម​អាយុ​៥ឆ្នាំ ​គិត​សម្រាប់​ឆ្នាំ២០១៥ ឥណ្ឌា​ជាប្រទេស​មុខគេ ​នាំ​មុខ​នីហ្សេរីយ៉ា ប៉ាគីស្ថាន សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ។ ចិន​ស្ថិត​ក្នុង​លំដាប់​ទី៦។

មូលហេតុ​មរណភាពកុមារ មានទាក់ទង​ចំបង ​​នឹង​បញ្ហា​​​ទារក​កើតមិនគ្រប់ខែ​។ បញ្ហា​នេះ បាន​សម្លាប់​ទារក​ជាង​១លាននាក់។ ​បន្ទាប់​មកទៀត គឺ​ជំងឺ​រលាកសួត ដែល​សម្លាប់កុមារ​​​ជាង៩សែននាក់។ ​បញ្ហា​ទាក់ទង​នឹង​ការប្រសូតទារកវិញ ​​​បានសម្លាប់​ទារក​​ ​ជិត​៧សែន​នាក់។ ជំងឺ​រលាកសួត​ជា​មូលហេតុ​ចំបង ​នៅ​ប្រទេស​អាហ្វ្រិក ​ភាគខាងត្បូង​តំបន់​សាហារា។ ចំណែក​នៅ​អាស៊ីខាងត្បូង​​ ដូចជា​បង់ក្លាដែស ឥណ្ឌូណេស៊ី ប៉ាគីស្ថាន រឺ​ក៏ឥណ្ឌា​វិញ​ បញ្ហា​ទារក​កើតមក​មិនគ្រប់ខែ ​ជា​មូលហេតុ​ចំបងនៃ​មរណភាព​កុមារ។ ​

ដោយឡែក ​ភាពរីកចម្រើនផ្នែក​វេជ្ជសាស្ត្រ​ កំចាត់​ជំងឺ​ដូចជា​ រលាកសួត គ្រុនចាញ់ ​រាករូស រឺ​កញ្ជ្រឹល ​បាន​ជួយ​បន្ថយ​អត្រាមរណភាព​កុមារ បាន​៤លាននាក់នាក់ ក្នុង​ឆ្នាំ២០១៥​កន្លងទៅ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ