អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សមរភូមិ​​មូស៊ូល​​អ៊ីរ៉ាក់​​នៅតែ​​ក្តៅគគុក​​ អ្នកសារព័ត៌មាន​​​លោក​ខាងលិច​​​​​ស្លាប់​​ក្នុង​​ការ​​ផ្ទុះមីន​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​អ៊ីរ៉ាក់ កងទ័ព​កំពុង​បន្ត​សម្រុ​កទៅមុខ​ ក្នុង​​វាយ​ដណ្តើម​យក​ក្រុងមូស៊ូល​ភាគខាងជើង​ពី​ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម​មកវិញ។ ​ក្រុមជីហាត​​សល់ដែនដីគ្រប់គ្រង​​តែ​ប៉ុន្មានគីឡូម៉ែត្រ​ការ៉េ​ប៉ុណ្ណោះ នៅ​មូស៊ូល តែ​នៅតែ​ប្រឈម​ស្វិតស្វាញ​ទៅនឹង​កងទ័ព។ ​ភេរវជនអត្តឃាត​ម្នាក់​បាន​បំផ្ទុះ​គ្រាប់បែក នៅ​កណ្តាល​​ក្រុម​​​​ប្រជាជន​​ដែល​ភៀសខ្លួន​ចេញ​ពី​មូស៊ូល ធ្វើអោយ​មាន​​មនុស្ស​ស្លាប់​១២នាក់។

ប្រជាជន​អ៊ីរ៉ាក់​ទាំងគ្រួសារៗ នាំគ្នា​ភៀសខ្លួន​ចេញ​ពី​មូស៊ូល
ប្រជាជន​អ៊ីរ៉ាក់​ទាំងគ្រួសារៗ នាំគ្នា​ភៀសខ្លួន​ចេញ​ពី​មូស៊ូល Reuters
ផ្សាយពាណិជ្ជកម្ម

អ្នកស្រី​វេរ៉ូនីក រ៉ូប៊ែរ Véronique Robert ជា​​​អ្នកសារព័ត៌មាន​ជនជាតិ​ស្វ៊ីស ដែល​​របួស​ធ្ងន់ធ្ងរ​ដោយគ្រាប់មីននៅ​មូស៊ូល​ កាលពី​ថ្ងៃចន្ទ​ ​​បាន​ស្លាប់ហើយ។ កាលពីថ្ងៃចន្ទ ​អ្នកសារព័ត៌មា​ន​បារាំង​ម្នាក់​ និង​អ៊ីរ៉ាក់​ម្នាក់​ ដែល​ធ្វើការ​​រួមគ្នា​ជាមួយ​​អ្នកសារព័ត៌មាន​ជនជាតិ​ស្វ៊ីស​រូបនេះ​​ ក៏​បានស្លាប់​ក្នុង​ការ​ផ្ទុះមីន​នេះដែរ។ ​ ​

អ្នកស្រី Véronique Robert និងអ្នកសារព័ត៌មាន​ក្នុង​ប្រទេស​ដែល​មាន​សង្គ្រាម​ជា​អ្នកសារព័ត៌មាន​ដ៏​គំរូ​​បំផុត

ក្នុង​សមរភូមិ​សង្គ្រាម​ក្តៅគគុក​ដូចជា​នៅ​មូស៊ូល​​ មិនថា​អ្នកសារព័ត៌មាន​​​ក្នុងស្រុក រឺ​បរទេស​ទេ សុទ្ធតែ​ជា​អ្នក​​ហ៊ាន​ប្រថុយ​​​ជីវិត រត់​កាត់គ្រាប់កាំភ្លើង គ្រាប់មីន ក៏ព្រោះតែ​ចង់​​​អោយ​យើងគ្រប់គ្នា​បាន​ដឹង​ពី​ស្ថានការណ៍​ជាក់ស្តែង​ ដឹង​ពី​​ទុក្ខលំបាក​​​របស់​ជនស៊ីវិល​។ ដូចជា​អ្នកស្រី​វេរ៉ូនីក រ៉ូប៊ែរ ជា​អ្នកកាសែត​ជនជាតិ​ស្វ៊ីស​អញ្ចឹង។ គាត់អាយុ​៥៤ឆ្នាំ ម្សិលមិញ គាត់​​​ស្លាប់​ដោយសារ​​របួស​ធ្ងន់ ដោយ​ការផ្ទុះមីន នៅមូស៊ូល​កាលពី​ថ្ងៃចន្ទ។ ពិតជា​អ្នកសារព័ត៌មាន​ស្រ្តី​​ម្នាក់​​ក្លាហាន​ណាស់។ (រូបថត​ខាងក្រោមនេះ​ជារូបថត​អ្នកស្រី​រ៉ូប៊ែរ)

Karim SAHIB/AFP

មិនថា​ជាអ្នកសារព័ត៌មា​នស្រី​រឺប្រុសទេ ក្នុង​សមរភូមិ​សង្គ្រាម​បែបនេះ ពួកគេ​ពិតជា​លះបង់​ខ្ពស់​​​ណាស់ ទើប​បានជាហ៊ាន​ចូលទៅ​កន្លែងគ្រោះថ្នាក់ មិនខ្វល់​​ពី​ការបារម្ភ​របស់​ក្រុម​គ្រួសារ​ពួកគេ។ អ្នកស្រី​វេរ៉ូនីក រ៉ូប៊ែរ ជនជាតិ​ស្វ៊ីស បម្រើការ​អោយ​សារព័ត៌មាន​ស្វ៊ីស​និង​សារព័ត៌មាន​បារាំង។ គាត់​មាន​បទពិសោធន៍​ក្នុង​សមរភូមិ​ប្រយុទ្ធ​ច្រើនណាស់ ពិសេស​នៅ​សមរភូមិ​​ដើមបូព៌ា​តែម្តង។ អ្នកស្រី​រ៉ូប៊ែរ ដើរយកព័ត៌មាន​ ឆ្លងកាត់​គ្រាប់​ ជាមួយ​កងទ័ព​អ៊ីរ៉ាក់​​ផ្ទាល់។ អ្នកស្រី​ធ្វើបទយកការណ៍ពិសេស​​អោយ​ទូរទស្សន៍​បារាំង ទាក់ទង​​ការវាយលុក​របស់​កងទ័ព​អ៊ីរ៉ាក់ ដើម្បី​ដណ្តើម​យក​ក្រុងមូស៊ូល​ពី​ក្រុម​ភេរវជន។ ​

ក្នុង​ហេតុការណ៍​ផ្ទុះ​មីន នៅ​ថ្ងៃចន្ទ​ដើមសប្តាហ៍ ក៏​មាន​អ្នកកាសែត​៣នាក់ទៀត​នៅជាមួយ​អ្នកស្រីដែរ ក្នុង​នោះ​មានបុរស​​អ្នកកាសែត​បារាំង​ម្នាក់ និង​អ៊ីរ៉ាក់​ម្នាក់។ អ្នកទាំង២​នេះ​ស្លាប់​ដោយគ្រាប់មីន​នេះដែរ។ ហើយអ្នកកាសែត​​ម្នាក់ទៀត ជា​​ជនជាតិ​បារាំង បាន​រងរបួសស្រាល។ គិតតាំងពី​ឆ្នាំ២០១៤​មក អ្នកសារព័ត៌មាន​ដែល​ស្លាប់​ក្នុង​សមរភូមិ​អ៊ីរ៉ាក់ បើ​គិតទាំង​អ្នកស្រី​វេរ៉ូនីក រ៉ូប៊ែរ និង​អ្នកកាសែត​ទាំង២​នាក់​ដែល​ស្លាប់​ដោយ​ការ​ផ្ទុះ​មីននេះ គឺមាន​អ្នកកាសែត​២៩នាក់​ ​ដែល​បាន​បាត់បង់​ជីវិត។ ពេលនេះ ក្រុមជីហាត​រដ្ឋអ៊ីស្លាម​មាន​អ្នកកាសែត​និងអ្នករួមការងារ​ជាជនជាតិ​​អ៊ីរ៉ាក់ទាំងអស់​​ ១០នាក់ នៅ​ក្នុងដៃ។ ​ ​

និយាយ​ទៅ​ ​អ្នកសារព័ត៌មាន​​​​ហ៊ាន​​ចូល​ក្នុង​សមរភូមិ​ប្រយុទ្ធ​ ពិតជា​គួរអោយ​សរសើរ​និង​គួរ​គោរព​ណាស់។ ពួកគេ​​លះបង់​ជីវិត លះបង់​ប្រយោជន៍​ផ្ទាល់ខ្លួន​ ដើម្បី​អោយ​យើងគ្រប់គ្នា​ដែល​នៅក្រៅ​សង្វៀនប្រយុទ្ធ​នេះ​ អាច​ដឹងពី​ទុក្ខលំបាក​​​ប្រជាជន​ក្នុង​ប្រទេស​ដែល​មា​នសង្គ្រាម។​ នេះ​ជា​ការ​ចូលរួម​ធំធេងណាស់ ដើម្បី​អោយ​គ្រប់គ្នា ពិសេស​មេដឺកនាំ​ធំៗក្នុងពិភពលោក​ ​បើកភ្នែក​មើលថា តើ​ជនស៊ីវិល​រងគ្រោះថ្នាក់​ប៉ុណ្ណា ដោយសារ​តែ​មហិច្ឆតាអំណាច​របស់​គ្រប់ភាគី​ជម្លោះ​នេះ។

ឧទាហរណ៍​ជាក់ស្តែង​មួយទៀត បង្ហាញថា អ្នកកាសែត​ជា​អ្នកចូលរួម​ទាមទារ​យុត្តិធម៌​ក្នុង​សង្គម​ដែរនោះ គឺថា​កូន​ប្រុស​ម្នាក់​របស់​អ្នកស្រី រ៉ូប៊ែរ ជាអ្នក​កាសែត​ជនជាតិស្វ៊ីស​នេះ កាលពី​១០ឆ្នាំមុន កូនប្រុស​គាត់ដែល​នៅជា​អនិតិជន​នៅឡើយ ​ធ្លាប់​រង​ការបំពាន​ភេទ​ពី​​ជនជាតិ​អារ៉ាប់​ម្នាក់ នៅ​ឌុយបៃ។

ដោយសារ​រឿងអយុត្តិធម៌នេះ​ អ្នកស្រីរ៉ូប៊ែរ បានធ្វើសកម្មភាព ​ក្នុង​ចលនា​ជួយ​​អនិតិជន​ដែល​រងការ​រំលោភ​បំពាន ពី​មន្ត្រី​ជាន់ខ្ពស់​មួយចំនួន​​​​របស់​ប្រទេស​អេមៀរ៉ាត​អារ៉ាប់រួម និង​ឌុយបៃ។ អ្នកស្រី​រ៉ូប៊ែរ ជា​អ្នកកាសែត​គំរូ​​ម្នាក់ ​សម្រាប់អ្នកកាសែត​គ្រប់រូប។ ​ ​ ​ ​

សមរភូមិ​មូស៊ូល៖ កងទ័ព​បារម្ភ​ថា ក្រុមភេរវជន​អាច​បង្កប់​ខ្លួន​ជាមួយ​ប្រជា​ជន​ដែលភៀសខ្លួន

និយាយ​ពី​សមរភូមិ​អ៊ីរ៉ាក់ គឺ​​នៅតែ​​​ក្តៅគគុកជានិច្ច។ ​ក្រុម​ភេរវជន​ជីហាត​រដ្ឋអ៊ីស្លាម​សល់​ដែនដី​ប្រហែល​២គីឡូម៉ែត្រ​ការ៉េ​ប៉ុណ្ណោះ ​នៅមូស៊ូល​ ហើយ​មានគ្នា​​មិនដល់​​២០០នាក់​ទេ។ ​ ​តែ​មើលទៅ​កងទ័ព​ដែល​មា​ន​ជំនួយ​ពី​សម្ព័ន្ធ​អន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក ក៏​​ដូចជា​ពិបាក​​វាយយកមូស៊ូល​ណាស់ដែរ ​

មិនដឹងថា ពេលណាទើប​កងទ័ព​​អាច​វាយបាន​មូស៊ូលចប់សព្វគ្រប់ទេ អាច​ថា​ឆាប់ៗ រឺ​ក៍​ច្រើនសប្តាហ៍​ទៀត។ រហូតពេលនេះ កងទ័ព​យក​បាន​ក្រុងមូស៊ូល​ប្រហែល​៥០ភាគរយមកវិញ។ ការដែល​ពិបាក​វាយយក​មូស៊ូល គឺ​ដោយសារ​តែ​ក្រុមជីហាត​ពូកែ​រក​ល្បិច​ ​​តស៊ូ​ទប់ទល់​ណាស់ដែរ​។

ជាក់ស្តែង ថ្មីៗនេះ ​ពេល​ប្រជាជន​កំពុង​ភៀសខ្លួន ​មាន​ភេរវជន​អត្តឃាត​ម្នាក់​មិនដឹង​ចេញ​​ពីណាពីណី​មកទេ បាន​​ចូល​​មក​បំផ្ទុះ​គ្រាប់បែក​សម្លាប់​មនុស្ស ក្នុង​ហ្វូង​អ្នកភៀសខ្លួន​តែម្តង។ មាន​ស្ត្រី​និង​កុមារ​ច្រើននាក់​ស្លាប់​ក្នុង​ភេរវកម្ម​នេះ។ កងទ័ព​​​​បារម្ភ​ថា សកម្មជន​ជីហាត​​​កំពុង​​បន្លំ​ធ្វើជា​ប្រជាជន​រត់ភៀសខ្លួនពី​មូស៊ូល​​នឹងគេដែរ។ តាមផ្លូវ​ដែល​​​ប្រជាជន​​ភៀសខ្លួន​ ក៏​មិនសូវ​ជា​មានសុវត្ថិភាព​​ ដូច្នេះ​​ក្រុមភេរវជន​អាច​​​បន្លំ​ស្លៀកពាក់​​​ជា​កងការពារ​សន្តិសុខ​ ដើម្បី​បំផ្ទុះ​គ្រាប់បែក​ បង្ក​ភេរវកម្ម។​

មួយទៀត ​ការដែល​ពិបាក​នឹង​វាយយក​មូស៊ូល​មកវិញ​ ក៏ដោយសារ​តែ​មូស៊ូល​មា​នច្រក​ផ្លូវតូចៗ និង​សំបូរ​ជនស៊ីវិល​នៅទីនោះ។ ​អញ្ចឹង​កងទ័ព​ពិបាក​ចូល​ទៅ​​ណាស់។ គិតដល់ពេលនេះ ​មនុស្ស​ប្រហែល​៨ពាន់នាក់ បាន​រត់រួចពី​ក្រុងមូស៊ូល។ នៅមាន​១សែន​នាក់​ទៀត ដែល​នៅជាប់​ក្នុង​តំបន់​គ្រប់គ្រង​របស់​ក្រុមជីហាត​រដ្ឋ​អ៊ីស្លាម។ ក្រុមជីហាត​ទុកពួកគេ​ធ្វើជា​ខែលការពារ ទប់ទល់​​នឹង​កងទ័ពវិញ។

ប្រជាជន​​អ៊ីរ៉ាក់​​ទាំងនេះ ពិបាក​​​រត់ភៀសខ្លួ​នពីមូស៊ូល​ណាស់។ ​រត់ចេញ​ពីតំបន់​ក្រុម​ជីហាត គឺបង្ហាញ​ថា ​ពួកគេ​ត្រូវ​ប្រថុយឆ្លង​បន្ទាត់​ព្រំដែន​ប្រយុទ្ធ​ ហើយ​អាច​នឹង​ត្រូវ​​ក្រុមជីហាត​សម្លាប់បាន​គ្រប់ពេល​​ដែរ។ អ្នកដែល​មិនហ៊ាន​ប្រថុយ រឺ​ក៏អ្នកដែល​សម្រេច​បន្ត​នៅ​តំបន់​របស់​ក្រុមជីហាត ពេលនេះ កំពុង​ប្រឈម​នឹង​ការខ្វះទឹក​ និង​អាហារ​បរិភោគ​ ពិសេស​ក្មេងៗ​តូចៗ​តែម្តង។ ក្មេងៗ​ខ្លះ កំពុង​ធ្លាក់​ក្នុ​ង​ស្ថានភាព​​ខ្វះ​​អាហាររូបត្ថម្ភ។

ដោយឡែក នៅ​សមរភូមិ​ប្រយុទ្ធ ​​កាលពី​ថ្ងៃសុក្រ សម្ព័ន្ធ​អន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក បាន​កំចាត់​អ្នកគ្រប់គ្រង​ហិរញ្ញវត្ថុ​ម្នាក់ របស់​ក្រុមជីហាត​រដ្ឋអ៊ីស្លាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ