ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 06/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 06/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 06/12 12h00 GMT

ប្រវត្តិ​​​នៃ​​​ការ​ដួល​រលំ​ជញ្ជាំង​ប៊ែរឡាំង អាល្លឺម៉ង់

ប្រវត្តិ​​​នៃ​​​ការ​ដួល​រលំ​ជញ្ជាំង​ប៊ែរឡាំង អាល្លឺម៉ង់
 
ជញ្ជាំង​ប៊ែរឡាំង ថត​ឆ្នាំ​ 1986 Noir/wikipedia.org

ថ្ងៃ​ទី ៩ វិច្ឆិកា ១៩៨៩ ជញ្ជាំង​ប៊ែរឡាំង​រលំ !  ជិត​មួយ​ឆ្នាំ​ក្រោយ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​អាល្លឺម៉ង់ ឬ​អាល្លឺម៉ង់​ខាង​កើត​មាន​និន្នាការ​កុម្មុយនិស្ត​បាន​ក្លាយ​ជា​រឿង​អតីត ! ​អាល្លឺម៉ង់​ខាង​លិចនិង​ខាង​កើត បាន​បង្រួប​បង្រួម​គ្នា​ជា​​ប្រទេស​មួយ។ ២៥​ឆ្នាំក្រោយ ពោល​នៅ​ថ្ងៃ​៩ វិច្ឆិកា ២០១៤នេះ អាល្លឺម៉ង់ កំពុង​ប្រារព្ធ​យ៉ាង​សក្តិសម​ ថ្ងៃ​ខួប​ជា​ប្រវត្តិសាស្ត្រ សម្រាប់​​ប្រទេស​អាល្លឺម៉ង់​ផ្ទាល់​ផង សម្រាប់​​អឺរ៉ុប​ផង និង​ ​ពិភពលោក​ផង​។

ការ​ដួល​រលំ​ជញ្ជាំង​ប៊ែរ​ឡាំង មាន​តម្លៃ​ជា​និមិត្តរូប​ មិន​មែន​តែ​សម្រាប់​ពលរដ្ឋ​អាល្លឺម៉ង់​ម្នាក់​ប៉ុណ្ណោះ​ទេ តែ​ជា​តំណាង​នៃ​សេរីភាព​សម្រាប់​មនុស្សជាតិទូទៅ។ បំណែក​ផ្ទាំង​ស៊ីម៉ង់​ជញ្ជាំង​ប៊ែរឡាំង ខ្លាំង​មាន​ទម្ងន់​ដល់​តោន​ផង មាន​​តាំង​នៅ​ស្ទើរ​ពាស​ពេញ​​ពិភពលោក។

កាលពី​៥​ឆ្នាំ​មុន ក្នុង​ខួប​២០​ឆ្នាំ​នៃ​ការ​ដួល​រលំ​ជញ្ជាំង​ប៊ែរឡាំង គេ​បាន​យក​បំបែក​ជញ្ជាំង​ធ្វើ​ជា​ក្រដាស មក​ផ្គុំ​​​លម្អ តាម​បណ្តោយ​ព្រំ​ជញ្ជាំង​ដើម រួច​ផ្តួល​មួយ​ម្តងៗ​ត​គ្នា​ដូច​ល្បែង​ដូមីណូ។ នៅ​ឆ្នាំ​នេះ អាល្លឺម៉ង់​ជ្រើស​រើស​លម្អ​ដោយ​ប្រើ​ភ្លើង​ពណ៌ ! អំពូល​ភ្លើង​ប៉េងប៉ោង​ និង​ចង​ តាម​បណ្តោយ​ស្នាម​ជញ្ជាំង ដែល​ស្ទើរ​គ្មាន​សេស​សល់​អ្វី​ទៀត​ទេ។ នៅ​ពេល​បន្តិចទៀត​នេះ អ្នក​រៀប​ចំ​កម្មវិធី នឹង​បើក​ភ្លើង​អំពូល​ទាំងនោះ ដើម្បី​បង្ហាញ​ពិភពលោក ជាពិសេស​ក្មេង​ជំនាន់​ក្រោយ​ ឱ្យ​​ស្រមៃ​ឃើញ​នូវ​​អ្វី​ទៅ​ជញ្ជាំង​ប៊ែរឡាំង​។ ប៉េងប៉ោងនេះ​នឹង​ត្រូវ​បង្ហោះ​នៅ​ថ្ងៃអាទិត្យ​ឱ្យ​ចំ​ខួប​២៥​ឆ្នាំ​គត់​​នៃ​រលំជញ្ជាំង។

 
ខាង​ផ្នែក​ពិធីការ​រដ្ឋ​វិញ កម្មវិធី​ផ្លូវការ​បាន​ចាប់​បើក​​នៅសភា​ នៅព្រឹក​ថ្ងៃ​សុក្រ​នេះ និង​​បន្ត​ដោយ​ពិធី​ផ្លូវការរៀប​ចំដោយ​ក្រុង​ប៊ែរឡាំង​នៅ​ថ្ងៃអាទិត្យ ដោយ​មាន​ការ​ចូល​រួម​ពី​ឥស្សរជន​សំខាន់ៗ​ដូច​ជា​ប្រធាន​សភា​អឺរ៉ុប អតីត​ប្រធានាធិបតី (១៩៨៥-១៩៩១)​សហភាព​សូវៀត- ​រុស្ស៊ី លោក Mikhaïl Gorbatchev ក៏​មានវត្តមានដែរ​។ ប្រសិន​បើ​គ្មាន​សម្ពាធ​ពី​រុស្ស៊ី​របស់​លោក​ Mikhaïl Gorbatchev ទេ ម្ល៉េះ​សម​អាល្លឺម៉ង់​ខា​ងកើត​នៅ​កាន់​អំណាច​យូរ​ទៀត ឬ​មិន​ដូច្នេះ​ទេ​មាន​អំពើ​ហិង្សា​ខ្លាំង​ ជញ្ជាំង​ប៊ែរឡាំង​ ទំនង​មិនអាច​​​រលំ​ផង​ក៏​មិន​ដឹង។

ជា​សរុប​ក្នុង​រយៈ​ពេល​បី​ថ្ងៃ​នេះ មាន​កម្មវិធីច្រើន​ ត្រូវ​បានរៀប​ចំ​ឡើង​ដើម្បី​រំលឹក​ឡើង​វិញ​នូវ​ប្រវត្តិ​នៃ​ជញ្ជាំង​ដែល​រលំ​បាត់​ទៅ​ហើយ នៅសល់​តែ​និមិត្តរូប​នេះ។

កំណើត​​ជញ្ជាំង​ប៊ែរឡាំង

ក្រោយ​ចាញ់​សង្គ្រាម​ សម្ព័ន្ធមិត្ត មាន​បារាំង​ អង់គ្លេស​ អាមេរិក និង​រុស្ស៊ី បាន​​បែង​ចែក​អាល្លឺម៉ង់ និង​ក្រុង​ប៊ែរឡាំង​ជា​បួន​ចម្រៀក​ សម្រាប់​គ្រប់គ្រង។ ក៏​ប៉ុន្តែ កិច្ចសហប្រតិបត្តិការ​​​រវាង​សម្ព័ន្ធ​មិត្តទាំង​បួន​បាន​បញ្ចប់​ ព្រោះ​និន្នាការ​នយោបាយ​មិនស៊ីចង្វាក់​គ្នា​ ម្ខាង បារាំង​អង់គ្លេសអាមេរិក​​ ម្ខាង​មាន​រុស្ស៊ី​ម្នាក់ឯង។​ ​អតីត​សម្ព័ន្ធ​មិត្ត បាន​ក្លាយ​សត្រូវប្រឈម​មុខ​ដាក់​គ្នា​កាន់​តែ​ខ្លាំង រហូត​ក្លាយ​ជា​សង្គ្រាម​ផ្នែក​មនោគមន៍វិជ្ជា ឬ​សង្គ្រាម​ត្រជាក់។ ​

ផលវិបាក​​ ​ អាល្លឺម៉ង់​ក៏​ត្រូវ​បំបែក​ជា​ពីរ និង​បង្កើត​ជា​រដ្ឋ​ពីរ​ នៅ​ឆ្នាំ​១៩៤៩។ ការ​បំបែក​រដ្ឋ ដែល​បាន​បង្ក​ឱ្យ​មាន​ចលនា​ភៀស​ខ្លួន​យ៉ាង​គំហុក ជាពិសេស​នៅ​រដ្ឋ​ធានី​ប៊ែរឡាំង តែ​ម្តង។ ដើម្បី​ទប់​ស្កាត់​ចរន្ត​នេះ អាល្លឺម៉ង់​ខាង​កើត​មាន​គំនិត​សង់​ជញ្ជាំង​ឡើង ​ នៅ​រវាង​ថ្ងៃ​ទី​ ១៣ សីហា ឆ្នាំ​១៩៦១ ដែល​គេ​ហៅ​ថា ជញ្ជាំង​ការពារ​ប្រឆាំង​នឹង​ពួក​ហ្វាស៊ីស។ ប៉ុន្តែជា​ជញ្ជាំង​អៀន​ខ្មាស​សម្រាប់​អាល្លឺម៉ង់​សេរី ខាង​លិច។

ជញ្ជាំង​នេះ​ខណ្ឌ​ចែក​អាល្លឺម៉ង់​ឱ្យ​ដាច់​គ្នា​ជា​ពីរផង តែ​ក៏​ជា​និមិត្ត​រូប​នៃ​ការ​បែង​ចែក​អឺរ៉ុប​ជា​ពីរ​ដែរ គឺ​អឺរ៉ុប​ខាង​លិច ប្លុក​អ្នក​​សេរី និង​អឺរ៉ុប​ខាង​កើត​ប្លុក​កុម្មុនិស្ត​ តាម​គំរូ​និន្នាការ​សហភាព​សូវៀត។

ជា​សំណង់​ស៊ីម៉ង់ មាន​ប្រវែង​សរុប​ប្រមាណ​ ១៥៥​គីឡូម៉ែត្រ ក្នុង​នោះ ៤៣​គ.ម. សង់​កាត់​ពុះ​​ចែក​ក្រុង​ប៊ែរឡាំង ចំណែក​នៅ​តំបន់​ផ្សេង​ជញ្ជាំង​ខណ្ឌ​ចែក​​ប្រទេស​អាល្លឺម៉ង់​ជាពីរ​មាន​ប្រវែង​ ១៤០០គ.ម. ជា​ចម្រឹង​ដែក​ ជា​ខ្សែ​លួស​ឆក់​ ឬ​ជា​គ្រាប់​មីន។

ចំពោះ​ជញ្ជាំង​ជា​និមិត្តរូប ​នៅ​ក្រុង​ប៊ែរឡាំង មាន​​​កម្ពស់ ៣,៦​ម៉ែត្រ​ មាន​ប៉ុស្តិ៍​យាម​ ៣០២​កន្លែង​ មានបំពាក់​​ស៊ីរ៉ែន​អាសន្ន​ និង​បំពាក់​បន្លា​​ចង្អុល​មេឃ។ ឆ្មាំ​១៦០០​នាក់ និងឆ្កែ​៦០០​ក្បាល​ ដើរ​ល្បាត​តាម​ផ្លូវ​ ជាប់​ជញ្ជាំង​ជាប់​ជា​ប្រចាំ។ មាន​ជន​រង​គ្រោះ​ច្រើន​នាក់​ណាស់​ដែល​សាក​ល្បង​រត់​គេច​ឆ្លង​ទៅ​អាល្លឺម៉ង់ខាង​លិច​បើ​ទោះ​បី​ជា​ដឹង​ថា​មាន​គ្រោះ​ថ្នាក់ខ្លាំង ហើយ​ទាហាន​មាន​បញ្ជា​ឱ្យ​បាញ់​គ្មាន​អាសូរ​អ្នក​ចង់​រត់​គេច​ក៏​ដោយ។

ក្នុង​រយៈ​ពេល​២៨​ឆ្នាំ​នៃ​វត្តមានជញ្ជាំង​នេះ មាន​ជន​អាល្លឺម៉ង់​១៣៦​នាក់​បាន​ស្លាប់ និង​មាន​ការ​រត់​គេច​៥០០០​ករណី។

ជញ្ជាំង​ប៉េងប៉ោង​ក្នុង​ថ្ងៃ​ខួប​២៥ឆ្នាំ REUTERS/Fabrizio Bensch

ការ​​ដួល​រលំ​

ការ​ចុះ​ខ្សោយ​នៃ​របប​សហភាព​សូវៀត អាច​ជា​កត្តា​មួយ​សម្រួល​ដល់​ការ​រលំ​ជញ្ជាំង​ប៊ែរឡាំង។ បើ​និយាយ​អំពី​ការ​រលំ ជញ្ជាំង​វិញ​ វា​​ជា​ហេតុ​ការណ៍​ដែល​កើត​ឡើង​ក្នុង​តែមួយ​ប៉ប្រិច​ភ្នែក​ ! ដោយ​ការ​ភ្ញាក់ផ្អើល និង​​ភាព​ស្រពិច​ស្រពិល​ និង​ក្នុង​កាលៈ​ទេសៈ​ដែល​មិនគួរ​សោះ !

នៅ​ថ្ងៃ​ទី ៩ វិច្ឆិកា ១៩៨៩ ពេល​ថ្ងៃ​ត្រង់ មាន​ជំនួប​ប្រជុំ​គណៈកម្មការ​មជ្ឈិម​បក្សកុម្មុយនិស្ត​​ អាល្លឺម៉ង់​ អគ្គលេខាធិការ​​បក្ស​បាន​ជូន​ដំណឹង​ដល់​ទៅកាន់​មេដឹក​នាំ​សំខាន់​អាល្លឺម៉ង​ថា នឹង​ច្បាប់​ថ្មី​ស្តី​ពី​ការ​ធ្វើ​សេរីភាព​ធ្វើ​ដំណើរ​របស់​ពល​រដ្ឋ​អាល្លឺម៉ង់នឹង​ត្រូវ​អនុម័ត។ នៅ​ម៉ោង​៦​ល្ងាច អ្នក​នាំ​ពាក្យ​បាន​ធ្វើសន្និសីទ​កាសែត ​ដើម្បី​ជូន​ដំណឹង​ដល់​សាធារណៈ​អំពី​សេចក្តី​សម្រេច​ចិត្ត​របស់​បក្ស​។ នេះ​ជា​ភារកិច្ច​របស់​អ្នក​នាំ​ពាក្យ បាន​​​ប្រកាស​នៅ​ម៉ោង​ នៅ​ចំពោះ​មុខ​អ្នក​កាសែត​ជាតិ​និង​អន្តរជាតិ លោក Schabowski ជា​អ្នក​នាំ​ពាក្យ បាន​អាន​ឮៗ « ទិដ្ឋាការ ឬ​វីសា សម្រាប់​ពលរដ្ឋ​អាល្លឺម៉ង់​ខាង​កើត និង​ជន​បរទេស​ ត្រូវ​ផ្តល់​ឱ្យ ដោយ​ឥត​លក្ខខណ្ឌ ! »។  អ្នក​កាសែត​ម្នាក់​បាន​ស្រែក​សួរភ្លាមថា « ចាប់​ពី​ពេល​ណា​ទៅ ? » បន្ទាប់​ពី​អេះអុញ​បន្តិច លោក​ក៏​បាន​ឆ្លើយ​ថា​ « បើ​តាម​ខ្ញុំ​ដឹង គឺ​ភ្លាមៗ​នេះ​តែ​ម្តង »។

អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន អ្នក​កាសែត​នៅ​ក្រៅ​សាល នាំ​គ្នា​ស្រែក​ជ័យឃោស​ភ្លាម ស្រែក​ជូន​ដំណឹង​តៗ​គ្នា ថា « ពលរដ្ឋ​អាល្លឺម៉ង់​ខាង​កើត​អាច​ធ្វើ​ដំណើរ​ទៅបរទេស ! ជញ្ជាំង​ប៊ែរឡាំង​បើក​ច្រក​ហើយ ! ទូរទស្សន៍​ជាតិ​អាល្លឺម៉ង់​ខាង​លិច បាន​ប្រកាស​ព័ត៌មាន​នៅម៉ោង​១០​និង​៤២​យប់ ថា​ « ៩ វិច្ឆិកា ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ ទ្វារ​ជញ្ជាំង​បើក​ធំ ! » តែធាតុ​ពិត​ជាក់​ស្តែង​​នៅពេល​ម៉ោង​ប្រកាស​នោះ ជញ្ជាំង​នៅ​បិទ​ជិត​នៅ​ឡើយ​ទេ !

ម៉ោង​១១​កន្លះ​យប់ ​ហ្វូង​មហាជន​បាន​នាំ​គ្នា​សំរុក​ទៅ​ដល់ជើង​​ជញ្ជាំង​និង​បាន​ស្រែក​ទាមទារ​ឱ្យ​មាន​ការ​បើក​ច្រក នៅ​ទី​បំផុត​បណ្តា​ជន​អាល្លឺម៉ង់​ខាង​លិច និង​ខាង​កើត​ អាច​ចាប់​ដៃ​និង​អោប​គ្នា​វិញ​បាន។ ជញ្ជាំង​ក៏​ផ្តើម​រលំ​ អាល្លឺម៉ង់​ក៏បាន​​រួប​រួមគ្នា​វិញ រហូត​មក​ទល់​សព្វថ្ងៃ។

ចំណែកលោក Günter Schabowski ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​បក្ស​ នៅឆ្នាំ ១៩៩០ ពី​បទ​បាន​ធ្វើ​ឱ្យ​ជញ្ជាំង​រលំ និង​កាត់​ទោស​នៅ​ឆ្នាំ​១៩៩៧ ក្នុង​បទ​ផ្សំ​គំនិត​ឱ្យ​មាន​ការ​ស្លាប់​នៅ​តាម​ព្រំប្រទល់​ចែក​អាល្លឺម៉ង់​ទាំង​ពីរ តែ​ត្រូវ​បាន​លែក​លែងទោស​វិញ​នៅ​ឆ្នាំ​២០០០៕

 

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ