អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

មូលហេតុ​សំខាន់ៗ​បង្កប់​នៅ​ពី​ក្រោយ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​នៅ​ជប៉ុន

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​នរិន្ទ្រម៉ូឌី នាយករដ្ឋមន្ត្រី​ឥណ្ឌា​ បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​ នៅ​ថ្ងៃ​សោរ៍ ទី​៣០​ សីហា​ នេះ។ មូលហេតុ​ចំបង​នៃ​ដំណើរ​ទស្សនកិច្ច​នេះ គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ដែរ សម្ព័ន្ធភាព​ដ៏​ល្អូកល្អឺន​រវាង​ប្រទេស​ទាំងពីរ ហាក់​បង្កប់​ន័យ​ផ្សេង​ទៀត ក្រៅ​តែ​ពី​បញ្ហា​សេដ្ឋកិច្ច។ នោះ​គឺ​ការ​ចង​ស្ពានមេត្រី​ឲ្យ​បាន​រឹងមាំ រវាង​ឥណ្ឌា និង ជប៉ុន ដើម្បី​ទប់ទល់​ជាមួយ​មហាយក្ស​ចិន​ ដែល​កំពុង​ក្អេងក្អាង​ក្នុង​តំបន់​អាស៊ី។

លោក នរិន្ទ្្រម៉ូឌី ចាប់ដៃ​គ្នា​​ជាមួយ​​លោក​​ស៊ិនហ្ស៊ូ អាបេ នៅទីក្រុុង​តូក្យូ ថ្ងៃ ៣០ សីហា​ ២០១៤
លោក នរិន្ទ្្រម៉ូឌី ចាប់ដៃ​គ្នា​​ជាមួយ​​លោក​​ស៊ិនហ្ស៊ូ អាបេ នៅទីក្រុុង​តូក្យូ ថ្ងៃ ៣០ សីហា​ ២០១៤ Reuters
ផ្សាយពាណិជ្ជកម្ម

ការ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​របស់​លោក ​នរិន្ទ្រម៉ូឌី ​នាយករដ្ឋមន្រ្តី​ឥណ្ឌា នៅ​ប្រទេស​ជប៉ុន​ក្នុង​ពេល​នេះ ធ្វើ​ឡើង​ក្នុងមូលហេតុ​ដែល​សំខាន់​ជាង​គេ​ គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ។ លោក នរិន្ទ្រម៉ូឌី ​ដែល​គេ​គ្រប់​គ្នា​ស្គាល់​ថា​ជា​មនុស្ស​ម៉ឺងម៉ាត់ បាន​ផ្តជ្ញា​ថា នឹង​លើកមុខ​លើក​មាត់​ប្រទេស​ឥណ្ឌា នៅ​លើ​ឆាក​អន្តរជាតិ ក្នុងនាម​ជា​មហា​អំណាច​សេដ្ឋកិច្ច​នៅ​អាស៊ី។ ​ក្នុង​ន័យ​នេះ ឥណ្ឌា​ត្រូវការ​ការ​ជ្រោមជ្រែង​របស់​ជប៉ុន ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​រឹងមាំ ហើយ​ដែល​មាន​ជំនាញ​បច្ចេកវិទ្យា​ជឿនលើន​ជាង​គេ​នៅ​អាស៊ី។ ឥណ្ឌា​ត្រូវការ​ការ​វិនិយោគ​របស់​ជប៉ុន​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ ​ដូចជា​ប្រព័ន្ធ​រថភ្លើង​ជាដើម។ 

 
ពាក្យថា​មហា​អំណាច​ មិនមែន​មាន​ន័យ​ថា មាន​សេដ្ឋកិច្ច​លូតលាស់ គ្រប់គ្រាន់​នោះ​ទេ តែ​ឥណ្ឌា​ត្រូវ​មាន​ប្រព័ន្ធ​ការពារ​ជាតិ​មួយ​ដែល​ខ្លាំងក្លា ថែម​ទៀត។ វិស័យ​យោធា​នេះ ទៀតសោត ឥណ្ឌា ប្រាថ្នា​ចង់​បាន​បទ​ពិសោធន៍​របស់​ជប៉ុន ដែល​មាន​បច្ចេកវិទ្យា​ឈានមុខ ជា​ពិសេស​ក្នុង​វិស័យ​នុយក្លេអ៊ែរ។ កន្លង​មក​ កាល​ពី​ឆ្នាំ ២០១២-​២០១៣ ឥណ្ឌា​បាន​សាកល្បង​បាញ់​គ្រាប់​មីស៊ីល​របស់​ខ្លួន ប្រកប​ដោយ​ជោគជ័យ។ ប្រព័ន្ធនុ​យក្លេអ៊ែរ​នេះ ឥណ្ឌា​មិនមែន​ត្រូវការ​តែ​នៅ​ក្នុង​វិស័យ​យោធា​ប៉ុណ្ណោះ​ទេ តែ​ឥណ្ឌា​ត្រូវការ​ប្រើប្រាស់​ក្នុងការ​ផលិត​អគ្គីសនី ឲ្យ​ដល់​ប្រជាជន​ឥណ្ឌា​ប្រើប្រាស់។

ចំណែកភាគីជប៉ុនវិញ ក៏បានទទួលផលចំណេញមិនតិចដែរក្នុងសម្ព័ន្ធភាពនេះ។ ចូរ​កុំភ្លេច​ថា មាន​សហគ្រាស​ផលិត​រថយន្ត​ជប៉ុន​ច្រើន​ណាស់​ ដែល​បាន​ទៅ​តាំងទី​នៅ​ឥណ្ឌា។ នោះ​គឺ​ដោយសា​ឥណ្ឌា​មាន​វត្ថុ​ធាតុ​ដើម។ វត្ថុធាតុ​ដើម​មួយ​ដែល​ជប៉ុន ក៏​ដូចជា​ប្រទេស​ធំៗ​ផ្សេង​ទៀត​ស្វែង​រក​នោះ​ គឺ​គេ​ហៅ​ថា ដីកម្រ។ ដីកម្រ​នេះ​វា​មាន​ផ្ទុក​នូវ​សារ​ធាតុលោហៈ​គីមី ​សំខាន់ៗ ​១៧មុខ។ លោហៈ​គីមី​​កម្រ ទាំង​នេះ គេ​ត្រូវការ​ណាស់​ ដើម្បី​ផលិត​ ដូចជា ​ទូរស័ព្ទ​ទំនើបៗ​បច្ចុប្បន្ន រី​ក៏​ម៉ាស៊ីន​រថយន្ត​ដែល​ដើរ​ដោយ​ចរន្ត​អគ្គីសនី​ និង អំពូល​ភ្លើង​ជា​ដើម។ ឧស្សាហកម្ម​ជប៉ុន​នាំមុខ​គេ នរណាៗ​ក៏​ដឹង​ដែរ​ថា គឺ​សម្ភារៈ​អគ្គីសនី​ទាំងអស់​នេះ​ហើយ ដែល​ជប៉ុន​លក់​ដាច់​ជាង​គេ ហើយ​នរណា​ក៍​ទទួល​ស្គាល់​គុណភាព។ រហូត​មក​ដល់​ពេល​នេះ ជប៉ុន​រំពឹង​ស្ទើរតែ​ទាំងស្រុង​លើការ​នាំចូល​លោហៈកម្រ​ទាំងនោះ​ពី​ចិន ពោល​គឺ​ប្រមាណ​ជា​៦០ភាគរយ​នៃ​តំរូវការ​របស់​ឧស្សាហកម្ម​ជប៉ុន។ ជប៉ុន​ដែល​មិនសូវ​ជា​ត្រូវគ្នា​ជាមួយ​ចិន បាន​រិះរក​គ្រប់​វិធី ដើម្បី​កុំឲ្យ​រំពឹង​តែ​លើ​ចិន ព្រោះ​ថា​កុំឲ្យ​ចិន​បានចិត្ត។​ បើ​តាម​ការ​ស្មាន​ទុក ឥណ្ឌា​នឹងយល់ព្រម​​ផ្គត់ផ្គង់​លោហៈកម្រ​នេះ ឲ្យជ​ប៉ុន ប្រមាណ​ជា​ជាង២ពាន់​តោន​ក្នុង​មួយ​ឆ្នាំៗ ពោល​គឺ​ស្មើ​នឹង​១៥ភាគរយ​ដែរ។

យើងដឹងហើយថា ជប៉ុន​និង​ចិន មិនសូវ​ជាត្រូវ​គ្នា​ទេ ព្រោះថា​មាន​ជម្លោះ​ប្រវតិ្តសាស្រ្ត ក៏​ដូចជា​ជម្លោះ​ក្នុង​ការ​កាន់កាប់​ដែនកោះ​ក្នុង​សមុទ្រ។ ដូច​ពាក្យ​គេ​តែង​និយាយ​ថា សត្រូវ​របស់​សត្រូវ​ខ្ញុំ​ គឺ​ជា​មិត្ត​ខ្ញុំ។ ដូចគ្នា​ជាមួយ​ជប៉ុន ឥណ្ឌា​មិនសូវ​ត្រូវ​ជាមួយ​ចិន​ទេ។ ជម្លោះ​ព្រំដែន​គឺ​ជា​បញ្ហា​ចំបង។ ឥណ្ឌា​មាន​ព្រំដែន​នៅ​ភាគ​ខាងជើង​យ៉ាង​វែងអន្លាយ​ជាមួយ​ចិន នៅ​តាម​ជួរ​ភ្នំ​ហិមាល័យ។ យូរៗ​ម្តង ចិន​តែងតែ​បង្ហាញ​ឲ្យ​ឥណ្ឌា​ភ័យ ដោយ​ការ​ចល័ត​ទ័ព និង​ទន្រ្ទាន​ចូល​ក្នុង​ទឹកដី​ឥណ្ឌា។ ចិន​មិន​សប្បាយ​ចិត្ត​ទេ ដែល​ឃើញ​ឥណ្ឌា មាន​ការ​រីកចំរើន​ ក្នុង​វិស័យ​យោធា។ ឧទាហរណ៍​កាល​ពី​ឆ្នាំ ២០១៣ គ្រាន់​តែ​ឥណ្ឌា​បាន​សាកល្បង​បាញ់​គ្រាប់​មីស៊ីល​បាន​សម្រេច ចិន​បាន​កំញើញ ដោយ​បាន​បញ្ជូន​ទ័ព​ ចូល​ទៅ​ដី​ឥណ្ឌា​ចំងាយ​២០​គីឡូម៉ែត្រ ក្នុង​រដ្ឋ​ឡាដាក្ខបូព៌ា។  

លើស​ពី​នេះ​ទៅទៀត ចិន​មាន​គម្រោង​សាងសង់​ទំនប់​ជា​ច្រើន​នៅ​តាម​ទន្លេ ប្រាម៉ាពូទ្រ។ ​គម្រោង​នេះ ​ធ្វើ​ឲ្យ​ឥណ្ឌា​និង ​បង់ក្លាដេស្ស មិន​ពេញចិត្ត​ទេ ព្រោះ​ថា​វា​និង​ប៉ះពាល់​ប្រទេស​ពួក​គេ​ដែល​នៅ​ខាង​ក្រោម។​ មួយ​វិញ​ទៀត ចិន​និង​ឥណ្ឌា​មិន​ពេញចិត្ត​គ្នា ទាក់ទង​ទៅ​នឹង​អធិបតេយ្យភាព​តំបន់​ទីបេ។ ឥណ្ឌា​បាន​ជួយ​ទំនុកបម្រុង​ថ្នាក់​ដឹកនាំ​ភៀសខ្លួន​របស់​ទីបេ ដូចជា​សម្តេច​សង្ឃ​ដាឡៃឡាម៉ា​ជាដើម។ ក្រៅ​ពី​នេះ ចិន​បាន​ធ្វើ​វិនិយោគទុន រកស៊ី​ជាមួយ​ប៉ាគីស្ថាន ក្នុង​តំបន់​កាហ្សមៀរ ដែល​តំបន់​នេះ មាន​ការ​ប្រទាញប្រទង់​គ្នា​រវាង​ឥណ្ឌា​និង​ប៉ាគីស្ថាន។  ម្យ៉ាង​ទៀត ជប៉ុន​និង​ឥណ្ឌា​ជា​ប្រទេស​ដែល​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​ដូចគ្នា ខុស​គ្នា​ពី​របប​កុម្មុនិស្ត​ផ្តាច់ការ​របស់​ចិន។ សរុប​មក​ ការ​ខិត​ចូល​មក​ជិតគ្នា​រវាង​មហាយក្ស​សេដ្ឋកិច្ច​អាស៊ី​ទាំងពីរ ជា​សារ​ប្រាប់​ទៅ​ដល់​ក្រុងប៉េកាំង​ ឲ្យ​ឈប់​ក្អេងក្អាង ​ដើរបង្ក​អស្ថិរភាព​នៅ​តំបន់​អាស៊ី​តទៅទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ