អានតួអត្ថបទ
កម្ពុជា

ក្រុម​ការងារ​ចរចា​កែ​ទម្រង់​ការ​បោះឆ្នោត​នឹង​ជួប​គ្នា​នៅ​ថ្ងៃ​ស្អែក

តំណាង​ក្រុម​ការងារ​បច្ចេកទេស​មក​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ គ្រោង​ជួប​ចរចា​គ្នា​នៅ​ថ្ងៃ​ចន្ទ​ស្អែក​ទៀត​ ដើម្បី​បន្ត​ស្វែង​រក​ការ​ឯកភាព​គ្នា​លើ​ចំណុច​សេស​សល់​ ប្រហែល​«១០​ភាគ​រយ»​ ក្នុង​ការ​ដំណើរ​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ​ជា​ពិសេស​ពាក់ព័ន្ធ​នឹង​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត។​ ការ​ចរចា​ថ្នាក់​បច្ចេកទេស​នៅ​ថ្ងៃ​ស្អែក​ ​គឺ​ជា​ជំនួប​លើក​ទី​៨​ នៃ​ក្រុម​ការងារ​ ខណៈ​ដែល​កិច្ច​ព្រម​ព្រៀង​រវាង​គណ​បក្ស​ទាំង​ពីរ​ព្រមាន​ថា ​គ.ជ.ប.​ ចាស់​នឹង​បន្ត​សុពលភាព​ ប្រសិន​បើ​ការ​ចរចា​មិន​នាំ​ទៅ​ដល់​ការ​បង្កើត​អង្គការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ថ្មី​បាន​ទេ។

តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា​និង​សង្គ្រោះ​ជាតិ​បាន​ចូល​រួម​ពិភាក្សា​គ្នា​ពី​ការ​បោះ​ឆ្នោត​នាពេល​កន្លង​មក​។​
តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា​និង​សង្គ្រោះ​ជាតិ​បាន​ចូល​រួម​ពិភាក្សា​គ្នា​ពី​ការ​បោះ​ឆ្នោត​នាពេល​កន្លង​មក​។​ @RFI
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​ពិធីបុណ្យ​ជាតិធំៗបញ្ចប់ទៅ ក្រុមការងារ​ចរចា​ថ្នាក់​បច្ចេកទេស ខាង​កែទម្រង់​ការ​បោះឆ្នោត​នៅ​កម្ពុជា មកពី​គណបក្ស​ប្រជាជន​កម្ពុជា នឹង​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ជួបគ្នា​នៅ​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ ដើម្បី​បន្ត​ទម្លុះទម្លាយ​ការខ្វែងគំនិត​គ្នា​នានា ដែល​តំណាង​គណបក្ស​ទាំងពីរ​បាន​អះអាងថា នៅសល់តែ​ប្រហែលជា«១០ភាគរយ»ប៉ុណ្ណោះ។

ជំនួប​ថ្ងៃ​ចន្ទ នៅ​រដ្ឋសភាជាតិ នឹង​ក្លាយជា​ការចរចា​ថ្នាក់​បច្ចេកទេស​លើក​ទី៨ បន្ទាប់ពី​ការ​​​ពិភាក្សា​៧លើក​​មុន​ ទទួល​បាន​​ផ្លែផ្កា​«៩០ភាគរយ» ទាក់ទង​ជាពិសេស​នឹង​សំណើ​កែប្រែ​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តិ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ។

ថ្វីបើ​មិនមាន​សេចក្តីប្រកាស​ព័ត៌មាន​រួម ជា​ផ្លូវការ​ស្តីពី​លទ្ធផល​ផ្លូវការ នៃ​ការចរចា​កម្រិត​បច្ចេក​ទេស​ក៏ដោយ ក៏​តំណាង​នៃ​ក្រុមការងារ​មកពី​គណបក្សនីមួយៗធ្លាប់​បានឱ្យ​អ្នក​សារព័ត៌មាន​​ដឹង​ថា ​ក្នុង​ចំណោម​បញ្ហា​សំខាន់ៗ ដែល​គណបក្ស​ទាំងពីរ​នៅ​ខ្វែងគំនិត​គ្នា​ខ្លាំង មាន​បញ្ហា​មួយ​ទាក់ទង​នឹង​លក្ខខណ្ឌ​ការជ្រើសរើស​ប្រធាន និង​អគ្គលេខាធិការ​នៃ​គ.ជ.ប.ថ្មី។

លោក ​ព្រំ សុខា​ ដែល​ជា​​សមាជិក​​ក្រុម​ការងារ​​របស់​​គណបក្ស​​កាន់​អំណាច​ ធ្លាប់បាន​អះអាង​ថា ប្រធាន គ.ជ.ប. ថ្មី​ត្រូវតែ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បានឈ្នះ​ការបោះឆ្នោត​ជ្រើស​តាំង​​អ្នក​តំណាង​រាស្ត្រ​ នៅ​ឆ្នាំ២០១៣។ ចំណែកឯ​ក្រុមការងារ​របស់លោក គួ​យ ប៊ុន​រឿន មកពី​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្សប្រឆាំង​ក្នុង​រដ្ឋសភា ធ្លាប់បាន​លើក​ឡើង​ថា ប្រធាន គ.ជ.ប. គួរតែ​ជា​បុគ្គល​ម្នាក់​ដែល​គណបក្ស​ទាំងពីរ​បានជ្រើសរើស​ជា​ឯកច្ឆន្ទ ក្រៅ​ពី​សមាសភាព​ម្ខាង៤នាក់ ដែល​មកពី​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​។ កិច្ច​ព្រម​ព្រៀង​​រវាង​​គ​ណ​បក្ស​​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ បាន​ចែង​ថា បើ​គណបក្ស​ទាំងពីរ​មិន​ឯកភាពគ្នា ក្នុងការ​បង្កើត គ.ជ.ប. ថ្មី​ទេ គ.ជ.ប.បច្ចុប្បន្ន​នឹង​បន្ត​សុពលភាព​របស់ខ្លួន​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ