អានតួអត្ថបទ
កម្ពុជា

គណបក្ស ​សង្គ្រោះ​ជាតិ​៖​ ដំណោះ​ស្រាយ​​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​​មិន​​ឆ្លុះ​​បញ្ចាំង​​ពី​​បណ្តឹង​​

នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី៣០ សីហា​នេះ គឺជា​លើក​ទី៣ហើយ ​ដែល​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​បញ្ជា​ឱ្យ​គណៈកម្មាធិការ​​ជាតិ​​រៀប​ចំ​​ការ​បោះឆ្នោត បើក​កញ្ចប់​សុវត្ថិភាព “ក” ចំនួន១២ ការិយាល័យ នៅ​​មណ្ឌល​​ខេត្ត​សៀមរាប​។ លទ្ធផល​នៃ​ការបើក​កញ្ចប់​សុវត្ថិភាព​ទាំងនោះ មិនមាន​តួ​​លេខ​ប្រែ​ប្រួល​​ខុស​គ្នា​​ពី​​លទ្ធផល​​ដែល​​ប្រកាស​​កន្លង​មក​​ គួរ​ឱ្យ​កត់​សម្គាល់​​នោះ​ទេ​។ តែ​យ៉ាង​ណា​ក៏​ដោយ​​គណ​បក្ស​​សង្គ្រោះ​​ជាតិ បាន​​អះអាង​ថា ការ​បើក​​កញ្ចប់​​សុវត្ថិភាព​ “ក”​នៅ​ថ្ងៃ​នេះ ​​មិន​បាន​​ឆ្លុះ​បញ្ចាំង​​ពី​​ពាក្យ​បណ្តឹង​​របស់​​គណបក្ស ដែល​បាន​ប្តឹងទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​ឱ្យ​បើក​នៅ​ចំនួន​២០០​​ការិយាល័យ​។

ការបើកកញ្ចប់សុវត្ថិភាព«ក»​ កាលពីថ្ងៃអាទិត្យទី​២៥ សីហា។
ការបើកកញ្ចប់សុវត្ថិភាព«ក»​ កាលពីថ្ងៃអាទិត្យទី​២៥ សីហា។ Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ មិនបាន​ឆ្លុះបញ្ចាំង​ពី​បណ្តឹង​របស់​គណ​បក្ស​​សង្គ្រោះ​​ជាតិ​​នោះ​ទេ​។ នេះ​បើតាម​កា​អះអាង​របស់លោក គួ​យ ប៊ុន​រឿន មន្ត្រីជាន់ខ្ពស់​គណបក្ស​​​សង្គ្រោះ​​​ជាតិ​ ដែល​បាន​ប្រាប់​អ្នកសារព័ត៌មាន ​នៅក្រោយ​ការបើក​កញ្ចប់​សុវត្ថិភាព “ក” ​នៅ​​ទី​​ស្នាក់​ការ គ.ជ.ប​​ ព្រឹក​​ថ្ងៃ​​សុក្រ​​ទី​៣០​ សីហា​​នេះ​។

លោក គួ​យ ប៊ុនរឿន បាន​អះអាងថា គោលបំណង​នៃ​បណ្តឹង​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​នៅ​​មណ្ឌល​​ខេត្តសៀមរាប​ មាន៣៖ គឺ​ទី១ ស្នើឱ្យ​មានការ​បោះឆ្នោត​ឡើងវិញ​ ចំនួន​១៦​ការិយាល័យ។​ ទី​២ ស្នើសុំ​ឱ្យមាន​ការរាប់​ស​ន្លឹ​ក​ឆ្នោត​មិនបានការ ចំនួន២០០ការិយាល័យ ​និង​ផ្តល់​​សុពល​ភាព​​ឡើងវិញ។​ និង​ទី៣ ផ្ទៀងផ្ទាត់​សន្លឹកឆ្នោត​ចំនួន ៧៥ការិយាល័យ។

តែ​​ផ្ទុយ​ទៅ​វិញ ក្រុម​ប្រឹក្សា​ធ​ម្មនុញ្ញ​បាន​ត្រឹម​សម្រេច​​ឱ្យ​​បើក​​តែ ១២កា​រិយាល័យ​​តែ​ប៉ុណ្ណោះ ដែល​​​លោក​​ គួ​យ ​ប៊ុន​រឿន​ ពន្យល់​ថា ជា​​ការ​មិន​​ឆ្លុះ​បញ្ចាំង​​ពី​កំណត់​ហេតុដែល​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​​​បាន​​​សាក​​សួរ​​​មន្ត្រី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​។

យ៉ាងណាក៏ដោយ ជា​លទ្ធផល​នៃ​ការបើក​កញ្ចប់​ផ្ទៀងផ្ទាត់​លទ្ធផល​បោះឆ្នោត​ទាំង​១២​ការិយាល័យ​​នោះ​ មិន​មាន​​តួលេខ​​ប្រែប្រួល​អ្វីដែល​ប៉ះពាល់​ដល់​លទ្ធផល​នៃ​អាសនៈ​របស់​គណបក្ស​ប្រជាជន​​កម្ពុជា​ និង​គណ​កប្ស​សង្គ្រោះ​ជាតិ​នោះទេ។  ប៉ុន្តែ ​គេ​កត់សម្គាល់​ឃើញថា ក្នុង​ចំណោម​១២ការិយាល័យ​នោះ មាន​កញ្ចប់​សុវត្ថិភាព “ក” ៧ការិយាល័យ​ ត្រូវបាន​បើក​ចំហរ​។ ភ្លាមៗ ក្រោយ​ការបើក​កញ្ចប់​សុវត្ថិភាព “ក” នោះ តំណាង​ក្រុមប្រឹក្សាធម្មនុញ្ញ​មិនបាន​ពន្យល់​​បក​ស្រាយ​លើ​ការអះអាង​របស់​គណ​បក្ស​​សង្គ្រោះ​ជាតិ​នោះទេ។

បើតាម​លទ្ធផល​បណ្តោះអាសន្ន​របស់​គ.ជ.ប នៅ​ខេត្តសៀមរាប គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​​​បាន​ ៤ អាសនៈ ទល់នឹង ២អាសនៈ​របស់​គណ​បក្ស​​សង្គ្រោះ​ជាតិ។

គួរបញ្ជាក់​ឱ្យដឹង​ដែរ​ថា ការបើក​កញ្ចប់​សុវត្ថិភាព នៅ​មណ្ឌល​ខេត្តសៀមរាប​នៅ​ព្រឹក​នេះ​ ដែល​​បាន​​ចាប់ផ្តើម​តាំងពី​ម៉ោង​ប្រមាណ​ជា ៨ និង៣០នាទី​ព្រឹក​នោះ ហៀបនឹង​ផ្អាក​ការ​ពិនិត្យ​​លើ​ការិ​យា​ល័យ​ទាំង១២នោះ​ទៅហើយ ខណៈដែល​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​​ លោក​គួយ ប៊ុន​រឿន​ ជា​តំណាង​ បាន​ជជែក​យ៉ាង​តឹងតែង​ថា ការពិនិត្យ​នៅ​ថ្ងៃ​​នេះ​​បាន​ឆ្លុះ​បញ្ចាំង​​ពី​គោលបំណង​របស់​គណបក្ស​លោក។

ប៉ុន្តែ​ ក្រោយពី​មានការ​អន្តរាគមន៍​តា​ម​ទូរស័ព្ទ​របស់​​ប្រធាន​​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​​មកកាន់​តំណាង​ក្រុមប្រឹក្សាធម្មនុញ្ញ​រួចមក តំណាង​ក្រុមប្រឹក្សា​ដែលមាន​សម្តេច​នរោត្តម ចក្រ​ពង្ស លោកស្រី ចែម វិ​ជ្ជ​រ៉ា និង​លោក ពិត តាំង​សាន នោះ ក៏បាន​បញ្ជា​ឱ្យ​បន្ត​ការពិនិត្យ​នេះ​ជា​បន្ត។

យ៉ាងណាក៏ដោយ​ ការមិន​ដោះស្រាយ​ទៅតាម​សំណើ​របស់​គណ​បក្ស​​សង្គ្រោះ​ជាតិ​​នោះ ត្រូវបាន​លោក គួ​យ ប៊ុន​រឿន បញ្ជាក់ថា​ បាន​ប៉ះពាល់​ទៅនឹង​ចំនួន​អាសនៈ​របស់ខ្លួន ​ព្រោះ​សន្លឹក​ឆ្នោត​​មិន​បាន​ការ​​មាន​​រហូតដល់​ជាង៤ពាន់​សន្លឹក។ បើតាម​លោក គួ​យ ប៊ុន​រឿន​គណបក្ស​​សង្គ្រោះ​​ជាតិ​​ត្រូវការ​តែ​ជាង៣ពាន់​សន្លឹក​តែប៉ុណ្ណោះ​ ដើម្បី​ទទួលបាន​កៅអី​ទី៣ ក្នុង​មណ្ឌល​​ខេត្ត​សៀមរាប​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ