អានតួអត្ថបទ
កម្ពុជា

អ្នកការសែត​មិនគួរសួរ​អ្នកបោះឆ្នោត​ថា បោះឆ្នោត​អោយ​គណបក្ស​ណា​ឡើយ

នៅ​ក្នុង​ខណៈពេល​ដែល​​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​កាន់​តែ​ខិត​ចូល​ជិត​មក​ដល់ ការ​ចរាចរណ៍​ព័ត៌មាន​កាន់​តែ​មាន​សារៈសំខាន់​ឡើង។ ការ​ទទួល​ព័ត៌មាន​គ្រប់ជ្រុងជ្រោយ មិនលម្អៀង គឺ​ជា​រឿង​ចាំបាច់​សម្រាប់​អ្នកបោះឆ្នោត។ ចំពោះ​អ្នកកាសែត​វិញ ពួក​គេ​មិនត្រូវ​សួរ​អ្នកបោះឆ្នោត​ថា ​បោះឆ្នោត​អោយ​គណបក្ស​ណា​នោះ​ឡើយ។

លោក ទេព នីថា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត
លោក ទេព នីថា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត ©ចាន់ណា
ផ្សាយពាណិជ្ជកម្ម

នៅ​ពេល​ដែល​កាល​បរិច្ឆេទ​នៃ​ការ​បោះឆ្នោត​កាន់​តែខិត​ជិត​ចូលមក​ដល់​នោះ បណ្តាញ​ព័ត៌មាន​ដែល​មាន​ទិន្នាការ​ជាមួយ​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​​កាន់​តែ​​បង្កើន​​ការគាំទ្ររបស់​ពួកគេ​ខ្លាំង​ឡើងៗ។ ដើម្បី​ចៀសវាង​ការ​ផ្តល់​ព័ត៌មាន​មិនពិត ព័ត៌មាន​មិន​គ្រប់គ្រាន់ ព័ត៌មាន​លម្អៀង ក្លឹប​អ្នក​ការសែត​កម្ពុជា​គ្រោង​នឹង​បើក​វគ្គបណ្តុះ​បណ្តាល​ស្តី​ពី​របៀប​យកព័ត៌មាន​នៅ​ពេល​យុទ្ធនាឃោសនា​បោះឆ្នោត និង​នៅ​ក្នុង​ថ្ងៃ​បោះឆ្នោត។ វគ្គ​បណ្តុះ​បណ្តាល​អ្នក​កាសែត​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​ដោយ​មាន​ការ​ចូលរួម​ពី​អ្នកសារ​ព័ត៌មាន​នៃ​បណ្តា​ស្ថាប័ន​ល្បី​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក ងួន សេរ័ត្ន មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្លឹប​អ្នក​កាសែត​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ការ​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់ គ្រប់​ជ្រុងជ្រោយ និង​មិន​លម្អៀង​គឺ​ជា​រឿង​ចាំបាច់​បំផុត។ តាម​រយៈព័ត៌មាន​គ្រប់​ជ្រុងជ្រោយ អ្នក​បោះឆ្នោត​អាច​ជ្រើសរើស​អ្នក​ដឹកនាំ​របស់​ខ្លួន​បាន​ត្រឹមត្រូវ​​សម្រាប់​ដឹកនាំ​ប្រទេស។ មន្ត្រី​ជាន់ខ្ពស់​នៃ​ក្លឹប​អ្នកកាសែត​កម្ពុជា​ដដែល​បាន​បន្ត​ទៀត​ថា អ្នក​សារព័ត៌មាន​មិន​ត្រូវ​ចេះ​​តែ​ធ្វើ​សេចក្តី​រាយការណ៍​លើ​ព្រឹត្តិ​ការណ៍​ប៉ុណ្ណោះ​ទេ។ ប៉ុន្តែ​អ្នក​យកព័ត៌មាន​គួរ​ត្រូវ​ចេះ​​វិភាគ​លើ​ព័ត៌មាន លើ​គោល​នយោបាយ​បាយ​របស់​គណបក្ស​ និង​ត្រូវ​ចេះ​តាមដាន​ការ​សន្យា​របស់​គណបក្ស​នយោបាយ​ផង។ ការ​សន្យា​មួយ​ចំនួនគឺ​ជា​ការ​សន្យា​ខ្យល់។

លោក ទេព នីថា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​សម្តែង​ការ​សាទរ​នៅ​ថ្ងៃ​សៅរ៍​នេះ​ ចំពោះ​វគ្គ​បណ្តុះ​បណ្តាល​អ្នក​កាសែត​ក្នុង​ការ​ធ្វើ​សេចក្តីរាយការណ៍​ជុំវិញ​ព្រឹត្តិការណ៍​បោះឆ្នោត​តំណាងរាស្រ្ត​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ។ លោក ទេព នីថា បាន​លើក​ឡើង​ថា អ្នក​សារព័ត៌មាន​នាពេល​កន្លងមក​បាន​ចូល​រួម​ផ្សព្វផ្សាយ​ដំណឹង​ពី​ដំណើរការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ច្រើន​។ ប៉ុន្តែ​ពេល​ខ្លះ សេចក្តី​រាយការណ៍​មួយ​ចំនួន​នៅ​មាន​ចំណុច​ខ្វះខាត និង​នៅ​មាន​បញ្ហា​នៅ​ឡើយ។ លោក ទេព នីថា បាន​សំណូមពរ​យ៉ាង​ទទូច​​ទៅ​ដល់​អ្នកសារព័ត៌មាន​កុំ​អោយ​សាកសួរ​អ្នក​បោះឆ្នោត​ថា បោះឆ្នោត​អោយ​គណបក្ស​ណា​អោយ​សោះ។

មិន​អោយ​សាកសួរ​អ្នក​បោះឆ្នោត​លើ​សំណួរ​នេះ ពីព្រោះ ការ​សម្ងាត់​របស់​អ្នក​បោះឆ្នោត​ត្រូវ​បាន​ធានា​ដោយ​ច្បាប់​បោះឆ្នោត។ សម្រាប់​ការ​បោះឆ្នោត​តំណាងរាស្ត្រ​មុនៗ វិទ្យុ ទូរទស្សន៍ ការសែត​សរសេរ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​អ្នក​បោះឆ្នោត។ ប៉ុន្តែ​សម្រាប់​ការបោះឆ្នោត​តំណាងរាស្រ្ត​អាណត្តិ​ទី​៥​នេះ ព័ត៌មាន​តាម​បណ្តាញ​ប្រព័ន្ធអ៊ីនថឺនែត​បាន​និង​កំពុង​ក្លាយ​ទៅ​ជា​ឧបករណ៍​បំពង​សំឡេង​មួយ​យ៉ាង​សំខាន់​ដែរ។ បើ​យោង​តាម​សេចក្តីរាយការណ៍​មួយ​ចំនួន អ្នក​តាមដាន​ព័ត៌មាន​តាម​បណ្តាញ​សង្គម​នានា​​នៅ​លើ​ប្រព័ន្ធ​អ៊ីនថឺនែត​អាច​មាន​ចំនួន​ជិត​១​លាន​នាក់។

ដោយសារ​តែ​ព័ត៌មាន​តាម​បណ្តាញ​សង្គម​កាន់​តែ​ទូលំទួលាយ​ខ្លាំង​ជាងមុន​នោះ គណៈកម្មាធិការជាតិ​រៀប​ចំការ​បោះ​ឆ្នោត​បាន​ណែនាំ​អ្នក​ប្រើប្រាស់​ព័ត៌មាន​ទាំង​នោះ​អោយ​ប្រយ័ត្នប្រយែង​បំផុត​ក្នុង​ការ​បញ្ចេញ​ព័ត៌មាន​ទាក់ទង​ទៅ​នឹង​ព្រឹត្តិការណ៍​បោះឆ្នោត​នា​ខែ​កក្កដា​​ខាងមុខនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ