ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/08 12h00 GMT
កម្ពុជា

គ.ជ.ប និង​ក្រសួង​មហាផ្ទៃ​នឹង​ធ្វើ​ការ​រួម​គ្នា​ក្នុង​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ និង​ចុះឈ្មោះ​បោះឆ្នោត​ថ្មី

media  
ពលរដ្ឋកម្ពុជាចេញទៅបោះឆ្នោតកាលពីអាណត្តិមុនៗ រូបភាព​ឯកសារ

គណៈកម្មការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​គ.ជ.ប បាន​ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ​ផ្តល់​ទិន្នន័យ​លម្អិត​មួយ​ចំនួន​ស្តីពី​អ្នក​ចុះ​ឈ្មោះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ។ អ្នក​នាំពាក្យ​គ.ជ.ប បញ្ជាក់​នៅ​ព្រឹក​ថ្ងៃទី ៦ សីហា​នេះ​ថា ទិន្នន័យ​នេះ នឹង​បង្ហាញ​ពី​ព័ត៌មាន​ដូចគ្នា របស់​មនុស្ស​ម្នាក់​ៗ​ដែល​មាន​អត្ត​សញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី។

ព័ត៌មាន​លម្អិត​មួយ​ចំនួន​ដែល​គ.ជ.ប ស្នើ​សុំ​ពី​ក្រសួង​មហាផ្ទៃ​រួមមាន​ឈ្មោះ​នាម​ត្រកូល នាមខ្លួន ថ្ងៃខែ​ឆ្នាំ​កំណើត និង​លេខ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ របស់​ប្រជាជន​ម្នាក់​ៗ ។ ការ​ស្នើ​សុំ​នេះ គឺ​ដើម្បី​យក​ទៅ​រៀបចំ​ឲ្យ​មាន​លេខ​កូដ​ត្រូវ​គ្នា នៅ​ពេល​ដែល​រៀប​ចំ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​ដែល​ប្រើ​ប្រាស់​ប្រព័ន្ធ​កុំព្យូទ័រ និង​ផ្តិត​ស្នាម​ម្រាមដៃ​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច។

លោក​ហង្ស ពុទ្ធា អ្នក​នាំពាក្យ​គ.ជ.ប បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា ខាង​ក្រសួង​មហាផ្ទៃ​បាន​ឆ្លើយ​តប ហើយ​ក៏​យល់​ព្រម​សហការ​ជាមួយ ក៏​ប៉ុន្តែ​សុំ​ពេល​១​ខែ​សិន ដើម្បី​រៀបចំ​ប្រព័ន្ធ ហើយ​និង​ឯកសារ​ដែល ពាក់ព័ន្ធ។

លោក​ហង្ស ពុទ្ធា បាន​បន្តទៀត​ថា បច្ចុប្បន្ន​នេះ អត្តសញ្ញាណប័ណ្ណ​ដែល​អាច​ប្រើ​ប្រាស់​បាន​នឹង​ទទួលស្គាល់​ពី​ក្រសួង​មហាផ្ទៃ​នោះ​មាន​បី​ប្រភេទ មាន​ប្រភេទ​ចាស់ ប្រភេទ​មាន​ទិន្នន័យ​គ្រប់​គ្រាន់​តែ​អត់​មាន​បន្ទះ​ឆីប និង​ទី​បី​មាន​ទិន្នន័យ​គ្រប់គ្រាន់​ហើយ​មាន​បន្ទះ​ឆីប។ សម្រាប់​អត្តសញ្ញាណប័ណ្ណ​ប្រភេទ​ទី​បី​នេះ គ.ជ.ប គ្រាន់​តែ​វាយ​លេខ​កូដ​បញ្ជូល​ក្នុង​កុំព្យូទ័រ​នោះ​វា និង​បង្ហាញ​ពី​រូបភាព​និង​ព័ត៌មាន​ទាំងអស់​របស់​អ្នក​ចុះឈ្មោះ​បោះឆ្នោត ដែល​វា​មាន​លក្ខណៈ​ងាយស្រួល​និង​ប្រើ​ពេល​ខ្លី​សម្រាប់​ចុះ​ឈ្មោះ​បោះឆ្នោត។ ប៉ុន្តែ​បើ​សម្រាប់​ប្រភេទ​ដែល​គ្មាន​ឆីប​វិញ​គឺ​គ.ជ.ប ត្រូវតែ​វាយ​បញ្ចូល​រាល់​ព័ត៌មាន​ទាំងអស់​សារ​ឡើង​វីញ ហើយ​វា​អាច​នឹង​ចំណាយ​ពេល​យូរ​ជាង។

បន្ថែម​ពីលើ​នេះ លោក​ហង្ស ពុទ្ធា​ក៏បាន​ឲ្យ​ដឹងថា នៅពេល​ដែល​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​នោះ គ.ជ.ប​នឹង​ប្រើ​អេក្រង់​កុំព្យូទ័រ​ពីរ ដែល​អាច​ឲ្យ​អ្នក​ចុះឈ្មោះ​បោះឆ្នោត​អាច​មើល​ឃើញ និង​ផ្ទៀងផ្ទាត់​ពី​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​ពួកគាត់​បាន។

គួរលំរឹក​ជូន​ថា​កាល​ពី​ថ្ងៃទី ៤ សីហា​កន្លងទៅនេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បានសម្រេច​បង្កើត​ក្រុមការងារ​បច្ចេកទេស​កិច្ចការ​បោះឆ្នោត ចំនួន​៧​រូប ដើម្បី​ទទួល​បន្ទុក​ការងារ​ទាក់ទង​នឹង​ការសិក្សា​អំពី​ការ​ប្រើប្រាស់​ទិន្នន័យ​អត្តសញ្ញាណប័ណ្ណ​សញ្ញាតិខ្មែរ ក្នុង​ការ​ចុះឈ្មោះ​បោះឆ្នោត ដើម្បី​រៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី និង​ការ​រៀបចំ​សេចក្តី​ណែនាំ​រួម​អំពី​ការចេញ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ និង​ការបញ្ជាក់​ទីលំនៅ​ក្នុង​ឃុំ សង្កាត់ សម្រាប់​បម្រើ​ឲ្យ​គោលដៅ​នៃ​ការចុះឈ្មោះ​បោះឆ្នោត។

ការចុះឈ្មោះ​បោះឆ្នោត​ដោយ​ប្រើ​ប្រព័ន្ធ​កុំព្យូទ័រ​ថ្មី​ដំបូង​នៅ​កម្ពុជា គ្រោង​នឹង​ចាប់​ផ្តើម​សាកល្បង​នៅ​ពាក់​កណ្តាល​ខែ​កញ្ញា​ខាង​មុខ​នេះ នៅ​ទូទាំង​២៥​រាជធានី-ខេត្ត និង​ឃុំ-សង្កាត់។ ហើយ​ការ​ចុះ​ឈ្មោះ​ដើម្បី​បង្កើត​បញ្ជី​ឈ្មោះ​បោះឆ្នោត​ផ្ទាល់​តែ​ម្តង​នោះ នឹង​ធ្វើ​ឡើង​នៅ​ដើម​ខែ​មីនា ដល់​ដើម​ខែ​ឧសភា ឆ្នាំ ២០១៦​ខាង​មុខ​។

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ