អានតួអត្ថបទ
កម្ពុជា

គណៈកម្មការ​ជាតិ បញ្ចប់​កិច្ច​ប្រជុំ​ពិនិត្យ ដើម្បី​បន្ធូរ​បន្ថយ និង​លើក​លែង​ទោស​ទណ្ឌិត ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ

គណៈកម្មការ​ជាតិ ដឹកនាំ​ដោយ​លោក អង្គ​វង្ស វឌ្ឍនា រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ បានបញ្ចប់​កិច្ច​ប្រជុំ ដើម្បី​ឈាន​ទៅ​បន្ធូរ​បន្ថយ និង​លើក​លែង​ទោស​ទណ្ឌិត ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ។ ប៉ុន្តែ​ចំនួន​អ្នកទោស ដែល​ត្រូវ​លើកលែង និង​បន្ធូរ​បន្ថយទោស មិន​ទាន់​កំណត់​នៅ​ឡើយ​ទេ។ លោក គឹម សន្តិភាព អនុរដ្ឋ​លេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ បាន​បញ្ជាក់​ថា ក្រសួង​យុត្តិធម៌ និង​ក្រសួង​មហា​ផ្ទៃ ត្រូវ​ពិនិត្យ​ឡើង​វិញ លើ​ទណ្ឌិត​មួយ​ចំនួន ដែល​ខ្វះ​ឯកសារ។ ទន្ទឹម​នោះ ក្រុម​ការងារ​ជំនាញ​មួយ ត្រូវបាន​បង្កើត​ឡើង ដើម្បី​ចុះ​ពិនិត្យ​ជាក់​ស្តែង​លើ​ស្ថាន​ភាព​ស្ត្រី​មាន​គភ៌ និង​ស្ត្រី​មានកូន​តូច នៅ​តាម​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ ទូទាំង​ប្រទេស​ផងដែរ។

អ្នក​ទោស​ស្ត្រី​ត្រូវ​បាន​ដោះ​លែង​ចេញ​ពី​ពន្ធនាគារ​កាល​ពីថ្ងៃ​ទី ​៨ មីនា ឆ្នាំ ២០១៥។
អ្នក​ទោស​ស្ត្រី​ត្រូវ​បាន​ដោះ​លែង​ចេញ​ពី​ពន្ធនាគារ​កាល​ពីថ្ងៃ​ទី ​៨ មីនា ឆ្នាំ ២០១៥។ @RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

គណៈកម្មការ​ជាតិ ដឹកនាំ​ដោយ​លោក អង្គ​វង្ស វឌ្ឍនា រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ បាន​បើក​កិច្ចប្រជុំ កាលពី​រសៀល​ថ្ងៃ​ទី​១៦​មីនា រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១៧​មីនា ដើម្បី​ពិនិត្យ​លើ​បញ្ជី​ទណ្ឌិត ដែល​ត្រូវ​ស្នើ​សុំ​បន្ធូរបន្ថយ និង​លើក​លែង​ទោស នៅ​តាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ នៅ​ទូទាំង​ប្រទេស ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ។

 
ប៉ុន្តែ​បន្ទាប់ពី​បញ្ចប់​កិច្ច​ប្រជុំ នៅ​ព្រឹក​ថ្ងៃ​អង្គា​រ៍​នេះ លោក គឹម សន្តិភាព អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំ​ពាក្យ​ក្រសួង​យុត្តិធម៌ បាន​បញ្ជាក់​ថា ចំនួន​ទណ្ឌិត ដែល​ត្រូវ​ទទួល​បាន​ការ​បន្ធូរបន្ថយ​ទោស និង​ការ​លើក​លែង​ទោស សម្រាប់​បុណ្យ​ចូល​ឆ្នាំ នា​ពាក់​កណ្តាល​ខែ​មេសា​ខាង​មុខ មិន​ទាន់​កំណត់​នៅ​ឡើយ​ទេ។ មូល​ហេតុ មក​ពី​ទណ្ឌិត​មួយ​ចំនួន ខ្វះ​ឯកសារ ដែល​មន្ត្រី​ជំនាញ​ក្រសួង​យុត្តិធម៌ និង​ក្រសួង​មហាផ្ទៃ ត្រូវ​ពិនិត្យឡើង​វិញ ហើយ​អាច​ចំណាយ​ពេល​យ៉ាងហោច​ណាស់ ១ សប្តាហ៍។

យ៉ាងណា​ក៏ដោយ លោក គឹម សន្តិភាព បន្ថែម​ថា ទណ្ឌិត​ដែល​អាច​ទទួល​បាន​ការ​ស្នើសុំ​បន្ធូរ​បន្ថយ​ទោស ទាល់តែ​ទណ្ឌិត​នោះ ទទួល​រង​ទោស​បាន ១ ភាគ ៣ នៃ​ទោស​ដែល​កំណត់​ក្នុង​សេចក្តី​សម្រេច​ស្ថាពរ​របស់​តុលាការ។ ដោយ​ឡែក ទណ្ឌិត ដែល​អាច​ទទួល​បានការ​លើក​លែង​ទោស ទាល់​តែ​ទណ្ឌិត​នោះ ជាប់​ពន្ធនាគារ​បាន ២ ភាគ ៣ នៃ​ទោស​សរុប។

ក្នុង​មួយ​ឆ្នាំ នៅ​កម្ពុជា មាន​ការ​បន្ធូរ​បន្ថយ​ទោស និង​លើក​លែង​ទោស​ដល់​ទណ្ឌិត ៣ដង គឺ​នៅ​ពេល​បុណ្យ​ចូលឆ្នាំ បុណ្យ​ពិសាខ​បូជា និង​បុណ្យ​អុំទូក​។

កាល​ពី​ថ្ងៃទី១៦មីនា រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ បាន​ចេញ​សេចក្តី​សម្រេច បង្កើត​ក្រុម​ជំនាញ​ចុះ​ពិនិត្យ​ជាក់​ស្តែង​លើ​ស្ថាន​ភាព​ស្ត្រី​មានគភ៌ និង​ស្ត្រី​មាន​កូន​តូច នៅ​តាម​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ រាជធានី-ខេត្ត។ ក្រុម​ជំនាញ ដែល​មាន​សមាសភាព ១៣ រូប ដឹក​នាំ​ដោយ​លោក គឹម សន្តិភាព អនុរដ្ឋ​លេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ នឹង​ចាប់​ផ្តើម​ការងារ នៅ​ថ្ងៃ​ពុធ​ស្អែក ដោយ​ជួប​ប្រជុំ ហើយ​បែង​ចែក​ក្រុម​ការងារ​ជា​ពីរ ដើម្បី​ធ្វើ​កិច្ចការ​នេះ។ ការ​ដោះ​លែង​ស្ត្រី​មានគភ៌ និង​ស្ត្រី​មាន​កូន​តូច ដែល​ជា​ករណី​ពិសេស ត្រូវ​បាន​លោក គឹម សន្តិភាព បញ្ជាក់​ថា នឹង​ធ្វើ​មុន​ពិធី​បុណ្យ​ចូលឆ្នាំ​។

កាល​ពី​ថ្ងៃ​ទី​៨​មីនា ស្ត្រី​មាន​គភ៌​ម្នាក់ និង​ស្ត្រី​មាន​កូន​តូច ២១ នាក់ ដែល​បាន​ជាប់​ឃុំ​នៅ​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ ត្រូវបាន​ដោះ​លែង។ ការ​លើក​លែង​ទោស​ដល់​ស្ត្រី​មាន​គភ៌ និង​ស្ត្រី​មាន​កូន​តូច ដែល​កំពុង​ជាប់​ឃុំ បាន​ធ្វើ​ឡើង​តាម​ការ​ណែនាំ​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុនសែន បន្ទាប់​ពី​អង្គការ​លីកាដូ បាន​ចេញ​របាយ​ការណ៍ បង្ហាញ​ពី​ការ​លំបាក​របស់​ស្ត្រី និង​កុមារ​តូច ក្នុង​ពន្ធនាគារ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ