អានតួអត្ថបទ
ស៊ីរី

មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​ទៀត​រត់ចោល​លោក​ប្រធានាធិបតី​ស៊ីរី

ឯកអគ្គរដ្ឋទូត​ស៊ីរី​ប្រចាំ​ទីក្រុង​បាកដាដ​បាន​ប្រកាស នៅថ្ងៃ ពុធ ម្សិលមិញ ថា​លោក​បាន​សម្រេច​ដើរចេញ​ពី​រដ្ឋាភិបាល​របស់​លោក​Bachar Al Assad។ នៅតាម​ទូរទស្សន៍​អារ៉ាប់ Al Jazeera លោក​Nawaf Fares អំពាវនាវ​ផងដែរ​ឲ្យ​មន្រ្តីរដ្ឋាភិបាល និង​ទាហាន​ស៊ីរី​ផ្សេង​ទៀត​បោះបង់​ចោល​រដ្ឋាភិបាល​ដែល​កំពុង​ប្រព្រឹត្ត​អំពើ​ហិង្សា​សម្លាប់​ប្រជាជន​ស៊ីវិល។ នៅក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ប្រទេស​លោកខាងលិច​បាន​ដាក់​សេចក្តីព្រាង​ពី​សេចក្តីសម្រេច​ស្តីពី​ស៊ីរី​ទៅ​អង្គប្រជុំ ដែល​ក្នុង​នោះ​មាន​និយាយ​ពីការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ការហាមទិញ​លក់​ទៅ​ឲ្យ​ប្រទេស​ស៊ីរី​ជាដើម។

លោក​Nawaf Fares ឯកអគ្គរដ្ឋទូត​ស៊ីរី​ប្រចាំ​អ៊ីរ៉ាក់​ប្រកាស​តាម​ទូរទស្សន៍​អារ៉ាប់ Al jazeeraថា​លោក​បោះបង់​ចោល​រដ្ឋាភិបាល​ស៊ីរី
លោក​Nawaf Fares ឯកអគ្គរដ្ឋទូត​ស៊ីរី​ប្រចាំ​អ៊ីរ៉ាក់​ប្រកាស​តាម​ទូរទស្សន៍​អារ៉ាប់ Al jazeeraថា​លោក​បោះបង់​ចោល​រដ្ឋាភិបាល​ស៊ីរី © REUTERS
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីព្រាង​ប្រទេស​លោក​ខាងលិច រួម​មាន​អឺរ៉ុប និង​អាមេរិក​ចង់​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​ចេញ​សេចក្តីសម្រេច​មួយ ដែល​ទុកពេល​១០ថ្ងៃ ឲ្យ​លោក​Bachar Al Assad បញ្ឈប់​អំពើហិង្សា និង​ដកកងទ័ព អាវុធ​ធុនធ្ងន់​ចេញពី​ទីក្រុង ឬ​តំបន់​ដែល​សម្បូរ​រស់នៅ​ដោយ​ក្រុម​បះបោរ។ ប្រសិន​បើ​រដ្ឋាភិបាល​ស៊ីរី​ខកខាន​មិន​គោរព​ឧសានវាទ នោះ​ក្រុមប្រឹក្សា​សន្តិសុខ​នឹង​ប្រកាស​ដាក់​ទណ្ឌកម្ម ការទូត និង​សេដ្ឋកិច្ច​ទៅលើ​ស៊ីរី ដែលក្នុង​នោះ​ក៏​មានការហាមឃាត់​លក់ដូរ​អាវុធ​ទៅ​ឲ្យ​ស៊ីរីដែរ។

 
យ៉ាងណា​ក៏ដោយ សំណើព្រាង​របស់​ប្រទេស​លោកខាងលិច ទៅលើ​ក្រុមប្រឹក្សា​សន្តិសុខ​មិន​បាន​និយាយ​ពី​អន្តរាគមន៍​ទ័ព​បរទេស​ទៅក្នុង​ប្រទេស​ស៊ីរី​ទេ។

ប្រទេស​លោកខាងលិច​បាន​ព្រមព្រៀង​គ្នា​ផងដែរ​ឲ្យ​បេសកកម្ម​របស់​ក្រុមមួកខៀវ ចំនួន ៣០០នាក់ ដែល​ត្រូវ​បញ្ចប់​នៅថ្ងៃសុក្រ​សប្តាហ៍ក្រោយនោះ ឲ្យ​មាន​បន្ត​រយៈពេល​៤៥​ថ្ងៃ​ទៀត។ រុស្ស៊ីវិញ ដែល​បាន​គ្រោង​សេចក្តីសម្រេច​ចិត្ត​មួយ​ដែរនោះ បាន​លើកឡើង​ពី​ការបន្ត​ជា​ចាំបាច់​បេសកកម្ម​របស់​ក្រុម​អ្នកសង្កេតការណ៍​អង្គការ​សហប្រជាជាតិ ប៉ុន្តែ រុស្ស៊ី​មិន​បាន​លើក​និយាយ​ពី​ការដាក់​ទណ្ឌកម្ម​ណាមួយ​ទៅលើ​របប​ស៊ីរី​នោះទេ។ សម្រាប់​រុស្ស៊ី ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច នឹង​មិន​ជួយ​ដោះស្រាយ​វិបត្តិ​នៅស៊ីរីទេ។ ជាក់ស្តែង រុស្ស៊ី និង​ចិន​បាន​វេតូ​ប្រឆាំង​ពីរដង​មកហើយ មិន​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ អាច​ចេញ​សេចក្តីសម្រេច​ដាក់​ទណ្ឌកម្ម​ទៅលើ​ស៊ីរី។

នៅក្នុង​ពេល​សហគមន៍​អន្តរជាតិ​នៅបន្ត​ខ្វែងគំនិត​គ្នា រដ្ឋាភិបាល​ស៊ីរី​ឯណោះវិញ​កំពុង​ជួប​វិបត្តិ​ផ្ទៃក្នុង។ នៅថ្ងៃពុធម្សិលមិញ ឯកអគ្គរដ្ឋទូត​ស៊ីរី លោក​ Nawaf Fares​បាន​ប្រកាស​លាឈប់​ពីសមាជិក រដ្ឋាភិបាល និង​​សមាជិក​គណបក្ស​កាន់​អំណាច។ លោក​Nawaf Fares ជា​ប្រធានក្រុមកុលសម្ព័ន្ធ​និកាយ​Sunnite មួយ​ដែល​មាន​ទីតាំង​នៅជាប់​ព្រំដែន​ស៊ីរី​ជាមួយ​តួកគី។ លោក​​ត្រូវ​បាន​រដ្ឋាភិបាល​លោក​Bachar Al Assad ​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ស៊ីរី​ប្រចាំ នៅ​អ៊ីរ៉ាក់ កាលពី​ឆ្នាំ ២០០៨។

គិតចាប់តាំងពី​មាន​ការបះបោរ​នៅស៊ីរី​ជាង មួយឆ្នាំ​កន្លះ លោក Nawaf Fares ​គឺ​ជា​មន្រ្តីទូត​ជាន់ខ្ពស់​ទីមួយ​របស់​ស៊ីរី ដែល​បាន​ប្រកាស​ដើរចោល​រដ្ឋាភិបាល និង​ទៅចុះចូល​ជាមួយ​ក្រុមប្រឆាំង។ កាលពី​សប្តាហ៍មុន ឧត្តមសេនីយ​ជាន់ខ្ពស់ម្នាក់​ដែល​ស្និទ្ធ​នឹង​លោក​Bachar Al Assad ក៏​បាន​រត់ចោល​រដ្ឋាភិបាលដែរ ដោយ​បាន​រត់ទៅជ្រកកោន នៅក្នុង​ប្រទេស​តួកគី។

នៅលើ​កញ្ចក់ទូរទស្សន៍​អារ៉ាប់ Al Jazeera អ្នកតំណាង​ស៊ីរី នៅអ៊ីរ៉ាក់​បាន​អំពាវនាវ​ដល់​អ្នកដែល​ស្នេហា​សេរីភាព ជាពិសេស​ទាហាន​ឲ្យ​រត់ចោល​លោក​Assad និង​មក​ចូលរួម​ជាមួយ​ទាហាន​បដិវត្តន៍​ស៊ីរីវិញ។ “ពួក​ទាហាន​គួរ​តែ​បែរ​ចុងកាណុង​កាំភ្លើង និង​រថក្រោះ​សំដៅ​រដ្ឋាភិបាល​ដែល​ជា​ឧក្រិដ្ឋជន​សម្លាប់​ប្រជាជន​ស៊ីវិល ទៅវិញទៅ”។ នេះ​ជាការអំពាវនាវ​របស់​លោក​ឯកអគ្គរដ្ឋទូត​ស៊ីរី​នៅបាកដាដ៕ ក្រសួង​ការបរទេស​ស៊ីរី​វិញ នៅថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ប្រកាស​ដក​លោក​ Nawaf Fares ចេញពី​តំណែង​ឯកអគ្គរដ្ឋទូត និង​មាន​បំណង​ប្តឹង​ប្រឆាំង​ឯកអគ្គរដ្ឋទូត​រូប​នេះ​ទៅតុលាការ ពីបទ​ដែល​គាត់​មិន​បាន​គោរព​ភារកិច្ច​របស់គាត់​ជា​អ្នកតំណាង​​ស៊ីរី​នៅអ៊ីរ៉ាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ