អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

សេរីភាព​សារព័ត៌មាន​អាច​រីក​ចំរើន​ខ្លាំង​ក្នុង​អាណត្តិ​នេះ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្រោយ​ការបោះឆ្នោត​នីតិកាល​ទី៥នេះ មាន​សញ្ញា​ជាច្រើន​ដែល​កំពុង​បង្ហាញ​អំពី​អនាគត​នៃ​ការរីកចំរើន​ផ្នែក​លំហូរ​ព័ត៌មាន និង​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា។ សញ្ញា​ទាំងនេះ​ត្រូវបាន​បង្ហាញឡើង​តាមរយៈ​កំណែទម្រង់​ក្នុង​វិស័យ​សារព័ត៌មាន​តែម្តង។ លោកនាយក​រដ្ឋមន្ត្រី​បញ្ជា​អោយ​តាក់តែង​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន។ អង្គភាព​សារព័ត៌មាន​ធំៗ​មួយចំនួន​ក៏​កំពុង​រៀបចំ​ស្ថាប័ន​របស់ខ្លួន​ឡើងវិញ ដើម្បី​ពង្រឹង​ការប្រកួតប្រជែង​ផ្នែក​សារព័ត៌មាន។ មន្ត្រី​រដ្ឋាភិបាល​កាន់តែច្រើន​ក៏​ចាប់ផ្តើម​ប្រឡូក​ក្នុង​បណ្តាញ​សង្គម។ ទោះយ៉ាងណា​ក៏ដោយ កម្ពុជា​ត្រូវការ​ពេលវេលា​ដើម្បី​ពិនិត្យមើល​ការវិវត្តន៍​ក្នុង​វិស័យ​ដ៏​រសើប​មួយ​នេះ។

RFI/រចនា
ផ្សាយពាណិជ្ជកម្ម

ការបោះឆ្នោត​នីតិកាល​ទី៥ បានក្លាយ​ទៅជា​កំលាំងចលករ​ដ៏​មាន​ថាមពល​មួយ រុញ​បង្ខំ​អោយមាន​កំណែទម្រង់​ជា​ចាំបាច់ ជាបន្ទាន់ និង​អោយមាន​ប្រសិទ្ធភាព​ទៀតផង។ ជាក់ស្តែង រដ្ឋាភិបាល​អាណ​ត្តិ​ថ្មី​នៃ​គណបក្ស​ចាស់ ​របស់​លោកនាយករ​ដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​បង្ហាញ​ភ្លាមៗដែរ ទិដ្ឋភាព​នៃ​កំណែទម្រង់។

មានការ​ផ្លាស់ប្តូរ​សមា​សភាព​រដ្ឋមន្ត្រី ការបែងចែក​ការទទួលខុសត្រូវ​រប​ស់​ក្រសួង​អោយបាន​ច្បាស់លាស់​ថែមទៀត ក្នុងទិសដៅ​បង្កើន​ប្រសិទ្ធភាព​សេវាសាធារណៈ បង្រួម​វិសមភាព​សង្គម និង​ការប្រកាស​ប្តេជ្ញា​ជារួម របស់​ប្រមុខ​រដ្ឋាភិបាល​អំពី​ការកែទម្រង់​ស៊ីជម្រៅ​ជាដើម។ ប៉ុន្តែ ក្នុងចំណោម​វិស័យ​ជាច្រើន​ដែល​កំពុង​ក្លាយជា​ការដ្ឋាន​នៃ​កំណែទម្រង់​នោះ វិស័យ​សារព័ត៌មាន​ទំនងជា​អាច​ដើរ​លឿន​ជាងគេ។ 

មាន​សញ្ញា​ជា​វិជ្ជមាន​មួយចំនួន​ដែល​អាច​ពន្យល់​អំពី​អំពី​លទ្ធភាព​នៃ​ការរីកចម្រើន​នៃ​វិស័យ​សារព័ត៌មាន ឬ​អំណាច​នៃ​សារព័ត៌មាន​ចាប់ពី​អាណ​ត្តិ​ទី៥នេះ​ទៅ។

ជាបឋម គឺ​សំណើ​របស់​លោកនាយករ​ដ្ឋ​មន្ត្រី​ហ៊ុន សែន​ ដែល​អោយ​ក្រសួង​ពាក់ព័ន្ធ​តាក់តែង​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន។ វា​គឺជា​អត្ថបទ​ច្បាប់​ដែល​កម្ពុជា ទន្ទឹង​រង់ចាំ​ជា​យូរ​មកហើយ។ នៅពេលនេះ ក្រសួង​ព័ត៌មាន និង​អង្គការក្រៅរដ្ឋាភិបាល អង្គការ​វិជ្ជាជីវៈ​សារ​ព័ត៌មាន​កំពុងតែ​ប្រមូល​មតិ ធ្វើការ​រួមគ្នា​ដើម្បី​ជំរុញ​ការតាក់តែង​សេចក្តីព្រាង​ច្បាប់​មួយ​នេះ​អោយ​លេចចេញ​ជា​រូបរាង និង​មាន​ប្រសិទ្ធភាព​ខ្ពស់។

ទន្ទឹមគ្នា​នេះដែរ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ក៏​បន្ត​កំណែទម្រង់​បន្ថែមទៀត​ដែរ។ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​បញ្ជា មិនអោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ចាក់ផ្សាយ​ព័ត៌មាន​ពិធីការ​ជ្រុល​ហួសហេតុ​ ដូចជា​ការជូន​ដំណើរ និង​ការទទួល​ស្វាគមន៍​ថ្នាក់ដឹកនាំ​ក្រសួង​ដែល​គ្រាន់តែ​ចេញ និង​ត្រឡប់​មកពី​បំពេញ​បេសកម្ម​នៅក្រៅ​ប្រទេស​ជាដើម។ នៅក្នុង​ក្រ​ខណ្ឌ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ដដែល ដែល​គេ​តែង​និយាយថា នៅមាន​កង្វះខាត​ផ្នែក​ធនធាន​នោះ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ក៏បាន​បញ្ជា​បុគ្គលិក​នៃ​អង្គភាព​ព័ត៌មាន​របស់​រដ្ឋ ​បង្កើន​ម៉ោង​ផ្សាយ​ព័ត៌មាន​ទាន់​ហេតុការណ៍​ដែរ។ 

មិនមែន​គ្រាន់តែ​កំណែទម្រង់​របស់​អង្គភាព​សារព័ត៌មាន​របស់​រដ្ឋ​តែមួយ វា​បង្ហាញ​ការរីកចម្រើន​​ផ្នែក​សារព័ត៌​មាននៅ​កម្ពុជា​នោះឡើយ។

ការពង្រឹង​គុណភាព​ការងារ​នៅក្នុង​ក្រុមហ៊ុន​សារព័ត៌មាន​ទាំងអស់​ក៏មានដែរ។ ពោលគឺ​មិន​ថា អង្គភាព ឬ​ក្រុមហ៊ុន​សារព័ត៌មាន​ដែលមាន​សមានចិត្ត​គាំទ្រ​និន្នាការ​គណបក្សនយោបាយ​ណា​នោះទេ ពួកគេ​ក៏បាន​ធ្វើកំណែទម្រង់​ផ្ទៃក្នុង បង្កើន​គុណភាព​ព័ត៌មាន ក្នុង​គោលដៅ​ប្រកួត​ប្រជែង​​ខ្ពស់​ដែរ ​នៅពេលនេះ។

ត្រឡប់​ទៅ​និយាយ​ពី​ស្ថាប័នរដ្ឋ​វិញ នៅក្នុង​កិច្ចប្រជុំ​គណរដ្ឋមន្ត្រី​កន្លងមក លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ក៏​ទើបបាន​បញ្ជា​អោយ​ក្រសួង ស្ថាប័ន​ចំណុះ​រដ្ឋ​ទាំងអស់​បង្កើត ឬ​តែងតាំង​អ្នកនាំពាក្យ។ បញ្ជា​នេះ​នឹង​ដើរ​ស្របគ្នា​ជាមួយ​គំនិត​ផ្តួចផ្តើម​នៃ​ការតាក់តែង​សេចក្តីព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន។

តាមពិតទៅ សកម្មភាព​ដែល​កំពុង​កើតមាន​នៅពេលនេះ វា​គឺជា​ការបោះ​ជំហាន​ដ៏​ត្រឹមត្រូវ​មួយ ខណៈដែល​សង្គម​កម្ពុជា​បាន​ដើរ​ដល់​យុគសម័យ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ទំនើប​ហើយ​នោះ។ ការរីកចំរើន និង​ការ​វិវឌ្ឍន៍​នៃ​បណ្តាញ​ព័ត៌មាន​សង្គម តាមរយៈ​បច្ចេកវិទ្យា វា​បាន​បង្ខំ​អោយ​ភាគី​ទាំងអស់ មិន​ថា​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ ត្រូវ​សម្រប​ខ្លួន​ទៅតាម​ការ​វិវឌ្ឍន៍​មួយ​នេះ និង​បង្កើត​វិធានការ​ដោះស្រាយ​បញ្ហា​ទៅតាម​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​ព័ត៌មាន​នេះ​ទៅវិញ។

គ្មាន​ជំរើស​ណា​ផ្សេង ល្អ​ជាង​នេះឡើយ។ ការបិទ​ព័ត៌មាន និង​លាក់លៀម​ព័ត៌មាន មានតែ​ធ្វើអោយ​ខាតបង់​ទៅវិញ​ទេ។ បញ្ជា​របស់​លោកនាយក​រដ្ឋមន្ត្រី អោយ​តាក់តែង​សេចក្តីព្រាងច្បាប់​ ​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន និង​ការបង្កើត​អ្នកនាំពាក្យ​នៅតាម​ស្ថាប័នរដ្ឋ​នោះ វា​គឺជា​សារ​ដ៏​មាន​សារៈសំខាន់​ចំពោះ​មន្ត្រី ក្រោម​ឱវាទ ដែល​ត្រូវ​មើល​អោយឃើញ​ការចង់បាន​របស់​ប្រមុខ​រដ្ឋាភិបាល។

ប្រសិនបើ​គេ​ក្រឡេក​ទៅ​មើល ការបោះឆ្នោត​កន្លងទៅថ្មីៗនេះ​វិញ វិស័យ​សារព័ត៌មាន មិនមែនជា​ប្រធានបទ ឬ​ជា​របៀបវារៈ​នៃ​ការឃោសនា​ឡើយ។ ប៉ុន្តែ​សារព័ត៌មាន​ត្រូវបាន​ប្រើប្រាស់​ជា​មធ្យោបាយ​បម្រើអោយ​ការឃោសនា​របស់​គណបក្ស​នយោបាយ​ទៅវិញ។ ហើយ​តិច ឬ​ច្រើន ឥទ្ធិពល​នៃ​សារព័ត៌មាន​ត្រូវបាន​គេ​ជឿថា បានធ្វើអោយ​មានការ​ប្រែប្រួល​លទ្ធផល​​នៃ​ការបោះឆ្នោត​ទៀតផង។

ដូច្នេះ និយាយ​សរុប​មកវិញ ការប្រែប្រួល​ជា​វិជ្ជមាន​មួយ​ក្នុង​វិស័យ​សារព័ត៌មាន ត្រូវបាន​គេ​រំពឹងថា នឹង​កើតមាន​នៅក្នុង​អាណ​ត្តិ​ទី៥នេះ។ ប៉ុន្តែ​ថា ការរីកចម្រើន ឬ​ការធ្វើអោយ​ប្រសើរឡើង​នៃ​វិស័យ​សារព័ត៌មាន​នេះ វា​ក៏ត្រូវ​ចំណុះ​ដល់​ការលើកតម្កើង​សិទ្ធិសេរីភាព​បញ្ចេញមតិ និង​ការការពារ​អ្នកសារព័ត៌មាន​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ