អានតួអត្ថបទ
កម្ពុជា

NGO សុំឲ្យ​ក្រសួង​មហាផ្ទៃ​បង្ហាញ​ពី​ចំនួន​ជន​អន្តោប្រវេសន៍​នៅ​កម្ពុជា

នៅ​ថ្ងៃ​​ព្រហស្បតិ៍​នេះ អង្គការ​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​បាន​ស្នើ​ទៅ​កាន់​លោក​ឧបនាយក​ រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ សុំ​បង្ហាញ​ជា​សាធារណៈ​នូវ​ចំនួន​ជនអន្តោប្រវេសន៍ ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា។ ក៏ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជាបាន​បដិសេធ ពុំ​ព្រម​ឆ្លើយបំភ្លឺ​តាម​សំណើ​នេះ​ទេ​។​

ជនអន្តោប្រវេសន៍​វៀតណាម រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា
ជនអន្តោប្រវេសន៍​វៀតណាម រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ©វណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

04:49

សេចក្តីរាយការណ៍​របស់ លី ម៉េងហួរ ពី​ភ្នំពេញ

ក្នុង​លិខិត នៅ​ថ្ងៃ​ទី​១០​មិថុនា ដែល​ចុះហត្ថលេខា​ដោយ​លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ បាន​កត់​សម្គាល់ ​អំពី​ជនអន្តោប្រវេសន៍​​​នៅ​កម្ពុជា​ថា ពីមួយថ្ងៃ ទៅមួយថ្ងៃ កាន់តែ​មាន​ចំនួន​ច្រើនឡើង​គួរឲ្យ​ព្រួយបារម្ភ។

​អង្គការ​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​បាន​សុំឲ្យ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បង្ហាញ​ពី​ចំនួន​ជន​អន្តោប្រវេសន៍​​ទាំង​ស្រប​ច្បាប់ និង​មិន​ស្របច្បាប់ តើ​មាន​ប៉ុន្មាន ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា? ​លោកគ្រូ រ៉ុង ឈុន បាន​បញ្ជាក់បន្ថែម​ថា នៅ​ប្រទេស​​កម្ពុជា ការហូរចូល​នៃ​ជនអន្តោប្រវេសន៍​​មាន​​កាន់តែច្រើន​ខុស​ប្រក្រតី ហើយ​បើ​បណ្តោយ​​ឲ្យ​ជនអន្តោប្រវេស​ន៍​ចូល​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់ ដូច​សព្វថ្ងៃនេះ ​ពលរដ្ឋ​ខ្មែរ នឹង​បាត់បង់​ការងារ​ធ្វើ​កាន់តែច្រើន។ ម្យ៉ាងទៀត វា​អាច​ធ្វើឲ្យប៉ះពាល់​ដល់​បូរណភាព​ទឹក​ដី​​កម្ពុជា បើសិនជា​ជនអន្តោប្រវេសន៍ ដូចជា​វៀតណាម ដែល​ជា​ប្រទេស​នៅ​ជិត​ខាង​កម្ពុជា កាន់​តែ​​ច្រើនឡើងៗ ចូលមក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​ចំពោះ​សំណើ​លិខិត​ខាងលើ​នេះ មិនទាន់​មាន​អត្ថាធិប្បាយ​បែបណា ចេញ​ពី​លោក​ឧបនា​យក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នៅឡើយ​ទេ នៅថ្ងៃនេះ​។​ ក៏​ប៉ុន្តែ​លោក​ឧត្តមសេនីយ៍​ឯក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ដែល​បាន​ទទួល​នូវ​លិខិត​របស់​លោក រ៉ុង ឈុន បានធ្វើការ​រិះគន់​លើ​ការប្រើ​ពាក្យពេចន៍​មួយចំនួន ក្នុង​លិខិត​នោះ​។

​លោក​ឧត្តមសេនីយ៍​បាន​អះអាង​ថា មាន​ពាក្យ​ខ្លះ​មិន​សមរម្យ និង​គ្រោតគ្រាត ដែល​មិន​សក្តិសម​​ជា​បញ្ញវន្ត​ទេ​។ ម្យ៉ាងទៀត ​លិខិត​នោះ​មិនមែន​ជា​សំណើ​ទេ តែ​ជា​បញ្ជា​ទៅវិញ ដូច​ជា​ការ ប្រើ​ពាក្យ​​ថា ឲ្យ​បង្ហាញ​ចំនួន​ជនអន្តោប្រវេសន៍​ជា​សាធារណៈ ជាដើម​។​

​លោក​ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ បានបញ្ជាក់​ថា កន្លងមក ក្រសួងមហាផ្ទៃ​បាន​បំពេញ​តួនាទី​ភារកិច្ច នៅក្រោម​រដ្ឋាភិបាល ក្នុង​ការគ្រប់គ្រង​សណ្តាប់ធ្នាប់​សាធារណៈ និង​គ្រប់គ្រង​អាជ្ញាធរ​ដែនដី នៅ​ទូទាំង​ប្រទេស​។ ក្រសួងមហាផ្ទៃ​ក៏​បាន​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ ដោយ​មាន​ការបណ្តេញចេញ​នូវ​ជន​បរទេស​ណា ដែល​ធ្វើ​អន្តោប្រវេសន៍ ដោយ​ខុសច្បាប់​នៅ​កម្ពុជា ព្រមទាំង​បញ្ជូន​ជនបរទេស​នោះ ទៅកាន់​ប្រទេស​ដើម​វិញ ជា​បន្តបន្ទាប់​។ ក្រសួងមហាផ្ទៃ​ធ្វើ​ការងារ​ជំរឿន​ស្ថិតិ​ជនបរទេស ជា​រៀងរាល់ឆ្នាំ​។​

​ចំនួន​ជនបរទេស ដែល​ជា​ជន​អន្តោ​ប្រវេសន៍​ស្របច្បាប់ និង​មិន​ស្របច្បាប់ នៅ​កម្ពុជា សព្វថ្ងៃ មិន​មាន​​តួលេខ​ច្បាស់លាស់​ទេ​។ ក៏​ប៉ុន្តែ​ លោក​ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ គ្រាន់តែ​បានឲ្យ​ដឹង​ត្រួសៗ​ថា នៅក្នុង​ជំរឿន​ស្ថិតិ​ជនបរទេស នៅ​ឆ្នាំ​២០០២ មាន​ជនអន្តោប្រវេសន៍​ស្រប​ច្បាប់​នៅ​កម្ពុជា ចំនួន​ជិត ២​ម៉ឺន​គ្រួសារ ដែល​គិត​ជា​ចំនួន​មនុស្ស មាន​ជាង ៧ម៉ឺន​​នាក់​។ ជាមួយ​គ្នា​នោះ ក្រោយពី​មាន​ច្បាប់​អន្តោប្រវេសន៍ ក៏​មាន​ជនបរទេស​មក​ដាក់​ពាក្យ​សុំ​ចុះ​ឈ្មោះ​ជា​ជនអន្តោប្រវេសន៍​ស្របច្បាប់ ជិត ៥ម៉ឺន​នាក់​ផ្សេងទៀត​។​

​សូម​រំឭកបន្តិច​ថា កាលពី​ប៉ុន្មាន​ខែ​មុន​នេះ អ្នកតំណាងរាស្ត្រ​គណបក្ស​សិទ្ធិមនុស្ស របស់​លោក កឹម សុខា ក៏​បាន​ដាក់​លិខិត​ជា​លាយលក្ខណ៍អក្សរ​មួយច្បាប់ ទៅកាន់​លោក​រដ្ឋមន្ត្រី​ក្រសួង​​មហាផ្ទៃ ស ខេង ដើម្បី​សុំឲ្យ​មាន​ការបង្ហាញ​ពី​ចំនួន​ជនអន្តោប្រវេសន៍ ដែល​កំពុង​រស់​នៅ​​ក្នុង​ប្រទេស​កម្ពុជា​ដែរ​។ ក៏​ប៉ុន្តែ ​មក​ដល់​ថ្ងៃនេះ មិនទាន់​មាន​ចម្លើយ​តប​បែប​ណា លើ​សំណុំ​រឿង​​​ជនអន្តោប្រវេសន៍ ដែល​តែងតែ​ក្លាយជា​ប្រធានបទ​ឃោសនា​ដ៏​ក្តៅគគុក​មួយ របស់​គណបក្ស​ប្រឆាំង នៅ​រដូវ​បោះឆ្នោត​នោះទេ​។​

​យ៉ាងណាក៏ដោយ បើ​ផ្អែក​តាម​គេហទំព័រ​អ៊ីនធ័រណែត បច្ចុប្បន្ន ប្រទេស​កម្ពុជា​មាន​ប្រជាជន​ប្រមាណ ១៤​លាន​នាក់​។ ក្នុងនោះ មាន​ពលរដ្ឋ​ខ្មែរ ៩០%, ពលរដ្ឋ​វៀតណាម ៥%, ចិន ១% និង​ជនបរទេស​ផ្សេងទៀត​សរុប ៤%​។ វែបសាយ​ដដែល​បានបង្ហាញ​ថា ពលរដ្ឋ​វៀតណាម ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ចំនួន ៦សែន​នាក់​៕  

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ