ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/11 12h00 GMT
អឺរ៉ុប

ណូបែល​អក្សរ​សិល្ប៍​២០១៩ រងការរិះគន់​​ចម្រូង​ចម្រាស​

media  
អ្នកនិពន្ធ Olga Tokarczuk ជ័យលាភីឆ្នាំ​២០១៨ និង Peter Handke ឆ្នាំ​២០១៩ BARBARA GINDL, Beata ZAWREL / APA / REPORTER / AFP

នៅ​ឆ្នាំនេះ គណៈកម្មាធិការពានរង្វាន់​ណូបែល​ បានសម្រេច​ប្រគល់​រង្វាន់​ណូបែល​ផ្នែកអក្សរ​សិល្ប៍​ដល់​អ្នកនិពន្ធ​ពីររូប​ សម្រាប់​ឆ្នាំ​មុន​និងឆ្នាំនេះ នៅ​ក្នុង​ពេល​តែមួយ​តែម្តង។ ​ណូបែលអក្សរសិល្ប៍២០១៨ ត្រូវ​ប្រគល់​ជូន​អ្នកនិពន្ធ​ជាតិ​ប៉ូឡូញ លោកស្រី Olga Tokarczuk។ ការ​យឺត​យូរ​ពន្យារពេល​ប្រគល់​រង្វាន់ណូបែលអក្សរសិល្ប៍២០១៨​នេះ គឺដោយសារតែ​ស្វាមី​របស់​សមាជិកានៃ​​គណៈកម្មការរង្វាន់​ណូបែល​ ត្រូវ​ជួប​រឿង​អាស្រូវ​ដោយ​​ចោទប្រកាន់​ជុំវិញ​ បំពារបំពាន​ផ្លូវភេទ។

ដោយ​ឡែក​ ជ័យលាភី​រង្វាន់​ណូបែលអក្សរសិល្ប៍២០១៩នេះវិញ​ គឺ​ត្រូវ​ផ្តល់ជូន លោក Peter Handke ជាអ្នកនិពន្ធអូទ្រីស។ អ្នក​និពន្ធ​វ័យ​៧៦ឆ្នាំ​រូបនេះ ត្រូវរង​ការ​រិះគន់​ជាខ្លាំង ចំពោះ​ការ​ប្រកាន់​ជំហរ​គាំទ្រ​អតីតប្រធានាធិបតី​ប្រទេស​ស៊ែបប៊ី ដែលត្រូវ​កាត់​ទោស​ពី​«បទ​ឧក្រិដ្ឋកម្ម​សង្គ្រាមប្រល័យ​ពូជសាសន៍​»​។ 

ជ័យលាភី​រង្វាន់​ណូបែលអក្សរសិល្ប៍២០១៩នេះ ត្រូវ​រង​រិះគន់​ ដៀមដាម និង​ចំអក​ឡកឡឺយ​សម្បើម​ណាស់ ពី​សំណាក់​ប្រទេស​លីបង់និងកូសូវូ។ ​នាយករដ្ឋមន្ត្រី​លី​បង់ Edi Rama ថា​ជារឿង​ដែល​គេ​មិនដែល​នឹក​ស្មាន​សោះ ហើយលោក​​ចង់​តែ​ក្អួត​ទេ។ លោក Edi Rama សរសេរ​ក្នុង​ Twitter របស់​គាត់ថា ជាក្តី​អាម៉ាស់​ធំ​ណាស់ចំពោះ​គណៈកម្មាធិការ​រង្វាន់​ណូបែល គួរ​តែ​នឹក​ខ្មាស​មនសិការ ចំពោះ​ការ​ផ្តល់​រង្វាន់​ដល់​មនុស្ស​ដែល​រើសអើង​ជាតិសាសន៍ និង​គាំទ្រ​អំពើ​ប្រល័យ​ពូជសាសន៍ដូច្នេះ។  ទន្ទឹមគ្នានេះ ថ្នាក់​ដឹកនាំ​កូសូវូ ក៏​យល់​ឃើញស្រដៀងគ្នា​ដែរ ថាការ​ប្រគល់​​រង្វាន់​នេះ ជា​រឿង​អាស្រូវ​និង​គួរ​ឱ្យ​អាម៉ាស់​បំផុត។

ការ​ដែល​មានការ​រិះគន់​សម្បើម​ដូច្នេះ ពីព្រោះថាអ្នកនិពន្ធអូទ្រីសលោក Peter Handke (ធីតធឺ ហាន់ឃឺ) មាន​ជំហរ​គាំទ្រ​ខាង​សែប៊បី នៅក្នុង​សង្គ្រាម​ប្រល័យ​ពូជសាសន៍​ ទៅលើ​ជនជាតិ​អ៊ីស្លាម​ បង្កឡើង​ដោយ​ទាហាន​ស៊ែបប៊ី នៅ​ដើម​ទសវត្សរ៍​​១៩៩០។ ជាសង្គ្រាម​សម្លាប់​មនុស្ស​ជាច្រើន​ លំដាប់​ពីរ នៅអឺរ៉ុប បន្ទាប់ពីសង្គ្រាម​លោក​លើកទីពីរ​រ​។ ក្រោយមក​ ប្រធានាធិបតី​ស៊ែបប៊ី Milosevic បាន​​ត្រូវ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិនៅក្រុង​ឡាអេ ​កាត់ទោស​រូបលោក​ពី​បទឧក្រិដ្ឋកម្មប្រឆាំង​នឹង​មនុស្សជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម ហើយ​បទប្រល័យពូជសាសន៍។ នៅពេល​បញ្ចុះ​សពរបស់​​ Milosevic អ្នកនិពន្ធអូទ្រីសលោក Peter Handke ក៏បាន​ទៅចូលរួម​គោរព​វិញ្ញាណក្ខន្ធថែមទៀត​។

ទោះយ៉ាងណា លោក Peter Handke គឺកោត​សរសើរ​គណៈ​កម្មាធិការ​ណូបែល ដែល​មាន​សេចក្តីក្លាហាន​ប្រគល់​រង្វាន់​ណូបែល​ពិលោក​ជូន​រូប​លោក។ ដោយ​ភ្ញាក់​ផ្អើល​នឹងការ​សម្រេច​ផ្តល់​រង្វាន់​ អ្នកនិពន្ធអូទ្រីសរូបនេះ អះអាង​ជាងថ្មីថា ស្នាដៃ​អក្សរសិល្ប៍​របស់​លោក គ្មាន​ពាក់ពន្ធ​នឹង​រឿង​នយោបាយ​ជាតិ​សាសន៍​អ្វីនោះទេ។

គួរ​ជ្រាបថា អ្នក​និពន្ធអូទ្រីស Peter Handke បាន​និពន្ធវណ្ណកម្ម​ជាភាសា​អាល្លឺម៉ង់ និង​បោះពុម្ពផ្សាយ​ស្នាដៃ​ ចំនួន​ ៨០ ចំណង​ជើង។ នៅ​អាល្លឺម៉ង់ សៀវភៅ​របស់​លោក ​លក់ដាច់ខ្លាំង​ ហើយ​​គេ​និយម​អាន​ច្រើន​ជាងគេ។ សព្វ​ថ្ងៃនេះ​ លោក​រស់នៅ​ជាយ​ក្រុង​ប៉ារីស​ ប្រទេស​បារាំង៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ