អានតួអត្ថបទ
កូរ៉េខាងជើង

អស់ពី​គំរាម​អាមេរិក​កូរ៉េខាងជើង​ងាកទៅ​វាយប្រហារ​ចិន​ដែល​ជា​សម្ព័ន្ធមិត្ត

អស់រយៈពេល​ជាច្រើន​សប្តាហ៍​មកហើយ ដែល​កូរ៉េ​ខាងជើង​តែងតែ​បាន​ដំឡើង​សំឡេង​គំរាម​សហរដ្ឋ​អាមេរិក​ស្ទើរតែ​ជាប់ជា​ប្រចាំថ្ងៃ ហើយ​ដែល​ស្ទើរតែជា​ទម្លាប់​ធ្វើ​ឲ្យ​គេ​ស៊ាំត្រចៀក​ទៅហើយ។ ក៏ប៉ុន្តែ អ្វីដែល​ជា​រឿង​ចម្លែក​មិនធ្លាប់មាន គឺ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ កូរ៉េ​ខាងជើង​ស្រាប់តែ​បាន​ងាក​មក​វាយប្រហារ​ចិន​ ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​កម្រ និង​ដ៏សំខាន់​របស់​ខ្លួន​ទៅវិញ។

ចាប់តាំង​ពី​បាន​ឡើងកាន់អំណាច​ជំនួស​ឪពុក ដែល​ទទួល​មរណភាព កាល​ពីជាង​៥ឆ្នាំមុន លោក​គីម ជុងអ៊ុន មិនទាន់​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ចិន​ម្តង​នៅឡើយទេ
ចាប់តាំង​ពី​បាន​ឡើងកាន់អំណាច​ជំនួស​ឪពុក ដែល​ទទួល​មរណភាព កាល​ពីជាង​៥ឆ្នាំមុន លោក​គីម ជុងអ៊ុន មិនទាន់​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ចិន​ម្តង​នៅឡើយទេ Reuters
ផ្សាយពាណិជ្ជកម្ម

កូរ៉េ​ខាងជើង តាមរយៈ​ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋ បាន​ធ្វើការ​ព្រមាន​ចិន​ត្រង់ៗ​ថា “អាច​នឹង​ប្រឈមមុខ​នឹង​ផលវិបាក​ដ៏ធ្ងន់ធ្ងរ ប្រសិនបើ​ចិន​ធ្វើ​ឲ្យ​កូរ៉េ​ខាងជើង​អស់​ភាព​អត់ធ្មត់​ទ្រាំលែងបាន”។

ការព្រមាន​នេះ​បាន​ធ្វើឡើង ក្រោយ​ពី​ចិន​តែងតែ​បាន​បង្ហាញ​នូវ​ជំហរ​មិនឯកភាព​ចំពោះ​សកម្មភាព​របស់​លោក​គីម ជុងអ៊ុន នៅ​ក្នុង​ការ​បន្ត​អភិវឌ្ឍ​កម្មវិធី​ផលិត​មីស៊ីល​បាលីស្ទិក និង​អាវុធ​នុយក្លេអ៊ែរ ដែល​ផ្ទុយ​ពី​ការ​ហាមឃាត់​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប។ ចិនតែងតែ​បាន​អំពាវនាវដល់​គ្រប់ភាគី​ទាំងអស់ ដែល​មានន័យថា ទាំង​អាមេរិក និង​ទាំង​កូរ៉េ​ខាងជើង ឲ្យ​​ចៀសវាង​នូវ​រាល់​​សកម្មភាព ឬ​ពាក្យសម្តី ដែល​ធ្វើ​ឲ្យវិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ​​កាន់តែ​មាន​សភាព​តានតឹង​ខ្លាំងឡើង​ថែម​ទៀត។ កាលពីខែ​កុម្ភៈ​កន្លង​ទៅ ចិនថែម​ទាំង​បាន​ប្រកាស​ផ្អាក​ការ​នាំចូល​ធ្យូងថ្ម​ពី​កូរ៉េ​ខាងជើង​ថែមទៀត។

នៅ​ក្នុង​បទវិចារណកថា​ចេញផ្សាយ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង​បាន​លើកឡើង​ថា កូរ៉េ​ខាងជើង​នឹង​មិន​អង្វរ​សុំ​រក្សា​មិត្តភាព​ជាមួយ​ចិន ដោយ​សុខចិត្ត​លះបង់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួ​ន​នោះឡើយ ពីព្រោះ​ថា អាវុធ​នុយក្លេអ៊ែរ គឺ​ជា​អាយុជីវិត​របស់​កូរ៉េ​ខាងជើង។

ក្នុងពេល​ជាមួយគ្នា កូរ៉េ​ខាងជើង​ក៏​បាន​រំឭក​ដល់​ចិន​ផងដែរ​ថា ចាប់តាំង​ពី​សម័យសង្រ្គាម​កូរ៉េ​ កាល​ពី​ដើម​ទសវត្សរ៍​ឆ្នាំ៥០មក កូរ៉េ​ខាងជើង​បាន​ដើរតួនាទី​យ៉ាងសំខាន់ ជា​ប្រទេស​ទ្រនាប់​ការពារ​ចិន​ពី​អាមេរិក។ ដូច្នេះ ចិន​គួរតែ​អរគុណ​កូរ៉េ​ខាងជើង​ទៅវិញ ដែល​បាន​ជួយ​ក្នុងការ​រក្សា​សន្តិភាព​និង​សន្តិសុខ​ជាតិ​ចិន។

ឆ្លើយតបមកវិញ កាសែត The Global Times ដែល​ជា​កាសែតផ្លូវការ​របស់​បក្ស​កុម្មុយនិស្ត​ចិន​បាន​បរិហាររិះគន់​របបដឹកនាំ​ក្រុងព្យុងយ៉ាង​ថា កំពុងតែ​ងប់​នឹង​កម្មវិធី​នុយក្លេអ៊ែរ​​និង​គំនិត​ជាតិនិយម​ជ្រុល​របស់​ខ្លួន រហូត​លែងដឹង​ខុសត្រូវ​ ហើយ​ថា រដ្ឋាភិបាល​ចិន​គួរតែ​បញ្ជាក់​ប្រាប់​ទៅ​មេដឹកនាំ​កូរ៉េ​ខាងជើង​​ឲ្យ​បាន​ច្បាស់ៗ​ថា ចិន​នឹង​ចាត់វិធានការ​ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់មាន ចំពោះ​កូរ៉េ​ខាងជើង ប្រសិន​បើ​កូរ៉េ​ខាងជើង​ធ្វើការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​សាជាថ្មី​ម្តងទៀត។

ការ​ចុះផ្សាយ​បទវិចារណកថា​លើ​កាសែតផ្លូវការ​ វាយប្រហារគ្នា​ទៅវិញ​ទៅមក​បែបនេះ គឺ​ជា​សញ្ញា​បញ្ជាក់​ឲ្យ​ឃើញ​កាន់តែ​ច្បាស់ ពី​ភាព​តានតឹង​ដ៏​ខ្លាំង​កម្រ​មាន រវាងប្រទេស​ជា​សម្ព័ន្ធមិត្ត​ទាំងពីរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ