អានតួអត្ថបទ
កូរ៉េខាងជើង

កូរ៉េខាងជើង​ទាមទារ​ឲ្យ​បញ្ជូនខ្លួន​ជនសង្ស័យ​លបធ្វើឃាត​លោក​គីមជុងអ៊ុន

នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ កូរ៉េ​ខាងជើង​បាន​ធ្វើការ​ទាមទារឲ្យ​មាន​ការ​ចាប់បញ្ជូនខ្លួន​ជនសង្ស័យ ក្នុងការ​លបធ្វើឃាត​លោក​គីម ជុងអ៊ុន ដើម្បី​យក​មក​កាត់ទោស។ នេះ​គឺ​ជា​ការ​បញ្ជាក់​សាជាថ្មី នូវ​ការ​ចោទប្រកាន់ ដែល​កូរ៉េ​ខាងជើង​បាន​ធ្វើ កាល​ពីសប្តាហ៍​មុន ដែល​ថា ភ្នាក់ងារ​ចារកិច្ច​អាមេរិក និង​កូរ៉េ​ខាង​ត្បូង មាន​គម្រោងការណ៍​លបធ្វើ​ឃាត​លោក​គីម ជុងអ៊ុន។

លោក​គីម ជុងអ៊ុន ប្រមុខដឹកនាំ​កូរ៉េ​ខាងជើង
លោក​គីម ជុងអ៊ុន ប្រមុខដឹកនាំ​កូរ៉េ​ខាងជើង Reuters/路透社
ផ្សាយពាណិជ្ជកម្ម

ការិយាល័យ​រដ្ឋអាជ្ញា​កូរ៉េ​ខាងជើង​នឹង​ធ្វើការ​ស្នើសុំ​ជាផ្លូវការ ឲ្យ​មាន​ការ​ចាប់ខ្លួន​ឧក្រិដ្ឋជន ដើម្បី​បញ្ជូន​ឲ្យ​មក​ទទួល​ការ​កាត់ទោស​តាម​ច្បាប់​របស់​កូរ៉េ​ខាងជើង”។ នេះ​គឺ​ជា​ការ​អះអាង​របស់​អនុរដ្ឋមន្រ្តី​ការបរទេស​កូរ៉េ​ខាងជើង នៅ​ចំពោះ​មុខ​មន្រ្តី​ការទូតបរទេស និង​អ្នក​សារព័ត៌មាន នៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង ហើយ​ដែល​ត្រូវ​បាន​ដកស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីនហួ នៅថ្ងៃ​ព្រហស្បតិ៍។

ក៏ប៉ុន្តែ កូរ៉េ​ខាងជើង​មិន​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​ទេ​ថា តើ​ជនសង្ស័យ​ដែល​កូរ៉េ​ខាងជើង​ទាមទារ​ឲ្យ​ចាប់បញ្ជូន​ខ្លួន​នេះ​ជា​នរណាខ្លះ មាន​គ្នា​ប៉ុន្មាន​នាក់ ហើយ​កំពុង​ស្ថិត​នៅ​ឯណា? ដោយគ្រាន់តែ​បាន​លើកឡើង​ថា កូរ៉េ​ខាងជើង​​នឹង​តាម​ប្រមាញ់​ជនសង្ស័យ​អស់ទាំងនោះ​​មិន​ថា​ពួកគេ​លាក់​ខ្លួន​នៅ​កន្លែងណា​នោះទេ។

គួររំឭកឡើងវិញ​ថា ការចោទប្រកាន់​ពី​គម្រោងការណ៍​លបធ្វើ​ឃាត​លោក​គីម ជុងអ៊ុន ត្រូវ​បាន​កូរ៉េ​ខាងជើង​ធ្វើឡើង កាល​ពីសប្តាហ៍​មុន។ តាមរយៈ​សេចក្តីប្រកាស​ចុះផ្សាយ​ដោយ​​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ ក្រសួង​សន្តិសុខ​ជាតិ​កូរ៉េ​ខាងជើង​បាន​អះអាង​ថា ការធ្វើ​ឃាត​លោក​គីម ជុងអ៊ុន​នេះ គ្រោងធ្វើឡើង​ដោយ​ប្រើ​សារធាតុ​គីមី ហើយ​ថា ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក និង​កូរ៉េ​ខាងត្បូង គឺ​ជា​អ្នក​នៅ​ពីក្រោយ។

ឆ្លើយតប​នឹង​ការ​ចោទប្រកាន់​នេះ ទីភ្នាក់ងារ​ចារកិច្ច​កូរ៉េ​ខាង​ត្បូង​បាន​លើកឡើង​ថា អ្វី​ដែល​កូរ៉េ​ខាងជើង​បាន​លើកឡើង គឺ​ជា​ការ​ចោទប្រកាន់ « ដោយគ្មាន​មូលដ្ឋាន”។ ចំណែក​​ពី​ខាង​សហរដ្ឋ​អាមេរិក​វិញ ទាំង​ទីភ្នាក់ងារ​ចារកិច្ច​សេអ៊ីអា និង​ទាំង​សេតវិមាន សុទ្ធតែ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំងអស់​ ចំពោះ​ការ​ចោទប្រកាន់​នេះ។

ក៏ប៉ុន្តែ កាល​ពីថ្ងៃ​ពុធ​កន្លងទៅ​នេះ ទីភ្នាក់ងារ​សេអ៊ីអា​ទើបនឹង​បាន​ប្រកាស​ឲ្យដឹង​ជា​សាធារណៈ​​ថា ខ្លួន​បាន​បង្កើត​ក្រុមពិសេស​មួយ ដែល​មាន​​សមាសភាព​ចម្រុះ​មក​ពី​គ្រប់​ជំនាញ ហើយ​មាន​បេសកកម្ម​តាមដាន វាយតម្លៃ និង​រកវិធី​ទប់ទល់​ទៅនឹង​ការ​គំរាមកំហែង​ ពី​កម្មវិធី​នុយក្លេអ៊ែរ និង​មីស៊ីល​បាលីស្ទិក​របស់​កូរ៉េ​ខាង​ជើង៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ